ឪពុករបស់យុវជនដែលបាត់បង់ជីវិតបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងប្ដឹងអធិការរងស្រុកមង្គលបូរី បន្ទាប់ពីសង្ស័យថា មន្ត្រីសមត្ថកិច្ចរូបនេះ ធ្វើទារុណកម្មកូនប្រុសរបស់លោករហូតដល់ស្លាប់ក្នុងពេលសួរចម្លើយ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីរកយុត្តិធម៌ និងបញ្ឈប់ការធ្វើទារុណកម្មឃោរឃៅនៅពេលសួរចម្លើយជនសង្ស័យ។
ឪពុករបស់យុវជន លាង ឡាង ដែលបាត់បង់ជីវិតបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងសួរចម្លើយ អះអាងថា ការបកស្រាយរបស់អាជ្ញាធរដែលថា កូនរបស់លោកជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជារឿងមិនអាចទទួលយកបាន ហើយលោកនឹងទាមទាររកយុត្តិធម៌ឱ្យកូនប្រុសតាមផ្លូវច្បាប់ឱ្យខាងតែបាន។
ឪពុករបស់ជនរងគ្រោះ លោក លាន លាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ សីហា ថា លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការហើយ កាលពីថ្ងៃទី១៦ សីហា។ លោកបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តដាក់ពាក្យបណ្ដឹងនេះ គឺដោយសារលោកមិនអាចទទួលយកបាន ចំពោះការបកស្រាយរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលថាកូនប្រុសរបស់លោក ឈ្មោះ លាង ឡាង ស្លាប់ដោយសារគាំងបេះដូង។ លោកអះអាងថា បន្ទាប់ពីធ្វើកោសល្យវិច័យសាកសពកូនរបស់លោករួចមក ក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យមិនបានប្រាប់លោកអំពីការសន្និដ្ឋានឱ្យចំនោះទេ ដោយគ្រូពេទ្យគ្រាន់តែប្រាប់លោកឱ្យគិតពិចារណាដោយខ្លួនឯងប៉ុណ្ណោះ។ លោក លាន លាង បញ្ជាក់ថា មកដល់ពេលនេះ នគរបាលខេត្តបន្ទាយមានជ័យ មិនបានបង្ហាញភស្តុតាងរឹងមាំណាមួយ ដែលបញ្ជាក់ថា កូនលោកមានជាប់ពាក់ព័ន្ធ នឹងគ្រឿងញៀន ឬមានជំងឺគាំងបេះដូងឡើយ។
លោក លាន លាង៖ «ខ្ញុំសួរគាត់(គ្រូពេទ្យ)ថា លោកគ្រូ កូនខ្ញុំមានអាការៈជាំក្បាល ជាំដើមទ្រូងពេញខ្លួនហ្នឹង អាការៈហ្នឹងគាំងបេះដូងមែនទេលោកគ្រូ?ប៉ុន្តែគាត់ថាឱ្យយើងគិតខ្លួនឯង គាត់មិនហ៊ាននិយាយផ្សព្វផ្សាយអ្វីទេ»។
នៅក្នុងពាក្យបណ្ដឹង លោក លាន លាង បញ្ជាក់ក្នុងពាក្យបណ្ដឹងថា កូនប្រុសរបស់លោកគ្មានជំងឺអ្វីឡើយ ហើយពេលពិនិត្យសាកសពឃើញថា កូនលោកមានស្នាមឈាមហូរចេញតាមមាត់ មានស្នាមជាំលើរាងកាយច្រើនកន្លែងទាំងលើផ្ទៃមុខ ដៃ និងលើដងខ្លួន។ លោកសង្ស័យថា ការស្លាប់របស់កូនប្រុសលោកបណ្ដាលមកពីការធ្វើទារុណកម្មពីសំណាក់លោកអធិការរងនគរបាលស្រុកមង្គលបុរី ឈ្មោះ អ៊ុក ប៊ុនថន និងគូកន ក្នុងពេលសួរចម្លើយ។ លោកទៅតុលាការផ្ដន្ទាទោសជនប្រព្រឹត្តតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការនគរបាលស្រុកមង្គលបូរី លោក ស៊ីន ណារ៉ាក់ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១៧ សីហា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
