"ក្រោយ​មាន​ច្បាប់​សហជីព​សិទ្ធិ​សេរីភាព​កម្មករ​នៅ​មិន​ទាន់​ប្រសើរ​ឡើង"

ដោយ អ៊ុំ រង្សី
2016.11.09
វ៉ាន់ហ៊ី លី ៨៥៥ ច្បាប់​សហជីព តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA/Um Raingsy

ក្រុម​សហជីព តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នក​ជំនាញ​សេដ្ឋកិច្ច និង​អង្គការ​អន្តជាតិ​ខាង​ការងារ លើក​ឡើង​ថា នៅ​ដើម​ឆ្នាំ​២០១៦ នេះ ស្ថានភាព​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​មិន​ទាន់​ប្រសើរ​ឡើង គឺ​នៅ​ក្រោយ​មាន​ច្បាប់​សហជីព។ ទន្ទឹម​គ្នា​នេះ ស្ថាប័ន​អន្តរជាតិ និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​ស្នើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​សហជីព​ដោយ​តម្លាភាព​ដើម្បី​ធានា​ដល់​និរន្ត​ភាព​វិស័យ​កាត់ដេរ​កម្ពុជា។

សហជីព តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នក​ជំនាញ​សេដ្ឋកិច្ច​ពី​ស្ថានទូត​អាមេរិក និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អះអាង​ថា រយៈពេល ៦​ខែ​កន្លង​ទៅ ក្រោយ​កម្ពុជា​មាន​ច្បាប់​សហជីព ស្ថានភាព​នៃ​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​នៅ​តែ​មាន​ការ​រារាំង​ពី​អាជ្ញាធរ។

ការ​លើក​ឡើង​របស់​សហជីព និង​ស្ថាប័ន​អន្តរជាតិ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ស្ដីពី "ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ​កន្លង​មក" ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​កម្មករ​មិន​បាន​ប្រសើរ​ឡើង​ជាង​មុន​ក្រោយ​មាន​ច្បាប់​សហជីព​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​រយៈពេល ៦​ខែ កន្លង​មក​នេះ ទាំង​សហជីព និង​កម្មករ​នៅ​មាន​ចំណុច​ប្រឈម និង​ក្តី​កង្វល់​ខ្លាំង ក្នុង​នោះ​មាន បែបបទ​នៃ​ការ​ចុះ​បញ្ជិកា ការ​ទទួល​ពាក្យ​បណ្ដឹង និង​ការ​ផ្ដល់​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម។

លោក​បន្ត​ថា ការ​រឹត​បន្តឹង​សិទ្ធិ​របស់​សហជីព​នៅ​តែ​បន្ត​កើត​មាន​សហជីព និង​កម្មករ​នៅ​តែ​​រង​ការ​ចោទ​ប្រកាន់ ពិសេស​ការ​ដោះស្រាយ​វិវាទ និង​ជម្លោះ​នៅ​មាន​ការ​រារាំង​ពី​អាជ្ញាធរ ពិសេស​មិន​ស្មើ​ភាព​គ្នា​រវាង​ក្រុម​សហជីព និង​ក្រុម​និយោជក​នៅ​ឡើយ៖ «ឧទាហរណ៍ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន សហជីព​ខ្ញុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​កម្មករ ហើយ​គាត់​មិន​ចេះ​អក្សរ​ទេ​តែ​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទៅ​ក្រសួង ក្រសួង​មិន​ឲ្យ​យើង​ធ្វើ​ជា​តំណាង​ឲ្យ​កម្មករ​ទេ គឺ​ក្រសួង​ឲ្យ​កម្មករ​ខ្លួន​គាត់​ជា​អ្នក​ការពារ​ក្ដី និង​ធ្វើ​ជា​តំណាង​ឲ្យ​ខ្លួន​គាត់។ អ៊ីចឹង​ខ្ញុំ​សួរ​ថា បើ​កម្មករ​គាត់​អត់​ចេះ​អក្សរ​ផង​ហ្នឹង តើ​គាត់​ទៅ​បកស្រាយ​ជាមួយ​ក្រសួង​យ៉ាង​ម៉េច បើ​ខ្លួន​គាត់​មិន​ចេះ​អក្សរ​ផង​ហ្នឹង ហើយ​ទាំង​ខ្លួន​គាត់​ទៅ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ផង​ហ្នឹង តើ​គាត់​ទទួល​បាន​យុត្តិធម៌​ពី​ច្បាប់​នោះ​យ៉ាង​ម៉េច»

