អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​យុវជន​ម្នាក់​ ដែល​ច្រៀង​រ៉ែប​រិះគន់​សង្គម

ដោយ ខែ សុណង
2020-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គា សុគន្ធ ម្ចាស់​ចម្រៀង​រ៉ែប (RAP) ដែល​អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​ដាក់​ពន្ធនាគារ ក្រោយ​ពី​ច្រៀង​បទ «ដី​ខ្មែរ» បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។
យុវជន គា សុគន្ធ ម្ចាស់​ចម្រៀង​រ៉ែប (RAP) ដែល​អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​ដាក់​ពន្ធនាគារ ក្រោយ​ពី​ច្រៀង​បទ «ដី​ខ្មែរ» បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក

តុលាការ​ខេត្ត​សៀមរាប​បាន​បញ្ជូន​យុវជន គា សុគន្ធ ម្ចាស់​បទ​ចម្រៀង​រ៉ែប «ដី​ខ្មែរ» ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី៥ ខែកញ្ញា ក្រោយ​ពី​យុវជន​រូប​នេះ ច្រៀង​បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។ មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​យុវជន​រូប​នេះ ថ្លែង​ថា ការ​ចាប់ខ្លួន​នេះ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់។

សាច់ញាតិ​យុវជន​រូប​នេះ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែកញ្ញា​ថា អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចាប់ខ្លួន​លោក គា សុគន្ធ នៅ​ម៉ោង ៧កន្លះ​ព្រឹក កាលពី​ថ្ងៃ​ទី៤ ខែកញ្ញា នៅផ្ទះ​របស់​លោក​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប។

បងថ្លៃ​យុវជន​រូប​នេះ គឺ​លោក ឈៀង ឆាត ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ពេល​ចាប់ខ្លួន​នគរបាល ៥នាក់ ស្លៀកពាក់​ស៊ីវិល​ជិះ​រថយន្ត ១គ្រឿង និយាយ​កុហក​ថា ជួល​លោក គា សុគន្ធ ឱ្យ​ថតរូប និង​វីដេអូ​ក្នុង​វិធី​មង្គលការ​មួយ​សន្យា​ឱ្យ​ថ្លៃ​ឈ្នូល ៤០០ដុល្លារ និង​ប្រាប់​ឱ្យ​គាត់​យក​លេប​ថប់ (Laptop) និង​ឯកសារ​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផង។

បងថ្លៃ​យុវជន​រូប​នេះ​បន្ត​ថា ប្អូនប្រុស​របស់​លោក​បាន​ព្រម​ទៅ​ជាមួយ​នគរបាល​ទាំង​នោះ ហើយ​ក៏​បាត់​ដំណឹង​សូន្យ​ឈឹង​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ទើប សុគន្ធ ខល​ប្រាប់​អ្នក​ផ្ទះ​ថា លោក​ត្រូវ​នគរបាល​ចាប់​ខ្លួន ដោយសារ​តែ​លោក​ច្រៀង​រិះគន់​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា ជា​ការ​បោកប្រាស់ និង​ជា​ការ​បន្លំ ព្រោះ​យក​មនុស្ស​ទៅ​មិនមែន​ទៅ​ថត​ផង យក​ទៅ​បាត់​មនុស្ស​យក​ទៅ​បាត់​រហូត​តាំង​ពី​ព្រឹក​ម៉ោង ៧កន្លះ រហូតដល់​ល្ងាច​ម៉ោង ៦កន្លះ​ឃើញ​ឱ្យ​ប្អូន​ខ្ញុំ​ខ​ល​មកវិញ​ប្រាប់​ថា ខ្ញុំ​នៅ​ស្នងការ​ខេត្ត​គេ​ចាប់​ខ្ញុំ​ពី​បទ​ច្រៀង ខ្ញុំ​ប្រាប់​តែ​ប៉ុណ្ណឹង​ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ទេ​គេ​អត់​ឱ្យ​និយាយ​ច្រើន​ទេ»

