របាយការណ៍ក្រុមអង្គការសិទ្ធិមនុស្សស្ដីពីការឃ្លាំមើលការអនុវត្តសេរីភាពជាមូលដ្ឋាន នៅកម្ពុជារកឃើញថា ទាំងពលរដ្ឋ ទាំងសង្គមស៊ីវិលមិនអាចប្រើប្រាស់សេរីភាពជាមូលដ្ឋានបានពេញលេញនៅឡើយ។ មន្ត្រីរបបលោក ហ៊ុន សែន ហៅការរកឃើញនេះថា គ្រាន់តែជាការបញ្ចេញមតិ ប៉ុន្តែពលរដ្ឋកំពុងមានសេរីភាពពេញលេញនៅក្រោមច្បាប់កម្ពុជា។
ក្រុមអង្គការសិទ្ធិមនុស្សបានរកឃើញនូវអំណះអំណាងជាច្រើន ដែលបង្ហាញថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តធ្លាក់ចុះ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលក្រុមនេះបានឃ្លាំមើល។
នៅក្នុងរបាយការណ៍កម្រាស់ជាង១៦០ទំព័រ ដែលជារបាយការណ៍រួមគ្នារវាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាពបញ្ជាក់ថា សិទ្ធិសេរីភាពមូលដ្ឋានសំខាន់ចំនួន៣ រួមមានសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំបន្តត្រូវរំលោភបំពាន បើទោះបីជាកម្ពុជាបានផ្ដល់សច្ចាប័នទទួលស្គាល់ និងធានាសេរីភាពនេះក៏ដោយ។
អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ហ៊ុន ស៊ាងហាក់ មានប្រសាសន៍ថា ក្រុមរបស់លោក បានរើសគន្លឹះចំនួន៤ មកវាយតម្លៃ ដើម្បីឆ្លើយនឹងសំនួរចំនួន៤ដែរគឺថាតើក្របខ័ណ្ឌច្បាប់ទាក់ទងនឹងសេរីភាពមូលដ្ឋាន ស្របតាមបទដ្ឋានអន្តរជាតិឬទេ? តើក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋានត្រូវបានអនុវត្ត និងពង្រឹងការប្រតិបត្តិបានត្រឹមត្រូវឬទេ? តើពលរដ្ឋម្នាក់ៗយល់ដឹងពីសេរីភាពជាមូលដ្ឋាន និងយល់ថាខ្លួនមានសេរីភាពក្នុងការអនុវត្តឬទេ? និងថាតើអង្គការសង្គមស៊ីវិល និងសហជីពត្រូវទទួលស្គាល់ និងអាចធ្វើការក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលដែរឬទេ?
លោក ស៊ាងហាក់ បន្តថា ជាលទ្ធផលវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់មួយចំនួនបានរារាំងការអនុវត្តសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។ ស្របគ្នានេះការបង្កើតអោយមានបទប្រមាទអង្គព្រះមហាក្សត្រនៅក្នុងក្រមព្រហ្មទណ្ឌ ការរំលាយគណបក្សប្រឆាំង និងការដាក់គំនាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអោយបិទទ្វារស្ថាប័ន សុទ្ធជាចំណែកនៃការរំលោភបំពានសេរីភាពពលរដ្ឋ៖ «យើងមើលឃើញមួយចំនួនទាក់ទងនឹងច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ គឺកាត់បន្ថយលទ្ធភាពរបស់ពលរដ្ឋ ហើយនឹងសមាគមក្នុងការបង្កើតសមាគម និងសិទ្ធិបោះឆ្នោតជាដើម មួយទៀតយើងឃើញគណបក្សនយោបាយចំនួន៣២រួម ទាំងគណបក្សសង្រ្គោះជាតិផងត្រូវបានរំលាយឬលប់ចោលចេញពីបញ្ជី»។
ក្រុមអង្គការសង្គមស៊ីវិលបានកំណត់ការឃ្លាំមើលរបស់ខ្លួន ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ បន្តរហូតដល់ខែមីនា ឆ្នាំ២០១៨ ហើយពួកគេធ្លាប់បានធ្វើបែបនេះម្ដងរួចមកហើយកាលពីឆ្នាំ២០១៦។
ក្នុងឆ្នាំថ្មីនេះ របាយការណ៍នេះរកឃើញថា ការរឹតត្បិតមានកាន់តែខ្លាំងឡើង បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។
