អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា រដ្ឋាភិបាលក្រុងភ្នំពេញ មិនមានការព្រួយបារម្ភឡើយ ចំពោះការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន ២៨ស្ថាប័ន ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN Human Rights Council) ឱ្យលើកឡើងពីវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអង្គសន្និបាតរបស់ខ្លួនលើកទី៤២ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) នោះទេ។
លោកបន្តថា ការស្នើសុំទាំងនេះ គឺជារឿងធម្មតា ដោយសារអង្គការសង្គមស៊ីវិលទាំងនោះ តែងតែមាននិន្នាការនយោបាយ រិះគន់ការដឹកនាំរបស់របបក្រុងភ្នំពេញ ជារៀងរហូតមក ដូចនេះមិនមែនជារឿងចម្លែកឡើយ។ ម្យ៉ាងវិញទៀត លោកថា ការលើកយកប្រធានបទស្ដីពីកម្ពុជាទៅពិភាក្សាក្នុងអង្គសន្និបាត ដែលគ្រោងធ្វើរយៈពេល ៣សប្ដាហ៍ ចាប់ពីថ្ងៃទី៩ ដល់ ២៧ ខែកញ្ញាខាងមុខនោះ គឺដោយសារអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងបញ្ចប់បេសកកម្មរយៈពេល ២ឆ្នាំ របស់អ្នកស្រី៖ «វាមិនមានអ្វីចម្លែកទេ ដែលអង្គការទាំងនោះគឺតែងធ្វើការរិះគន់ដោយគំនុំគុំកួន និងមានវារៈនយោបាយ ដូចធ្លាប់ធ្វើពីមុន។ ការស្នើសុំនេះ ក៏ជារឿងធម្មតាទេ ដោយសារកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះ អ្នកស្រី រ៉ូណា ស្មីត គាត់ចប់បេសកកម្មរបស់គាត់ ម្ល៉ោះហើយគាត់ត្រូវធ្វើរបាយការណ៍បូកសរុប អ៊ីចឹងទៅ ការស្នើសុំឱ្យមានដំណោះស្រាយស្ដីពីកម្ពុជា ជារឿងធម្មតា ដែលគាត់តែងតែធ្វើកន្លងមករួចហើយ។ ប៉ុន្តែសម្រាប់កម្ពុជា ទោះបីជាមានដំណោះស្រាយ គេនឹងធ្វើការថ្លឹងថ្លែងនូវកិច្ចខំប្រឹងប្រែងរបស់កម្ពុជាកន្លងមក»។
ក្នុងសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ របស់អង្គការជាតិនិងអន្តរជាតិ ចំនួន ២៨ស្ថាប័ន ដែលផ្ញើជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN Human Rights Council) បានអំពាវនាវសុំឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អនុម័តលើដំណោះស្រាយមួយ ដើម្បីស្នើសុំស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តាមដានព្រឹត្តិការណ៍ និងរាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងលើកឡើងពីសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលគួរអនុវត្តទៅតាមតម្រូវការនៃគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។ បន្ថែមពីនេះ ស្នងការជាន់ខ្ពស់នេះ គួរតែជជែកពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់ អ.ស.ប. នៅកម្ពុជា និងបេសកជនពិសេសរបស់ អ.ស.ប. ផ្សេងទៀត ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ស្ដីពីស្ថានភាពនយោបាយនៅកម្ពុជានេះ។
សេចក្ដីថ្លែងការណ៍រួមដដែល ក៏បានលើកឡើងពីបញ្ហាជាច្រើន រួមមានការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ ការបង្កើតរដ្ឋសភាឯកបក្ស ការរំលោភសិទ្ធិមនុស្ស ការឃុំខ្លួនក្នុងផ្ទះរបស់មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សជាង ១០០នាក់ មិនឱ្យធ្វើនយោបាយ ៥ឆ្នាំ ដែលជាហេតុធ្វើឱ្យមន្ត្រីបក្សប្រឆាំងជាច្រើនរូប បង្ខំចិត្តនិរទេសខ្លួន ដោយសារភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញ និងការចាប់ឃុំខ្លួនជាដើម។
លិខិតរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដដែលនោះ ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីដំណោះស្រាយចុងក្រោយរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា បានធ្លាក់ដុនដាបជាខ្លាំង រួមមានការបង្ក្រាបដល់គណបក្សសង្គ្រោះជាតិ ដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដល់មន្ត្រីសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សជាដើម។
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ទាំង ២៨ស្ថាប័ននេះ រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) និងអង្គការក្នុងស្រុកជាច្រើន រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្ស (CCHR) អង្គការសិទ្ធិមនុស្ស លីកាដូ និងសមាគម អាដហុក (Adhoc) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។