កងកម្លាំងសមត្ថកិច្ចចម្រុះ និងសន្តិសុខក្រុងភ្នំពេញ វាយដំទាំងកម្រោលទៅលើក្រុមកូដករណាហ្គាវើលដ៍ជាស្ត្រីបណ្តាលឲ្យរបួសជាច្រើននាក់រហូតបែកឈាម និងសន្លប់ ក្នុងពេលពួកគាត់ បន្តចេញធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ ការកើតមានអំពើហិង្សាពីក្រុមអាជ្ញាធរនេះ បន្ទាបពីក្រុមកូដករណាហ្គាវើលដ៍ និងក្រុមតំណាងសមាគម និងសហជីពជាង ២០ស្ថាប័ន បានដាក់ញត្តិទៅក្រសួងការងារ ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់ ការលាបពណ៌ និងការគំរាមកំហែងលើតំណាងសហជីព ដែលឈឺឆ្អាល ចំពោះវិវាទក្រុមហ៊ុនណាហ្គាវើលដ៍។
កងកម្លាំងសមត្ថកិច្ចចម្រុះ និងសន្តិសុខក្រុងភ្នំពេញប្រមាណ ៨០នាក់ ដែលដាក់ពង្រាយចាំការពារក្រុមហ៊ុនណាហ្គាវើលដ៍ បានបើកប្រតិបត្តិការបង្ក្រាបដោយហិង្សាលើកូដករណាហ្គាវើលដ៍ជាស្ត្រី បណ្តាលឲ្យរបួសជាច្រើននាក់ នៅរសៀលថ្ងៃទី១១ ខែសីហា។ ក្នុងនោះ ស្ត្រីកូដករម្នាក់ ត្រូវអាជ្ញាធរ ដាល់ចំច្រមុះរហូតចេញឈាមពេញមុខ និងដួលសន្លប់មួយរយៈខ្លី។ ចំណែកស្ត្រីកូដករផ្សេងទៀត មានស្នាមជាំជាច្រើនកន្លែង ដោយសារអាជ្ញាធរចាប់ទាត់ធាក់ និងរុញច្រានទាំងកម្រោល។
អំពើហិង្សានេះ កើតឡើងក្នុងពេល ដែលក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានព្យាយាមដើរឆ្លងកាត់របាំងបិទផ្លូវ ដែលអាជ្ញាធរបានដាក់ ដើម្បីរារាំងអ្នកទាំងនោះ កុំឲ្យទៅឈរធ្វើកូដកម្មនៅមុខអគារកាស៊ីណូ។
ក្រុមកូដករណាហ្គាវើលដ៍ និងមន្ត្រីសិទ្ធិមនុស្ស ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរ ដែលប្រើហិង្សាលើកូដករ ដែលធ្វើកូដកម្មអហិង្សស្របច្បាប់។ ពួកគេចាត់ទុកទង្វើហិង្សារបស់ក្រុមសមត្ថកិច្ចនេះថា ជាការអំលោភសិទ្ធិមនុស្ស និងរំលោភបំពានច្បាប់។
កូដករណាហ្គាវើលដ៍ម្នាក់លោកស្រី ប៊ុន ស៊ីណា រៀបរាប់ទាំងទឹកភ្នែកថា ពួកលោកស្រី ឈឺចាប់ជាខ្លាំង នៅពេលក្រុមហ៊ុន និងអាជ្ញាធរ គ្មានក្ដីមេត្តារកដំណោះស្រាយ តែបែរ ជាវាយធ្វើបាបពួកគាត់ជាស្ត្រីទន់ខ្សោយឲ្យរងរបួសគ្រប់ពេលដែលចេញតវ៉ា៖ « ឥឡូវនាងខ្ញុំមកទាមទារសិទ្ធិ មកទាមទាររកយុត្តិធម៌ ដែលមិនទាន់បានដំណោះស្រាយ តែនាងខ្ញុំត្រូវសមត្ថកិច្ចធាក់ ១ជើងចំកំភ្លៅទៀត។ សួរថា តើវិវាទការងារហ្នឹងត្រូវឲ្យពួកខ្ញុំទាំងអស់រងទារុណកម្មពីសមត្ថកិច្ចប៉ុន្មានដងទៀត ទើបវិវាទនេះត្រូវបានដោះស្រាយចប់ អាជ្ញាធរពាក់អាវសុទ្ធតែទង់ជាតិខ្មែរមកវាយកូដកររាល់ថ្ងៃ » ។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានអះអាងថា មូលហេតុនៃការប៉ះទង្គិច គឺកើតចេញពីក្រុមកូដករបានកម្ទេចបំផ្លាញរនាំង (បារ៉ាស) របស់អាជ្ញាធរឱ្យខូចខាតជិត ២០ផ្ទាំង