សាច់ញាតិនិងក្រុមមេដឹកនាំសហជីពឯករាជ្យ ជំរុញជាថ្មីទៅរដ្ឋាភិបាលឲ្យបើកការស៊ើបអង្កេតរកឃាតកពិតនិងអ្នកពាក់ព័ន្ធក្នុងអំពើបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីមួយរូប គឺលោក ជា វិជ្ជា មកផ្ដន្ទាទោសតាមច្បាប់។ ការទាមទាររបស់ពួកគាត់នេះ ធ្វើឡើងក្នុងឱកាសប្រារព្ធខួប១៩ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។
ករណីឃាតកម្មដ៏កក្រើកលើមេដឹកនាំសហជីព លោក ជា វិជ្ជា បានកន្លងផុតទៅ១៩ឆ្នាំហើយ ប៉ុន្តែសមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនទាន់វែកមុខរកឃាតកពិត និងអ្នកនៅពីក្រោយមកដាក់ទោសបាននៅឡើយ។ ហេតុដូច្នេះហើយទើបសាច់ញាតិ ប្រជាពលរដ្ឋ កម្មករ មន្ត្រីសហជីព និងមន្ត្រីសង្គមស៊ីវិលជិតរយ(១០០)នាក់ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅកន្លែងរូបសំណាករបស់លោកនៅមុខវត្តលង្ការក្បែរវិមានឯករាជ្យ ក្នុងខួប១៩ឆ្នាំនៃអំពើឃាតកម្ម នៅព្រឹកថ្ងៃទី២២ ខែមករា នៅតែមិនទាន់ស្ងប់ចិត្តនិងបន្តស្រែកទាមទារយុត្តិធម៌ជូនជនរងគ្រោះ។
ទស្សនាវីដេអូឯកសារ ស្តីពី តើនរណាសម្លាប់លោក ជា វិជ្ជា៖

ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា គឺលោក ជា មុនី ថ្លែងសារចំពោះមុខអ្នកចូលរួមថា លោក ជា វិជ្ជា មានវីរភាពទាមទារផលប្រយោជន៍និងការដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ និងពលរដ្ឋផ្សេងទៀត។ លោក យល់ថា មូលហេតុដែលឃាតក និងអ្នកនៅពីក្រោយខ្នងឃាតកម្មលើបងប្រុសរបស់លោក អាចរស់នៅក្រៅសំណាញ់ច្បាប់រយៈពេល១៩ឆ្នាំមកនេះ ដោយសារពួកគេ កំពុងធ្វើធំនៅស្រុកខ្មែរ ប៉ុន្តែលោក នៅតែសង្ឃឹមថា យុត្តិធម៌នឹងមាននៅពេលខាងមុខ។
លោក ជា មុនី៖«ខ្ញុំនៅតែទទូចឲ្យរដ្ឋាភិបាល ស្វែងរកនិងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងឃាតកម្មទៅលើលោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និង លោក ហ៊ី វុទ្ធី ដែលជាមេដឹកនាំសហជីពហើយក៏សូមឲ្យដោះលែងអ្នកនយោបាយ អង្គការសង្គមស៊ីវិលមួយចំនួន ដែលគ្នាធ្វើការផ្នែកសិទ្ធិ និងច្បាប់ការពារប្រយោជន៍ឲ្យកម្មករកម្មការិនី ដូចជាកម្មករកម្មការិនីណាហ្គាវើលដ៍ជាដើម ។ការចាប់ ការចង ការធ្វើទារុណកម្មបែបនេះ វាមិនបានប្រយោជន៍ដល់ប្រទេសកម្ពុជាទេ»។

