តើ​តុលាការ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​មនុស្សធម៌​ដែរ​ទេ ក្នុង​ការ​ឃុំខ្លួន​សកម្មជន​លោកស្រី ផាវ ញ៉ឺង?

0:00 / 0:00

សកម្មជន​ការពារ​ដីធ្លី លោកស្រី ផាវ ញ៉ឺង កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ក្រោយ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​ព្យាយាម​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។

លោកស្រី ផាវ ញ៉ឺង ជាប់​ក្នុង​មន្ទីរឃុំឃាំង​ជាមួយ​កូនស្រី​តូច​អាយុ​ជាង​មួយ​ខួប​ម្នាក់ ស្រប​ពេល​សុខភាព​លោកស្រី​ក៏​មិនល្អ ព្រោះ​ទើប​ចេញ​មន្ទីរពេទ្យ​ក្រោយ​វះកាត់​ព្យាបាល​ជំងឺ។

តើ​ការ​ឃុំខ្លួន​លោកស្រី ផាវ ញ៉ឺង នេះ​បង្ហាញ​អ្វីខ្លះ​ពី​ទង្វើ​ខុសឆ្គង​របស់​តុលាការ​នៅ​ខេត្ត​កោះកុង?

ការ​ឃុំខ្លួន លោកស្រី ផាវ ញ៉ឺង ទាំង​លោកស្រី​មាន​ជំងឺ​មិនទាន់​សះស្បើយ​ក្រោយពី​វះកាត់ និង​មាន​កូនតូច​នៅ​ជាមួយ ទាំង​ដែល​លោកស្រី​មិនបាន​ប្រព្រឹត្ត​កំហុស ឆ្លុះបញ្ចាំង​ថា​តុលាការ​ខេត្តកោះកុង​ពុំបាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ និង​ឈរ​លើ​គោលការណ៍​មនុស្សធម៌​ទេ។

ករណី​ដែល​ថា តុលាការ​មិនបាន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​គឺ​នៅត្រង់ថា លោកស្រី ផាវ ញ៉ឺង និង​សកម្មជន​ជិត​១០​នាក់​ទៀត មិន​បាន​ប្រព្រឹត្ត​កំហុស ដែល​នាំ​ឱ្យ​មាន​ករណី​ញុះញង់ ដូច​ការ​ចោទប្រកាន់​ទេ។

កូនប្រុស​របស់ លោកស្រី ផាវ ញ៉ើង រៀបរាប់​ថា ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​បាន​តស៊ូ​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​តែ​ការពារ​ដីធ្លី និង​ជួយ​ពលរដ្ឋ​ផ្សេងទៀត​ក្នុង​សហគមន៍ ហើយ​ថ្ងៃ​ដែល​ម្ដាយ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក៏​មិនមែន​ជា​ថ្ងៃ​ប្រព្រឹត្ត​បទល្មើស​អ្វី​ទាំងអស់។

«ម៉ាក់​ខ្ញុំ​គ្រាន់តែ​ទៅ​ដាក់​ញត្តិ​ទេ ព្រោះ​យើង​មាន​បញ្ហា​ដីធ្លី​ពិតប្រាកដ​មែន ហើយ​យើង​ត្រូវ​ការ​រក​ជំនួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​យើង ក៏ដូចជា​រឿង​ស្នើសុំ​អី​ផ្សេងៗ​ទៅកាន់​ថ្នាក់ដឹកនាំ​ដោយសារតែ​យើង​មាន​ជំនឿ​ជឿជាក់​ទៅលើ​ថ្នាក់ដឹកនាំ​បាន​យើង​ទៅ​សុំ​។ តែ​ផ្ទុយ​មកវិញ​បែរជា​ចាប់ខ្លួន​ម៉ាក់​ខ្ញុំ និង​គ្រួសារ​ពូ​មីង​សហគមន៍​របស់ខ្ញុំ​។ អ៊ីចឹង​សូម​ឱ្យ​សម្ដេច​មេត្តា​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​សុទ្ធតែ​ជា​គ្រួសារ​ក្រីក្រ លំបាក​វេទនា​ខ្លាំង​ណាស់ ហើយ​បើសិនជា​បាត់បង់​ដីធ្លី​ហើយ​ត្រូវ​មាន​អ្នក​ចាប់ខ្លួន​ទៀត​អ៊ីចឹង​ក្រុម​គ្រួសារ​ខ្ញុំ​រំពឹង​អី?អ៊ីចឹង​ខ្ញុំ​វេទនា​មែនទែន​នៅក្នុង​សហគមន៍​ខ្ញុំ»។

