មូលហេតុ​សង្គម​ស៊ីវិល​ពលរដ្ឋ​និង​ព្រះសង្ឃ​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៣ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ប្រារព្ធ​ធ្វើ​ឡើង​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ ដោយ​គេ​បាន​នាំ​គ្នា​ធ្វើ​សិទ្ធិ​យាត្រា និង​ធម្មយាត្រា​រយៈពេល ១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ដែល​នឹង​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ធ្នូ ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លើក​ទី​៦៥។

0:00 / 0:00

ចាប់​ពី​ថ្ងៃ​ទី​១ ធ្នូ មក​ដល់​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ព្រះសង្ឃ បាន​ចែក​គ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ផ្លូវ​ជាតិ​ផ្សេងៗ​គ្នា ឆ្ពោះ​មក​កាន់​ទិសដៅ​រួម​គ្នា គឺ​ទីលាន​ប្រជាធិបតេយ្យ ដែល​នឹង​មក​ជួប​ជុំ​គ្នា ដើម្បី​សម្ដែង​មតិ​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៣ នេះ ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លើក​ទី​៦៥។ នៅ​មុន​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​មក​ដល់ ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ ក្រុម​សហគមន៍ និង​ប្រជាពលរដ្ឋ បាន​រួម​គ្នា​ធ្វើ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ប្រជាពលរដ្ឋ បាន​បង្កើត​ក្រុម​មួយ​ឈ្មោះ​ថា មិត្ត​១០​ធ្នូ ហើយ​បាន​បែង​ចែក​គ្នា​ដើរ​ដង្ហែ​ក្បួន ហៅ​ថា ធម្មយាត្រា និង​សិទ្ធិ​យាត្រា នៅ​តាម​ដង​ផ្លូវ​ជាតិ​ចំនួន ៥​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ក្នុង​ឆ្នាំ​នេះ គេ​បាន​រៀប​ចំ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុនៗ ដោយ​គេ​បាន​បង្កើត​ក្រុម​ឈ្មោះ​ថា មិត្ត​១០​ធ្នូ។ ហើយ​ការ​ធ្វើ​ដូច្នេះ ជា​ការ​ទាញ​ការ​ចាប់​អារម្មណ៍​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ ឲ្យ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា បាន​ជា មិត្ត​១០​ធ្នូ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុនៗ​នោះ ដោយសារ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​កក្រើក​ឡើង​កាន់​តែ​ច្រើន ពិសេស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។ លោក អំ សំអាត បាន​លើក​ពី​សមត្ថកិច្ច​រដ្ឋាភិបាល បាន​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​ទាមទារ​ដីធ្លី បង្ក្រាប​កម្មករ​រោងចក្រ និង​បង្ក្រាប​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម៖ «ទាញ​ការ​ចាប់​អារម្មណ៍​ពី​រដ្ឋាភិបាល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​យុត្តិធម៌ មាន​យុត្តិធម៌ គឺ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស មាន​យុត្តិធម៌​មាន​នីតិរដ្ឋ មាន​យុត្តិធម៌​ទើប​មាន​ប្រជាធិបតេយ្យ»

ម្យ៉ាង​វិញ​ទៀត ការ​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នោះ​មាន​គោល​នយោបាយ​ច្បាប់ បទ​បញ្ជា និង​សេចក្ដី​សម្រេច​នានា ដើម្បី​ទប់ស្កាត់ កាត់​បន្ថយ និង​ដោះស្រាយ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ កាតព្វកិច្ច​ក្រោម​សិទ្ធិ​សញ្ញា​អន្តរជាតិ រដ្ឋាភិបាល​ទាំង​ឡាយ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ដោយ​ភាគី​ទី​បី ស្ថិត​នៅ​ក្នុង​រង្វង់​ដែន​ដី និង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១ តម្កល់​កាតព្វកិច្ច​សិទ្ធិ​អន្តរជាតិ ដោយ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស កតិកាសញ្ញា និង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ។