និងបានជេរប្រមាថប្រើហិង្សាលើសមត្ថកិច្ច ដែលបានឈរស្រាក់ដៃគ្នារារាំងក្រុមកូដករ ដែលអ្នកនាំពាក្យចោទថាប៉ុនប៉ងធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ចេញកាលពីថ្ងៃទី១១ ខែសីហា ដដែល បន្តថាអាជ្ញាធរមានភស្ដុតាងគ្រប់គ្រាន់សម្រាប់ចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើហិង្សា និងប្រមាថមន្រ្តីរាជការ។
ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ក្រុមកូដករណាហ្គាវើលដ៍ មួយចំនួន និងតំណាងសមាគម សហជីព ចំនួន ២៤ស្ថាប័ន ដែលមានគ្នាប្រមាណ ៥០នាក់ បានជួបជុំដាក់ញត្តិជូនក្រសួងការងារស្នើសុំ ២ចំណុច។ ទី១ ស្នើទម្លាក់បទចោទលើតំណាងសហជីពឯករាជ្យអ្នកស្រី យ៉ាង សុភ័ណ្ឌ ថា ជាអ្នកនៅពីក្រោយការធ្វើកូដកម្ម ដូចក្រសួងបានចោទកន្លងមក។ ទី២ ស្នើជួបរដ្ឋមន្ត្រីក្រសួងការងារដោយផ្ទាល់ ក្នុងការស្វែងរកដំណោះស្រាយវិវាទការងារ ដែលអូសបន្លាយជាង ១០ខែមកហើយ។ ក្រុមកូដករបានបដិសេធទៅក្រសួងការងារ ដែលបានចោទប្រកាន់ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភណ្ឌ ជាអ្នកដឹកនាំឲ្យមានការធ្វើកូដកម្ម ជារឿងមួលបង្កាច់ និងទាមទារឲ្យសងភាពស្អាតស្អំទៅអ្នកស្រីវិញ។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍លោក ណាំ ទីវ៉ន និយាយនៅមុខក្រសួងការងារថា ការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍កន្លងមកមិនមានអ្នកណានៅពីក្រោយ ឬក៏មានអ្នកអុចអាលនោះទេ គឺកើតឡើងដោយឆន្ទៈរបស់កូដករ ១.៣២៩នាក់ ដែលមិនសុខចិត្តនឹងការបញ្ឈប់បុគ្គលិកទាំងបំពាន និងមិនមានការទូទាត់សំណងឲ្យបានសមរម្យពីសំណាក់ថៅកែក្រុមហ៊ុនបនល្បែងមួយនេះ។ លោកបន្ថែមថា ក្រុមហ៊ុនមានបំណងកាច់បំបាក់សហជីពមិនឲ្យងើបតវ៉ាបាន ទើបសម្រេចដកសិទ្ធិរបស់សហជីពមិនឲ្យមានវត្តមានក្នុងក្រុមហ៊ុនទៀត ប៉ុន្តែទោះយ៉ាងណាលោកថា ក្រុមកូដករមិនចុះញ៉ម និងតវ៉ាទាមទាររកយុត្តិធម៌ ឲ្យថៅកែព្រមទទួលយកបុគ្គលិកចូលធ្វើការវិញ៖ « អ្វីដែលពួកយើងធ្វើបាន គឺដាក់លិខិតទៅគ្រប់ក្រសួងទាំងអស់ ដើម្បីឲ្យមានការដោះស្រាយប៉ុន្តែមុននឹងយើងធ្វើកូដកម្មនេះ ប៉ុន្តែភាគីក្រសួងអត់មានបានចេញមកដោះស្រាយទេ អ៊ីចឹងទើបពួកយើងបោះឆ្នោតដោយសមាជិកទាំងអស់ ដើម្បីធ្វើកូដកម្មនេះឡើង។ អីចឹងអ្វីដែលពួកយើងធ្វើតាមនីតិវិធីច្បាប់ពួកយើងធ្វើបានអស់ហើយ ហើយសិទ្ធិធ្វើកូដកម្មគឺបានចែងនៅក្នុងច្បាប់ គឺធ្វើនៅប្របរបងក្រុមហ៊ុន ប៉ុន្តែជាក់ស្ដែង » ។
