តុលាការ​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង ​២៣តុលា ៣​នាក់ និង​បុរស​ម្នាក់ ពី​បទ​ញុះញង់

ដោយ សុជីវី
2024.07.25
តុលាការ​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង ​២៣តុលា ៣​នាក់ និង​បុរស​ម្នាក់ ពី​បទ​ញុះញង់ (រូបថតឯកសារ) លោក ស្រ៊ុន ស្រ៊ន សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ លើក​បង្ហាញសៀវភៅ​ឯកសារ​កិច្ចព្រមព្រៀងនេះ ដែល​លោក​តែងតែ​ដើរ​ផ្សព្វផ្សាយ មុនពេល​អាជ្ញាធរ​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ស៊្រុន ស៊្រន

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ៣​នាក់ និង​បុរស​ម្នាក់ទៀត ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់ខ្លួន បន្ទាប់​ពី​បាន​សាកសួរ​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ហៅ​ការ​ចាប់ និង​ឃុំខ្លួន​សកម្មជន​សង្គម​តាម​ការ​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន នៅតែ​ប្រើ​អំណាច​រំលោភ​អំណាច​តុលាការ​ដែល​ជា​ស្ថាប័ន​ត្រូវ​ស្ថិត​នៅ​ឯករាជ្យ។

សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​តុលាការ​នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​មនុស្ស​បួន​នាក់​ដាក់​ពន្ធនាគារ ដែល​ក្នុង​នោះ​រួមមាន​ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំនួន​៣ នាក់ និង​បុរស​ម្នាក់​​អំពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា អ្នក​ទាំង ៤​នាក់​នេះ​រួមមាន​៖ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និង​បុរស​ម្នាក់ទៀត លោក ចក់ ប៊ានមុន្នី។ ប្រភព​ដដែល​បញ្ជាក់​ថា បទចោទប្រកាន់​នេះ​ទាក់ទង​នឹង​សកម្មភាព ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង ខែ​កក្កដា និង​ពេល​បន្តបន្ទាប់​។ ក្នុង​នោះ​តុលាការ​បាន​ចោទ​ទៀត​ថា អ្នក​ទាំង​៤ នាក់ និង​បក្សពួក​បាន​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ Srun Srorn កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ព្រមទាំង​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​នឹង «​គម្រោង​អភិវឌ្ឍ​តំបន់ត្រីកោណ​រវាង​រដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA) និង​បាន​ធ្វើ​ការ​អត្ថាធិប្បាយ ដែល​មាន​ចរិត​លក្ខណៈ​មួលបង្កាច់ ប្រឌិត​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឱ្យ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ដែល​សកម្មភាព​នេះ​តុលាការ​ចាត់​ទុក​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ។

Srun_Srorn_and_Phin_Sophea_live_on_facebook_about_Good_and_Bad_of_CLV_Triangle_Development_on_072223.jpg
លោក ស៊្រុន ស៊្រន និង​កញ្ញា ភឹង សោភា ពេល​ផ្ទាល់​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពី​គុណសម្បត្តិ គុណវិបត្តិ និង​ដំណោះស្រាយ នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ព្រំដែន​ត្រីកោណ នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម (CLV)។

សេចក្ដី​សម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​ចេញ​កាលពី​យប់​ថ្ងៃទី​២៤ ខែ​កក្កដា​នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​ចំណាយពេល​ពេញ​មួយថ្ងៃ​សាកសួរ​នាក់​ទាំង​៤ ក្រោយ​ទទួល​បាន​សំណុំរឿង​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោយពី​អាជ្ញាធរ​ខេត្តសៀមរាប​ចាប់ខ្លួន និង​បញ្ជូន​អ្នក​ទាំង​៤ មក​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែកក្កដា។

ទាក់ទង​នឹង​រឿង​នេះ ប្រពន្ធ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក សាន សិទ្ធិ គឺ​លោកស្រី ស្វាយ ពៅ លោកស្រី លើកឡើង​ថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ទាំង​ដែល​ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ​។ លោកស្រី​ថា អំពើ​អយុត្តិធម៌​បែបនេះ​មិន​គួរ​កើតមាន​លើទឹក​ដី​ដែល​មេដឹកនាំ​តែង​នាំគ្នា​ប្រើ​ពាក្យ​អរគុណ​សន្តិភាព​នេះ​ទេ។

