ក្រុមយុវជន និងក្រុមស្ត្រីថ្ងៃសុក្រ នៅថ្ងៃទី២ កញ្ញា នេះបានទៅបង្ហោះប៉ោងប៉ោងនៅមុខពន្ធនាគារខេត្តព្រះវិហារ ដើម្បីបង្ហាញពីក្ដីនឹករលឹក និងវីរភាពកញ្ញា សេង ធារី ដែលបានជាប់ឃុំឃាំងអស់រយៈពេលជាង ២ខែ មកនេះ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង ហាមឃាត់មិនឱ្យពួកគេចូលទៅក្បែរពន្ធនាគារបានឡើយ។ មន្ត្រីសង្គមសង្គមស៊ីវិលចាត់ទុកករណីនេះ ជាការរឹតត្បិតដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ខណៈវាបង្ហាញកាន់តែច្បាស់ថា កញ្ញា សេង ធារី ជាប់ពន្ធនាគារដោយភាពអយុត្តិធម៌។
ក្រុមយុវជនខ្មែរថាវរៈ និងក្រុមស្ត្រីថ្ងៃសុក្រ សរុប ១៣នាក់ បានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដើម្បីបង្ហោះប៉ោងប៉ោងនៅមុខពន្ធនាគារខេត្ត ដែលស្ថិតនៅក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
យុវជនខ្មែរថាវរៈ លោក ស្វាយ សំណាង ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ កញ្ញា ថា ការផ្ដួចផ្ដើមគំនិតនេះ ដើម្បីបង្ហាញក្ដីនឹករលឹក និងលើកទឹកចិត្តកញ្ញា សេង ធារី ដែលបានជាប់ឃុំអស់រយៈពេល២ខែមកនេះ។ លោកបន្តថា ក្រុមរបស់លោកគ្រោងនឹងបង្ហោះប៉ោងប៉ោង នៅម៉ោងពីររសៀល ដើម្បីឱ្យកញ្ញា សេង ធារី នៅក្នុងពន្ធនាគារបានឃើញ។ ប៉ុន្តែលោកថា សកម្មភាពនេះមានភាពរអាក់រអួល ដោយសារអាជ្ញាធរព្យាយាមហាមឃាត់ក្រុមលោកមិនឱ្យចូលទៅក្បែរនោះឡើយ។ លោករៀបរាប់ថា ការធ្វើដំណើរទៅកាន់ពន្ធនាគារខេត្តព្រះវិហារត្រូវបានអាជ្ញាធរពង្វាងឱ្យជិះផ្លូវផ្សេង និងមានប៉ូលិសចរាចរណ៍បានឃាត់រថយន្ត សាកសួររកប័ណ្ណបើកបរ និងឯកសារផ្សេងមួយចំនួន។ បន្ទាប់មកក្រុមយុវជនបានសម្រេចដើរថ្មើរជើងទៅកាន់ពន្ធនាគារ ប៉ុន្តែនៅក្បែរនោះមានកងកម្លាំងនគរបាលខេត្តព្រះវិហារជាង ៥០នាក់ បានរារាំងហាមឃាត់មិនឱ្យធ្វើដំណើរបន្តទៅទៀត ព្រមទាំងដើរតាមប្រកិតជាមួយក្រុមរបស់លោកថែមទៀតផង។ លោកបន្តថា ដោយមានការរារាំងខ្លាំងក្លាពីអាជ្ញាធរ ក្រុមយុវជនក៏បានសម្រេចចិត្តបង្ហោះប៉ោងប៉ោងនៅកន្លែងដែលមានចម្ងាយប្រហែល១០០ម៉ែត្រពីពន្ធនាគារតែម្ដង។ លោកមានការសោកស្ដាយ និងចាត់ទុកទង្វើរបស់អាជ្ញាធរជាការគំរាមកំហែង បិទសិទ្ធិសេរីភាពពលរដ្ឋក្នុងការបង្ហាញពីក្ដីស្រឡាញ់ នឹករឭកទៅកាន់កញ្ញា សេង ធារី៖ «ពួកយើងសម្រេចចិត្តបង្ហោះនៅទីតាំងហ្នឹងតែម្ដង ដោយសារតែមើលអំពីការរារាំង ចំណាត់ការរបស់កងកម្លាំងសមត្ថកិច្ចនេះ ហាក់បីដូចជាមានការរឹងមាំខ្លាំងមែនទែន គឺគេបញ្ជូនកងកម្លាំងមកជាបន្តបន្ទាប់រហូតយើងមើលឃើញជាង៥០នាក់នៅក្នុងបរិវេណហ្នឹង។ ហើយជាក់ស្ដែងក្រុមយុវជនយើងជាង ១០នាក់សោះ គេប្រើកម្លាំងរហូតជិត៥០នាក់មកទប់ទល់ជាមួយយើង»។
ចំណែកតំណាងស្ត្រីថ្ងៃសុក្រលោកស្រី ព្រំ ចាន់ថា ឱ្យដឹងថា លោកស្រីខកចិត្តចំពោះអាជ្ញាធរដែលរារាំងមិនឱ្យបង្ហោះប៉ោងប៉ោង និងចាត់ទុកករណីនេះ ជាការបិទសិទ្ធិសេរីភាពមួយកម្រិតទៀត បន្ថែមពីលើករណីបញ្ជូនខ្លួនកញ្ញា សេង ធារី ទៅឃុំនៅពន្ធនាគារឆ្ងាយពីគ្រួសារ និងមិត្តភក្ដិ។ លោកស្រីបន្តថា កញ្ញា សេង ធារី ជាស្ត្រីខ្មែរគំរូមួយរូប ដែលលះបង់ពេលវេលា មកជួយពលរដ្ឋខ្មែរដែលកំពុងដង្ហើយសុំយុត្តិធម៌។ លោកស្រីថា ទោះបីអាជ្ញាធរបញ្ជូនខ្លួនកញ្ញា សេង ធារី ទៅឃុំនៅពន្ធនាគារជាយដែន ដាច់ស្រយាល និងរារាំងយុទ្ធនាការបង្ហោះប៉ោងប៉ោងនេះក្ដី ក៏ពួកមន្ត្រីទាំងនោះមិនអាចឃាត់ឃាំង ឆន្ទៈ មនសិការ និងភក្ដីភាព ដែលពួកគេមានចំពោះកញ្ញា សេង ធារី បានឡើយ៖ «រឿងទឹកចិត្តហាមអត់បានទេ អ៊ីចឹងបានពួកខ្ញុំធ្វើដំណើរទៅ។ ខ្ញុំពិតជាមិនអស់សង្ឃឹមទេ ខ្ញុំនឹងបន្តដំណើរទៅមុខទៀត»។
