ឃាតករបានវាយសម្លាប់សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ យប់ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ សាច់ញាតិជនរងគ្រោះ ចាត់ទុកអំពើឃាតកម្មនេះថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ និងស្នើប៉ូលិសស្រាវជ្រាវចាប់ឃាតករមកផ្ដន្ទាទោសឱ្យបានឆាប់។ ប៉ុន្តែសមត្ថកិច្ចបកស្រាយថា ករណីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងគំនុំផ្ទាល់ខ្លួន។
ជនរងគ្រោះដែលស្លាប់នោះ គឺជាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញលោក ស៊ិន ខុន អាយុ ៣១ ឆ្នាំ។ សកម្មជននយោបាយរូបនេះ ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន បណ្ដាលឱ្យដាច់ជើងមួយចំហៀងត្រឹមភ្លៅនៅមាត់ទន្លេក្បែរវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា។ នៅលើត្រង់ក្បាល និងខ្នងសាកសពមានស្នាមកាំបិតកាប់ដាច់ជាច្រើនកន្លែង។

ក្មួយស្រីជនរងគ្រោះកញ្ញា វ៉ាន់ ស្រីពេជ្រប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ថា អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ ជារឿងគំនុំនយោបាយ ព្រោះគាត់ តែងបង្ហោះសាររឿងនយោបាយលើបណ្ដាញសង្គមហ្វេសប៊ុក និងចូលរួមឈឺឆ្អាលបញ្ហាសង្គម និងនយោបាយដោយផ្ទាល់ផងដែរ។ កញ្ញាបន្តថា ជនរងគ្រោះជាមនុស្សស្លូតត្រង់មិនចេះផឹកស្រា និងមិនដែលមានជម្លោះជាមួយអ្នកណានោះទេ។ កញ្ញាស្នើឱ្យប៉ូលិសស្រាវជ្រាវរកចាប់ឃាតករមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់៖ «ខ្ញុំជាក្មួយគាត់ខ្ញុំដឹង សូម្បីគាត់យកចិត្តទុកដាក់ជាមួយខ្ញុំដែរ ទុកជាក្មួយក៏ដោយ ហើយអ្នកក្នុងភូមិអីក៏ស្រលាញ់ចូលចិត្តរាប់អានគាត់ដែរ។ គាត់អត់ដែលមានរឿងជាមួយអ្នកណាទេ ហើយការគោរពឪពុកម្ដាយវិញ គឺគាត់ជាមនុស្សល្អនៅក្នុងគ្រួសារហ្មង »។
ពលរដ្ឋម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះនិងសំឡេងថ្លែងថា នៅយប់កើតហេតុជនរងគ្រោះ បានចេញទៅផឹកស៊ីជាមួយមិត្តភ័ក្ដិ ៤ នាក់នៅសួនសាធារណៈ នៅមាត់ទន្លេក្បែរវត្តចាស់។ ក្រោយមកលោក ស៊ិន ខុន និងមិត្តភ័ក្ដិបានត្រឡប់មកវត្តចាស់វិញ ប៉ុន្តែមួយសន្ទុះក្រោយមកទៀតលោក ក៏បានចេញទៅមាត់ទន្លេម្នាក់ឯងម្ដងទៀត ក៏ត្រូវជនដៃដល់កាប់សម្លាប់តែម្ដង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតនៅភូមិចេក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក ស៊ិន ខុន ជាសកម្មជនបក្សប្រឆាំងដំបូងគេ ដែលត្រូវបានជនមិនស្គាល់មុខលបវាយសម្លាប់ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។ កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ លោក ស៊ិន ខុន