ក្នុង​វ័យ ៤៨​ឆ្នាំ លោកស្រី ផាវ ញ៉ឺង ស្ថិត​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់ ដែល​ឈានមុខ​ប្រើប្រាស់​សិទ្ធិ​ការពារ​ដីធ្លី​ប្រឆាំង​ការរំលោភ​យក​ពី​អ្នក​មាន​អំណាច មាន​ទ្រព្យ​សម្បត្តិ ឬ​ហៅថា​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​។ ជីវិត​របស់​លោក​ស្រី​មិន​ងាយស្រួល​ទេ ព្រោះ​ជា​ស្ត្រី​មេម៉ាយ​មានកូន​៥​នាក់​ក្នុង​បន្ទុក​។ បញ្ហា​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មកនេះ លោកស្រី​ជួប​បញ្ហា​រាប់មិនអស់​ទាំង​ការ​បែក​បាក់​គ្រួសារ កូនចៅ​ពុំ​បាន​ទៅ​សាលារៀន ជីវភាព​គ្រួសារ​ធ្លាក់ចុះ និង​ការ​ធ្វើទុក្ខបុកម្នេញ​ជាច្រើន​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន ដែល​ប៉ុនប៉ង​ចង់​បាន​ដី​ពលរដ្ឋ។

គ្រួសារ​លោកស្រី ផាវ ញ៉ឺង មិន​ខុសពី​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ទៀត​ដែរ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​២ ដែល​ចូល​ទៅ​អភិវឌ្ឍន៍ និង​ដាំ​អំពៅ នៅក្នុង​ខេត្តកោះកុង គឺ​ក្រុមហ៊ុន​ចិន យូញៀន ឌី​វេ​ល​ឡុ​ប​មិន (Union Development Group) និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ ម្ចាស់​ក្រុមហ៊ុន ហេងហ៊ុយ អា​ហ្គ្រី​ខ​ល​ឈ័​រ (Heng Huy Agriculture Group)។

លោកស្រី ផាវ ញ៉ឺង ត្រូវ​អាជ្ញាធរ​ក្នុង​ខេត្តកោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា នៅពេល​ក្រុម​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្តកោះកុង​នាំគ្នា​ធ្វើដំណើរ​ទៅ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត ឫទ្ធិ ឱ្យ​ទម្លាក់​ចោទ​បទចោទប្រកាន់​តំណាង​សហគមន៍​ចំនួន​៣០​នាក់ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ ដោយសារ​បញ្ហា​ដីធ្លី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុក​ការ​សម្រេច​ឃុំខ្លួន លោកស្រី ផាវ ញ៉ឺង និង​សកម្មជន ៨​នាក់​ទៀត​ពី​បទ​ញុះញង់​ថា ជា​ការ​ចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន ព្រោះ​ពួកគេ​គ្រាន់​តែ​លើកឡើង​ពី​ទុក្ខ​កង្វល់ និង​សម្ដែង​មតិ​ដោយ​ហិង្សា ដើម្បី​ការពារ​ដីធ្លី និង​សហគមន៍។

មន្ត្រី​ផ្នែក​ឃ្លាំមើល​សិទ្ធិ​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត លើកឡើង​ករណី​នេះ​នៅតែ​ឆ្លុះបញ្ចាំង​ថា តុលាការ​មិនអាច​គេច​ផុត​ពី​ការ​រិះគន់​ថា ជា​ឧបករណ៍​របស់​អ្នកមាន​លុយ​មានអំណាច​ដើម្បី​បំបិទ​សំឡេង​ពលរដ្ឋ​មិន​ឱ្យ​ចេញ​តតាំង​នឹង​ការរំលោភ​យក​ដីធ្លី​ពួកគេ ដែល​មិនមែន​ជា​ការអនុវត្ត​ច្បាប់​ពិតប្រាកដ។

