សាច់ញាតិយុវជនម្នាក់ដែលស្លាប់ក្នុងពេលជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបងបានចោទប្រកាន់មន្ត្រីពន្ធនាគារខេត្តនេះថា បានវាយធ្វើទារុណកម្មលើជនរងគ្រោះបណ្ដាលឱ្យស្លាប់។ លោកស្រីបានស្វែងរកកិច្ចអន្តរាគមន៍ទៅសង្គមស៊ីវិលផ្នែកច្បាប់ ដើម្បីដាក់ពាក្យប្ដឹងទៅតុលាការ។ មន្ត្រីសង្គមស៊ីវិលយល់ថា ការស្លាប់នេះមានមន្ទិលសង្ស័យជាច្រើនដែលអាជ្ញាធរពាក់ព័ន្ធគួរតែស៊ើបអង្កេតឱ្យបានស៊ីជម្រៅ។
ជនរងគ្រោះឈ្មោះពិន គិមសេងអាយុ ២១ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានស្លាប់ក្នុងពេលមន្ត្រីពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៣ឧសភា។
មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងមិនបានរៀបរាប់លំអិតជុំវិញមរណៈភាពនេះទេ។ ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លោក កាក់ សីលា បានបញ្ជាក់នៅក្នុងសំបុត្រមរណៈភាពចុះថ្ងៃទី៣ ខែឧសភាថា ជនរងគ្រោះបានស្លាប់បណ្ដាលមកពីហើមសួត។
សាច់ញាតិជនរងគ្រោះបានប្រតិកម្មនឹងការលើករបស់គ្រូពេទ្យនេះ។ ម្ដាយជនរងគ្រោះលោកស្រី មេត សុខសាន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៦ ឧសភាថា នៅមុនពេលជាប់ឃុំ កូនរបស់គាត់មានសុខភាពមាំមួនអាចធ្វើការងារជាធម្មតា ហើយមិនធ្លាប់កើតជំងឺសួតពីមុនមកឡើយ។លោកស្រី ចាត់ទុកការស្លាប់នេះថា ជាការវាយធ្វើទារុណកម្មធ្ងន់ធ្ងរលើជនរងគ្រោះក្នុងពេលជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង។ ស្ត្រីវ័យ ៤១ឆ្នាំរូបនេះ បញ្ជាក់ទៀតថា សាកសពជនរងគ្រោះមានស្នាមជាំលើក្បាលហើមប៉ោង និងទន់កខុសប្រក្រតីប្រៀបដូចគេវាយបាក់ឆ្អឹងក៖ «ខ្ញុំសំណូមពរឱ្យលោកហ៊ុន សែន រកយុត្តិធម៌ឱ្យកូនខ្ញុំផងព្រោះថា កូនខ្ញុំមានទោសអីបានធ្វើទារុណកម្មគ្នារហូតដល់ស្លាប់។ ប៉ោងក្បាលហើយហូរឈាមតាមត្រចៀកទៀត ដាច់កគ្នាហ្នឹងឡើងទន់រឡាក់។ទោះមិនបានអីមកវិញក៏ឱ្យដឹងខុសត្រូវថា កូនខ្ញុំមានទោសអី បានធ្វើទារុកម្មគ្នាដល់ស្លាប់។ ខ្ញុំថា ជារឿងមួយអយុត្តិធម៌បំផុត » ។
លោកស្រី មេត សុខសាន បន្តថា លោកស្រីបានស្វែងរកអន្តរាគមន៍ទៅសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យរួចហើយ ដើម្បីឱ្យជួយដាក់ពាក្យប្ដឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធរកយុត្តិធម៌ឱ្យកូនរបស់គាត់។
លោក ពិន គិមសេង ត្រូវបានប៉ូលិសខេត្តបាត់ដំបងចាប់ខ្លួន ហើយបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តនេះកាលពីដើមខែកុម្ភៈឆ្នាំកន្លងទៅ ពាក់ព័ន្ធនឹងបទល្មើសលួចនៅស្រុកកំរៀងខេត្តបាត់ដំបង។ អំឡុងពេលជាប់ឃុំរយៈពេល៣ខែនោះជនរងគ្រោះបានទូរស័ព្ទទៅក្រុមគ្រួសាររបស់គាត់ចំនួន ២លើកប៉ុណ្ណោះ។
