គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​ថា​លោក ហ៊ុន សែន មាន​ស្នាដៃ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ប៉ុន​មហា​មេឃ

ដោយ រាជ វិញ្ញូ
2017-03-27
Share
កែវ រ៉េមី ២០១៧ ៨៥៥ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី (រូប​កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Cheu Sideth

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ស្នាដៃ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ធំធេង​ប៉ុន​មហា​មេឃ តែ​គ្មាន​នរណា​មើល​ឃើញ និង​ផ្ដល់​ពាន​រង្វាន់​ឡើយ បែរ​ជា​នាំ​គ្នា​និយាយ​បន្តុះបង្អាប់​ទៅ​វិញ។

ការ​ថ្លែង​បែប​នេះ ដើម្បី​ឆ្លើយតប​ទៅ​ក្រុម​សមាជិក​សភា​អាស៊ាន​មួយ​ក្រុម ដែល​រក​ឃើញ​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​ការ​រំខាន​យាយី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា កំពុង​រុញ​ច្រាន​ឲ្យ​របប​លទ្ធិប្រជាធិបតេយ្យ​រំកិល​ដល់​មាត់​ទ្វារ​មរណៈ។

មន្ត្រី​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ក្រុម​សមាជិក​សភា​អាស៊ាន​មួយ​ក្រុម កាល​ពី​ថ្ងៃ​ទី​២០ មីនា ដែល​បាន​ចេញ​របាយការណ៍​ស្ដីពី សំឡេង​ជួង​មរណៈ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​ជា​ការ​ចេញ​របាយការណ៍​ខុស​ពី​ការពិត ហើយ​ក្រុម​សមាជិក​សភា​អាស៊ាន​ទាំងនេះ​គ្រាន់​តែ​ជា​ក្រុម​ដ៏​តូច​មួយ ដែល​មិន​តំណាង​ឲ្យ​ក្របខ័ណ្ឌ​សភា​អាស៊ាន​ដែល​គេ​ទទួល​ស្គាល់​ឡើយ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៧ មីនា ថា រយៈពេល​កន្លង​ទៅ កម្ពុជា មិន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​ឡើយ បើ​ទោះ​ជា​ដឹង​ថា​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​វាយ​តំណាងរាស្ត្រ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាង​កម្ពុជា ក្ដី។

លោក​បន្ត​ថា ពាក់ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស គឺ​អាស្រ័យ​លើ​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង​សេដ្ឋកិច្ច​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ និង​មិន​អាស្រ័យ​លើ​ស្តង់ដារ​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ណា​មួយ ដែល​ប្រទេស​មួយ​ទៀត​ត្រូវ​យក​គំរូ​តាម​ឡើយ។

លោក កែវ រ៉េមី ក៏​បាន​អួត​សរសើរ​ពី​ស្នាដៃ​ប៉ុន​មហា​មេឃ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំដោះ​ប្រជាជន​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម និង​ការ​ធ្វើ​នយោបាយ​ឈ្នះៗ​ដើម្បី​រក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស ដែល​ជា​ការ​ស្រោចស្រង់​ឡើង​វិញ​នូវ​សិទ្ធិ​រស់​រាន​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «ពាន​រង្វាន់​សន្តិភាព ឬ​ពាន​រង្វាន់​ផ្នែក​សិទ្ធិ​មនុស្ស​ជូន​គាត់ (លោក ហ៊ុន សែន) ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អា​ចំណុច​ពីរ​សំខាន់​នេះ​ត្រូវ​បាន​គេ​បំភ្លេច ហើយ​មូល​បង្កាច់ បង្អាប់ បន្តុះ ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​គុណសម្បត្តិ​ស្មើ​មហា​មេឃ​នៅ​ទទួល គេ​ហៅ​ថា... ខ្ញុំ​មិន​ដឹង​ថា​តើ​និយាយ​របៀប​ម៉េច?»