លោក វណ្ណ សូផាត៖ «ប្រជាពលរដ្ឋ​ខ្មែរ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ដីធ្លី​ហ្នឹង​ភាគច្រើន​រងគ្រោះ ដែល​ភាគី​ម្ខាង​ទៀត​ជា ក្រុមហ៊ុន ជា​អ្នក​មាន​អំណាច មាន​ឥទ្ធិពល ជិត​ស្និទ​នឹង​ថ្នាក់ដឹកនាំ​រដ្ឋ​អ៊ីចឹង​ទៅ​គឺ​វា​ពិបាក​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​រក​យុត្តិធម៌​ណាស់​។ ហ្នឹង​វា​ប៉ះពាល់​ដល់​ការ​បំបិទ​សេរីភាព​ក្នុង​ការ​ជួបជុំ ក្នុង​ការ​បញ្ចេញមតិ ហើយ​រដ្ឋធម្មនុញ្ញ​របស់​យើង​គឺ​ចែង​ច្បាស់​ថា​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ បញ្ហា​របស់​ពលរដ្ឋ​ត្រូវតែ​យក​បាន​យកចិត្តទុកដាក់ ដោយ​អាជ្ញាធរ​រដ្ឋ ផ្ទុយទៅវិញ​បច្ចុប្បន្ន​នេះ​គាត់​មិន​ដឹង​ថា ស្រែក​រក​នរណា​ទេ»។

ក្នុង​រឿង​ជម្លោះដីធ្លី​ជាច្រើន​ឆ្នាំ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ដែល​បច្ចុប្បន្ន​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ លោកស្រី ផាវ ញ៉ឺង ក៏​ធ្លាប់​ត្រូវ​អ្នកមាន​លុយ​មានអំណាច​រូប​នេះ​ប្ដឹង​ទៅ​តុលាការ​ដែរ។

ករណី​ចាប់​ឃុំខ្លួន​លោកស្រី ផាវ ញ៉ឺង នេះ​ក្រៅ​តែ​ពី​បង្ហាញ​ថា តុលាការ​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ ក៏​បង្ហាញ​ថា តុលាការ​គ្មាន​មនុស្សធម៌​ដែរ​។ នោះ​ក៏​ដោយសារតែ​លោកស្រី​កំពុង​មាន​ជំងឺ​ជាប់​ខ្លួន និង​ទើប​ចេញពី​មន្ទីរពេទ្យ​មិន​ទាន់​បាន​មួយ​អាទិត្យ​ស្រួលបួល​ផង ហើយ​ថែមទាំង​មានកូន​តូច​នៅ​ជាប់​ពន្ធនាគារ​ជាមួយ​លោកស្រី​ផង​។ លើស​ពី​នេះ​នៅ​ឯ​ផ្ទះ​ក្នុង​ឃុំ​ជីខ កូនៗ​របស់​លោក​ស្រី ដែល​មិនទាន់​ដឹងក្ដី​ពឹងផ្អែក​តែ​ទៅលើ​ម្ដាយ​កំពុង​ខ្វះ​អ្នក​មើលថែ។

កូនស្រី​អាយុ​៨​ឆ្នាំ​របស់​លោកស្រី ផាវ ញ៉ឺង ទទូច​ឱ្យ​អាជ្ញា​ដោះលែង​ម្ដាយ​ឱ្យ​មាន​សេរីភាព ឱ្យមក​ជួបជុំ មើលថែ​កូនៗ​នៅផ្ទះ។

«ខ្ញុំ​បាត់បង់​ភាព​កក់ក្ដៅ ហើយ​និង​អត់​បាន​រៀន ខ្ញុំ​នឹក​ម៉ាក់​ខ្ញុំ ខ្ញុំ​ចង់​បាន​ដូច​គ្រួសារ​គេ​ជួបជុំគ្នា​។ ខ្ញុំ​ចង់​ជួប​ម៉ាក់​ខ្ញុំ សូម​ឱ្យ​តុលាការខេត្ត​កោះកុង​ជួយ​ដោះលែង​ម៉ាក់​ខ្ញុំ​ពី​ពន្ធនាគារ ខ្ញុំ​ចង់​ជួបជុំ​គ្រួសារ​វិញ»។