ទោះ​បី​ជា​កម្ពុជា បាន​ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ក្ដី ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ ស្ដីពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​មាន​ជាច្រើន​ករណី​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ដើម្បី​សិទ្ធិ​មនុស្ស​កម្ពុជា (CHRACH) លោក សួន ប៊ុនសក្តិ មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​នានា។ ម្យ៉ាង​វិញ​ទៀត ការ​ប្រារព្ធ​ទិវា​នេះ​ជា​ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​ទទួល​ស្គាល់​សិទ្ធិ​មនុស្ស និង​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «ដើម្បី​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ម៉ត់ចត់ ប្រទេស​កម្ពុជា ត្រូវ​គោរព​បទបញ្ញត្តិ​សិទ្ធិ​មនុស្ស ដូច​មាន​ចែង​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ។ រឿង​សំខាន់​មួយ​ទៀត គឺ​ត្រូវ​ពង្រឹង​នៃ​ការ​គោរព​ច្បាប់»

សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​មាត្រា​៧ ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ដោយ​គ្មាន​ការ​រើសអើង។ មនុស្ស​គ្រប់​រូប​ទទួល​ការ​ការពារ​ស្មើ​គ្នា​ប្រឆាំង​នឹង​ការ​រើសអើង​ណា​ដែល​រំលោភ​លើ​សេចក្ដី​ប្រកាស​នេះ ព្រម​ទាំង​ប្រឆាំង​នឹង​ការ​ញុះញង់ និង​ការ​រើសអើង។

ទាក់ទង​នឹង​បញ្ហា​នេះ ថ្វី​បើ​មាន​ការ​រួម​បញ្ចូល​នៃ​បទបញ្ញត្តិ​សំខាន់ៗ​ទាក់ទិន​នឹង​សិទ្ធិ​មនុស្ស ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ផ្ដល់​សច្ចាប័ន​លើ​កតិកាសញ្ញា​អន្តរជាតិ​នានា ពាក់ព័ន្ធ​នឹង​ការ​លើក​ស្ទួយ និង​ការ​ការពារ​សិទ្ធិ​មនុស្ស ដែល​កម្ពុជា បាន​ប្ដេជ្ញា​ប្រតិបត្តិ​តាម​ច្បាប់​អន្តរជាតិ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ខាង​អង្គការ​សិទ្ធិ​មនុស្ស​នានា បាន​រក​ឃើញ​ថា បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​តែ​កើត​មាន​ជាទូទៅ​នៅ​កម្ពុជា ហើយ​កិច្ច​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ដែល​លោក​បាន​ចូល​រួម​ធ្វើ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​នេះ​ដែរ ពន្យល់​ថា បាន​ពន្យល់​ថា ការ​ដង្ហែ​ក្បួន​នេះ​មាន​ព្រះសង្ឃ​ចូល​រួម​ដែរ​នៅ​តាម​ដង​វិថី​នីមួយៗ។ លោក​បញ្ជាក់​ថា នៅ​តាម​ទីតាំង​នីមួយៗ ក្រៅ​ពី​ផ្សព្វផ្សាយ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​មាន​ព្រះសង្ឃ​សម្ដែង​ធម៌​អប់រំ​តាម​ធម៌​ព្រះពុទ្ធ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នីមួយៗ នៅ​ពេល​ឈប់​សម្រាក​នោះ។ លោក យ៉េង វីរៈ អះអាង​ថា កម្ពុជា មិន​ទាន់​គោរព​សិទ្ធិ​មនុស្ស​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ៖ «មាន​អំណាច​រដ្ឋ​ហ្នឹង​ឯង កាតព្វកិច្ច​របស់​រដ្ឋ របស់​សមត្ថកិច្ច ជា​អ្នក​មាន​កាតព្វកិច្ច​តាម​ច្បាប់​អន្តរជាតិ​នៃ​ការ​អនុវត្ត​ច្បាប់»

ក្រុម​មិត្ត​១០​ធ្នូ បាន​បែង​ចែក​ជា ៥​ក្រុម និង​ចាប់​ផ្ដើម​ពី​ទីតាំង ៥​ផ្សេងៗ​គ្នា។ ក្រុម​ទី​១ គឺ​ចាប់​ផ្ដើម​ធ្វើ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​ពី​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ ក្រុម​ទី​២ ធ្វើ​ដំណើរ​ពី​ខេត្ត​កំពត។ ក្រុម​ទី​៣ ធ្វើ​ដំណើរ​ពី​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ក្រុម​ទី​៤ ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ពោធិ៍សាត់ និង​ក្រុម​ទី​៥ ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កំពង់ធំ។ ទាំង ៥​ក្រុម​នេះ ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ធ្នូ ព្រម​គ្នា ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ជាច្រើន​រយ​អង្គ​ដែរ។ ការ​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ចេញ​ពី​ខេត្ត​ទាំង​នេះ ដោយសារ​ខេត្ត​ទាំង​នោះ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន​ជាង​គេ។

