លោក ឡេង សេងហុង ថា ក្រសួង​អនុវត្ត​ច្បាប់​ដោយ​បំពាន​ករណី​បិទ​អង្គការ​របស់​លោក

ដោយ អាស៊ីសេរី
2017.11.01
ឡេង សេងហុង ស ខេង ៦២២ លោក ឡេង សេងហុង ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា (ឆ្វេង) និង​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។
RFA

ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រសួង​មហាផ្ទៃ ដែល​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​របស់​ខ្លួន ក្រោម​ហេតុផល​អនុវត្ត​បំពាន​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ដំណើរ​តម្លាភាព​សង្គម យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ប្រញាប់​ពេក​របស់​ក្រសួង​មហាផ្ទៃ។

ប្រធាន​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ទីតាំង​ដែល​មាន​សុវត្ថិភាព ឲ្យ​ដឹង​ថា រូបលោក​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច។ លោក​បន្ត​ថា ការ​ពន្លឿន​នីតិវិធី​តាម​ផ្លូវ​តុលាការ និង​បង្ខំ​ផ្អាក​សកម្មភាព​អង្គការ​របស់​លោក​នេះ​បង្ហាញ​ថា ក្រសួង​មហាផ្ទៃ កំពុង​អនុវត្ត​ច្បាប់​ដោយ​បំពាន៖ «»។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ក្រោយ​លោក ឡេង សេងហុង ដែល​ជា​ប្រធាន​អង្គការ​ប្រកាស​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​របស់​លោក ស ខេង បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​ដែល​មិន​រក​ប្រាក់​កម្រៃ​ក្រៅ​រដ្ឋាភិបាល​របស់​លោក ឡេង សេងហុង នេះ អនុវត្ត​រំលោភ​ច្បាប់។

នេះ​មែន​មែន​ជា​រឿង​ថ្មី​ទេ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កម្ទេច​សំឡេង​សង្គម​ស៊ីវិល​ដែល​តែង​រិះគន់​រឿង​នយោបាយ និង​បញ្ហា​សង្គម។ កាល​ពី​ដើម​ខែ​កញ្ញា រដ្ឋាភិបាល​សម្រេច​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដោយ​ចោទ​ប្រកាន់​ថា វិទ្យាស្ថាន​ដែល​គាំទ្រ​ថវិកា​ពី​សហរដ្ឋអាមេរិក​នេះ នៅ​ពី​ក្រោយ​ខ្នង​នៃ​បេសកកម្ម​រៀបចំ​បដិវត្ត​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

​ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​ប្រកាស​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ ចេញ​ពី​បញ្ជី​ឈ្មោះ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល រួម​ទាំង​បាន​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​របស់​អង្គការ​សមធម៌​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ ការ​បិទ​ទ្វារ និង​ការ​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​ប្រឆាំង​នឹង​ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ ក្រោម​ហេតុផល​ថា អង្គការ​ទាំង​នោះ​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម​មិន​មែន​រដ្ឋាភិបាល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា មុន​នឹង​ផ្អាក​សកម្មភាព​របស់​អង្គការ​ណា​មួយ ឬ​ដាក់​ឲ្យ​ស្ថាប័ន​ណា​មួយ​ស្ថិត​ក្រោម​ការ​តាមដាន​ពី​កម្លាំង​សមត្ថកិច្ច យ៉ាង​ហោច​ណាស់​ក្រសួង​មហាផ្ទៃ ត្រូវ​បើក​ការ​ពិគ្រោះ​យោបល់​ជា​មុន​សិន​​ជាមួយ​ភាគី​ដែល​ត្រូវ​ចោទ​ប្រកាន់​នោះ៖ «»។

លិខិត​ផ្អាក​សកម្មភាព​របស់​លោក ស ខេង ដែល​សម្រេច​ឲ្យ​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា មិន​ដំណើរការ​ក្នុង​រយៈពេល ៦០​ថ្ងៃ គឺ​ស្នើ​ឲ្យ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ត្រូវ​បំពេញ​បែបបទ​មួយ​ចំនួន​ឡើង​វិញ។ ក្រសួង​​មហាផ្ទៃ យល់​ឃើញ​ថា អង្គការ​នេះ ក្រៅ​ពី​អនុវត្ត​លើស​ពី​​ច្បាប់​ស្ដីពី​អង្គការ-​សមាគម​ហើយ ក្នុង​នោះ​ថែមទាំង​មិន​បាន​បំពេញ​តាម​ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ដូច​ជា របាយការណ៍​ហិរញ្ញវត្ថុ និង​សកម្មភាព​ការងារ​ជាដើម។

​លោក ឡេង សេងហុង បញ្ជាក់​ថា លោក​នឹង​បំពេញ​បែប​បទ​មួយ​ចំនួន​ទៅ​តាម​ការ​ទាមទារ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​អំឡុង​ពេល ៦០​ថ្ងៃ​នេះ។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ការ​ស្នើ​របស់​ក្រសួង​មហាផ្ទៃ​នេះ គ្រាន់​តែ​ជា​ការ​រំខាន​ដំណើរ​របស់​សមាគម​លោក ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​អហិង្សា​ប៉ុណ្ណោះ។ លោក ឡេង សេងហុង បញ្ជក់​ជំហរ​ថា លោក​នៅ​តែ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដដែល ប្រសិន​បើ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​រំលាយ​ចោល​នោះ។ លោក​ថា បំណង​ប្រាថ្នា​របស់​លោក​មិន​មែន​ចង់​ការពារ​គណបក្ស​សង្គ្រោះជាតិ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កូន​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ចូល​រួម​ការពារ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។