ជាមួយគ្នានេះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតឡើងដោយ លោក ជា វិជ្ជា នោះ ក៏បានចេញសេចក្តីថ្លែងការណ៍ពីរទំព័រក្រោមចំណងជើងថា ''១៩ឆ្នាំ រង់ចាំពន្លឺយុត្តិធម៌''។
សហព័ន្ធសហជីពមួយនេះ លើកឡើងថា បើទោះបីជាសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤ បានចេញលិខិតបង្គាប់ទៅអគ្គស្នងការនគរបាលជាតិ តាមសេចក្តីសម្រេចពីតុលាការកំពូល ឲ្យបើកការស៊ើបរកជនដៃដល់និងប្រមូលភស្តុតាងដើម្បីឲ្យតុលាការ បន្តតាមនីតិវិធី ព្រមទាំងរដ្ឋាភិបាល កាលពីឆ្នាំ២០១៧ បានបង្កើតគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដើម្បីរកយុត្តិធម៌ជូនលោក ជា វិជ្ជាក្តី ក៏ថ្នាក់ដឹកនាំនិងសមាជិកសហជីព ព្រមទាំងក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក ជា វិជ្ជា បានត្រឹមតែទន្ទឹងរងចាំពន្លឺយុត្តិធម៌អស់រយៈពេល១៩ឆ្នាំហើយ។ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បន្តថា ការណ៍ដែលឃាតករ និងអ្នកនៅពីក្រោយខ្នងឃាតកម្មលោក ជា វិជ្ជា មិនទាន់ត្រូវបានវែកមុខមកផ្ដន្ទាទោសតាមច្បាប់បែបនេះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកស្រលាញ់សេរីភាព និងយុត្តិធម៌ សង្ស័យនិងចោទថា អាជ្ញាធរ អសមត្ថភាព ឬគ្មានឆន្ទៈពិតប្រាកដដោះស្រាយសំណុំរឿងនេះ និងឆ្លុះបញ្ចាំងឲ្យឃើញពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទន់ខ្សោយខ្លាំងបំផុត។ សហព័ន្ធសហជីពដដែលសំណូមពរយ៉ាងទទូចឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេតពិតប្រាកដ ដើម្បីចាប់ឃាតកនិងអ្នកនៅពីក្រោយខ្នង មកដាក់ទោសតាមច្បាប់ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ និងឈានទៅលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព ព្រមទាំងដើម្បីពង្រឹងយុត្តិធម៌សង្គម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺលោក វន់ ពៅ រម្លឹកថា លោក ជា វិជ្ជា គឺជាមេសហជីពដំបូងគេ ដែលបានតស៊ូទាមទារលើកកម្ពស់សិទ្ធិនិងអត្ថប្រយោជន៍ជូនកម្មករនៅតាមរោងចក្រឲ្យគេចផុតពីការជិះជាន់និងការកេងប្រវ័ញ្ចរបស់ថៅកែ ហើយជាអ្នកបណ្តុះបណ្តាលធ្វើឲ្យមានចលនាសហជីពឯករាជ្យ ដើម្បីការពារកម្មករ។
លោក វន់ ពៅ៖«យកឱកាសនេះ សូមឲ្យរដ្ឋាភិបាល ឆ្នាំ២០២៣ហើយ ត្រូវរកឃាតកពិតដើម្បីឲ្យយើងស្ងប់ចិត្តទាំងអស់គ្នា»។

ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២២ ខែមករា។ ប៉ុន្តែកន្លងមក លោក ផៃ ស៊ីផាន លើកឡើងថាសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា មិនទាន់បិទបញ្ចប់ទេ ប៉ុន្តែតុលាការ និងរដ្ឋាភិបាល គ្មានតម្រុយឬភស្តុតាងអ្វីថ្មីទេ។លោក ជំរុញឲ្យគ្រួសារ ឬអ្នកដែលចង់បានយុត្តិធម៌ ត្រូវស្វែងរកភស្តុតាងថ្មីៗដាក់ជូនអាជ្ញាធរដោយខ្លួនឯង។

