ស្ថានភាពអ្នកកាសែតខ្មែរនៅឆ្នាំ២០១៤
2014.12.31

ឆ្នាំ២០១៤ គឺជាឆ្នាំដែលមានការកត់សម្គាល់ឃើញថា អ្នកកាសែតជួបគ្រោះថ្នាក់ផ្ទួនៗ ក្នុងនោះមានអ្នកកាសែតមួយចំនួនរងគ្រោះថ្នាក់ដោយការបាញ់សម្លាប់ ខ្លះទៀតរងការប្តឹងចាប់ដាក់គុក និងអ្នកកាសែតខ្លះទៀត រងការសម្លុត គំរាមកំហែងពីអ្នកមានអំណាច។ ក្រៅពីគ្មានសុវត្ថិភាព អ្នកកាសែតខ្មែរក៏មានការលំបាកដែរក្នុងការប្រមូលព័ត៌មានដើម្បីយកមកចុះផ្សាយ។
ឆ្នាំ២០១៤ ជាឆ្នាំមួយមានអ្នកកាសែតខ្មែរយ៉ាងតិច ២នាក់បានស្លាប់ ១២នាក់ត្រូវចាប់ខ្លួន និងមានគេប្តឹងនៅតុលាការ ៧ករណី។ អ្នកកាសែតដែលត្រូវគេសម្លាប់នោះ គឺលោក តាំង ទ្រី។ លោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតាមដងផ្លូវនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១២ តុលា ២០១៤។ ចំណែកលោក សួន ចាន់ អ្នកកាសែតខ្មែរនៅអង្គភាពកាសែត "មាគ៌ាកម្ពុជា" ប្រចាំខេត្តកំពង់ឆ្នាំង បានត្រូវមនុស្សមួយក្រុមសម្លាប់កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១៤។
ក្រៅពីការសម្លាប់ ២ករណីខាងលើនេះ ក៏មានអ្នកកាសែតខ្មែរជាច្រើននាក់ ទាំងនៅរាជធានីភ្នំពេញ និងខេត្ត ត្រូវជនមានអំណាច និងគ្រួសារសាច់ញាតិអ្នកមានអំណាចគំរាមវាយឆក់ទូរស័ព្ទ ម៉ាស៊ីន ថតរូប ថតវីដេអូ បោកកម្ទេចចោល ដោយសារពួកអ្នកកាសែតថតរូបគ្រោះថ្នាក់ចរាចរណ៍ពេលយប់មកចុះផ្សាយ។ អ្នកកាសែតខ្មែរនៅតាមបណ្តាខេត្តខ្លះ ត្រូវឈ្មួញឈើគំរាម និងដាក់ពាក្យប្តឹងនៅតុលាការ។
កាលពីថ្ងៃទី២ ឧសភា នៅក្នុងការប៉ះទង្គិចរវាងកម្លាំងសន្តិសុខរាជធានីភ្នំពេញ ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ មានអ្នកកាសែតខ្មែរជាច្រើននាក់ ត្រូវរងការវាយដំ ក្នុងនោះមានលោក ឡាយ សាមៀន អ្នកយកព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ ហៅកាត់ វី.អូ.ឌី (VOD) ត្រូវរងរបួសជាទម្ងន់។ ករណីសន្តិសុខវាយអ្នកកាសែតនេះ តុលាការរាជធានីភ្នំពេញ បានបដិសេធមិនចាត់ការលើសំណុំរឿងពាក្យបណ្ដឹងនេះឡើយ។
ការប្រមូលព័ត៌មានដើម្បីចុះផ្សាយមានការលំបាកចំពោះអ្នកកាសែតខ្មែរ ។ លោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey) មានប្រសាសន៍នៅថ្ងៃទី៣០ ធ្នូ ថា ឆ្នាំ២០១៤ គឺជាឆ្នាំមួយដែលអ្នកកាសែតកម្ពុជា ភាគច្រើនជួបប្រទះការលំបាកលើការប្រមូលព័ត៌មាន និងគ្មានសុវត្ថិភាពក្នុងការប្រមូលព័ត៌មាន។ លោកបានថ្លែងថា អ្នកកាសែតនៅមានការលំបាកក្នុងការទទួលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ។ គឺស្ថាប័នមួយចំនួននៅតែលាក់បាំងព័ត៌មាន។ ក្នុងពេលបាតុកម្ម មាននគរបាលមួយចំនួននៅតែចាត់ទុកថា អ្នកកាសែតជាអ្នករំខានការងារទៅវិញ។
ទាក់ទងជាមួយបញ្ហាជីវភាពរស់នៅវិញ លោក គី សុខលីម បានឲ្យដឹងថា ប្រាក់ចំណូលអ្នកកាសែតនៅទាប ហើយទាមទារឲ្យអ្នកកាសែតប្រឹងប្រែងធ្វើការរហូតដល់អ្នកខ្លះត្រូវធ្វើការជាច្រើនកន្លែង។ លោកបានថ្លែងថា អ្នកកាសែតគ្រាន់តែអាចរស់បាន តែមិនទាន់មានគុណភាពជីវិតខ្ពស់នៅឡើយ ហើយដើម្បីមានប្រាក់ចំណូលច្រើន អ្នកកាសែតខ្លះត្រូវធ្វើការ ២ ទៅ ៣កន្លែង។ ប៉ុន្តែពេលគាត់ធ្វើការច្រើនកន្លែងបែបនេះ គុណភាពព័ត៌មានគាត់ក៏មិនល្អដែរ។
ចំពោះបញ្ហាប្រាក់ចំណូលរបស់អ្នកកាសែតនេះ លោក មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានឲ្យដឹងថា អ្នកកាសែតក្នុងស្រុកខ្លះគ្មានប្រាក់ខែត្រឹមត្រូវទេ ហើយមានអ្នកខ្លះបានបោះបង់ចោលការងារជាអ្នកកាសែតនេះចោលតែម្ដង។ លោកបានថ្លែងថា អ្នកកាសែតនៅមានការលំបាកដោយសារមានប្រាក់ចំណូលតិចតួច ជាពិសេសអ្នកកាសែតតាមខេត្ត គាត់បានទទួលប្រាក់ថ្លៃអត្ថបទទាបណាស់ ហើយមានអ្នកកាសែតមួយរូបដែលលោកបានស្គាល់ បានសម្រេចចិត្តទៅធ្វើស្រែវិញ ដោយសារធ្វើកាសែតចិញ្ចឹមខ្លួនមិនរស់។
នៅក្នុងឆ្នាំ២០១៤ នេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឲ្យទៅក្រសួងព័ត៌មានជាអ្នកទទួលខុសត្រូវ។ សេចក្ដីព្រាងច្បាប់ដែលមនុស្សទូទៅ ជាពិសេសអ្នកកាសែតទន្ទឹងរង់ចាំជាង ១០ ឆ្នាំមកហើយនេះ មិនទាន់ចេញរូបរាងភ្លាមៗបានទេ។ បើទោះបីជារដ្ឋាភិបាលប្រទេសស៊ុយអែត សន្យាផ្ដល់ប្រាក់ប្រមាណមួយលានដុល្លារ ដើម្បីជួយជំរុញឲ្យសេចក្ដីព្រាងច្បាប់នេះឆាប់បានចេញរូបរាងក៏ដោយ ក៏វាមិនអាចទៅរួចដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រកាសឲ្យដឹងថា ក្រសួងព័ត៌មានត្រូវការពេលវេលា ៣ឆ្នាំ បានរៀបចំសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននេះហើយ។ ក្រុមអ្នកកាសែត និងមន្ត្រីសង្គមស៊ីវិលមួយចំនួននិយាយថា ពេលវេលា ៣ឆ្នាំហាក់ដូចជាយូរពេកចំពោះសេចក្ដីព្រាងច្បាប់មួយ ពីព្រោះប្រជាពលរដ្ឋកម្ពុជា បានដឹងថា កន្លងមករដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា បានរៀបចំតាក់តែង និងអនុម័តច្បាប់មួយដែលប្រមុខរដ្ឋាភិបាលចង់បាន គឺចំណាយពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ដូចជាច្បាប់ស្ដីពីការមិនទទួលស្គាល់ឧក្រិដ្ឋកម្មកើតមានក្នុងរបបខ្មែរក្រហមកាន់កាប់អំណាចជាដើម។
ពិតមែនតែនៅក្នុងរដ្ឋសភាអាណត្តិទី៥ នេះ គណបក្សនយោបាយជំទាស់មានអាសនៈរហូតដល់ទៅ ៥៥អាសនៈ ក្នុងចំណោមអាសនៈសរុប ១២៣នៃសភាក៏ដោយ ប៉ុន្តែអ្នកកាសែតខ្មែរមួយចំនួនបានត្អូញត្អែរអំពីការរើសអើងពីសំណាក់អ្នកនយោបាយ និងមន្ត្រីទទួលខុសត្រូវតាមស្ថាប័នមួយចំនួនទៅវិញ។ អ្នកកាសែតខ្លះបានលើកឡើងថា អ្នកនយោបាយបានចាត់ទុកកាសែតខ្លះ មាននិន្នាការគាំទ្រគណបក្សកាន់អំណាច ដូច្នេះមន្ត្រីមកពីគណបក្សប្រឆាំងមិនចង់និយាយ ឬផ្ដល់ព័ត៌មានឲ្យទេ។ ចំណែកអ្នកកាសែតខ្លះទៀត ដែលតែងសរសេររិះគន់រដ្ឋាភិបាល បែរជាមិនត្រូវមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីមកពីគណបក្សកាន់អំណាច មិនចង់និយាយ និងផ្ដល់ព័ត៌មានឲ្យដែរ។