ប្រតិកម្ម​ច្រាន​ចោល​របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន និង​បង្អួត​មក​វិញ​នូវ​ស្នាដៃ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន ដ៏​ធំធេង​នៅ​ពេល​នេះ បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មក​ពី​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ ជាដើម បាន​ចេញ​ផ្សាយ​របាយការណ៍​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២០ មីនា ដែល​ជា​របាយការណ៍​ចងក្រង និង​វិភាគ​លើ​ការ​វាយ​ប្រហារ​សមាជិក​សភា ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ និង​ចុង​ក្រោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ថា​ប្រៀប​ដូចជា​អាវុធ​ដ៏​គ្រោះថ្នាក់​មួយ​ចាក់​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​មាន​ការ​វាយ​បង្ក្រាប និង​ការ​បាញ់​សម្លាប់​កម្មករ​តវ៉ា​អហិង្សា​ទាមទារ​ដំឡើង​ប្រាក់​ខែ ការ​បង្ក្រាប​លើ​ក្រុម​តវ៉ា​គណបក្ស​ប្រឆាំង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​វាយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​នៅ​ខាង​មុខ​រដ្ឋសភា ជាដើម គឺ​សុទ្ធសឹងតែ​ជា​ព្រឹត្តិការណ៍​ធំៗ​នាំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កាន់​តែ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​ចេញ​មុខ​ច្រាន​ចោល​របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ពី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ពេល​នេះ​ឡើយ ព្រោះ​វា​ជា​វប្បធម៌​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​តែង​រិះគន់​បក​វិញ​ថា​ជា​របាយការណ៍​លម្អៀង និង​មាន​និន្នាការ​នយោបាយ នៅ​ពេល​មាន​អង្គការ​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​យល់​ឃើញ​របស់​លោក អំ សំអាត គឺ​របាយការណ៍​មួយៗ គឺ​តែង​មាន​ការ​សំអាង​ទៅ​លើ​ការ​រក​ឃើញ និង​សង្កេត​ឃើញ ដែល​រដ្ឋាភិបាល​គួរ​តែ​យក​មក​គិត​ពិចារណា៖ «អ្វី​ដែល​ជា​ការ​រិះគន់ ហើយ​យើង​អាច​ធ្វើ​ការ​ស្ថាបនា​បាន គួរ​តែ​ទទួល​យក​ដើម្បី​កែលំអ ហើយ​កែលំអ វា​ល្អ​ជាង​បដិសេធ​គ្រប់​ពេល​គ្រប់​វេលា»

របាយការណ៍​ពី​សមាជិក​សភា​អាស៊ាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​នាំ​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស គឺ​ជា​បរិបទ​បង្ក្រាប​ថ្មី​មក​លើ​អ្នក​ប្រឆាំង ហើយ​ការ​វាយ​ដំ​សមាជិក​សភា សង្គម​ស៊ីវិល​ដែល​រិះគន់​រដ្ឋាភិបាល គឺ​ជា​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​អ្នក​និយាយ​ប្រឆាំង​រដ្ឋាភិបាល។ សកម្មភាព​បែប​នេះ នាំ​ឲ្យ​អន្តរាយ​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ ហើយ​នាំ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ផ្ដាច់ការ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក សូ ចន្ថា យល់​ថា របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដែល​ចេញ​ផ្សាយ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា។ លោក​ថ្លែង​ថា ប្រសិន​បើ​ស្ថានភាព​នយោបាយ​ត្រូវ​បាន​គេ​រំលោភ និង​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ នឹង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​កម្ពុជា ត្រូវ​បាត់បង់​នៅ​លើ​ឆាក​អន្តរជាតិ៖ «បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា ជា​បញ្ហា​ចម្បង។ យើង​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​បញ្ហា​ប្រឈម​ច្រើន​មែន​ទែន។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​ជា​របាយការណ៍​មួយ​ដែល​កម្ពុជា គួរ​ពិនិត្យ​មើល»

អ្នក​វិភាគ​នយោបាយ​បញ្ជាក់​ថា ប្រសិន​បើ​ការ​លើក​ឡើង​របស់​អន្តរជាតិ អាច​ជា​ផល​ចំណេញ​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ រដ្ឋាភិបាល​គួរ​ធ្វើ​ការ​កែប្រែ​ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល