ប្រវត្តិតស៊ូរបស់ព្រះចៅអធិការវត្តខេមររង្សី
2022.12.05

ព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុង ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) បង្កើតស្នាព្រះហត្ថជាច្រើន ដើម្បីបុព្ធហេតុទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគតនៅលើទឹកដីកម្ពុជាក្រោម។ តើព្រះចៅអធិការវត្តខេមររង្សី មានប្រវត្តិតស៊ូ និងបានបង្កើតស្នាព្រះហត្ថអ្វីខ្លះដែរដើម្បីបុព្ធហេតុខ្មែរកម្ពុជាក្រោម?
ព្រះចៅអធិការវត្តខេមររង្សី ព្រះភិក្ខុ សឺង យ៉ឹងរតនា សព្វថ្ងៃក៏មានតួនាទីជានាយកនៃនាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាអគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម (Voice Of Khmer Kampuchea Krom)។ ព្រះអង្គបានបង្កើតស្នាព្រះហត្ថជាច្រើន រួមមាន ការផ្សព្ធផ្សាយព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមនៅលើទឹកដីកំណើត ការចូលរួមសកម្មភាព លើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្រខ្មែរក្រោមដល់ពលរដ្ឋខ្មែរក្រោមនៅជុំវិញលើពិភពលោក។ ក្រោមការដឹកនាំរបស់ព្រះភិក្ខុ សឺង យ៉ឹងរតនា ព្រះអង្គបានប្រែក្លាយ វត្តខេមររង្សី មិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងបម្រើឱ្យសហគមន៍ខ្មែរ សម្រាប់ផ្តល់ជំនួយផ្នែកសង្គម និងជាទីស្នាក់ការសារព័ត៌មាន ផលិតព័ត៌មានសំខាន់ៗជូនដល់ខ្មែរក្រោមនៅជុំវិញទូទាំងពិភពលោក។ អាជ្ញាធរអាមេរិក តែងស្នើសុំប្រើប្រាស់វត្ត ជាទីស្នាក់ការបោះឆ្នោត ហើយគណបក្សប្រឆាំងខ្មែរនៅក្រៅប្រទេស ក៏ប្រើប្រាស់វត្តដើម្បីពិភាក្សាបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាដែរ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ព្រះអង្គលះបង់សព្វថ្ងៃគឺដើម្បីអនាគត ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត កំពុងឋិតក្រោមការគ្រប់គ្រងរបស់វៀតណាម៖
«ការតស៊ូសព្វថ្ងៃនេះ គឺដើម្បីបុព្ធហេតុសេរីភាពចំពោះ ពលរដ្ឋខ្មែរក្រោមរាប់លាននាក់ ដែលកំពុងរស់នៅក្រោមអាណានិគមនិយមវៀតណាមសព្វថ្ងៃ»។
ព្រះចៅអធិការវត្តខេមររង្សី ព្រះអង្គ សឺង យ៉ឹងរតនា ប្រសូត្រនៅស្រុកកំពង់ស្ពាន ខេត្ត ព្រះត្រពាំង ទឹកដីកម្ពុជាក្រោម កាលពីខែមេសា ឆ្នាំ១៩៧៧។ កាលពីឆ្នាំ ១៩៩៦ ព្រះអង្គសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅកម្ពុជា ដោយសារតែអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ ផ្នែកសាសនា សិទ្ធិសេរីភាព និងព្រះអង្គចង់សិក្សាបង្កើនចំណេះដឹងផ្នែកព្រះពុទ្ធសាសនា និងប្រវត្តិសាស្ត្រខ្មែរក្រោម ព្រះអង្គបានសម្រេចចិត្តចាកចេញពីទឹកដីខ្មែរក្រោម។ នៅកម្ពុជា ព្រះអង្គ បានបន្តការសិក្សា ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១ ទើបបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិវិទ្យាល័យ ព្រះសុរាម្រឹត នៅទីកុ្រងភ្នំពេញ កាលពីឆ្នាំ២០០៤ និងបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិមហាវិទ្យាល័យ ព្រះសីហនុរាជ នៅទី ក្រុងភ្នំពេញនិងផ្នែកនីតិសាស្ដ្រ នៅសកលវិទ្យាល័យឯកជនមួយ។ ព្រះអង្គក៏បានក្លាយជាមេដឹកនាំព្រះសង្ឃខ្មែរក្រោម ជាប្រធានកុដិលេខ ១៣ វត្តមហាមន្ដ្រី ដែលជាកន្លែង ខ្មែរកម្ពុជាក្រោមនៅកម្ពុជាមកជួបជុំគ្នានិងគោរពបូជាព្រះសង្ឃ និងធ្វើពិធីសាសនាផ្សេងៗ។ ទោះបីព្រះអង្គបានបង្កើតស្នាដៃជាច្រើននៅកម្ពុជាក៏ដោយ ព្រះអង្គមិនទាន់បញ្ចប់ក្ដីស្រមៃរបស់ព្រះអង្គនៅឡើយទេ។

ព្រះអង្គ មានសំណាងបានចាកចេញពីកម្ពុជា មកសហរដ្ឋអាមេរិក កាលខែសីហា ឆ្នាំ២០០៤ ដើម្បីនិមន្តមកគង់នៅវត្តខេមររង្សី ទីក្រុងសាន់ហូស្សេ រហូតមកទល់បច្ចុប្បន្ននេះដើម្បីផ្ស័ព្ធផ្សាយផ្នែកព្រះពុទ្ធសាសនា។ នៅសហរដ្ឋអាមេរិក ព្រះអង្គ បានបន្តការសិក្សាភាសាអង់គ្លេស នៅសាលា (San Jose Community College) និងបានចូលរួមពិនិត្យ និងកែសម្រួល រឿងល្ខោននិយាយ ឧកញ៉ា សឺន គុយ សម្រាប់ផលិតកម្មខ្មែរក្រោម និងតែងបទចម្រៀងស្នេហាជាតិមួយចំនួន ដូចជា បទ រលកវាសនាស្តាយកេរ្តិ៍ដូនតា បុប្ផារោងដំរី នឹកស្រុកកំណើត និង ផលិតស៊ីឌី CD ចម្រៀងព្រះធម៌ រួមមាន ជីវិតអ្នកបួស បារមីព្រះពុទ្ធ និងអត្ថន័យភ្ជុំបិណ្ឌជាដើម ។ ព្រះអង្គក៏បានដឹកនាំចងក្រងសៀវភៅប្រវត្តិវត្ត និងអត្ថប្រយោជន៍វត្តនៅខ្មែរក្រោមផងដែរ៖
«និពន្ធបទចម្រៀងព្រះធម៌ក្តី បទចម្រៀងស្នេហាជាតិក្តីដើម្បីបញ្ជៀតគំនិតដល់ពលរដ្ឋខ្មែរក្រោមដែលកំពុងតែរស់នៅទឺកដីខ្មែរក្រោម ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត តាមរយៈសិល្បៈ និងវប្បធម៌ ការចងក្រងសៀវភៅប្រវត្តិវត្តនៅកម្ពុជាក្រោមគឺដើម្បីឲ្យនិស្សិតឬពលរដ្ឋខ្មែរក្រោម ងាយស្រួលក្នុងការសិក្សា ប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ»។
នៅឯសហរដ្ឋអាមេរិក ព្រះអង្គក៏បានបង្កើតសារព័ត៌មាននិងវិទ្យុដើម្បីបម្រើចំណះដឹងដល់ពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក។ ព្រះអង្គបានបម្រើការជា អគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ចាប់ពីឆ្នាំ២០០៦ និងជាចាងហ្វាងការផ្សាយសារព័ត៌មានព្រៃនគរ។ ព្រះអង្គឲ្យដឹងថា ដោយសារតែមានតម្រូវការផ្នែកព័ត៌មាននៅកម្ពុជាក្រោម និងទូទាំងពិភពលោក ព្រះអង្គបានបង្កើតជាបន្ទប់ផ្សាយទូរទស្សន៍ សម្រាប់ផ្តល់ព័ត៌មានតាមរយៈបណ្ដាញសង្គម (Facebook and Youtube) និងនៅលើគេហទំព័រសារព័ត៌មានសំឡេងខ្មែរកម្ពុជាក្រោម ដែលអាស័យដ្ឋាន www.VOKK.Net និងសារព័ត៌មានព្រៃនគរដែលមាន អាស័យដ្ឋាន www.preynokornews.blogspot.com។ ព្រះអង្គបានចំណាយថវិកាវត្ត បង្កើតបន្ទប់សម្រាប់ថតព័ត៌មានទូរទស្សន៍ ដើម្បីផ្សព្ធផ្សាយតាម សារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ឋិតក្នុងបរិវេណវត្តវត្តខេមរ រង្សី៖