កញ្ញា សេង ធារី ត្រូវបានតុលាការសម្រេចបញ្ជូនខ្លួនយកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ មិថុនា ក្រោយពីចាប់ខ្លួនមួយថ្ងៃ។ មន្ត្រីពន្ធនាគារ អះអាងថា ការបញ្ជូនខ្លួនកញ្ញាទៅឃុំឃាំងនៅទីនោះ ដើម្បីការពារកុំឱ្យមានបាតុភាពផ្សេងៗដែលបង្កឡើងដោយអ្នកគាំទ្ររបស់កញ្ញា។
ដោយឡែក ក្រុមយុវជនបង្កើតគំនិតបង្ហោះប៉ោងប៉ោងនេះឡើង ដោយសារពួកគេមិនអាចចូលទៅជួបសួរសុខទុក្ខកញ្ញា សេង ធារី ដោយផ្ទាល់ ព្រោះមន្ត្រីពន្ធនាគារបានកំណត់ការចូលជួបបានតែក្រុមគ្រួសារ និងមេធាវី តែប៉ុណ្ណោះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ឱ្យដឹងថាការរារាំងនូវសកម្មភាពទាំងនោះ ដោយសារតែពន្ធនាគារមិនចង់ឱ្យមានបាតុភាពណាមួយកើតឡើង ដែលបង្កជាការប៉ះពាល់ដល់ការងារនៅទីនោះឡើយ។ ម្យ៉ាងលោកថា ទីតាំងក្នុងពន្ធនាគារជាកន្លែងហាមឃាត់មិនឱ្យចេញចូល ឬធ្វើសកម្មភាពផ្ដេសផ្ដាសបាននោះទេ។ តែលោកបានបញ្ជាក់ថា ទីតាំងនៅក្រៅពន្ធនាគារជាកន្លែងសាធារណៈ ដោយលោកជំរុញឱ្យសួរបញ្ហានេះទៅកាន់រដ្ឋបាលខេត្តជំនួសវិញ៖ «អាហ្នឹងទាល់តែសួរអាជ្ញាធរខេត្ត ( ព្រោះ ) បើនៅខាងក្រៅបរិវេណពន្ធនាគារវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្ត»។
ទាក់ទិនបញ្ហានេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ការរារាំងក្រុមយុវជន មិនឱ្យចូលក្បែរពន្ធនាគារបង្ហោះប៉ោងប៉ោង ជាការរឹតត្បិតសិទ្ធិសេរីភាពសកម្មភាពនៅទីសាធារណៈ និងសិទ្ធិនៃការបញ្ចេញមតិរបស់ពលរដ្ឋ ទោះបីសិទ្ធិទាំងអស់នោះត្រូវបានគាំទ្រដោយច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសយ៉ាងណាក្ដី។ លោកបន្តថា សកម្មភាពរបស់អាជ្ញាធរខេត្តមួយនេះ ក៏បានបង្ហាញថា ពួកគេមានការរអៀសខ្លួន និងភ័យខ្លាច បន្ទាប់ពីបញ្ជូនកញ្ញា សេង ធារី មកឃុំឃាំងនៅទីនេះ ដោយភាពអយុត្តិធម៌ និងមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់។ លោកលើកឡើងថា លោកឆ្លងកាត់តាមសកម្មភាពទាំងអស់នេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ការអនុវត្តច្បាប់ទៅលើ កញ្ញា សេង ធារី មិនមែនជាការអនុវត្តទៅតាមនីតិវិធីច្បាប់ ដោយភាពត្រឹមត្រូវនោះទេ តែជាការសងសឹកក្នុងផ្លូវនយោបាយតែប៉ុណ្ណោះ៖ «អាហ្នឹងហាក់បីដូចជាបង្ហាញពីភាពខ្មាសអៀន ឬការបាត់បង់ទំនុកចិត្តណាមួយ ក្នុងនាមជាអ្នកអនុវត្តច្បាប់ ដែលបានអនុវត្តទៅលើកញ្ញា សេង ធារី»។
យុទ្ធនាការរបស់ក្រុមយុវជននេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១ កញ្ញា សាលាឧទ្ធរណ៍ក៏បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ កញ្ញា សេង ធារី។ អង្គការសង្គមស៊ីវិលសំដែងការខកចិត្ត ចំពោះការសំរេចរបស់សាលាឧទ្ធរណ៍ដែលមិនអនុញ្ញាតឲ្យកញ្ញា សេង ធារី នៅក្រៅឃុំបណ្ដោះអាសន្នដោយចាត់ទុកថា ជារឿងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។