ទោះជាយ៉ាងណា ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាមិត្តភក្តិរបស់លោក ជា វិជ្ជា មានប្រសាសន៍ថា សមត្ថកិច្ចក្រុងភ្នំពេញ មិនមែនអសមត្ថភាព ប៉ុន្តែដោយសារករណីឃាតកម្មនេះ ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៅកម្ពុជា។ លោក រំលឹកឡើងវិញថា មុនឃាតកបាញ់សម្លាប់នោះ លោក ជា វិជ្ជា បានទទួលសារគំរាមផ្តាច់ជីវិតក្នុងទូរស័ព្ទដៃរបស់លោកនៅក្នុងខែកក្កដា ឆ្នាំ២០០៣ បន្ទាប់ពីលោកប្រកាសឱ្យសមាជិកសហជីពសេរីកម្មករទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។ ពេលនោះ លោក បានជូនលោក ជា វិជ្ជា ទៅប្ដឹងប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញនិងបានបង្ហាញលេខទូរស័ព្ទអ្នកគំរាមទៅប៉ូលិស ប៉ុន្តែប៉ូលិស បានឆ្លើយថា មិនហ៊ានចាត់ការទេ ព្រោះអ្នកគំរាមនោះជាមន្ត្រីមានឋានៈធំ ហើយមន្ត្រីប៉ូលិសរូបនោះ បានណែនាំឱ្យលោក ជា វិជ្ជា ត្រូវរកកន្លែងមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី លោក ជា វិជ្ជា មិនព្រមចាកចេញពីប្រទេសកម្ពុជាទេ ព្រោះលោកចង់តស៊ូដើម្បីផលប្រយោជន៍កម្មករ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក រ៉ុង ឈុន៖«តែរឿងនេះដោយសារពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ ដូច្នេះអាចផ្អឹបសំណុំរឿងនេះចោល។ខ្ញុំជាប្រធានសហជីព និងជាមិត្តភក្ដិ សូមជំរុញដូចជាក្រសួងមហាផ្ទៃត្រូវតែពន្លឿនរកយុត្តិធម៌ និងចាប់ឃាតកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់»។
បន្ថែមពីនេះ លោក រ៉ុង ឈុន ក៏ឆ្លៀតឱកាសផ្ញើសារឲ្យរដ្ឋាភិបាលដោះស្រាយវិវាទការងាររវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍ ព្រមទាំងដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃ ដោយបញ្ឈប់ការគំរាមកំហែង ការចាប់ដាក់គុក និងការរឹបអូសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ដើម្បីធានាឲ្យមានការបោះឆ្នោតជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅខែកក្កដាខាងមុខ។ បើពុំនោះទេ លោក បារម្ភថា កម្ពុជា នឹងរងសម្ពាធកាន់តែច្រើនពីសហគមន៍អន្តរជាតិ ជាពិសេសបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម អ៊ី.ប៊ី.អេ (EBA) ពីសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធទូទៅផ្នែកពាណិជ្ជកម្ម ជី.អេស.ភី (GSP)ពីសហរដ្ឋអាមេរិក។

រីឯប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន វិញ អ្នកស្រី ស្នើឲ្យកម្មករ សហជីព និងអ្នកតស៊ូមតិផ្សេង បន្តស្មារតីរបស់លោក ជា វិជ្ជាតទៅទៀត បើទោះជានៅពេលខាងមុខ ត្រូវប្រឈមមុខនឹងការរារាំង ការបិទខ្ទប់ ឬស្ថានភាពអាក្រក់បែបណាក៏ដោយ។
អ្នកស្រី អ៊ូ ទេពផល្លីន៖«ស្នើឲ្យអ្នកកំពុងរស់នៅទាំងឡាយ ដែលមានសិទ្ធិ សម្រេចចិត្ត អំណាចសម្រេចចិត្តនៅពេញដៃធ្វើសេចក្តីល្អទាន់ខ្លួននៅមានជីវិត ហើយញញឹមមុនពេលលាចាកលោកនេះទៅ តើខ្លួនឯងនឹងទុកអីសម្រាប់ពិភព លោកនេះ។ យើងឃើញថា លោក ជា វិជ្ជា ទោះបីលោក មិនមែនលោកជាអ្នក មានអំណាច មិនមែនលោកមានលុយរាប់សែនដុល្លារ ក្នុងកុងធនាគារ មិនមែន លោកមានឡាន មានកាបូបថ្លៃៗទេ ប៉ុន្តែសេចក្តីល្អរបស់គាត់ធ្វើឲ្យ១៩ឆ្នាំ មកនេះ មនុស្សជាច្រើននៅចងចាំដែរ បើសិនជាលោក ធ្វើពលីដើម្បីមនុស្សផ្សេងទៀត គេនឹងចងចាំទង្វើល្អរបស់ពួកគាត់»។