បន្ថែម​ពីលើ​ការ​ដង្ហោយហៅ​រក​ម្ដាយ​របស់​កូនៗ​នៅផ្ទះ​នេះ កូនតូច​របស់​លោកស្រី ផាវ ញ៉ឺង ដែល​កំពុង​នៅ​ជាមួយ​ម្ដាយ​វិញ​ក៏​កំពុង​បាត់បង់​សិទ្ធិ​សេរីភាព​ទាំង​មិន​ទាន់​ដឹង​សេចក្ដី​នៅ​ឡើយ ហើយ​អាច​នឹង​ជួប​បញ្ហា​ក្នុង​ការ​លូតលាស់​បញ្ញា​ស្មារតី ដោយសារ​ក្នុង​ពន្ធនាគារ​ពុំ​មាន​ការ​ថែទាំ​សុខភាព អាហារ​ត្រឹមត្រូវ និង​គ្រប់គ្រាន់​សម្រាប់​កុមារ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ដែល​ធ្លាប់​ជាប់​ពន្ធនាគារ និង​បាន​ឃើញ​បទ​ពិសោធន៍​កុមារ​តូច​ជាប់​ពន្ធនាគារ​ជាមួយ​ម្ដាយ​ចោទសួរ​ថា តើ​តុលាការខេត្ត​កោះកុង​គ្មាន​ក្ដី​មេត្តា​ករុណា​ខ្លះ​ទេ ទើប​អាច​ដាក់​ឃុំ​ស្ត្រី​ជា​ម្តាយ និង​កូនតូច​ទាំង​គ្មាន​កំហុស បែប​នេះ។

កញ្ញា ភួន កែវរស្មី៖ «អ្វី ដែល​យើង​អត់​អាច​ទទួល​យក​បាន គឺ​គាត់​មាន​ជំងឺ​ជាប់​ខ្លួន ដែល​ត្រូវការ​ការថែទាំ ការ​តាមដាន​សុខភាព ហើយ​មួយទៀត​ហ្នឹង​គឺ​វា​អសីលធម៌​មែនទែន​ហ្នឹង គឺ​គាត់​ជា​ស្ត្រី​ដែល​មាន​កូន​។ ចិត្តជា​ម្ដាយ​បើ​ទោះ​បី​ជា​ចង់​ទុក​កូន​នៅផ្ទះ​ក៏​មិន​ដាច់ចិត្ត​ពី​កូន កូន​ដែល​ធ្លាប់តែ​មើលថែ ដែល​ធ្លាប់​នៅ​ជាប់​ទ្រូង​។ ពួកគាត់​មិន​មាន​កំហុស​អី​ទេ ហើយ​សូម​ឱ្យ​ដោះលែង​គាត់​ទៅ ជាពិសេស​គឺ​គួរតែ​គិតគូរ​ដល់​អនាគត ជាពិសេស​គឺ​ក្មេងៗ បើទោះ​បី​ជា​ម្នាក់​ក៏ដោយ​ក៏​ជា​អនាគត​របស់​ប្រទេសជាតិ​ដែរ​។ ហើយ​គ្រប់គ្នា​សុទ្ធ​តែ​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​។ កន្លងមក​យើង​មើល​ឃើញ​តែ​អ្នក​រំលោភ​យក​ដី​គេ​ទេ ដែល​រស់នៅ​សុខ​ស្រួល នៅ​លើ​គំនរ​ទុក្ខ​របស់​អ្នក​ដែល​រងគ្រោះ​ពី​ការរំលោភ​យក​ដីធ្លី»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា ដើម្បី​ឆ្លើយតប​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​កាលពី​ថ្ងៃទី​១២ ខែកក្កដា។

ទាក់ទង​នឹង​កុមារ​តូច​ជាប់ពន្ធនាគារ​ជាមួយ​ម្ដាយ​នេះ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) កាលពីដើម​ខែមិថុនា បាន​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ជាបន្ទាន់ វិបត្តិ​កើនឡើង​ចំនួន​កុមារ​ជាប់​ឃុំ​។ លីកាដូ​រក​ឃើញ​ថា មាន​កុមារ​ជិត​១០០​នាក់ (៨២) កំពុង​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ គិត​ត្រឹម​ខែមេសា​ឆ្នាំ​២០២៣ ដែល​ជា​ការ​ឃុំខ្លួន​មិន​ចាំបាច់​ទាល់តែសោះ​។ លីកាដូ​បញ្ជាក់​ថា​ផល​ប៉ះពាល់​ចំពោះ​ការ​ឃុំខ្លួន​លើ​កុមារ​កាន់តែ​អាក្រក់​ខ្លាំង​ទៅៗ​នៅ​ពេល​ដែល​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ចង្អៀត​ណែន និង​ខ្វះ​អនាម័យ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា​តុលាការ​ខេត្ត​កោះកុង គួរ​ដោះលែង​សកម្មជន​ទាំងអស់​ឱ្យ​មាន​សេរីភាព​មកវិញ ពិសេស​លោកស្រី ផាវ ញ៉ឺង និង​កូនតូច ដើម្បី​បញ្ចៀស​ការ​រិះគន់​ថា តុលាការ​បន្ត​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​អនីតិជន និង​អត្ថប្រយោជន៍​កុមារ​តូច។