ទាក់ទងស្ថានភាពទូទៅរបស់អ្នកកាសែតខ្មែរនេះ លោក អ៊ុក គឹមសេង ទីប្រឹក្សាក្រសួងព័ត៌មាន មានប្រសាសន៍ថា លោកទទួលស្គាល់ថា អ្នកកាសែតខ្មែរមួយចំនួនពិតជាមានការលំបាកក្នុងការប្រមូលព័ត៌មាន ប៉ុន្តែលោកមានជំនឿថា នៅពេលច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានចេញជារូបរាង និងចូលអនុវត្តជាធរមានបញ្ញត្តិហើយនោះ វាមុខជាជួយសម្រួលដល់ការប្រមូលព័ត៌មានរបស់អ្នកកាសែតខ្លះជាមិនខាន។ ជាមួយនោះដែរ លោកបានថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលវាយធ្វើបាបទៅលើអ្នកកាសែត ដូចជាសម្លាប់ វាយដំ និងបោកកម្ទេចម៉ាស៊ីនថតរបស់អ្នកកាសែតជាដើម។ ប៉ុន្តែលោកបានអំពាវនាវឲ្យអ្នកកាសែតខ្មែរមានការប្រុងប្រយ័ត្នក្នុងពេលចុះប្រមូលព័ត៌មានត្រូវគោរពក្រមសីលធម៌ក្នុងការបំពេញការងារផង និងកុំប្រើវិជ្ជាជីវៈរបស់ខ្លួនរំលោភលើសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ដូចជាផ្សាយព័ត៌មានអំពីមនុស្សស្លាប់ដោយមានឈាមក្រហមច្រាល និងធ្វើអត្ថាធិប្បាយចំអកបន្ថែមបន្ថយទៅលើហេតុការណ៍ពិត ដោយមិនគោរពសិទ្ធិរបស់ជនរងគ្រោះ។
ក្រៅពីការលំបាកក្នុងឆ្នាំ២០១៤ តើឆ្នាំ២០១៥ អ្នកកាសែតខ្មែរត្រូវប្រឈមជាមួយបញ្ហាអ្វីខ្លះ? នៅក្នុងឆ្នាំ២០១៥ នេះ មានស្ថាប័នវិទ្យុ ទូរទស្សន៍ថ្មីៗ មួយចំនួនចាប់ផ្តើមធ្វើសកម្មភាព ក្នុងនោះស្ថានីយវិទ្យុគណបក្សប្រឆាំងក៏បានទទួលអាជ្ញាប័ណ្ណដើម្បីធ្វើការផ្សាយព័ត៌មានដែរ។ ឆ្នាំថ្មី ការប្រកួតប្រជែងថ្មីក៏កើតមានដែរ ហើយការប្រកួតនោះមានលក្ខណៈតឹងតែងថែមទៀតផង ជាពិសេសរវាងកាសែតបោះពុម្ព ជាមួយកាសែត អនឡាញ (Online)។
កាសែតបោះពុម្ពចាប់ផ្ដើមព្រួយបារម្ភចំពោះអនាគតរបស់ខ្លួន ដោយត្រូវចំណាយមនុស្សច្រើន និងប្រាក់ច្រើនដើម្បីផលិតព័ត៌មាន ក្នុងពេលដែលកាសែតអនឡាញ បានចំណាយមនុស្សតិចតួច និងដើមទុនតិចតួចដើម្បីផលិតព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយបានលឿនរហ័សទាំងព័ត៌មាន និងរូបភាពលឿនជាងកាសែតបោះពុម្ពទៅទៀត។ ដោយសារបច្ចេកទេសកុំព្យូទ័រមានការជឿនលឿន ហើយអ៊ីនធឺណិតមានល្បឿនលឿន កាសែត អនឡាញ បានវាយលុកលើទីផ្សារព័ត៌មាន និងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកអានគ្រប់វ័យ ជាពិសេសអ្នកអានដែលមានប្រើទូរស័ព្ទទំនើប (Smart phone) យ៉ាងខ្លាំងក្លា។