ទន្ទឹមគ្នានេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មើលឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋាភិបាល មានស្តង់ដា២ឬមានភាពចម្លែក ដោយថា ករណីឃាតកម្មលើមេដឹកនាំសហជីព និងសកម្មជនសង្គមផ្សេងទៀត គឺអាជ្ញាធរកម្ររកឃាតកពិតឃើញណាស់ ប៉ុន្តែរឿងឃាតកម្មមិនពាក់ព័ន្ធនឹងនយោបាយវិញ គឺអាជ្ញាធរឆាប់រកឃាតកឃើញ។ លោក អាត់ ធន់ ឲ្យដឹងថាមកទល់ពេលនេះ ខាងអង្គការ ILO នៅតែចាត់ទុកករណីឃាតកម្ម និងការគំរាមកំហែងលើមេដឹកនាំសហជីពកន្លងមកនេះ គឺជារឿងអាទិភាព និងកំពុងបន្តតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
លោក អាត់ ធន់៖«ខ្ញុំជឿថា អាជ្ញាធរ មានសមត្ថភាពគ្រប់គ្រាន់ មានបច្ចេកទេសទេសគ្រប់គ្រាន់ និងមានលទ្ធភាពគ្រប់គ្រាន់ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រាន់តាមទូរស័ព្ទអី ដូច្នេះហើយបានជាយើងអត់ចង់និយាយដដែល ស្នើនេះស្នើនោះទេ គឺយើងឲ្យរដ្ឋាភិបាល ពិចារណាឡើងវិញ។ បើចង់រកយុត្តិធម៌ជូន អ្នកទាំងអស់នេះគឺត្រូវពិនិត្យឡើងវិញ ហើយរកយុត្តិធម៌ពិតដើម្បីដាក់ទោសឬទណ្ឌកម្មទៅតាមទោសកំហុសរបស់ខ្លួនហើយឲ្យប្រជាពលរដ្ឋដែលស្រលាញ់ យុត្តិធម៌ ស្ងប់ចិត្ត។ ពេលនោះហើយគេមានជំនឿទៅលើអាជ្ញាធរ ហើយគោរពថែមទៀត»។

លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
គិតមកដល់ពេលនេះ មិនមែនមានតែសំណុំរឿងលោក ជា វិជ្ជា មួយទេ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានបរាជ័យក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនជនគ្រោះនោះ។សំណុំរឿងឃាតកម្មលើមនុស្សល្បីៗជាច្រើនទៀតដូចជាប្រធានសហជីព អ្នកកាសែត តារាចម្រៀង អ្នកនយោបាយ និងចុងក្រោយគឺអ្នកវិភាគសង្គមដ៏ល្បីឈ្មោះគឺបណ្ឌិត កែម ឡី ក៏មិនត្រូវបានរដ្ឋាភិបាលវែកមុខរកឃាតកពិតនិងអ្នកពាក់ព័ន្ធឃើញនោះឡើយ។ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន អាចមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងករណីធ្វើឲ្យមានវប្បធម៌និទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជារហូតមកទល់សព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។