ស្រដៀងគ្នានេះដែរ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ទៀត អ្នកនាង ម៉ម សុវឌ្ឍិន ហៅ អាទីន ប្រាប់ថា ករណីដែលក្រសួងការងារចោទប្រកាន់លើប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភណ្ឌ ដោយគ្មានភស្តុតាងជាក់លាក់នោះទេ។ កញ្ញាបញ្ជាក់ថា ក្រសួងពាក់ព័ន្ធមានបំណងធ្វើឲ្យយឺតយ៉ាវ និងគ្មានឆន្ទៈដើម្បីរកដំណោះស្រាយឲ្យកូដករឲ្យបានទាន់ពេល៖ « តែចុងបញ្ចប់បែរអត់មានសមត្ថភាពក្នុងការដោះស្រាយ បែរជាចោទគេចោទឯង ដើម្បីអូសបន្លាយពេលវេលា។ កាលណាអូសបន្លាយពេលវេលាធ្វើឲ្យសេដ្ឋកិច្ចរបស់កូដករគឺ គេហៅថា ក្ស័យធន យើងនិយាយពាក្យថា ក្ស័យធនចុះ នៅពេលដែលក្ស័យធន គឺកូដករអាចនឹងបោះបង់ការតស៊ូហ្នឹង។អ៊ីចឹងការចោទប្រកាន់ហ្នឹង គឺជាចេតនានៅក្នុងការមិនចង់ដោះស្រាយ ហើយក៏ពន្យារពេលនៅការដោះស្រាយ » ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅល្ងាចថ្ងៃទី១១ ខែសីហា ដោយទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល។
ប្រធានសហជីពប្រចាំ ក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ លើកឡើងថា កញ្ញាខកចិត្ត ចំពោះទង្វើរបស់មន្ត្រីក្រសួងការងារ ដែលជាអ្នករកដំណោះស្រាយឲ្យជនរងគ្រោះ បែរជាមកគំរាមបំបាក់ស្មារតីអ្នកដែលចេញមុខទាមទារផលប្រយោជន៍ជូនកូដករទៅវិញ៖ « គាត់នៅជាមួយកម្មករនៅពេល ដែលឃើញកម្មកររងភាពអយុត្តិធម៌ វាមិនមែនជារឿងអីខុសឆ្គង ឬក៏មិនមានច្បាប់ណាចែងថា មិនឲ្យគាត់ធ្វើបែបនេះទេ។ ក៏ប៉ុន្តែយើងឃើញថា មានតែរដ្ឋាភិបាល មានតាមរយៈសាលាក្រុង ក្រសួងការងារ តុលាការ ក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅឈរពាំងពីមុខក្រុមហ៊ុនណាហ្គា ដែលពួកគាត់ត្រូវមានតួនាទីនៅឯករាជ្យ ប៉ុន្តែពួកគាត់ទៅឈរកាន់ជើងណាហ្គាតែម្ដង គាត់ទៅឈរពាំងនៅមុខណាហ្គាតែម្ដង ហើយអាហ្នឹង គឺជាការហាមដែលមានចែងនៅក្នុងច្បាប់ ពួកគាត់មានតួនាទីក្នុងការសម្របសម្រួល មិនមែនទៅការពារភាគីម្ខាងទេ » ។
រដ្ឋាភិបាល លោក ហ៊ុន សែន និងក្រុមហ៊ុនណាហ្គាវើលដ៍ រងការរិះគន់ថា កំពុងតែសហការគ្នារំលោភទាំងកម្រោលទៅលើសិទ្ធិរបស់បុគ្គលិកណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី។ ការតស៊ូធ្វើកូដកម្មអហិង្សារបស់កូដករណាហ្គាវើលដ៍មិនត្រឹមតែគ្មានដំណោះស្រាយទេ ថែមទាំងទទួលរងការបង្ក្រាបដោយហិង្សាជាបន្តបន្ទាប់នៅជាប់របងរដ្ឋសភា និងក្បែរភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតបណ្តាលឲ្យកូដករមួយចំនួន រងរបួងធ្ងន់និងមានស្ត្រីកូដករម្នាក់រលូតកូនក្នុងផ្ទៃ។ ក្រុមកូដករយល់ថា វិវាទការងារនេះ ប្រហែលជាគ្មានដំណោះស្រាយទេ ប្រសិនបើគ្មានការអន្តរាគមន៍ពីលោក ហ៊ុន សែន ប៉ុន្តែពួកគាត់ ក៏មិនបោះបង់ឆន្ទៈធ្វើកូដកម្មដែរ ប្រសិនបើគ្មានដំណោះស្រាយសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។