ព័ត៌មានតាមកាសែត អនឡាញ និងហ្វេសប៊ុក (Facebook) បានវ៉ាដាច់ព័ត៌មានតាមកាសែតបោះពុម្ព តាមវិទ្យុ និងទូរទស្សន៍។ ប្រភពអ្នកទទួលខុសត្រូវកាសែតអនឡាញ បានឲ្យដឹងថា ក្នុងមួយថ្ងៃមានអ្នកចុចអានកាសែតអនឡាញ ប្រមាណ ១០ម៉ឺននាក់ គឺច្រើនជាងចំនួនអ្នកអានកាសែតបោះពុម្ពលើក្រដាសដែលមានអ្នកអានប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះ និន្នាការកើនឡើងរបស់កាសែតអនឡាញ និងវ៉ឹបសាថ៍ព័ត៌មាននានា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។
ក្នុងពេលឧបករណ៍ផលិតព័ត៌មាន និងបច្ចេកទេសបញ្ជូនព័ត៌មានកាន់តែទំនើបនិងលឿនរហ័សនោះ វាទាមទារអ្នកធ្វើការងារលើវិស័យព័ត៌មានត្រូវអភិវឌ្ឍខ្លួនឯងឲ្យបានលឿនទាន់ការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានដែរ។ អ្នកកាសែតខ្មែរត្រូវចេះភាសាបរទេស ជាពិសេសភាសាអង់គ្លេស ត្រូវចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ និងចេះវិធីបញ្ជូនព័ត៌មានឆាប់រហ័សទាន់សម័យ។ អ្នកកាសែតខ្មែរ មិនគ្រាន់តែចេះសរសេរព័ត៌មានមួយមុខទេ គឺត្រូវចេះថតរូប ថតវីដេអូ ដើម្បីបម្រើអ្នកអាន អ្នកមើលឲ្យទាន់ពេលវេលាដែរ។
លោក គី សុខលីម មានប្រសាសន៍ថា ឆ្នាំ២០១៥ ជាឆ្នាំថ្មី និងមានការប្រឈមមួយចំពោះអ្នកកាសែតខ្មែរ គឺប្រទេសកម្ពុជា ធ្វើសមាហរណកម្មចូលសហគមន៍អាស៊ាន (ASEAN)។
ការចូលអាស៊ាននោះ ទាមទារឲ្យអ្នកកាសែតមានចំណេះដឹងទូលាយជាងមុនថែមទៀតទាក់ទងប្រទេសនៅក្នុងតំបន់ ហើយការដណ្ដើមទីផ្សារដើម្បីលក់ព័ត៌មានក៏មានការប្រណាំងប្រជែងតឹងតែងជាងមុនដែរ។ លោកថ្លែងថា អ្នកកាសែតខ្មែរមួយចំនួនធំមិនទាន់យល់ដឹងអំពីអាស៊ានច្បាស់និងច្រើនទេ។ ដូច្នេះនៅពេលគាត់យល់ដឹងមិនច្បាស់ គាត់មុខជាមិនសរសេរច្រើនអំពីអាស៊ាននោះទេ។
ការលំបាករបស់អ្នកកាសែតខ្មែរនៅតែកើតមាន ជាពិសេសទាក់ទងការផ្សាយព័ត៌មានទាក់ទងអំពើពុករលួយ និងការប្រើអំណាចរបស់មន្ត្រីមានអំណាច។
លោក មឿន ឈានណារិទ្ធិ បានអំពាវនាវឲ្យអ្នកដឹកនាំរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការ កុំចាត់ទុកអ្នកកាសែតជាសត្រូវរបស់ខ្លួន ហើយត្រូវចូលរួមផ្ដល់ព័ត៌មានឲ្យច្រើនដើម្បីផ្សាយហេតុការណ៍ពិតដែលកើតមានក្នុងសង្គម។ លោកបានអំពាវនាវសុំឲ្យលុបចោលការដាក់ទោសព្រហ្មទណ្ឌទៅលើអ្នកកាសែត ដោយគ្រាន់តែធ្វើការផ្សាយព័ត៌មាន និងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចពន្លឿនធ្វើសេចក្ដីព្រាងច្បាប់ទទួលព័ត៌មានឲ្យបានចប់ឆាប់រហ័ស ហើយអាជ្ញាធរត្រូវប្រឹងប្រែងដើម្បីស្វែងរកជនល្មើសដែលបានសម្លាប់អ្នកកាសែតយកមកផ្ដន្ទាទោសតាមច្បាប់ បញ្ចប់និទ្ទណ្ឌភាពនៅក្នុងសង្គម និងផ្ដល់យុត្តិធម៌ដល់អ្នកកាសែតដែលបានបាត់បង់ជីវិតផង៕