លោកស្រី រ៉ូណា ស្មីត ថា អ្នកស្រីគួរតែត្រូវបានអនុញ្ញាតឱ្យជួបលោក កឹម សុខា
2019.04.30
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាអ្នកស្រី រ៉ូណា ស្មីត (RhonaSmith) សម្ដែងការសោកស្ដាយដែលតុលាការរបបក្រុងភ្នំពេញមិនអនុញ្ញាតឱ្យជួបលោក កឹម សុខា តាមការស្នើសុំម្ដងហើយម្ដងទៀត។អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា តុលាការ មានសិទ្ធិមិនឱ្យជួបព្រោះករណីលោក កឹម សុខាកំពុងស្ថិតក្នុងដំណើរការស៊ើបសួរ។មេធាវីលោក កឹម សុខា និងអ្នកវិភាគយល់ថា អ្នកស្រី រ៉ូណា ស្មីត គឺជាបុគ្គលឯករាជ្យដូច្នេះគួរតែអនុញ្ញាតឱ្យជួបលោក កឹម សុខា ហើយវាមិនមិនប៉ះពាល់ដល់ដំណើរការស៊ើបសួរនោះទេ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាអ្នកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី នៅថ្ងៃទី៣០មេសាថា អ្នកស្រីមិនបានលើកឡើងពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងបញ្ហាលោក កឹម សុខា នៅក្នុងជំនួបនោះទេ។ទោះយ៉ាងណាក្តី អ្នកស្រីសម្ដែងការខកចិត្តបន្ទាប់ពីតុលាការបានបដិសេធជាលើកទី៣មិនឱ្យជួបប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ។ អ្នកស្រី បន្ថែមថា អ្នកស្រីគួរតែត្រូវបាន អនុញ្ញាតឱ្យជួបគ្រប់ភាគីទាំងអស់រួមទាំងលោក កឹម សុខាផងដែរ ព្រោះអ្នកស្រីគឺជាមន្ត្រីជំនាញឯករាជ្យដែលតែងតាំងដោយអង្គការ សហប្រជាជាតិ៖ «ថ្ងៃនេះខ្ញុំបានស្នើសុំទៅចៅក្រមស៊ើបអង្កេតម្ដងទៀតដើម្បីជួប លោក កឹម សុខាហើយការស្នើសុំនោះត្រូវបានគេបដិសេធម្ដងទៀត។ ខ្ញុំយល់ថា វាជារឿងអកុសលណាស់ព្រោះក្នុងនាមជាអ្នកជំនាញឯករាជ្យ ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សខ្ញុំគួរតែមានសិទ្ធិចូលគ្រប់កន្លែងឃុំឃាំងនិងជួបគ្រប់អ្នកជាប់ឃុំឃាំងទាំងអស់ហើយលោក កឹម សុខាកំពុងស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ បើទោះជាលោកមិនជាប់ឃុំនៅក្នុងពន្ធនាគារដោយផ្ទាល់ក៏ដោយ ក៏សេរីភាពរបស់លោកត្រូវបានដាក់កំហិត។ដូច្នេះជារួម ខ្ញុំគិតថា ខ្ញុំត្រូវមានសិទ្ធិជួបនិងពិភាក្សាជាមួយលោក កឹម សុខា ជាសម្ងាត់។ ចំណុចនេះ គឺដូចគ្នានឹងអ្វីដែលខ្ញុំធ្លាប់បានលើកឡើងនៅក្នុងបេសកកម្មមុនៗ ២លើក ដែលសំណើសុំទាំងនោះត្រូវបានបដិសេធ»។
ក្នុងជំនួបជាមួយលោក កែវ រ៉េមី នោះ លោកស្រី រ៉ូណា ស្មីត ក៏ជំរុញរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាសិទ្ធិមនុស្សឱ្យបានល្អប្រសើរដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារព្រមទាំងបើក ទូលាយសេរីភាពដល់អង្គការសង្គមស៊ីវិល ក៏ដូចជាការតាមដានបន្តលើការពិភាក្សាកន្លងមកអំពីគោលដៅអភិវឌ្ឍប្រកបដោយចិរភាពជាដើម។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ឆ្លើយតបថា ស្ថានភាពសិទ្ធិមនុស្សទូទៅ និងអនុសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត ដែលបានដាក់ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សអនុវត្តកន្លងមក គឺមានវឌ្ឍនភាពល្អប្រសើរច្រើន។ ដោយឡែកចំពោះករណីលោក កឹម សុខា វិញ លោកលើកឡើងថា ចៅក្រមស៊ើបសួរ ក៏មានសិទ្ធិសម្រេចមិនឱ្យជួប លោក កឹម សុខា ដែរ ព្រោះ សំណុំរឿងនេះកំពុងស្ថិតនៅក្នុងនីតិស៊ើបអង្កេតនៅឡើយ៖ «ចៅក្រមស៊ើបសួរបានសម្រេចរួចហើយថាមិនអនុញ្ញាតទេ ហើយផ្អែកទៅលើនីតិវិធីច្បាប់គឺចៅក្រមស៊ើបសួរគាត់មានឆន្ទានុសិទ្ធិឱ្យជួប ឬមិនជួប ដោយសារករណី លោក កឹម សុខា គឺស្ថិតនៅក្នុងដំណើរការនៃការស៊ើបសួរ»។