ប៉ុន្តែតាមលិខិតបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ សីហា អះអាងថា យុវជន លាន ឡាង ស្លាប់ដោយសារលេបថ្នាំញៀនចូលក្នុងពោះដើម្បីបំផ្លាញភស្តុតាង តែបណ្ដាលឱ្យប្រតិកម្មរហូតដល់ប្រកាច់គាំងបេះដូងស្លាប់ ខណៈលទ្ធផលតេស្ដរកសារធាតុញៀនបង្ហាញថា វិជ្ជមាន។ ស្នងការខេត្តបានបញ្ជាក់ដែរថា ក្រុមគ្រួសារយុវជនរូបនោះបានទទួលស្គាល់តាមលទ្ធផលនៃការពិនិត្យរបស់គ្រូពេទ្យផងដែរ។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់សម្គាល់ឃើញថា ការស្លាប់របស់ជនសង្ស័យភាគច្រើនកើតឡើងនៅក្នុងដំណាក់កាលនៃការសួរចម្លើយ និងប្រមូលភស្តុតាង ដែលប្រព្រឹត្តដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងរូបភាពវាយដំដើម្បីឱ្យពួកគេផ្ដល់ចម្លើយ ឬសារភាព។ លោកថា ការប្រើអំពើហិង្សាវាយដំ ធ្វើទារុណកម្មបែបនេះជាការរំលោភបំពានទៅលើច្បាប់ និងអនុសញ្ញាទាក់ទងនឹងការប្រឆាំងនឹងអំពើឃោរឃៅអមនុស្សធម៌។ លោកបន្តថា ករណីនេះត្រូវមានការស៊ើបអង្កេត ពីស្ថាប័នប្រឆាំងអំពើពុករលួយ ឬស្ថាប័នប្រឆាំងទារុណកម្មថ្នាក់ជាតិ ដើម្បីបញ្ឈប់ភាពឃោរឃៅបែបនេះកុំឱ្យកើតមានតទៅទៀត។
លោក ស៊ឹង សែនករុណា៖ «ហើយប្រសិនបើស៊ើបអង្កេតស្រាវជ្រាវឃើញថា មានករណីហ្នឹងកើតមានឡើង ហើយឃើញពីបុគ្គល ឬក៏សមត្ថកិច្ចរូបណាដែលប្រព្រឹត្តទាំងអស់នេះ គប្បីមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសជនហ្នឹងទៅតាមផ្លូវច្បាប់ ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពពាក់ព័ន្ធនឹងករណីទារុណកម្មហ្នឹងឯង។ អ៊ីចឹងបើមិនធ្វើដូច្នេះទេ អំពើបែបហ្នឹងមិនរាងចាលទេ គឺចេះតែបន្តកើតមានឡើងនៅក្នុងសង្គមខ្មែរយើងហ្នឹង»។
ការធ្វើទារុណកម្មលើបុគ្គលដែលជាជនសង្ស័យ កើតមានឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំ នៅស្រុកសង្កែ ខេត្តបាត់ដំបង បានស្លាប់ បន្ទាប់ពីប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ម៉ោង។ ប៉ុន្តែទោះបីគ្រួសារជនរងគ្រោះដាក់ពាក្យប្ដឹងយ៉ាងណាក្ដី មន្ត្រីជាប់ពាក់ព័ន្ធក្នុងការធ្វើទារុណកម្មមិនត្រូវបានផ្ដន្ទាទោសឡើយ គឺបានត្រឹមដកចេញពីតួនាទី និងផ្ទេរពីកន្លែងចាស់ដាក់ទៅកាន់តួនាទីថ្មីប៉ុណ្ណោះ។ ចំណែកកាលពីថ្ងៃទី២០ កក្កដា កន្លងទៅ ប៉ូលិសស្រុកថ្មគោល បានវាយធ្វើទារុណកម្មលើយុវជនម្នាក់បណ្ដាលរបួសធ្ងន់ធ្ងរ ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចក៏មិនទាន់ចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសនៅឡើយទេ។
ជុំវិញករណីសួរចម្លើយជនសង្ស័យរហូតដល់ស្លាប់បែបនេះ ក្រុមគ្រួសារជនរងគ្រោះ ស្នើឱ្យតុលាការ ស្រាវជ្រាវករណីនេះឡើងវិញ ពីព្រោះពួកគាត់យល់ថា ការវិនិច្ឆយលើការធ្វើកោសល្យវិច័យសាកសព និងការបកស្រាយរបស់អាជ្ញាធរ ខុសពីសភាពរបស់សាកសពដែលក្រុមគ្រួសារជនរងគ្រោះសង្ស័យថា គឺជាការធ្វើទារុណកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។