លោក រ៉ុង ឈុន ផ្ដាំ​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​បាក់ស្បាត​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព

អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ព្រំដែន​លោក រ៉ុង ឈុន អំពាវនាវ​ពី​ក្នុង​ពន្ធនាគារ​ឱ្យ​ប្រជាពលរដ្ឋ កុំ​បោះបង់​ចោល​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម។ ក្រុម​សង្គម​ស៊ីវិល​គាំទ្រ​សារ​អំពាវនាវ​នេះ ប៉ុន្តែ​តំណាង​បក្ស​កាន់​អំណាច​ចោទ​ថា នេះ​ជា​ការ​ញុះញង់​ទៅ​វិញ។

ការ​ចាប់​ដាក់​​ពន្ធនាគារ និង​ការ​ផ្ដន្ទាទោស មិន​អាច​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លោក រ៉ុង ឈុន បាន​នោះ​ឡើយ។ លោក​នៅ​តែ​មាន​ទឹក​ចិត្ត​អង់អាច និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ប្រឹង​ប្រែង​តស៊ូ ដើម្បី​បុព្វហេតុ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល ដែល​ជិត​ស្និទ្ធ​នឹង​លោក រ៉ុង ឈុន។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ សីហា​ថា លោក រ៉ុង ឈុន បាន​ហៅ​ទូរស័ព្ទ​ពី​ក្នុង​ពន្ធនាគារ ដើម្បី​ជជែក​ជាមួយ​​អ្នក​ស្រី កាល​ពី​ថ្ងៃ​ទី២៣ សីហា។ អ្នក​ស្រី​ឱ្យ​ដឹង​ថា ក្នុង​ការ​សន្ទនា​គ្នា​នោះ លោក រ៉ុង ឈុន មាន​សារ​សំខាន់​មួយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​ស្នើ​ឱ្យ​សកម្មជន និង​ប្រជាពលរដ្ឋ​កុំ​បាក់​ស្បាត នៅ​ពេល​ឃើញ​រូប​លោក និង​អ្នក​ស្នេហា​ជាតិ​ដទៃ​ទៀត ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​ពង្រឹង​ជំហរ​ឡើង​វិញ ដើម្បី​បន្ត​បេសកកម្ម​​ទាម​ទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម​ត​ទៅ​មុខ​ទៀត៖ « គាត់​អត់​ចង់​ឱ្យ​ពួក​យើង​ហ្នឹង ឱបដៃ​ឈរ​មើល​ឃើញ​ការ​អាក្រក់​ហ្នឹង​ហើយ នាំ​គ្នា​ដេក​លែង​តវ៉ា លែង​ទាមទារ អ្នក​ខ្លះ​យក​តម្រិះ​វិជ្ជា​ដែល​ខ្លួន​ឯង​មាន​ទៅ​ធ្វើ​ឆ្កួត​លីលា​តាម​អ្វី​ដែល​ជា​ការ​ភ័យ​ខ្លាច ការ​គំរាម​កំហែង​ហ្នឹង​ទេ។ គាត់​ថា គាត់​ចង់​ឱ្យ​ពួក​យើង​រឹងប៉ឹង​ឡើង »

អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យ​ដឹង​ទៀត​ថា លោក រ៉ុង ឈុន បាន​ប្រាប់​អ្នក​ស្រី​ដោយ​ក្ដី​ម៉ឺងម៉ាត់​ថា នៅ​សល់​តែ​ប្រមាណ ១១ខែ​ទៀត​ទេ លោក​នឹង​រួច​ផុត​ពី​ការ​ឃុំ​ឃាំង ហើយ​ពេល​នោះ​លោក​នឹង​ត្រឡប់​មក​ធ្វើ​ការងារ​សង្គម និង​សិទ្ធិមនុស្ស ឱ្យ​សកម្ម​ដូច​ពីមុន​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយសារ​តែ​ការ​​បញ្ចេញ​មតិ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ ជាមួយ​គ្នា​នេះ តុលាការ​បាន​បង្គាប់​ឱ្យ​លោក​បង់​សំណង​រួម​គ្នា​ជាមួយ​សកម្មជន​ពីរ​នាក់​ទៀត​រហូត​ដល់ ១សែន​ដុល្លារ​អាមេរិក​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន ដែល​ជា​ភាគី​ដើម​បណ្ដឹង។ លោក រ៉ុង ឈុន បាន​បដិសេធ​សាលក្រម​នេះ និង​ស្ដីបន្ទោស​តុលាការ​ថា «កាត់​ក្ដី​ក្រោម​សម្ពាធ​របស់​អ្នក​នយោបាយ»។