នៅក្នុងវីដូឃ្លិប ដែលអាស៊ីសេរីទទួលបានបង្ហាញថា សាកសពជនរងគ្រោះមានឈាមហូរចេញតាមត្រចៀកប្រឡាក់ពេញក្បាល និងមានស្នាមជាំត្រង់ក។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា ប្រាប់អាស៊ីសេរីថា មន្ត្រីពន្ធនាគារមិនបានវាយធ្វើទារុណកម្មលើជនជាប់ឃុំដូចការចោទប្រកាន់របស់សាច់ញាតិនោះឡើយ។លោកបញ្ជាក់ថា ការស្លាប់នេះត្រូវបានគ្រូពេទ្យត្រួតពិនិត្យរកឃើញថា ជនរងគ្រោះស្លាប់បណ្ដាលមកពីជំងឺហើមសួតធ្ងន់ធ្ងរ៖ «អីចឹងខាងខ្ញុំមិនទទួលស្គាល់ថា វាជាអំពើធ្វើទារុណកម្មទេ គឺអានេះជាអាការៈដែលសបង្ហាញអំពីជំងឺសួត ហើយបុគ្គលគាត់ហ្នឹងមានប្រវត្តិប្រើគ្រឿងញៀន។ អីចឹងសួតគាត់ហ្នឹងប៉ះពាល់ដោយសារការប្រើប្រាស់គ្រឿងញៀនពីមុនមក ហើយខ្ញុំសួរទៅខាងជំនាញខាងគ្រឿងញៀនទៀតក៏គេពន្យល់ថា ប្រហែលជាគាត់ប្រើប្រាស់ប្រភេទគ្រឿងញៀនមួយប្រភេទទៀតនោះ ដែលវាជះឥទ្ធិពលដល់សុខភាពខ្លាំងនៅពេលដែលយើងផ្ដាច់វា » ។
ផ្ទុយពីការលើករបស់មន្ត្រីជាន់ខ្ពស់ពន្ធនាគារនេះ គ្រូពេទ្យប្រចាំគ្លីនិកនៅទីក្រុង លីន (Lynn) រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក (USA) លោកវេជ្ជបណ្ឌិត ឆាន់ ទូច មានប្រសាសន៍ថា ជំងឺសួតមិនបណ្ដាលឱ្យសាកសពទន់ក ហើមក្បាល និងហូរឈាមតាមត្រចៀកនោះទេ៖ «យើងចេះតែនិយាយផ្ដេសផ្ដាស ស្លាប់ដោយសារជំងឺមិនមែនអីចឹងទេបាទ។ បើតាមការគិតរបស់ខ្ញុំប្រហែលជាទណ្ឌកម្មទេមើលទៅ វាយធ្វើបាបដល់បាក់កជាំអីចឹង។ បើថាឱ្យស្លាប់ដោយសារជំងឺសួតលក្ខណៈហ្នឹងគឺគ្មានទេ ហើយបើតាមការរៀបរាប់ហ្នឹងខ្ញុំជឿថាប្រហែលនឹងទណ្ឌកម្ម » ។
ចំណែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី វិញ លោកមានប្រសាសន៍ថា ការស្លាប់នេះមានអន្ទិលសង្ស័យជាច្រើន ដែលជាអាជ្ញាធរពាក់ព័ន្ធគួរតែស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ដោយសារជនរងគ្រោះមានស្នាមជាំហើម និងហូរឈាមតាមត្រចៀក។ លោកនិយាយថា លោកនឹងប្រឹងធ្វើការងារនេះឱ្យអស់ពីលទ្ធភាព ដើម្បីជួយរកយុត្តិធម៌ដល់ជនរងគ្រោះ៖ «កូនគាត់អត់មានជំងឺសួតទេ អ្នកមានជំងឺប្រចាំកាយទេចុះហេតុអី បានជាចាប់មករយៈពេល ៣ខែ មានជំងឺបែបនេះ។ អីចឹងបានជាលិខិតរបស់ពេទ្យស្លាប់ដោយសារជំងឺសួតធ្វើឱ្យគេមិនអស់មន្ទិលសង្ស័យហ្នឹង។ អីចឹងឱ្យខាងពន្ធនាគារក្ដី ខាងមន្ទីរពេទ្យក្ដី ធ្វើរបាយការណ៍បានលំអិតជាងហ្នឹងស្លាប់ដោយសារជំងឺសួតហ្នឹងស្លាប់របៀបម៉េចពន្យល់ឱ្យគេបានយល់ » ។
នេះមិនមែនជាលើកទីមួយទេដែលជនជាប់ឃុំបានស្លាប់ក្នុងពេលឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបងនោះ។
កាលខែមេសា ឆ្នាំ២០២០ បុរសម្នាក់ឈ្មោះ អន ទិត្យ អាយុ ៣៨ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក៏បានស្លាប់ក្នុងពេលជាប់ឃុំដែរ។ ការស្លាប់នេះត្រូវបានសាច់ញាតិជនរងគ្រោះសង្ស័យថា ដោយសារការធ្វើទារុណកម្មរបស់មន្ត្រីពន្ធនាគារក្នុងពេលជាប់ឃុំ ហើយសាច់ញាតិបានប្ដឹងរឿងនេះទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។