អ្នកការពារសិទ្ធិមនុស្សសោកស្ដាយនៅពេលដែលតុលាការបន្តដាក់ទោសពលរដ្ឋ ដោយសារតែការបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន។ ការលើកឡើងនេះ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានកាត់ទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ (២០ខែ) និងបង្គាប់ឱ្យសងជំងឺចិត្តដើមបណ្ដឹង ចំនួន ២ពាន់លានរៀល ឬស្មើ ៥០ម៉ឺនដុល្លារ ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អ្នកការពារសិទ្ធិមនុស្សទទូចជាថ្មីទៀតដល់ស្ថាប័នពាក់ព័ន្ធពិសេសតុលាការ ឱ្យបញ្ឈប់ការផ្តន្ទាទោសពលរដ្ឋ ដោយសារការបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែនតទៅទៀត ពីព្រោះសិទ្ធិសេរីភាពទាំងនេះមានធានាដោយច្បាប់ពុំមែនជាបទល្មើសឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់អាស៊ីសេរីថា អាជ្ញាធរពាក់ព័ន្ធទាំងអស់គួរតែស្រាវជ្រាវឱ្យបានហ្មត់ចត់ចំពោះព័ត៌មានទាំងឡាយទាក់ទងបញ្ហាព្រំដែន និងបទចោទប្រកាន់លោក សួង សុភ័ណ្ឌ ចៀសវាងចោទប្រកាន់ និងដាក់ទោសលោកឱ្យជាប់ពន្ធនាគារ ដោយស្ដាប់តែរបាយការណ៍ភាគីតែម្ខាង។ ម្យ៉ាងទៀតតុលាការគួរតែថ្លឹងថ្លែងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានធានាក្នុងរដ្ឋធម្មនុញ្ញ និងកតិការសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ លោកយល់ថា ការបន្តកាត់ក្ដីបែបនេះពិបាកនឹងឱ្យតុលាការនេះគេចផុតពីការរិះគន់ថា បំពេញការងារនៅក្រោមឥទ្ធិពលនយោបាយ៖ «សហគមន៍ជាតិ និងអន្តរជាតិ គេបានលើកឡើងរាល់សកម្មជនដែលមានមតិមិនស្របនឹងរដ្ឋាភិបាលគឺតែងតែមានការចាត់វិធានការ ឬក៏ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ អ៊ីចឹងហើយបានយើងយល់ថា ក្នុងករណី ឬសំណុំរឿងនេះវាមិនមែនជាសំណុំរឿងដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើខុសច្បាប់អ្វីនោះទេ គឺពាក់ព័ន្ធទៅនឹងបញ្ហានៃស្ថានភាពនយោបាយ ឬវិវាទនយោបាយហ្នឹងច្រើនជាង»។
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភណ្ឌ កាលពីថ្ងៃទី២០ ខែកុម្ភៈ ត្រូវតុលាការក្រុងភ្នំពេញកាត់ទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ ពិន័យជាប្រាក់ ៤លានរៀន ស្មើនឹង ១.០០០ដុល្លារចូលរដ្ឋ និងសងជំងឺចិត្តចំនួន ២រយលានរៀល ដែលស្មើនឹង ៥០ម៉ឺនដុល្លារ ទៅឱ្យដើមបណ្ដឹងគឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
អាជ្ញាធរបានចាប់ខ្លួនប្រធានគណបក្សខ្មែរឈ្នះរូបនេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ គឺមួយថ្ងៃក្រោយពេល ដែលលោកបានចូលរួមការតវ៉ាទាមទារឱ្យដោះលែងប្រធានសហជីព លោក រ៉ុង ឈុន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួននោះទៀតសោតគឺនៅ ៤ថ្ងៃក្រោយលោកបានចុះទៅតំបន់ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ លោកបានចុះតាមទីតាំងព្រំដែន ដែលបានបោះបង្គោលរួចរាល់ ហើយក៏ជាទីតាំងដែលលោក រ៉ុង ឈុន បានលើកឡើងនៅក្នុងរបាយការណ៍ដែលថា ពលរដ្ឋបានអះអាងពីការបាត់បង់ដីទៅឱ្យវៀតណាម ដោយសារតែការបោះបង្គោលទាំងនោះ។ លោក សួង សុភ័ណ្ឌ ត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រម ឡេ សុខា ដែលបានជំនុំជម្រះរឿងក្ដីនេះ កាលពីថ្ងៃទី១៨ ខែមករា បានលើកឡើងថាក្នុងពេលចូលរួមតវ៉ាឱ្យដោះលែង លោក រ៉ុង ឈុន នោះ លោក សួង សុភ័ណ្ឌ បានថ្លែងសារប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល តុលាការ និងស្ថាប័នដែលពាក់ព័ន្ធការចាប់ខ្លួន លោក រ៉ុង ឈុន។ លើសពីនេះចៅក្រមលើកឡើងថា ការលើកឡើងអំពីការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមរបស់ លោក សួង សុភ័ណ្ឌ គឺជាព័ត៌មានបំផ្លើសក្នុងបំណងញុះញង់ប្រជាជនឱ្យប្រឆាំងមេដឹកនាំរដ្ឋាភិបាល ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា នៅពេលតុលាការប្រកាសសាលក្រមផ្ដន្ទាទោសរូបលោក លោក សួង សុភ័ណ្ឌ បានបដិសេធការសម្រេចនោះ និងថាលោកនឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍។
ទាក់ទិននឹងការចាប់ខ្លួន និងដាក់ទោសអ្នកហ៊ានចេញមុខបញ្ចេញមតិពីបញ្ហាព្រំដែននេះលោក ស៊ឹង សែន ករុណា មានមតិថា អាជ្ញាធរពាក់ព័ន្ធគួរតែផ្ដល់ព័ត៌មានពេញលេញ និងគួរឱ្យទុកចិត្តដល់ពលរដ្ឋ ពីការបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយវៀតណាម ព្រមទាំងត្រូវសម្រួលឱ្យគ្រប់ភាគីអាចទៅដល់តំបន់ព្រំដែនពិនិត្យស្ថានភាព នៅទីនោះ ជាជាងទុកឱ្យពលរដ្ឋតវ៉ាថា បាត់ដី និងធ្វើទុក្ខបុកម្នេញអ្នកដែលឈឺឆ្អាលរឿងនេះ៖ «ធម្មតារដ្ឋាភិបាលក្នុងការដឹកនាំគ្រប់គ្រងរបស់ខ្លួន មានសិទ្ធិក្នុងការចាត់ចែងអ៊ីចឹងមែន ប៉ុន្តែក្នុងចំណុចពីការតាមដានរបស់សាធារណជន មតិជាតិ និងអន្តរជាតិគេប្រាកដជាឆ្ងល់ហើយ គេច្បាស់ជាដាក់សំណួរហើយថា តើមានអ្វីដែលជាចំណុចមន្ទិលសង្ស័យទើបមានការរារាំង ចុះទៅព្រំដែន ? បែបហ្នឹង ? អ៊ីចឹងវាជាចម្ងល់ដែលនាំឱ្យមានការរិះគន់»។
សំណុំរឿងទាក់ទងនឹងបញ្ហាបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ អាជ្ញាធរបានចាប់ខ្លួន ប្រធានសហជីព និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់មកបានចាប់ខ្លួន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជនសិទ្ធិការងារ កញ្ញា សរ កនិកា និងសកម្មជនគណបក្សសង្គ្រោះជាតិលោក តុន និមល ដែលអ្នកទាំង៤ក៏ត្រូវចោទប្រកាន់ពីបទញុះញង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។