ប៉ុន្តែមេធាវីការពារក្តី ១រូបក្នុងចំណោម ៤រូបរបស់លោក កឹម សុខាគឺលោកស្រី ម៉េង សុភារីលើកឡើងថា ទោះបីជាតុលាការអនុញ្ញាតឱ្យអ្នកស្រី រ៉ូណា ស្មីត ជួបជាមួយ លោក កឹម សុខា ក៏មិនប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតដែរព្រោះអ្នកស្រី រ៉ូណា ស្មីត គឺជាបុគ្គលឯករាជ្យ ដែលមិនពាក់ព័ន្ធក្នុងសំណុំរឿងលោក កឹម សុខា ឡើយ៖ «អ៊ីចឹងបើទោះបីជាគាត់ជួបក៏មិនប៉ះពាល់នីតិវិធីអ្វីដែរ។ ម្យ៉ាងទៀតទោះបីជាជនជាប់ចោទ ឬក៏ជនជាប់ចោទនៅក្នុងពន្ធនាគារក៏ដោយ ក៏គាត់មានសិទ្ធិជួបអង្គការសង្គមស៊ីវិលនានាដែរកុំថា ឡើយរហូតដល់ការរស់នៅក្នុងផ្ទះបែបនេះនោះ។ អ៊ីចឹងក្នុងនាមគាត់ជាអ្នកសិទ្ធិមនុស្ស គឺគាត់គួរតែត្រូវបានចូល ដើម្បីតាមដានត្រួតពិនិត្យមើល ឬមួយក៏មានការសន្ទនាគ្នាជាមួយឯកឧត្ដម កឹម សុខា។ នេះគឺជារឿងមួយដែលអត់មានអីដែលថា គួរតែត្រូវហាមឃាត់នោះទេ»។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះរបស់លោកកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬលួចសហការជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានិងបានដាក់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំជិតព្រំដែនវៀតណាមបានមួយឆ្នាំ។ ចៅក្រមស៊ើបសួរទើបតែសម្រេចឱ្យលោករស់នៅក្រៅឃុំជាបណ្ដោះអាសន្នក្រោមហេតុផលថា គិតគូរពីសុខភាពរបស់លោក។ ប៉ុន្តែចៅក្រមស៊ើបសួរបានដាក់បម្រាមយ៉ាងតឹងរ៉ឹងដោយមិនអនុញ្ញាតឱ្យលោកទៅណាឆ្ងាយពីផ្ទះឡើយ ហើយមិនឱ្យជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង រួមទាំងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ។
សមាជិកអ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា មូលហេតុដែលតុលាការរបបក្រុងភ្នំពេញមិន អនុញ្ញាតឱ្យអ្នកស្រី រ៉ូណា ស្មីត ជាមួយជាមួយលោក កឹម សុខា ព្រោះចង់បំបិទមាត់លោក កឹម សុខា មិនរៀបរាប់ប្រាប់អ្នកស្រី រ៉ូណា ស្មីត អំពីការរំលោភសិទ្ធិ និងការធ្វើទុក្ខបុកម្នេញផ្សេងៗ លើរូបលោក។ លោក យល់ថា ការមិនអនុញ្ញាតនេះ គឺកាន់តែមានរូបភាពអាក្រក់ ហើយមិនចំណេញដល់កម្ពុជាឡើយ៖ «ការចាប់ខ្លួនលោក កឹម សុខា គឺជាការខុសច្បាប់។ ដូច្នេះលោក កឹម សុខា អាចនិយាយប្រាប់ពីការរឹតត្បិតសិទ្ធិសេរីភាពទាក់ទិននឹងការចាប់ឃុំខ្លួន ហើយការឃុំខ្លួនក្នុងផ្ទះនេះ គឺមានលក្ខណៈមិនឱ្យគាត់បញ្ចេញមតិមិនឱ្យគាត់ធ្វើអីចឹង ក៏ជាបញ្ហាដែរ ព្រោះធ្វើឱ្យលោកស្រី រ៉ូណា ស្មីត ដឹងហើយគាត់អាចធ្វើរបាយការណ៍ធ្វើអីផ្សេងៗ ទាក់ទងនឹងការឃុំខ្លួនលោក កឹម សុខា»។
អ្នកស្រី រ៉ូណា ស្មីត កំពុងធ្វើដំណើរទស្សនកិច្ចលើកទី៧ នៅកម្ពុជា ដើម្បីតាមដាន និងឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានរយៈពេល ១១ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា។
ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះរបបលោក ហ៊ុន សែន រងការរិះគន់និងថ្កោលទោសជុំទិសថា បានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយសារតែការចាប់ប្រធានគណបក្សប្រឆាំងដាក់ឃុំឃាំងបណ្ដេញអង្គការសង្គមស៊ីវិលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរម្លាយគណបក្សប្រឆាំង និងរៀបចំការបោះឆ្នោតដោយផាត់ចោលគណបក្សប្រឆាំងជាដើម។
ក្រុមអង្គការសិទ្ធិមនុស្សសហគមន៍អន្តរជាតិនិងប្រទេសប្រជាធិបតេយ្យធំៗ បានទាមទារឱ្យទម្លាក់បទចោទ និងផ្ដល់សេរីភាពឱ្យបានពេញលេញជូនលោក កឹម សុខា ដោយចាត់ទុកថា សំណុំរឿងនេះជាសំណុំរឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។