«ការបង្កើតសារព័ត៌មាន បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់រដ្ឋខ្មែរក្រោមរាប់ពាន់លាននាក់ ដែលកំពុងតែរស់នៅក្នុងលើទឹកដីកម្ពុជាក្រោម។ សារព័ត៌មានក៏បានផ្សព្ធផ្សាយ ភូមិសាស្រ្តនយោបាយ និងប្រវត្តិសាស្រ្តខ្មែរក្រោម សាសនា និងច្បាប់ជនជាតិដើម»។
ទោះបីបន្ទប់ផ្សាយព័ត៌មាន មានទំហំតូចមួយដែលមានកៅអីចំនួនពីរ និងតុកំព្យូទ័រមួយក៏ដោយ ប៉ុន្តែការផ្សាយព័ត៌មានពិតពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម និង ព័ត៌មានផ្សេងទៀត បានផ្តល់ចំណេះដឹងដល់ខ្មែរក្រោមដែលកំពុងស្រែកឃ្លានព័ត៌មានពិត ដើម្បីកែប្រែជីវភាពរបស់ពួកគេ។ ព្រះអង្គ សឺង យ៉ឹងរតនា បន្ថែមទៀតថា ព័ត៌មានពិត មិនលម្អៀង គ្មានការគាបសង្កត់នេះហើយ បានធ្វើឱ្យពលរដ្ឋខ្មែរក្រោម អាចរក្សាអត្តសញ្ញាណខ្លួនបាន។ បច្ចុប្បន្នទោះបីអាជ្ញាធរវៀតណាម បានចាប់ផ្តើមធ្វើយុទ្ធនាការសងសឹកទៅលើយុវជន និងពលរដ្ឋខ្មែរក្រោមណាដែលហ៊ាន ងើបឡើងតស៊ូទាមទារសិទ្ធិជនជាតិក្តី ក៏ពករដ្ឋខ្មែរក្រោម មិនបាក់ស្បាតស្មារតីដែរ។

ព្រះអង្គ សឺង យ៉ឹងរតនា ត្រូវបានគេបោះឆ្នោតធ្វើជាប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះ។ ព្រះអង្គក៏ជាសមាជិកគណៈកម្មនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម។ ព្រះអង្គមានសង្ឃដីកាបន្តថា ដោយសារតែព្រះធ្លាប់បានសិក្សាផ្នែកសារព័ត៌មានផងនោះ ក៏បានជំរុញឱ្យព្រះអង្គចង់ប្រឡូកនឹងវិស័យព័ត៌មាន និងតួនាទីជាអ្នកនាំពាក្យ។ តួនាទីរបស់ព្រះអង្គសឺង យ៉ឹងរតនា បានឲ្យព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវេទិកាអន្តរជាតិមួយចំនួន ដូចជា ការចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ក្រសួងការបរទេស សហរដ្ឋអាម៉េរិក ផ្នែកសេរីភាពអន្តរសាសនា នៅរដ្ឋធានីវ៉ាស៊ីនតុន Washington និងយន្តការអ្នកជំនាញជនជាតិដើម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសជាដើម។ ព្រះអង្គក៏ជាព្រះសង្ឃមួយអង្គ ដែលចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចឱ្យដល់ខ្មែរក្រោមនៅលើទឹកដីកំណើតជាដើម។
សម្រាប់អនាគត ព្រះអង្គ សឺង យ៉ឹងរតនា ប្តេជ្ញា នឹងខំប្រឹងប្រែងការតស៊ូមតិ និងទំនាក់ទំនង ធ្វើយ៉ាងណាដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដើម្បីអាចឈានទៅរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។