ផ្នែកសេរីភាពបញ្ចេញមតិមានការបង្កើតច្បាប់ថ្មីៗ ដើម្បីកម្រិត និងដាក់ទណ្ឌកម្ម ព្រមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ វិទ្យុអេហ្វអឹមចំនួន៣២ស្ថានីយ ត្រូវបញ្ឈប់ការផ្សាយ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងវិទ្យុអាស៊ីសេរី បានបិទការិយាល័យប្រចាំក្រុងភ្នំពេញរបស់ខ្លួនជាបន្តបន្ទាប់ កាលពីឆ្នាំ២០១៧។
ថ្មីៗនេះរដ្ឋាភិបាលបានបង្កើនការតាមដានការបញ្ចេញមតិតាមប្រព័ន្ធទំនាក់ទំនងសង្គម ដែលជាការបំពានលើសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត (Internet)។ ចំណែកការជួបប្រជុំវិញក៏មានការហាមប្រាម ជាពិសេសការប្រមូលផ្ដុំទាក់ទងដល់ការរំលាយគណបក្សសង្រ្គោះជាតិ និងករណីឃុំខ្លួនលោក កឹម សុខា។
លើសពីនេះ ក៏មានការប្រើប្រាស់កម្លាំងទៅលើការតវ៉ារបស់ពលរដ្ឋក្នុងបញ្ហាដីធ្លី ដោយចាប់ឃុំខ្លួនពលរដ្ឋ និងជាច្រើននាក់ទៀតរងបណ្ដឹង។
លោក ហ៊ុន ស៊ាងហាក់ បញ្ជាក់ថា នៅពេលដែលពលរដ្ឋមិនអាចអនុវត្តសេរីភាពជាមូលដ្ឋានបានពេញលេញ នឹងមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់៖ «សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋជម្រុញអោយមានការអភិវឌ្ឍជាតិខ្លាំង។ បើសិនជាពលរដ្ឋនមានសិទ្ធិក្នុងការសម្ដែងមតិទេ គឺឃើញថា អ្វីដែលគាត់មើលឃើញ អ្វីដែលគាត់បារម្ភគាត់ចង់ប្រាប់ ចង់អោយរដ្ឋាភិបាលហ្នឹងអត់បានដឹង អ្វីដែលគាត់ចង់ប្រាប់ ចង់បង្ហាញពីទុក្ខកង្វល់របស់គាត់អោយជួយដោះស្រាយ មិនត្រូវបានគេអនុញ្ញាតវានឹងប៉ះពាល់ដល់ជីវភាពជាក់ស្ដែង និងសិទ្ធិរស់នៅរបស់គាត់»។
មិនខុសគ្នាប៉ុន្មានពីពលរដ្ឋអ្នកការពារសិទ្ធិមនុស្ស ឬសង្គមស៊ីវិលក៏ទទួលរងការរំលោភបំពានសេរីភាពជាមូលដ្ឋាននេះដែរ។ ជិតពាក់កណ្ដាលនៃមេដឹកនាំអង្គការសង្គមស៊ីវិលដែលត្រូវសម្ភាសដោយក្រុមអ្នកធ្វើរបាយការណ៍ជឿជាក់ថា ការប្រាស្រ័យទាក់ទងរបស់ពួកគេត្រូវបានឃ្លាំមើលពីសំណាក់រដ្ឋាភិបាល បើទោះជាទង្វើនោះ ផ្ទុយទៅនឹងការការពារដោយច្បាប់ជាតិក៏ដោយ។
នៅក្រោមច្បាប់ស្ដីពីអង្គការសមាគមវិញ អង្គការសមាគមត្រូវបង្ខំអោយជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាននៅមុនពេលអនុវត្តសកម្មភាពរបស់ខ្លួន ចំណែកអាជ្ញាធរត្រូវផ្ដល់សិទ្ធិអោយហាមឃាត់សកម្មភាពណាមួយបានដោយសំអាងហេតុផលមិនច្បាស់លាស់។
ចំណែកក្រុមសហជីពវិញអះអាងថា ពួកគេមានភាពស្មុគស្មាញដោយសារច្បាប់ស្ដីពីសហជីពនៅពេលពួកគេព្យាយាមចុះបញ្ជិកាដោយត្រូវចំណាយពេលច្រើនលើការិយាធិបតេយ្យ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សេរីភាពទាំងនេះ គឺជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យនៅក្នុងការដឹកនាំដែលទាមទារអោយមានការចូលរួម ការសម្ដែងមតិរបស់ពលរដ្ឋ៖ «យើងមានការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ពីព្រោះលំហនេះចាប់ផ្ដើមរឹត រួមតូចទៅៗ ដូចយើងបានឃើញហើយនៅក្នុងរបាយការណ៍បានបញ្ជាក់ សូម្បីតែការជួបប្រជុំរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលយើងធ្វើឡើងក្នុងន័យអប់រំពលរដ្ឋអោយបានយល់ដឹងអំពីសិទ្ធិមនុស្ស អំពីច្បាប់ពីលទ្ធិប្រជាធិបតេយ្យផ្សេងៗ គឺកាន់តែលំបាកទៅៗ ហើយយើងពិបាកនឹងធ្វើដូចយើងជាក់ស្ដែងថ្មីៗនេះ សូម្បីតែការអប់រំទាក់ទងនឹងការចិញ្ចឹមមាន់ក៏លំបាកផង»។