ប្រធាន​សមាគម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌ ព្រះតេជព្រះគុណ​ភិក្ខុ ប៊ុត ប៊ុនទិញ មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​មាន​តួនាទី​សំខាន់​ក្នុង​សង្គម​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​សន្តិភាព​ក្នុង​សង្គម។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើ​អំពើ​ហិង្សា​លើ​ព្រះសង្ឃ​កន្លង​មក ដូច​ជា​នៅ​វត្ត​ស្ទឹងមានជ័យ ជាដើម​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​អ្នក​ដឹក​នាំ​សាសនា​ព្រះពុទ្ធ។ ព្រះតេជព្រះគុណ​បញ្ជាក់​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​ព្រះសង្ឃ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ដល់​ពុទ្ធសាសនិក និង​ធ្វើ​ឲ្យ​ព្រះសង្ឃ​ងើប​ឈរ​ឡើង ដើម្បី​ទាមទារ​យុត្តិធម៌ និង​សន្តិភាព៖ «កន្លែង​ណា​ដែល​មាន​ការ​រំលោភ​បំពាន ការ​រំលោភ​សិទ្ធិ​មនុស្ស ដីធ្លី គឺ​កន្លែង​នោះ គឺ​មាន​អ្នក​ចូល​រួម​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា​ច្រើន។ ចំណុច​នេះ រដ្ឋាភិបាល​ខ្លួន​ឯង​ត្រូវ​តែ​ដឹង​ខ្លួន បើ​មិន​អ៊ីចឹង​ទេ គឺ​បរាជ័យ​របស់​អ្នក​នយោបាយ​ហើយ»

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា ការ​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា​នេះ អង្គការ​ដែល​ចូល​រួម​បង្កើត​ជា​មិត្ត​១០​ធ្នូ​នេះ បាន​ចេញ​លុយ​រៀងៗ​ខ្លួន។ លោក​បញ្ជាក់​ថា ការ​ដង្ហែ​ក្បួន​នេះ​មាន​បញ្ហា​រំខាន​ពី​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ។

«សំឡេង»

ការ​ធ្វើ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​នេះ គោល​បំណង​សំខាន់ គឺ​ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មាន​យុត្តិធម៌​សង្គម។ នៅ​ក្នុង​ក្បួន​នីមួយៗ បាន​សរសេរ​ថា មាន​យុត្តិធម៌​មាន​សន្តិភាព ព្រោះ​ថា មាន​យុត្តិធម៌ គឺ​អាច​បញ្ចប់​និទ្ទណ្ឌភាព​សង្គម និង​បញ្ឈប់​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូច​ជា​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ជាដើម។ បញ្ហា​កើត​មាន​ធ្ងន់ធ្ងរ​សព្វថ្ងៃ គឺ​បញ្ហា​រំលោភ​ដីធ្លី​ដែល​កើត​មក​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ប្រើ​អំពើ​ហិង្សា​របស់​ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ បង្ក្រាប​បាតុកម្ម និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ដូច​ជា​ករណី លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ករណី​បាញ់​ស្ត្រី​លក់​បាយ​នៅ​ស្ទឹងមានជ័យ និង​ករណី​បាញ់​សម្លាប់ លោក ម៉ៅ សុខចន្ទ នៅ​ស្ពាន​ក្បាល​ថ្នល់ មក​ទល់​ពេល​នេះ ជន​ដៃ​ដល់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

ទន្ទឹម​នឹង​ការ​ធ្វើ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​នេះ ក្រុម​មិត្ត​១០​ធ្នូ ក៏​បាន​ប្រមូល​យក​ពាក្យ​បណ្ដឹង ឬ​បញ្ហា​នានា​នៅ​តាម​តំបន់​នីមួយៗ​ដែល​គេ​ដង្ហែ​ក្បួន​ឆ្លង​កាត់​នោះ ដើម្បី​យក​មក​ដាក់​ទៅ​រដ្ឋាភិបាល​ជា​រួម ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំង​ឡាយ​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។