លោក ឈៀង ឆាត បន្ថែម​ថា លោក​បាន​ទៅ​សួរសុខទុក្ខ​ប្អូនប្រុស​នៅ​ពន្ធ​នារ​ខេត្ត​សៀមរាប​កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ កញ្ញា ឃើញ​គាត់​ត្រូវ​គេ​កោរ​សក់ និង​ពាក់​ឯកសណ្ឋាន​ជា​ជន​សង្ស័យ។ លោក​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្អូន​របស់​លោក​គ្មាន​ដីកា​ពី​តុលាការ​នោះ​ទេ ហើយ​លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​គាបសង្កត់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ៖ «ខ្ញុំ​គិត​ថា អយុត្តិធម៌​សម្រាប់​គាត់​ណាស់ ព្រោះ​ដោយសារ​ការ​ឃាត់ខ្លួន​គាត់​ហ្នឹង គឺ​យើង​មិន​ដឹង​ថា គាត់​ជាប់​ចោទ​ពី​បទ​អី គេ​អត់មាន​បាន​បង្ហាញ​ដីកា សុំ​ចាប់ខ្លួន ឬ​ក៏​ឃាត់ខ្លួន​អី​ទេ គ្រាន់តែ​ទៅ​គេ​ប្រាប់​ប៉ា​ថា ខ្ញុំ​មក​នាំ គា គន្ធ ហ្នឹង​ឱ្យ​ទៅ​ថត Free wedding (មង្គលការ

យុវជន គា សុគន្ធ វ័យ ២២ឆ្នាំ មាន​មុខ​របប​ជាង​ថតរូប និង​វីដេអូ ក្នុង​ពិធី​មង្គល​ការ និង​វិធី​ផ្សេង​បុណ្យ​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប។ យុវជន​រូប​នេះ តែងតែ​និពន្ធ​បទ​ចម្រៀង និង​ច្រៀង​ដោយ​ខ្លួន​ឯង បង្ហោះ​ក្នុង យូធូប (Youtub) និង​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ជាតិ​ទន់​ខ្សោយ និង​ធ្លាក់​ចុះ​គុណធម៌​ជាដើម។ បន្ថែម​ពី​នេះ​បទ​ចម្រៀង​របស់​លោក គឺ​ចង់​បំផុស​ស្មារតី​ពលរដ្ឋ​ឱ្យ​សាមគ្គី​គ្នា​ការពារ​ទឹក​ដី​ក្នុង​ពេល​ជាតិសាសន៍​ផ្សេង​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា។ វីដេអូ​ចម្រៀង ដែល​លោក​បង្ហោះ​ជា​លើក​ចុង​ក្រោយ មាន​ចំណង​ជើង​ថា «ដី​ខ្មែរ» ដែល​មាន​មនុស្ស​ចូល​ទស្សនា​រាប​លាន​ដង និង​មានការ​ចែករំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក៖ «ដី​យើង​តែមួយ​ជួយ​គ្នា​រក្សាទុក​សម្រាប់​យក​យក​អ្នក​ក្លាហាន ឈរ​កាង​ជា​ម្លប់​ការពារ​ទិស​តំបន់​ការពារ​ម្ដាយ​ឪពុក​ការពារ​មាតុភូមិ​ជាតិសាសន៍​ឱ្យ​បានសុខ។ ដី​កម្ពុជា​សល់​ប៉ុន​កណ្ដាប់​ដៃ​កាលពីមុន​ទូលំទូលាយ​ធ្លាយ​ដល់​ស្រុក​ថៃ តែ​ឥលូវ​កាន់តែ​តូច​ធ្វើ​ឱ្យ​ខ្ញុំ​នឹកស្រមៃ​បាត់​ទៅ​ម្ដង​បន្តិច ខ្ញុំ​ពិបាក​វិនិច្ឆ័យ។ ខ្ញុំ​ចាប់​កំណើត​កើត​នៅ​លើ​ដី​កម្សត់ មាន​បេះដូង​អព្យាក្រឹត្យ​ប្រឆាំង​ជាមួយ​ជន​ក្បត់​វៃ​យក​កេរដំណែល​ក្រវែល​គាបសង្កត់​ជួយ​ជាតិ​តាម​សំឡេង​ឱ្យ​គេ​ឮ​តាម​បទ។ ខ្ញុំ​អ្នក​សៀមរាប​រស់នៅ​លើ​ដី​ប្រាសាទ​មាន​ឈាម​វរ្ម័ន​ក្លាហាន មិន​បាក់ស្បាត ឈរ​តំណាង​ទឹក​ដី​តំណាង​ជាតិ តំណាង​សាសន៍​លើក​ទង់​ជាតិ​ឱ្យ​ស្មើ​មេឃ និង​ស្មើ​អាកាស»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​សៀមរាប​លោក ទិត្យ ណារ៉ុង និង​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៨ កញ្ញា។

