ប្រធានវិទ្យុអាស៊ីសេរី អំពាវនាវដល់រដ្ឋាភិបាលនានានៅតំបន់អាស៊ី ឲ្យបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញ ហើយផ្តល់យុត្តិធម៌ដល់អ្នកកាសែត។ ការអំពាវនាវនេះ ធ្វើឡើងចំទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣ ខែឧសភា ស្របពេលដែលនិន្នាការគួរឲ្យព្រួយបារម្ភអំពីការកើនឡើងនូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតពីសំណាក់អាជ្ញាធររដ្ឋាភិបាល និងការមិនទុកចិត្តមកលើស្ថាប័នសារព័ត៌មានផ្អែកលើការពិត។
ប្រធានវិទ្យុអាស៊ីសេរី អ្នកស្រី បេយ៍ ហ្វាង (Bay Fang) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានផ្សាយកាលពីថ្ងៃទី៣ ឧសភា ថាការធ្លាក់ចុះយ៉ាងគំហុកនៃសេរីភាពសារព័ត៌មានក្នុងអំឡុងពេលជំងឺរាតត្បាតសាកលកូវីដ១៩ ស្តែងឲ្យឃើញពីភាពចាំបាច់ជាបន្ទាន់នៃវិជ្ជាជីវៈខាងសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដែលមិនត្រូវទទួលរងនូវការកាត់ទោសដោយប្រព័ន្ធយុត្តិធម៌របស់ប្រទេសនៅតំបន់អាស៊ីនោះឡើយ។ អ្នកស្រីលើកឡើងថា អាជ្ញាធរនៅកម្ពុជា និងវៀតណាម បានចោទប្រកាន់ និងចាប់ដាក់គុកដោយអយុត្តិធម៌មកលើអ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរី ដោយសារតែពួកគេបំពេញវិជ្ជាវីវៈរបស់ពួកគេជាអ្នកសារព័ត៌មាន។ ទន្ទឹមនឹងនោះ ក៏មានការបង្ក្រាបកាន់តែខ្លាំងមកលើក្រុមអ្នករិះគន់ និងអ្នកកាសែតពលរដ្ឋ។ អ្នកស្រី ក៏បានរិះគន់ការបង្ក្រាបរបស់រដ្ឋាភិបាលកុម្មុយនិស្តចិនមកលើអ្នកកាសែតអាស៊ីសេរី និងអ្នកកាសែតស្ថាប័នដទៃទៀតនៅតំបន់ អ៊ុយហ្គឺ (Uyghur) នៅហុងកុង (Hong Kong) ព្រមទាំងរិះគន់ចំណាត់ការមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យពីសំណាក់ក្រុមមេដឹកនាំយោធានៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬ ភូមា ជាដើម។
នៅកម្ពុជា អតីតអ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរីពីររូប គឺលោក យាង សុធារិន និងលោក អ៊ួន ឈិន នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់អស់រយៈពេលជាង ២ ឆ្នាំមកហើយ ក្រោយចៅក្រមបានបញ្ជាឲ្យស៊ើបអង្កេតសំណុំរឿងប្រឆាំងនឹងពួកលោកឡើងវិញ បើទោះបីជាការស៊ើបអង្កេតកាលពីពេលកន្លងទៅ ចៅក្រមរកពុំឃើញភស្តុតាងដាក់បន្ទុកប្រឆាំងនឹងអ្នកទាំងពីរក៏ដោយ។ ពួកលោករងនូវការចោទប្រកាន់ពីបទចារកម្ម ឬ លួចបញ្ជូនព័ត៌មានផ្តល់ឲ្យរដ្ឋបរទេស ដែលត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា ជាបទចោទបែបប្រឌិត និងមានបំណងសងសឹកមកលើស្ថាប័នវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ។
អ្នកស្រី បេយ៍ ហ្វាង សង្កត់ធ្ងន់ថា ខណៈស្ថាប័នអាស៊ីសេរី ប្រារព្វទិវា ២៥ ឆ្នាំជាប់គ្នា នៃការនាំមកនូវសេរីភាពសារព័ត៌មានដល់សង្គមដែលមានការបិទខ្ទប់ព័ត៌មាននៅតំបន់អាស៊ី យើងគូសបញ្ជាក់សារជាថ្មីអំពីតួនាទីដ៏សំខាន់នៃវិជ្ជាជីវៈសារព័ត៌មានក្នុងការចូលរួមលើកកម្ពស់នូវសំឡេងដែលមិនត្រូវបានគេដឹងឮ និងទាមទារឲ្យជនមានអំណាចចេញមុខទទួលខុសត្រូវចំពោះទង្វើដែលពួកគេបានប្រព្រឹត្តិមកលើពលរដ្ឋរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។