ម្ចាស់​បទ​ឈាម​បាតុករ​ព្រួយបារម្ភ​ក្រោយ​ពី​ក្រសួង​វប្បធម៌​ស្នើ​សមត្ថកិច្ច​ចាត់​វិធានការ

ដោយ យន់ សាមៀន
2023.01.07
Share on WhatsApp
Share on WhatsApp
ម្ចាស់​បទ​ឈាម​បាតុករ​ព្រួយបារម្ភ​ក្រោយ​ពី​ក្រសួង​វប្បធម៌​ស្នើ​សមត្ថកិច្ច​ចាត់​វិធានការ អ្នក​ចម្រៀងរ៉េប (Rapper) លោក គា សុគន្ធ។
រូប៖ ហ្វេសប៊ុក​លោក គា សុគន្ធ

ម្ចាស់​បទ​ចម្រៀង​រ៉េប ''ឈាម​បាតុករ'' ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ស្នើ​ឲ្យ​មេ​ប៉ូលិស​ ចាត់​វិធានការ​ច្បាប់​ចំពោះ​ការ​ផ្សព្វផ្សាយ​បទចម្រៀង​របស់​គាត់។ សង្គម​ស៊ីវិល​ចាត់ទុក​ថា ការ​ចោទប្រកាន់​ និង​ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌ គឺ​ជា​ការ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព។

អ្នក​ចម្រៀងរ៉េប (Rapper) លោក គា សុគន្ធ លើក​ឡើង​ថា បទចម្រៀង​លោក ដែល​មាន​ចំណង​ជើង​ថា ''ឈាម​បាតុករមិន​មាន​ខ្លឹមសារ​ញុះញង់ ឬ​បង្ក​ចលាចល​ ក្នុង​សង្គម ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​វប្បធម៌​នោះ​ទេ។

លោក​បញ្ជាក់​ថា មុន​នឹង​ចេញផ្សាយ​បទចម្រៀង​នេះ​លោក​បាន​ពិនិត្យ​ខ្លឹមសារ​រួចរាល់​ទៅ​ហើយ។ លោក​យល់​ថា ការ​ដែល​ក្រសួង​វប្បធម៌​ ស្នើ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ចាត់​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​បទចម្រៀង​របស់​លោក​នេះ​ បណ្តាល​ឲ្យ​លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព។

លោក គា សុគន្ធ«ខ្ញុំ​គ្រាន់​តែ​ចង់​ស្នើ​ឲ្យ​ថា ឲ្យ​គាត់​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​ចម្រៀង​ហ្នឹង​ម្ដង​ទៀត​ មួយ​ទៀត​ហើយ​បើសិនជា​គាត់​ពិនិត្យ​ហើយ​ម្ដង​ទៀត ហើយ​មាន​គាត់​យល់​ថា វា​ជា​ការ​ញុះញង់​បង្ក​ចលាចល​ហ្នឹង​មែន ហើយ​គាត់​កោះហៅ ឬ​ក៏​គាត់​ឃាត់​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ជួប​ហើយ​បំភ្លឺ​ ឬ​ក៏​តាម​ចំណាត់ការ​ដែល​គាត់​បាន​ដាក់​ឲ្យ​អ៊ីចឹង​ទៅ»

កាលពី​ថ្ងៃ​ទី៦ ខែ​មករា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ចេញ​លិខិត​ស្នើសុំ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ការ​ផ្សព្វផ្សាយ​បទចម្រៀង​ដែល​មាន​ចំណង​ជើង​ថា ឈាម​បាតុករ។ អ្នកស្រី ចោទ​ប្រកាន់​ថា បទ​ចម្រៀង​នេះ​ថា មាន​ខ្លឹមសារ​ញុះញង់ អាច​បង្ក​ជា​អសន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម។ ការ​ស្នើ​សុំ​របស់​អ្នក​ស្រី ភឿង សករុណា នេះ គឺ​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួមមាន​អង្គការ​លីកាដូ និង​អង្គការ​សង់ត្រាល់ បាន​ផ្សព្វផ្សាយ​វីដេអូ​បទចម្រៀង​ឈាម​បាតុករ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​ឱកាស​ខួប៩ឆ្នាំ​នៃ​ការ​បាញ់​បង្ក្រាប​បង្ហូរឈាម​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​នៅ​លើ​ផ្លូវ​វេងស្រេង។ បទចម្រៀង​នេះ​និពន្ធ​ និង​ច្រៀង​ដោយ​លោក គា សុគន្ធ។

វីដេអូ​បទចម្រៀង​ ''ឈាម​បាតុករ​'' មាន​រូបភាព​ក្រុម​បាតុករ​កំពុង​តែ​ធ្វើ​ការ​ដង្ហែ​ក្បួន​បាតុកម្ម​លើ​ដង​ផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​និង វាយ​បង្ក្រាប​ដោយ​ហិង្សា​ដើម្បី​ បំបែក​ហ្វូង​បាតុករ ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ កាល​ពី​ឆ្នាំ​២០១៤។ បទចម្រៀង "ឈាម​បាតុករមាន​អត្ថន័យ រំលឹក​ដល់​វីរភាព​របស់​សហជីព​ និង​អ្នក​តស៊ូ​ដើម្បី​សិទ្ធិ​ការងារ និង​ទាមទារ​តំឡើង​ប្រាក់ឈ្នួល​ ដោយ​យក​សាច់​ស្រស់​ឈាម​ស្រស់​ទៅ​តទល់​ដោយ​មិន​ខ្លាច​ដំបង​ដែក​ គ្រាប់​កាំភ្លើង​ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​មាន​ប្រាក់ខែ​សមរម្យ។