ចំណែក​អ្នកនាំពាក្យ​តុលាការ​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក ជួន សុបញ្ញា បញ្ជាក់​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​ពិត​ជា​បាន​ចាប់​ខ្លួន យុវជន គា សុគន្ធ មែន ហើយ​ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​យុវជន​រូប​នេះ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។ រីឯ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​ក្នុង​ពន្ធនាគារ៖ «អយ្យការ​បាន​បើក​ការចោទប្រកាន់​ហើយ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ហើយ​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំ​ខ្លួន​ហើយ។ រឿង​មូលដ្ឋាន​ច្បាប់​គាត់​មាន​សិទ្ធិ​រក​មេធាវី​មក​ការពារ​ខ្លួន ពាក់ព័ន្ធ​បញ្ហា​ហ្នឹង​តែ​ទិដ្ឋភាព​ជា​រួម​ខ្ញុំ​ជម្រាប​ជួន​លោក​ប៉ុណ្ណឹង»

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​សៀមរាប លោក ច័ន្ទ ចំរើន យល់​ថា អាជ្ញាធរ​គួរតែ​អប់រំ​ណែនាំ ប្រសើរ​ជាង​អនុវត្ត​ច្បាប់​ប៉ះពាល់​ដល់​លំហ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ លោក​ថា ប្រសិនបើ​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​រូប​នេះ ដោយ​គ្មាន​ដីកា​ពី​តុលាការ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​ករណី​នេះ​ពុំ​មែន​ជា​បទល្មើស​ជាក់​ស្ដែង​នោះ​ទេ៖ «នៅ​នីតិវិធី​ច្បាប់​គេ​ថា សូម​ឱ្យ​នគរបាល​យុត្តិធម៌​ហ្នឹង លោក​ឃាត់ខ្លួន​ជន​ណា​ម្នាក់​លោក​ត្រូវ​បង្ហាញ​ពី​ដីកា​នៃ​ការ​ឃាត់​ខ្លួន​ហ្នឹង​ថា តើ​គេ​មានទោស​អី? ហើយ​ដីកា​អី​? ដីកា​ហ្នឹង​ជា​ដីកា​ព្រះរាជអាជ្ញា ឬក៏​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​បង្ហាញ​គេ និង​អាន​ឱ្យ​គេ​ស្ដាប់។ អា​ហ្នឹង​ជា​នីតិវិធី​ច្បាប់ បើកាលណា​យើង​អ្នក​អនុវត្ត​ច្បាប់ មិន​គោរព​តាម​គោលការណ៍​វា​ជា​រឿង​មួយ គួរ​ឱ្យ​សោក​ស្ដាយ​ណាស់»

កាល​ពី​ឆ្នាំ២០១៩ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ក៏​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ឈុន ឌីម៉ី ដែល​ច្រៀង​រ៉ែ​ប​រិះគន់​សង្គម​ហើយ​ទទួល​បាន​ភាព​ល្បី​ក្នុង​បណ្ដាញ​សង្គម​នោះ យក​ទៅ​គំរាម​កំហែង​បង្ខំ​ឱ្យ​លុប​បទ​ចម្រៀង​ចេញពី​បណ្ដាញ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) ផង​ដែរ។

ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ​បណ្ដាល​ឱ្យ​មាន​កា​រិះគន់​ខ្លាំងៗ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ខ្លះ​សរសេរ​ថា បទ​ចម្រៀង​នេះ គឺ​បង្ហាញ​ពី​ត​ថ​ភាព​ពិត​នៅ​ក្នុង​សង្គម ហើយ​ពួក​គេ​ពេញ​ចិត្ត​បទ​ចម្រៀង​នេះ​គ្រប់​ឃ្លា​គ្រប់​ពាក្យ។ អ្នក​ខ្លះ​ទៀត​សរសេរ​ថា របប​ក្រុង​ភ្នំពេញ​ធ្វើ​បាប​យុវជន និង​មិន​បណ្ដុះ​គំនិត​យុវជន​ខ្មែរ​ ឱ្យ​ស្នេហា​ទឹកដី​នោះ​ទេ បើ​ក្រៅ​ពី​ពង្វក់​ឱ្យ​យុវជន​ដឹង​គុណ​វៀតណាម៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក


អតីតខ្មែរក្រហមនៅតែប្រើល្បិចខ្មែរក្រហម..
ព័ទ្ធចាប់មនុស្សទាំងកណ្តាលយប់..
ឬបញ្ឆោតថាអោយ.ទៅយកនេះយកនោះ..

Sep 08, 2020 12:04 PM

អ្នក​អាន​អនាមិក

អតីតខ្មែរក្រហមនៅតែប្រើល្បិចខ្មែរក្រហម..
ព័ទ្ធចាប់មនុស្សទាំងកណ្តាលយប់..
ឬបញ្ឆោតថាអោយ.ទៅយកនេះយកនោះ..

Sep 08, 2020 12:04 PM

គេហទំព័រ​ទាំងមូល