លោកស្រី ស្វាយ ពៅ៖ «ច្បាប់​ក៏​ត្រូវ​មានការ​និយាយ​គ្នា ត្រូវ​ជជែក​វែកញែក​អី​ដែរ​ព្រោះ​អី​សង្គម​ខ្មែរ​យើង​ហា​មាត់​ឡើង​ប្រជាធិបតេយ្យ បិទមាត់​ឡើង​អរគុណ​សន្តិភាព មិន​គួរ​មាន​ពាក្យ​អ៊ីចឹង​មក​និយាយ ដល់ពេល​ទង្វើ​វា​អត់​ធ្វើ​ដូច​មាត់​និយាយ​កុំ កុំ​បង្កើត​ពាក្យ​អ៊ីចឹង​យក​មក​កុហក​ប្រជាពលរដ្ឋ​អី​ល្អ​ជាង ព្រោះ​អី​ទង្វើ​បែបនេះ​វា​មើលទៅ​ដូច​អាក្រក់​ភ្នែក​មែនទែន»

លោកស្រី ស្វាយ ពៅ ថា​លោកស្រី​ដឹង​ច្បាប់​ថា​ប្ដី​លោកស្រី​ត្រូវ​ចាប់​ឃុំខ្លួន​ទៅ​តាម​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទំនង​មិន​ផ្អែកលើ​អង្គហេតុ​អង្គច្បាប់​អ្វី​ឡើយ។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា អះអាង​ថា លោក​ជា​អ្នកបញ្ជា​ឱ្យ​ចាប់ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អ្នក​ទាំងនេះ និង​ព្រមាន​ថា ត្រូវតែ​ចាប់ខ្លួន​ថែមទៀត និង​មិន​លើកលែង​ឱ្យ​អ្នក​រិះគន់​រឿង​កិច្ចព្រមព្រៀង​តំបន់ត្រីកោណ​ពិសេស​CLV នេះ រួម​ទាំង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង ប្រសិនបើ​អ្នក​រិះគន់​នោះ​នៅ​ឯ​ក្រៅប្រទេស។

ជាមួយ​គ្នា​នេះ លោក​ថែមទាំង​បញ្ជា​ទៅ​តុលា​ការ​ឱ្យ​ដាក់ទោស​អតិបរមា​អ្នក​ដែល​រិះគន់​ទាំងនោះ​ថែម​ទៀត។

បើទោះបីជា​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ក៏​តុលាការ​ក្រុងភ្នំពេញ​ទំនង​ទទួល​យក​បញ្ជា​នេះ ដោយ​បាន​សរសេរ​នៅក្នុង​ឃ្លា​ចុងក្រោយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​យប់​ថ្ងៃទី​២៤ ខែ​កក្កដា ថា សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ភ្នំពេញ នឹង​បន្ត​អនុវត្តន៍​ច្បាប់​ដោយ​ម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ដែល​ស្ថាប័ន​នេះ​ចាត់ទុកថា​មាន​ចរិតលក្ខណៈ​មួលបង្កាច់ ប្រឌិត​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ទាក់ទង​នឹង​រឿង​នេះ អ្នកការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ហៅ​ការ​ចាប់ និង​ឃុំខ្លួន​សកម្មជន​សង្គម​តាម​ការ​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន នៅតែ​ប្រើ​អំណាច​រំលោភ​អំណាច​តុលាការ​ដែល​ជា​ស្ថាប័ន​ត្រូវ​ស្ថិតនៅ​ឯករាជ្យ។

លោក ស៊ឹង សែនករុណា៖ «អ្នក​ដែល​មាន​ឥទ្ធិពល ដែល​មាន​អំណាច ដែល​រំលោភ​ទៅលើ​គោលការណ៍​ច្បាប់​កំពូល​ទាំងអស់​នេះ​ក៏ដោយ ក៏​យើង​ឃើញថា មិន​មាន​វិធានការ​ណាមួយ​ទប់ទល់ ឬ​ទប់ស្កាត់​អំពី​ការប្រើប្រាស់​រំលោភ​អំណាច​ទាំងអស់​នោះ​ដែរ​។ ព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​ពួកគាត់​មិន​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ មាន​ការ​ប្រតិកម្ម​ទៅលើ​រដ្ឋាភិបាល ឬក៏​ស្ថាប័ន​នានា គឺ​ពិបាក​ក្នុង​ការ​លើកឡើង​អំពី​ចំណុច​អវិជ្ជមាន ឬក៏​ផល​ប៉ះពាល់​ទាំងឡាយ​មក​លើ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់»

អ្នកការពារ​សិទ្ធិមនុស្ស និង​គ្រួសារ​សកម្មជន​សង្គម​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​អ្នក​ទាំង៤ ឱ្យ​មាន​សេរីភាព​វិញ​ព្រោះ​អ្វី​ដែល​ពួកគេ​លើក​ឡើងជា​ក្ដី​កង្វល់ ជា​ការ​ឈឺឆ្អាល​រឿង​ប្រទេសជាតិ រឿង​ទឹកដី និង​ជា​ការ​អនុវត្ត​សេរីភាព​បញ្ចេញមតិ ដែល​ធានា​ដោយ​ច្បាប់ មិនមែន​ជា​បទល្មើស​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។