ក៏ធ្លាប់ត្រូវបានជនដៃដល់មានគ្នា ៤ នាក់ កាន់ដំបងទីប និងដែករលាស់ វាយលោកត្រូវក្បាល បែកចិញ្ចើមខាងស្តាំ និងបាក់ឆ្អឹងដៃឆ្វេង ហូរឈាមស្រោចពេញខ្លួន ដេរ ១២ ថ្នេរម្ដងរួចមកហើយ ។ កាលនោះជនរងគ្រោះអះអាងថា ការប្រើអំពើហិង្សាលើរូបលោក និងលើសកម្មជនបក្សប្រឆាំងផ្សេងៗទៀត គឺជាការគំរាមកំហែងផ្នែកនយោបាយ ព្រោះលោក គ្មានទំនាស់ឬគំនុំផ្ទាល់ខ្លួនជាមួយអ្នកណាម្នាក់ឡើយ។ កាលនៅមានជីវិត លោក តែងតែបង្ហោះសារទាមទារយុត្តិធម៌ និងរិះគន់លើស្ថាប័នអនុវត្តច្បាប់ដែលព្រងើយកន្តើយក្នុងការតាមចាប់ខ្លួនជនដៃដល់។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយទេ រហូតដល់កើតមានអំពើកាប់សម្លាប់លោកម្តងទៀត។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់វិទ្យុអាស៊ីសេរីថា ការស្លាប់នេះអាចបណ្ដាលមកពីជម្លោះផ្ទាល់ខ្លួន។ លោកបន្តថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើរឿងនេះបន្ថែមទៀត។ ចំណែកករណីដែលថា ជនសង្ស័យបានប្រើហិង្សាលើលោក ស៊ិន ខុន បណ្ដាលឱ្យបែកចិញ្ចឹមនោះលោកថា សមត្ថកិច្ចក៏កំពុងស្រាវជ្រាវលើរឿងនេះដែរ៖ «អីចឹងបើថាខ្ញុំប៉ាន់ស្មានជាបឋម វាអាចក្លាយមកពីករណីគុំគួន ឬករណីជម្លោះណាមួយ ដោយសារការផឹកស៊ីស្រវឹង ឬក៏បញ្ហាណាមួយ។ ប៉ុន្តែយើងអត់ទាន់វាយតម្លៃថាយ៉ាងម៉េចទេ ឥឡូវសមត្ថកិច្ចជំនាញកំពុងតែធ្វើការបន្តដើម្បីស្រាវជ្រាវ។ ព្រោះឱ្យតែករណីអីកើតឡើង គាត់ចោទចេះចោទចុះ អាហ្នឹងវាជាសេរីភាពរបស់គាត់ ប៉ុន្តែជាក់ស្ដែងយើងមិនអាចវាយតម្លៃថា យ៉ាងម៉េច ព្រោះថា តាមលទ្ធភាពនៃការស្រាវជ្រាវយើងអត់ទាន់បានបញ្ជាក់នៅឡើយ »។
ទោះជាយ៉ាងណា ក្រុមគ្រួសារសាច់ញាតិនិងមិត្តភក្តិរបស់លោកអះអាងថា លោក ស៊ិន ខុន ជាមនុស្សស្លូតបូតឈឺឆ្អាលរឿងសង្គមជាតិដូច្នេះលោកគ្មានទំនាស់ឬគំនុំផ្ទាល់ខ្លួនជាមួយអ្នកណាឡើយ។ កន្លងមក ទោះបីជាសកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់រងអំពើហិង្សាក្តី លោកតែងតែចូលរួមគាំទ្រសកម្មជនប្រឆាំង និងសកម្មជនសង្គមដែលជាប់ពន្ធនាគារជាហូរហែ។ ថ្មីៗនេះ លោកបានទៅចូលរួមជាមួយមេដឹកនាំសហជីពលោក រ៉ុង ឈុន និងសកម្មជនសង្គមមួយចំនួនទៀតចុះឃ្លាំមើលសវនានៅមុខសាលាដំបូងក្រុងភ្នំពេញ។ ក្រៅពីនេះ លោកក៏តែងបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅលើបណ្ដាញសង្គមអំពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ព្រមទាំងសកម្មក្នុងការ ចែកចាយព័ត៌មានទាក់ទងរឿងសង្គម និងនយោបាយផងដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក ស៊ឹង សែនករុណា យល់ថា ការស្លាប់នេះអាចជាប់ពាក់ព័ន្ធរឿងនយោបាយ ពីព្រោះលោកសង្កេតឃើញថា ជនរងគ្រោះតែងបង្ហោះសារតាមបណ្ដាញសង្គមគាំទ្រ ថ្នាក់ដឹកនាំគណបក្សប្រឆាំង និងរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលជាបន្តបន្ទាប់។ លោកជំរុញឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ឃាតករមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យជនដៃដល់ចេះតែដើរវាយសម្លាប់គេតាមអំពើចិត្តបន្តទៀត៖ «អីចឹងហើយគាត់ធ្លាប់រងការប្រព្រឹត្តនូវអំពើហិង្សាមកលើរូបគាត់ផងទៀត រហូតដល់មានការសម្លាប់គាត់នៅរាត្រីរំលងអធ្រាត្រហ្នឹងទៀត។ អីចឹងខ្ញុំយល់ថា ករណីដែលកើតលើសកម្មជននយោបាយបើសិនជាសមត្ថកិច្ចចង់ជៀសផុតពីការចោទប្រកាន់ថា វាមិនមែនជាករណីនយោបាយ លុះត្រាតែសមត្ថកិច្ចស្វែងរកជនប្រព្រឹត្តហ្នឹងមក ចាត់វិធានការតាមផ្លូវច្បាប់ ហើយបញ្ជាក់អំពីមូលហេតុនៃការសម្លាប់ហ្នឹង។ អាហ្នឹងបានទើបជៀសផុតអំពីការចោទប្រកាន់ពីសំណាក់សាធារណជនដែលគេបានតាមដានសំណុំរឿងរបស់គាត់ » ។

នៅមុនពេលអំពើឃាតកម្មនេះលោក ស៊ិន ខុន បានសរសេរបង្ហោះប្រវត្តិរូបខ្លីរបស់លោកនៅលើហ្វេសប៊ុកថាលោកគឺជាកូនកសិករក្រីក្រនៅក្នុងខេត្តតាកែវ។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ លោកបានបន្តការសិក្សានៅភ្នំពេញរហូតដល់បច្ចុប្បន្នដោយស្នាក់នៅក្នុងវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារ។ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រឆ្នាំ២០១៤ និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ន លោកកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
អំពើឃាតកម្មដ៏ឃោរឃៅលើសកម្មជននយោបាយរូបនេះត្រូវបានប្រជាពលរដ្ឋសកម្មជននយោបាយសកម្មជនសង្គមសកម្មជនសិទ្ធិមនុស្សបង្ហោះសារព្រោងព្រាតសម្ដែងការសោកស្តាយជាខ្លាំងនិងថ្កោលទោសចំពោះជនដៃដល់និងអ្នកនៅពីក្រោយនៃអំពើឃាតកម្ម។ ពួកគាត់ ចាត់ទុកថា ករណីនេះ គឺជាឃាតកម្មនយោបាយដើម្បីគំរាមដល់សកម្មជនផ្សេងទៀតក្នុងពេលដែលស្ថានភាពនយោបាយរវាងបក្សកាន់អំណាចនិងបក្សប្រឆាំងកំពុងតានតឹងនេះ។ ទោះជាយ៉ាងណា ពួកគាត់នៅតែជំរុញឲ្យមានការស៊ើបអង្កេតឲ្យម៉ឺងម៉ាត់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះនិងបញ្ចប់វប្បធម៌និទណ្ឌភាព។
ចាប់ពីពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិមក មានសកម្មជនគណបក្សប្រឆាំង សាច់ញាតិរបស់ពួកគេ និងសង្គមស៊ីវិលប្រមាណជាង ៤០ នាក់ហើយ ត្រូវបានជនមិនស្គាល់មុខលបវាយធ្វើបាប លបគប់ឲ្យរបួសក្បាល និងធាក់ផ្ដួលម៉ូតូបង្កឲ្យមានគ្រោះថ្នាក់នៅពេលបើកបរ។ ជនរងគ្រោះទាំងនោះ មានខ្លះបានធ្លាក់ខ្លួនពិការអស់មួយជីវិត ខ្លះទៀតកំពុងជាប់ពន្ធនាគារពីបទញុះញង់ និងខ្លះទៀតឈឺគ្រាំដល់ស្លាប់។ ប៉ុន្តែសមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។