ស្ថាប័នកាសែតអន្តរជាតិ២ រួមមានអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) និងសហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) ថ្កោលទោសការចាប់ខ្លួន ចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត និងទាមទារឲ្យទម្លាក់បទចោទ។ មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធឆ្លើយតប ការទាមទាររបស់ក្រុមអង្គការកាសែតអន្តរជាតិនេះ ដោយបញ្ជាក់ថា នេះជានីតិវិធីរបស់តុលាការ។
អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ទាមទារឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបន្ថែមទៀត ទៅលើរបបដឹកនាំរបស់លោក ហ៊ុន សែន ក្រោយដែលអ្នកកាសែត ៣រូប ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេល ៣ខែកន្លងទៅនេះ ចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែមិថុនា ប្រធានអង្គការអ្នកកាសែតគ្មានព្រំដែន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក ដានីញ៉ែល បាស្តាដ (Daniel Bastard) អះអាងថា ការឃុំខ្លួន លោក រស់ សុឃិត បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មាន ដែលលោក ហ៊ុន សែន បាននិយាយជាសាធារណៈ គឺបង្ហាញពីរបបដឹកដឹកនាំផ្ដាច់ការដ៏អាក្រក់ជាទីបំផុតនៅកម្ពុជា។ លោកបន្តថា ទង្វើរបស់លោក ហ៊ុន សែន នេះ បង្ហាញយ៉ាងច្បាស់ក្រឡែត ពីការបង្ក្រាប និងបំបិទសំឡេងអ្នកប្រឆាំង ហើយដែលទង្វើនេះ អង្គការអ្នកកាសែតគ្មានព្រំដែន អំពាវនាវសុំឲ្យសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដល់កម្ពុជា បន្ថែមទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) 20% ដែលនឹងផ្ដើមអនុវត្តនៅពាក់កណ្ដាលខែសីហាខាងមុខ។
ចំណែកសហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) នៅពីថ្ងៃទី៣០ ខែមិថុនាដដែលនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍រិះគន់ទង្វើរបស់រដ្ឋាភិបាលកម្ពុជាថា ការចាប់ខ្លួន និងចោទប្រកាន់លើអ្នកកាសែតរូបនេះ មានន័យថា រដ្ឋាភិបាលកម្ពុជា ស្អប់ខ្ពើមអ្នកសារព័ត៌មាន និងមិនគិតគូរពីសុវត្ថិភាពរបស់ពួកគេឡើយ។ សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) ទទូចដល់រដ្ឋាភិបាលកម្ពុជា បង្កើនកិច្ចគាំពារដល់អ្នកកាសែត និងបញ្ឈប់ការប្រើប្រាស់សមត្ថកិច្ច ដើម្បីត្រួតពិនិត្យអត្ថបទព័ត៌មាន ឬបញ្ចេញមតិ នៅតាមប្រព័ន្ធផ្សព្វផ្សាយ។
ចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត ត្រូវបានសាលាដំបូងរាជធានីចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមិថុនា ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា បន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាមួយ កាលពីថ្ងៃទី២៤ ខែមិថុនា។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះ បានទេនៅពីថ្ងៃទី៣០ ខែមិថុនា។
ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីយ៉ាងខ្លី តាមបណ្ដាញសង្គមកាលពីកាលពីយប់ថ្ងៃអង្គារ ទី៣០ មិថុនាថា លោកគ្មានអ្វីឆ្លើយតប ទៅនឹងការទាមទារឲ្យដោះលែង និងទម្លាក់បទចោទលើលោក រស់ សុឃិត របស់ក្រុមអង្គការកាសែតអន្តរជាតិនេះទេ៖ « ខ្ញុំមិនមានការអត្ថាធិប្បាយអ្វីទេ លើដំណើរការនៃការអនុវត្តន៍ច្បាប់ និងនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ »។
ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក រស់ សុឃិត នេះដែរ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ការចាប់ឃាត់ខ្លួនអ្នកកាសែត ឬប្រជាពលរដ្ឋ ដោយការបញ្ចេញមតិនេះ គឺជាការរំលោភសេរីភាពជាមូលដ្ឋាន របស់អ្នកសារព័ត៌មាន និងពលរដ្ឋ ដែលមានចែងក្នុងច្បាប់៖ « យើងដឹងហើយថា រដ្ឋធម្មនុញ្ញយើងមាត្រា ៤១ មានចែងពីសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប និងសេរីភាពសារព័ត៌មាន។ ដូច្នេះ ការចាប់ខ្លួនអ្នកសារព័ត៌មាន ដោយសារគាត់បញ្ចេញមតិ នៅលើហ្វេសប៊ុក ឬនៅលើសារព័ត៌មាននេះ គឺអាចធ្វើឲ្យប៉ះពាល់ និងជាការរំលោភសិទ្ធិ សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ គឹសេរីភាព បញ្ចេញមតិហ្នឹងឯង »។
ចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត ត្រូវបានឃុំខ្លួន និងចោទប្រកាន់ ដោយសារកាលពីថ្ងៃទី២៥ ខែមិថុនា លោកបានសរសេររិះគន់ថា លោក ហ៊ុន សែន នៅពេលនេះ កំពុងទាល់ច្រក រឿងពលរដ្ឋធ្លាក់ខ្លួនក្រីក្រ ដោយសារជំងឺកូវីដ១៩ (Covid-19) គ្មានលុយសងធនាគារឯកជន ក៏ប្រកាសលើកទឹកចិត្តឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិ ចំពោះពលរដ្ឋណា ជឿទៅលើការឃោសនា របស់ពួកក្រុមប្រឆាំងនៅក្រៅប្រទេស ហើយមិនព្រមសងលុយឲ្យធនាគារ។
ការចាប់ខ្លួនលោក រស់ សុឃិត គឺជាការចាប់ខ្លួនអ្នកសារព័ត៌មានទី២ ហើយក្នុងរយៈពេលបីខែ ដែលបានដកស្រង់សំដីផ្ទាល់របស់លោក ហ៊ុន សែន មកសរសេរនៅតាមគណនីហ្វេសប៊ុក។ កាលពីថ្ងៃទី៧ មេសា ឆ្នាំ២០២០ នាយកទូរទស្សន៍អនឡាញធីវីអ្វេហប៊ី (TVFB) លោក សុវណ្ណ រឹទ្ធី ក៏ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយសារលោកបានស្រង់សំដីផ្ទាល់របស់លោក ហ៊ុន សែន ដែលថ្លែងថា រដ្ឋាភិបាលមិនមានថវិកា ដើម្បីឧបត្ថម្ភដល់អ្នករត់ម៉ូតូឌុបទេ ហើយលោកណែនាំឱ្យឲ្យអ្នករត់ម៉ូតូឌុប ដែលក្ស័យធន លក់យានជំនិះ ឬម៉ូតូចាយសិនទៅ ក្នុងអំឡុងពេលរាតត្បាត ជាសកលនៃជំងឺកូវីដ១៩ នេះ។
ចំណែកអ្នកកាសែតទី៣ ដែលត្រូវបានចាប់ខ្លួន គឺម្ចាស់ស្ថានីយវិទ្យុរិទ្ធីសែន លោក សុខ ឩត្តម នៅថ្ងៃទី១៣ ខែឧសភា បន្ទាប់ពីលោកបានរាយការណ៍ពីបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងខេត្តកំពង់ឆ្នាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។