ផ្ទុយទៅវិញ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន ឆ្លើយតបថា ការរកឃើញនេះ គ្រាន់តែជាការបញ្ចេញមតិ នៅពេលដែលពលរដ្ឋកំពុងមានសេរីភាពពេញលេញ នៅក្រោមច្បាប់កម្ពុជា៖ «នេះគ្រាន់តែជាការបញ្ចេញយោបល់ ហើយយើងខ្ញុំយល់ឃើញថាយើងនឹងបន្តធ្វើការងាររួមគ្នាទៀតនៅក្នុងដំណើរការឯកភាពជាតិ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះឯង។ អ្វីដែលជាសិទ្ធិកំណត់ដោយច្បាប់ យើងមានហើយ។ ច្បាប់ជាអ្នកពង្រឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
មិនខុសគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងកាលពីថ្ងៃទី១៣ កញ្ញាថា ច្បាប់ស្ដីពីអង្គការសមាគមគឺជាច្បាប់ដែលបានឆ្លងការពិភាក្សាល្អិតល្អន់ ដែលជាច្បាប់ល្អមួយចាំបាច់ត្រូវអនុវត្ត៖ «គ្មានច្បាប់ណាដែលយើងបើកឱកាសអោយមានការពិភាក្សាទូលំទូលាយដូចច្បាប់អង្គការ (NGO) ហ្នឹងទេ ហើយមិនមែនមានត្រឹមតែខ្មែរទេ អន្តរជាតិពាក់ព័ន្ធហ្នឹងក៏ចូលរួម។ បើខ្ញុំមិនច្រឡំប្រហែលមានឯកអគ្គរដ្ឋទូតខ្លះចូលទៀត ដល់ចុងក្រោយទៅយើងរកឃើញចំណុចត្រូវគ្នាច្រើនសេសសល់តិចតួច ហើយក៏ចេញច្បាប់នោះទៅ។ ដល់ពេលអនុវត្តក៏មានលេចចេញបញ្ហានេះបញ្ហានោះ ហើយចុងក្រោយមានបញ្ហាមួយ ហើយខ្ញុំបានអោយខាងឯកឧត្ដម ប៊ុន ហុន និង ប្រាក់ សំអឿន អីដើម្បីរៀបចំពិនិត្យមើលអោយស្រួល និយាយរួមយើងអត់ចង់អោយមានបញ្ហាទេ។ យើងក៏ចាត់ទុកថា NGO ថាដៃគូៗ»។
មន្ត្រីសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ លើកឡើងថា ដើម្បីជំរុញអោយសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋអោយ ធានាបានពេញលេញគឺមានតែរដ្ឋាភិបាលទេ ដែលមានសមត្ថភាពកែសម្រួលដោះស្រាយបញ្ហាទាំងនេះបាន៖ «តាមរយៈរបាយការណ៍របស់យើងនេះ គឺយើងបង្ហាញថា ច្បាប់មួយចំនួនយើងកំណត់ពិន្ទុអោយច្បាប់មួយចំនួននឹងទៀត ថាច្បាប់មួយនេះវាស្របនឹងច្បាប់អន្តរជាតិប៉ុណ្ណា ដោយមានលេខ១ ដល់លេខ៥ ដូច្នេះរដ្ឋាភិបាលមើលទៅថាច្បាប់មួយណា ដែលមិនទាន់ស្របទៅតាមបទដ្ឋានអន្តរជាតិ អ៊ីចឹងលោកគួរតែពិចារណា និងកែសម្រួលនូវច្បាប់ហ្នឹងដើម្បីអោយស្របទៅតាមបទដ្ឋានច្បាប់អន្តរជាតិ ចៀសវាងច្បាប់ដែលធ្វើទៅហើយហ្នឹងរឹតត្បិតសេរីភាពរបស់ពលរដ្ឋ»។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថារបាយការណ៍របស់ពួកគេមានលក្ខណៈវិទ្យាសាស្ត្រ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ពិនិត្យមើល និងធ្វើការកែប្រែស្ថានភាព ដ្បិតអ្វីដែលមានក្នុងរបាយការណ៍នេះ គឺជាអ្វីដែលរដ្ឋាភិបាលបានធានាអះអាងជាលាយលក្ខអក្សរជាមួយសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិរួចហើយថា ត្រូវមានការអនុវត្តត្រឹមត្រូវចំពោះសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនេះ ដែលមិនគួរត្រូវរំលោភបំពានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។