ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកនៅសប្ដាហ៍នេះបានបន្តធ្វើយុទ្ធនាការបង្ហោះសារតាមបណ្ដាញសង្គម(facebook) ទាមទារបន្ថែមទៀតឲ្យសមត្ថកិច្ចដោះលែងមេសហជីព លោក រ៉ុង ឈុន និងសកម្មជនសង្គមចំនួន ៧នាក់។ សាច់ញាតិ និងសហជីព គាំទ្រយុទ្ធនាការនេះ ហើយពួកគេជំរុញឲ្យរដ្ឋាភិបាល និងតុលាការទម្លាក់បទចោទលើសកម្មជនទាំងអស់ដោយគ្មានលក្ខខណ្ឌ។
នៅសប្ដាហ៍ទី៨នេះ ក្រុមសង្គមស៊ីវិល បន្តលើកឡើងជាថ្មី ពីការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ក្នុងបទចោទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ និងការចាប់ខ្លួនយុវជនសង្គមចំនួន ៧នាក់ នៃក្រុមខ្មែរថាវរៈ និងសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលបានតវ៉ាដោយអហិង្សាជំទាស់នឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងខែកញ្ញាឆ្នាំមុន។
ក្រុមសង្គមស៊ីវិល នៅតែបង្ហាញការសោកស្ដាយ ចំពោះការចាប់ឃុំខ្លួនអ្នកទាំង៨នាក់ ព្រោះសកម្មភាពរបស់ពួកគេ គ្រាន់តែចង់ការពារយុត្តិធម៌សង្គម និងលើកកម្ពស់សិទ្ធិមនុស្សប៉ុណ្ណោះ តែបែរជារងការគំរាមកំហែង បំភិតបំភ័យ និងការចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌ទៅវិញ។
កាលពីសប្ដាហ៍មុនៗ ក្រុមសង្គមស៊ីវិល បានប្រៀបធៀបសកម្មភាពសង្គម រវាងអ្នកកំពុងជាប់ឃុំទាំង៨នាក់ ទៅនឹងសកម្មជនបរទេសដែលតែងតែទទួលបានការគាំទ្រ ការលើកតម្កើង និងជួយជ្រោមជ្រែងពីអាជ្ញាធររដ្ឋរបស់គេយ៉ាងពេញទំហឹង។
ក្នុងសប្ដាហ៍នេះ ក្រុមសង្គមស៊ីវិលមិនបានបន្តការប្រៀបធៀបបែបនេះទៀតទេ។ ប៉ុន្តែពួកគេបានលើកយកមតិរបស់សាច់ញាតិសកម្មជនទាំង ៨នាក់ មកតាំងបង្ហាញក្នុងរូបថតនៃយុទ្ធនាការលើកនេះ។ សាច់ញាតិរបស់អ្នកទាំង ៨នាក់នោះ លើកឡើងស្រដៀងគ្នាថា សកម្មភាពរបស់សកម្មជនទាំងនោះ គឺជាការការពារផលប្រយោជន៍ជាតិ និងទាមទារឲ្យរដ្ឋាភិបាលទម្លាក់បទចោទប្រឆាំងលើពួកគាត់។
អ្នកទាំង ៨នាក់នោះ មានលោក រ៉ុង ឈុន ដែលត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ ២ឆ្នាំ ពីបទចោទញុះញង់ដោយសារការបញ្ចេញមតិពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ឯយុវជនលោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្មមុនី លោក មួង សុភ័គ្រ និងព្រះតេជព្រះគុណ កើត សារ៉ាយ ពួកគាត់កំពុងជាប់ឃុំបណ្ដោះអាសន្នជាងមួយឆ្នាំហើយ ក្នុងបទចោទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ពាក់ព័ន្ធនឹងការតវ៉ាទាមទារឲ្យតុលាការដោះលែងលោក រ៉ុង ឈុន។
សាច់ញាតិរបស់អ្នកជាប់ឃុំ គាំទ្រយុទ្ធនាការនេះ និងស្នើសុំឲ្យរដ្ឋាភិបាល និងតុលាការ ទម្លាក់បទចោទ និងដោះលែងសកម្មជនទាំង ៨នាក់វិញ។ ប្អូនស្រីរបស់កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា គឺកញ្ញា អេង វ៉ាន់ឌី មិនចង់ឲ្យតុលាការបន្តឃុំខ្លួនសកម្មជនទាំង ៨នាក់នេះទៀតទេ ព្រោះកញ្ញាថា ការឃុំខ្លួនដោយអយុត្តិធម៌ជាងមួយឆ្នាំមកនេះ បានបណ្ដាលឲ្យពួកគេទ្រុឌទ្រោមសុខភាពជាខ្លាំង៖ « ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ ជាយុវជនទាំងអស់គ្នា។ គាត់ធ្វើដើម្បីយុវជនជំនាន់ក្រោយ ហើយនិងសង្គមយើងអ៊ីចឹងណា»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន បានទេ នៅថ្ងៃទី១៣ ខែកញ្ញា។ តែយ៉ាងណាមន្ត្រីរដ្ឋាភិបាលរូបនេះ ធ្លាប់បញ្ជាក់ថាយុទ្ធនាការ គឺជាសិទ្ធិរបស់អង្គការ ឯការសម្រេចក្ដីបែបណា គឺជាឆន្ទានុសិទ្ធិរបស់មន្ត្រីតុលាការ។ចំណែកអង្គការ សមាគម សហជីព បណ្ដាញពលរដ្ឋ និងសហគមន៍អន្តរជាតិជឿថា សំណុំរឿងអ្នកទាំង ៨នាក់ គឺជាការបង្ក្រាបសំឡេងរិះគន់ ជាជាងការអនុវត្តច្បាប់។
ក្រៅពីយុទ្ធនាការដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល ខាងសហជីពកម្មកររោងចក្រ ពួកគេក៏ចូលរួមគាំទ្រការស្នើឲ្យដោះលែងអ្នកទាំង ៨រូបនោះដែរ។
ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ (C.CAWDU) លោក គង់ អាទិត្យ ឲ្យដឹងថា សហជីព និងកម្មករមួយចំនួន បានចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនទាំងអស់ ព្រោះពួកគេជឿថាអ្នកទាំង ៨នាក់មិនមានកំហុស។ លោកមិនចង់ឲ្យមានការបន្តឃុំលោក រ៉ុង ឈុន ទៀតទេ ព្រោះការធ្វើបែបនេះបានជះឥទ្ធិពលមិនល្អដល់សេរីភាពបញ្ចេញមតិរបស់សហជីព៖ « ធ្វើឲ្យមានការភ័យ ឬក៏ចង់និយាយថាបារម្ភពីសកម្មជនផ្សេងៗដែរណា។ មិនប៉ះពាល់ដល់វិស័យកាត់ដេរទ្រង់ទ្រាយធំអ្វីទេ។ គ្រាន់ថា វាប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។ វាប៉ះពាល់ក្នុងការងារឲ្យវាបានសេរីជាងមុនអ្វីណា វាប៉ះពាល់ដល់អារម្មណ៍ដូចថាសកម្មជន ដូចពួកខ្ញុំអ្វីហ្នឹងណា»។
ចាប់តាំងពីឆ្នាំ២០២០ មក របបក្រុងភ្នំពេញបានបង្កើនការចាប់ខ្លួនអ្នករិះគន់ឡើងវិញ។ គិតត្រឹមចុងខែកញ្ញានេះ សមត្ថកិច្ចបានចាប់អ្នកនយោបាយ សកម្មជនសង្គម សិទ្ធិមនុស្ស គ្រូបង្រៀនអ្នកការពារបរិស្ថាន ដាក់ឃុំក្នុងពន្ធនាគារសរុបជិត ៩០នាក់ហើយ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ ចំនួននេះមិនទាន់រាប់បញ្ចូលដល់ជនរងគ្រោះពីការលបវាយរបស់ជនមិនស្គាល់មុខ និងជនរងគ្រោះកំពុងរត់ភៀសខ្លួននោះទេ។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់ ហើយត្រូវបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។