ឆ្លើយតប​នឹង​សារ​របស់​លោក រ៉ុង ឈុន ពី​ក្នុង​ពន្ធនាគារ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ថ្លែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​រួច​ទៅ​ហើយ ដូច្នេះ​លោក​ថា គ្មាន​អ្វី​ត្រូវ​ទាម​ទារ​ទៀត​នោះ​ទេ។ លោក​ចោទ​ថា សារ​អំពាវនាវ​របស់​លោក រ៉ុង ឈុន មាន​ចរិត​ជា​ការ​ញុះញង់៖ « របស់​អត់​មាន ចាំ​យើង​ទាមទារ តែ​ឥឡូវ​វា​មាន​ទូលំទូលាយ​ហើយ គេ​អនុវត្ត​ត្រឹម​ត្រូវ​ហើយ នៅ​តែ​យើង​មួយ​ក្ដាប់​តូច​ហ្នឹង​ដែល​មិន​ពេញ​ចិត្ត យើង​ទៅ​អំពាវនាវ​ឱ្យ​ទៅ​ទាមទារ​ស្អី​ទៀត ? ការ​ទាមទារ​ហ្នឹង​ហើយ ដែល​ញុះញង់​នោះ »

ការ​លើក​ឡើង​បែប​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​សម្ដី​គ្មានន័យ និង​ដើម្បី​តែ​ការពារ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក ថ្លែង​ថា ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​លឺ​ជាទូទៅ ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​ថា សិទ្ធិ​សេរីភាព​មាន​តែ​សម្រាប់​ក្រុម​គណបក្ស​កាន់​អំណាច ប៉ុន្តែ​ពលរដ្ឋ​ដែល​មាន​ទស្សនៈ​ផ្ទុយ ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ដោយ​ឯករាជ្យ និង​សកម្មជន​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​សង្គម រង​ភាព​អយុត្តិធម៌ និង​ការ​រំលោភបំពាន​សិទ្ធិ​ដោយ​ឥត​ស្រាកស្រាន្ត។

លោក គៀន ពន្លក ថ្លែង​ទៀត​ថា លោក​គាំទ្រ​សារ​អំពាវនាវ​របស់​លោក រ៉ុង ឈុន ព្រោះ​សារ​នេះ​ឆ្លុះ​បញ្ចាំង​ថា គាត់​នៅ​តែ​គិត​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ទោះ​ក្នុង​ស្ថានភាព​លំបាក​ខ្លួន​បែប​ណា​ក៏ដោយ៖ « គាត់​ជា​អ្នក​ស្នេហាជាតិ​ពិត​ប្រាកដ ដែល​បាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន អំណាច បុណ្យស័ក្ដិ តួនាទី ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ។ អ៊ីចឹង ការ​អំពាវនាវ​កុំ​ឱ្យ​យុវជន និង​អ្នក​ផ្សេង​ទៀត​ភ័យ​ខ្លាច​ចំពោះ​ការ​តវ៉ា ការ​តស៊ូ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​នេះ ខ្ញុំ​គិត​ថា គឺ​ជា​រឿង​ល្អ​មួយ ដែល​លោក​គ្រូ​គិត​ពី​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ គឺ​ប្រយោជន៍​រួម មិន​បាន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ »

គិត​ត្រឹម​ចុង​ខែ​សីហា​នេះ លោក រ៉ុង ឈុន បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ លោក​ត្រូវ​ជាប់​ឃុំ​បន្ត​ទៀត​តាម​អំណាច​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​ផ្ដន្ទាទោស​លោក​រហូត​ដល់​កម្រិត​ខ្ពស់​បំផុត​នៃ​ទោស គឺ​រយៈ​ពេល ២ឆ្នាំ នៅ​ក្នុង​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ ព្រម​ទាំង​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​របប​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់​ជុំ​វិញ​ការ​ផ្ដន្ទាទោស និង​ការ​បន្ត​ឃុំ​ខ្លួន​លោក រ៉ុង ឈុន។ ពួកគេ​វាយ​តម្លៃ​ថា ករណី​លោក រ៉ុង ឈុន នេះ គឺ​ជា​ការ​ដាក់​ទោស​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​បង្ហាញ​ពី​កង្វះ​ឯករាជ្យ​របស់​តុលាការ​កម្ពុជា។ ពួក​គេ​បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​លោក រ៉ុង ឈុន ព្រម​ទាំង​សកម្មជន​ដទៃ​ទៀត​ដែល​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នយោបាយ។ ជាពិសេស ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ បន្ត​ទទូច​ដល់​របប​ក្រុង​ភ្នំពេញ ឱ្យ​គោរព​សិទ្ធិមនុស្ស​ស្រប​តាម​ច្បាប់​កម្ពុជា និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ជា​អន្តរជាតិ៕