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ ស្នើ​ទៅ​ក្រសួង​ការងារ គួរ​តែ​ពិនិត្យ​លើ​ច្បាប់​សហជីព​ឡើង​វិញ និង​គួរ​ចាត់​វិធានការ​ឲ្យ​បាន​ស្មើ​ភាព​មិនមែន​រឹត​បន្តឹង​តែ​អ្នក​ការពារ​សិទ្ធិ​កម្មករ និង​កម្មករ​នោះ​ទេ។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មាន​ប្រសាសន៍​ថា គោលការណ៍​នៃ​ការ​អនុវត្ត​ច្បាប់​នេះ នៅ​មាន​ភាព​ច្របូកច្របល់ ដូចជា​ការ​ចុះ​បញ្ជិកា និង​សិទ្ធិ​នៃ​ការ​បង្កើត​សហជីព​ជាដើម។

អ្នកស្រី វ៉ាន់ហ៊ី លី ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ពិនិត្យ និង​ពិភាក្សា​រួម​គ្នា​លើ​ច្បាប់​សហជីព ប្រសិនជា​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អគ្គលេខាធិការ​នៃ​សហព័ន្ធ​និយោជក (CAMFEBA) លោក សុខ ឡោ មាន​ប្រសាសន៍​ថា ក្រុម​និយោជក​មាន​បញ្ហា​ទំហំ​ធំ​ជាង​សហជីព ព្រោះ​និយោជក​មាន​តួនាទី​បង្កើត​ទីផ្សារ​ការងារ​នៅ​កម្ពុជា។ លោក​ស្នើ​ឲ្យ​សហជីព​គួរ​តែ​គោរព​ច្បាប់​ដែល​មាន​ក្នុង​វិស័យ​ការងារ​ដែរ មិន​គួរ​បន្ទោស​តែ​អ្នក​វិនិយោគ​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា លោក​ស្វាគមន៍​រាល់​ការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពី​ច្បាប់​សហជីព​នេះ៖ «យើង​ចង់​ឲ្យ​ខាង​សហជីព​គោរព​ទៅ​តាម​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ ដែល​មាន​ក្នុង​វិស័យ​ការងារ​ដែរ ព្រោះ​សហជីព​គួរ​គិត​ពី​តួនាទី​របស់​និយោជក តើ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ប្រជាជន​ខ្មែរ? ព្រោះ​យើង​ដឹង​ហើយ ថា​រាល់​ថ្ងៃ​ខាង​និយោជក​ជា​អ្នក​បង្កើត​ការងារ បង្កើត​រោងចក្រ​ឲ្យ​យុវជន​ខ្មែរ នេះ​ជា​ក្តី​កង្វល់ និង​បញ្ហា​របស់​សហជីព»

សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ កន្លង​មក​នេះ មិន​មាន​វត្តមាន​តំណាង​ក្រសួង​ការងារ​ចូលរួម​នោះ​ឡើយ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ធ្លាប់​អះអាង​ថា ដើម​ឆ្នាំ​២០១៦ ក្រោយ​មាន​ច្បាប់​សហជីព ស្ថានភាព​ឧស្សាហកម្ម​សំលៀកបំពាក់​កម្ពុជា  ពិសេស​សិទ្ធិ​កម្មករ​ប្រសើរ​ឡើង​ជាង​មុន ព្រោះ​ចំនួន​រោងចក្រ​ដែល​បាន​បើក​ទ្វារ​ច្រើនជាង​ចំនួន​រោងចក្រ​ដែល​បាន​បិទទ្វារ ឬ​ផ្អាក​ធ្វើ​អាជីវកម្ម ពិសេស​ថយ​ចុះ​បាតុកម្ម​ខុសច្បាប់។

ទោះ​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ស្កុត ឆ្សូសប៊ើក (Scott Schlossberg) និង​អ្នក​ឯកទេស​អង្គការ​អន្តជាតិ​ខាង​ការងារ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​សហជីព​ដោយ​តម្លាភាព យុត្តិធម៌ សំដៅ​ធានា​ការពារ​សិទ្ធ​កម្មករ​ដើម្បី​ធានា​ដល់​និរន្តរភាព​វិស័យ​កាត់​ដេរ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។