លោក អំ សំអាត៖ «ក្មេង​ដូច​ក្រណាត់​ស អ៊ីចឹង កាលណា​តែ​គាត់​ទៅ​នៅក្នុង​ពន្ធនាគារ ដូចជា​ជ្រលក់​ដាម​ឱ្យ​គាត់​ប្រឡាក់​ក្រណាត់​ស​ទៅ វា​ប៉ះពាល់​ដល់​សតិអារម្មណ៍ ទៅ​ដល់​ការ​លូតលាស់ ការរស់នៅ​ធំធាត់​របស់​គាត់​ទៅទៀត។ ប្រសិនបើ​គាត់​តៅ​តាម​ម្ដាយ​យូរ​។ ហ្នឹង​ជា​បញ្ហា ដែល​យើង​មិន​ចង់​ឃើញ​ទេ ហើយ​ដូច​រឿង​អ្នកស្រី ផាវ ញ៉ឺង គឺ​វា​មិន​គួរ​សោះ ក្នុង​ការ​ឃុំខ្លួន​គាត់​ហើយ​ភ្ជាប់​ជាមួយ​កូនតូច​តាម​គាត់​ហ្នឹង»។

ទាក់ទង​នឹង​ការ​តស៊ូ ដើម្បី​សិទ្ធិ​ដីធ្លី​នេះ លោកស្រី ផាវ ញ៉ឺង បានដឹង​ច្បាស់​ថា លោកស្រី​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃ​ណាមួយ ហើយ​លោកស្រី ធ្លាប់​អះអាង​នៅមុន​ពេល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ថា នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​ទេ ព្រោះ​លោកស្រី​ចង់បាន​ត្រឹម​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដូច​លោកស្រី ដែល​ពុំ​មាន​ចេតនា​ញុះញង់​ណាមួយ​ដូច​ការចោទប្រកាន់​ឡើយ។

លោកស្រី ផាវ ញ៉ឺង៖ «គេ​ចោទប្រកាន់​ខ្ញុំ​ថា​ខ្ញុំ​ញុះញង់ សួរ​ថា​បងប្អូន​ទាំងអស់​ហ្នឹង​គាត់​មាន​ខួរក្បាល ១​គីឡូ ២​ខាំ ដូច​ខ្ញុំ​ដែរ ឬ​អត់​?តើ​ចាំបាច់​ខ្ញុំ​ទៅ​ញុះញង់​គាត់​ដែរ​ទេ បើ​ពួកគាត់​សុទ្ធតែ​បាន​យល់ដឹង​ពី​សិទ្ធិ​របស់​ពួកគាត់ ហើយ​ដូច​តវ៉ា​ថ្ងៃ​មុន​នេះ សួរ​ថា តើ​ខ្ញុំ​អ្នក​តវ៉ា​ដែរ​អត់​ទេ​?គឺ​ប្រជាពលរដ្ឋ​ពួកគាត់​ទៅ​ខ្លួនឯង​ពួកគាត់​វេច​អង្ករ វេចបាយ ពរ​កូន​ពរ​ចៅ​ទៅ​។ ពេល​មាន​កន្លែង​ណា​គេ​ដេញ​ចាប់ គេ​ប្រមាថកាតទាន​ពួក​ខ្ញុំ គេ​ថា បើ​ឃើញ​មេ​ញ៉ឺង​ជិះឡាន​ណា​ទៅ​មួយ​ទេ មក​វិញ​ចេញ​ដីកាចាប់ខ្លួន​ឱ្យ​វា​ជាប់គុក​អី​ណា វា​ទៅ​តវ៉ា ដើម្បី​មេហួ មេ​គន្ធា​អី​ណា​។ តាមពិត​យើង​អត់​បាន​គិត​អ៊ីចឹង​ទេ​។ ប្រសិនបើ​ខ្ញុំ​ជា​ក៏​ខ្ញុំ​ទៅ​តវ៉ា​ដែរ ព្រោះ​វា​ជា​រឿង​អយុត្តិធម៌​មួយ ដែល​ចោទ​ថា មានទោស​ក្បត់ជាតិ​អី បដិវត្ត​កសិករ​អី ពួក​ខ្ញុំ​ជា​កសិករ​មាន​កាំភ្លើងយន្ត​ពី​ណា?»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។