ខ្លឹមសារ​បទ​ចម្រៀង«អតីតកាល​កន្លង​ផុត បញ្ចប់​ដោយ​ឈឺចាប់ អ្នកណា​ខ្លះ​ដែល​បានឃើញ អ្នកណា​ខ្លះ​ដែល​បានស្ដាប់ អ្នកណា​ខ្លះ​ដែល​ចងចាំ អ្នកណា​ខ្លះ​ដែល​បាន​ភ្លេច ស្រក់​ទឹកភ្នែក​ស្រែក​ទាមទារ ដើម្បី​ចង់​បាន​សិទ្ធិ ៩ឆ្នាំ​កន្លង​ផុត បន្សល់​ទុក្ខ​យ៉ាង​គ្រាំ​ក្រៀម តថភាព​ដ៏​អនិច្ចា​កាយា​ ពោរពេញ​ដោយ​ឈាម​អ្នកខ្លះ​បាត់​ខ្លួន​ស្ងាត់​ស្ងៀម​ទាំង​គ្មាន​ដំណឹង រសាត់​អណ្ដែត​ដល់​ទីណា​ក៏​គ្មាន​អ្នកណា​ដឹង​ រង់ចាំ​យុត្តិធម៌​៩ឆ្នាំ​កន្លង​ទៅ អស់​រយៈពេល​ជា​យូរ គ្មាន​អ្នក​ទទួលខុសត្រូវ ទន្ទឹម​នឹក​មមៃ ចង់​បាន​ដំណោះស្រាយ​ ព្យាយាម​រក​គ្រប់​វិធី ស្នើ​សុំ​និង​ផ្សព្វផ្សាយ...»។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត និយាយ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​រំលឹក​ខួប៩ឆ្នាំ​នៃ​ការ​ឈឺចាប់​ និង​បាន​បង្ហោះ​បទចម្រៀង ឈាម​បាតុករ មិនមែន​ជា​ការ​ញុះញង់​អ្វី​នោះ​ទេ ព្រោះ​ព្រឹត្តិការណ៍​នោះ​បាន​កើត​ឡើង​ពិត​មែន។ លោក​ថា កាលឆ្នាំ២០១៤ អាជ្ញាធរ​ប្រើ​ហិង្សា ធ្វើ​បាប​ចាប់​ដាក់​គុក និង​បាញ់​កម្មករ​បណ្ដាល​ឲ្យ​រង​របួស​និង​ស្លាប់​ជា​ដើម។ លោក​បន្ថែម​ទៀត​ថា ការ​រំលឹក​ការ​ឈឺ​ចាប់​មិនមែន​ជា​រឿង​ញុះញង់​នោះ​ទេ។

លោក យី សុខសាន្ត«អ្វី​ដែល គា សុគន្ធ លោក​បាន​និយាយ​ជួនកាល​វា​ជា​ការ​ពិត រឿង​ការ​ពិត​វា​មិន​អាច​ទៅ​ជា​រឿង​ញុះញង់​នោះ​ទេ ខ្ញុំ​ឧទាហរណ៍​ថា ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស្លាប់​មែន ដូច​ការ​ទាមទារ​របស់​កម្មករ​ហ្នឹង វា​មាន​ស្លាប់​មែន ដូច្នេះ​ការ​ដែល​គាត់​និយាយ​រំលឹក​ឡើង​វិញ​វា​មិន​មែន​ជា​រឿង​ញុះញង់​ទេ ហើយ​ដូច​ជា​ការ​បូម​ពន្លិច​ផ្ទះ​ប្រជាជន​នៅ​បឹងកក់ បឹង​អ៊ី​ហ្នឹង​គឺ​មាន​ការ​ពន្លិច​មែន បូម​មែន អ៊ីចឹង​បើ​យើង​យក​រឿង​ហ្នឹង​មក​និយាយ វា​មិនមែន​ជា​រឿង​ញុះញង់​នោះ​ទេ»

កាល​ពី​ឆ្នាំ២០២០ លោក គា សុគន្ធ ធ្លាប់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាថ៌ និង​កាត់ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ រយៈពេល​១ឆ្នាំ​៦ខែ ហើយ​លោក​ត្រូវ​តុលាការ​ដោះ​លែង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០២១។ កាលណោះ លោក​បាន​ច្រៀង​ចម្រៀង រិះគន់ បញ្ហា​កើត​ឡើង​ក្នុង​សង្គម​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ បទ​ចម្រៀង​ទាំង​នោះ រៀបរាប់​ពី​រឿងរ៉ាវ​ឈឺចាប់​នៅ​ក្នុង​សង្គម​ដូចជា អំពើ​អយុត្តិធម៌ បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ កំណើន​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក និង​ពលរដ្ឋ​ក្រីក្រ​ដើរ​សុំ​ទាន បញ្ហា​ព្រំដែន អំពើ​ពុករលួយ និង​ការ​ធ្លាក់ចុះ​គុណធម៌​សង្គម​ជាដើម។ វីដេអូ​ចម្រៀង​ ដែល​មាន​ចំណង​ជើង​ថា «ដីខ្មែរ» មាន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង និង​ចែក​រំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។