អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា មេដឹកនាំអាស៊ានមួយចំនួនកំពុងតែបង្រ្កាបសំឡេងរិះគន់ និងរំលោភសិទ្ធិមនុស្ស ដើម្បីការពារអំណាចរបស់ខ្លួន ដែលទង្វើនេះរំលោភច្បាប់ជាតិ និងអន្តរជាតិ។ ជាក់ស្ដែងកាលពីពេលថ្មីៗ ការបាត់ខ្លួនសកម្មជននយោបាយថៃនៅរាជធានីភ្នំពេញ និងការមិនយកចិត្តទុកដាក់ស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា បង្ហាញថា រដ្ឋាភិបាលកម្ពុជាមិនអើពើទៅលើឧក្រិដ្ឋកម្មដែលកើតមានឡើង ក្នុងប្រទេសកម្ពុជា ដែល ធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ។
អ្នកវិភាគ និងអ្នកជំនាញផ្នែកច្បាប់លើកឡើងថា ប្រទេសនៅក្នុងតំបន់អាស៊ាន ពុំមានយន្តការរួមក្នុងការទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស និងការធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ឡើយ ដោយប្រទេសនីមួយៗ គិតតែពីការពង្រឹងអំណាចរបស់ខ្លួនជាកក្តាចម្បង។
យុវជនបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និងជាមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា(PDP) លោក ហេង គីមហុង មានប្រសាសន៍ថា ទោះបីជាអាស៊ានជាអង្គការមួយថ្នាក់តំបន់ក្ដី តែការអនុវត្តការងារជាក់ស្ដែងរបស់សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ហៅថា អាស៊ាន (ASEAN) នេះ មិនបាន ទប់ស្កាត់អំពើរំលោភសិទ្ធិមនុស្ស និងការ ធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំងនោះទេ។ លោកបានលើកឧទាហរណ៍ប្រទេសមួយចំនួនកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជា ប្រទេសភូមា (Myanmar) ក្រុមយោធាបាញ់សម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលគេចាត់ទុកជាអំពើប្រល័យពូជសាសន៍។ រដ្ឋាភិបាលវៀតណាមវិញ (Vietnam) ក៏ធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិច ម៉ុងតាញ៉ា (Montagnard) ដែលពួកគេមួយចំនួនបានភៀសខ្លួនរកកន្លែងសុវត្ថិភាពជាដើម៖ «សកម្មភាពភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងនេះ មិនមែនជាសកម្មភាពមួយក្នុងគ្របខណ្ឌអាស៊ាននោះទេ តែវាជាការសកម្មភាពជាអន្តរជាតិ ដូច្នេះសមាជិកអាស៊ានគួរតែផ្ដល់អនុសាសន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបញ្ឈប់នូវអំពើប្រល័យពួជសាសន៍នេះ ដើម្បីឲ្យមានភាពល្អប្រសើរឡើងវិញ»។
អង្គការសិទ្ធិមនុស្សសហប្រជាជាតិបានចោទក្រុមយោធាមីយ៉ាន់ម៉ាថា បាន សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងប្រមាណ ៧សែន ៤ ម៉ឺននាក់ផ្សេងទៀត បង្ខំចិត្តភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងជំរំជនភៀសខ្លួននៅ ប្រទេសបង់ក្លាដែស ដោយសារតែប្រតិបត្តិការរបស់យោធាបង្ក្រាបដ៏ធំមួយនៅក្នុងរដ្ឋរ៉ាក់ខាញ (Rakhine) នៅក្នុងឆ្នាំ២០១៧។ អង្គការសហប្រជាជាតិបានចាត់ទុកសកម្មភាពសម្លាប់មនុស្សរង្គាលនៅភូមានេះថា ជាអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
សម្រាប់នៅកម្ពុជាវិញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន រួមទាំងអង្គការសហប្រជាជាតិផង បានចេញរបាយការណ៍ថ្កោលទោសជាបន្តបន្ទាប់អំពីការរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ជាពិសេស ការធ្វើទុក្ខបុកម្នេញពលរដ្ឋមិនឲ្យបញ្ចេញមតិ ការចាប់ចងសកម្មជន និងមេបក្សប្រឆាំង។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន អះអាងថា ទោះបីស្ថាប័នសិទ្ធិមនុស្សអន្តរជាតិវាយតម្លៃស្ថានភាពសិទ្ធិមនុស្សកម្ពុជាខុសៗ គ្នាបែបនេះក្ដី ប៉ុន្តែស្ថានភាពពិតកម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្សក្នុងចំណោមប្រទេសដទៃទៀតនៅក្នុងតំបន់៖ «ស្ថានភាពសិទ្ធិមនុស្សនេះ យើងឃើញថាមានភាពចម្រូងចម្រាស់ ដោយផ្អែកលើក្រុមនីមួយៗ និងកត្តាភូមិសាស្រ្តរបស់តំបន់នីមួយៗ តែទោះជាយ៉ាងណាយើងសហការ ធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់»
ការបាត់ខ្លួនដោយបង្ខំរបស់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅលើទឹកដីកម្ពុជា កាលពីថ្ងៃទី៤ មិថុនានោះ ក៏បណ្ដាលឱ្យមានការសង្ស័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវរ៉ូវជាមួយរដ្ឋាភិបាលថៃ ក្នុងការរដោះដូរសកម្មជនគណបក្សប្រឆាំងខ្មែរកំពុងភៀសខ្លួននៅប្រទេសថៃនៅពេលអនាគតដែរ។
ទាក់ទងនិងបញ្ហានេះ លោក ហេង គឹម ហុង សំដែងការសោកស្ដាយដែលរដ្ឋាភិបាលតែងតែអះអាងថា កម្ពុជាជាប្រទេសមានសន្តិសុខ និងសន្តិភាព ផ្ទុយទៅវិញបែរជាករណីចាប់ពង្រត់សកម្មជននយោបាយប្រឆាំងថៃទៅវិញ។ លោក បញ្ជាក់ថា បើសិនសកម្មជនថៃរូបនេះត្រូវបាន សម្លាប់ ឬយ៉ាងណានោះ គឺជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលអាស៊ានមិនគួរនៅស្ងៀមស្ងាត់ឱបដៃឈរមើលឡើយ។ លោក ថា ករណីបាត់ខ្លួនសកម្មជននយោបាយក្រុមអាវក្រហមថៃនេះ រដ្ឋាភិបាលកម្ពុជា គួរតែទទួលខុសត្រូវលើករណីនេះ៖ «ការស៊ើបអង្កេតរបស់សមត្ថកិច្ចខ្មែរកន្លងមកនេះ មិនធ្វើឲ្យភាគីពាក់ព័ន្ធអស់ចិត្តទាល់តែសោះ ដូច្នេះយើងចង់ឲ្យមានការស៊ើបអង្កេតដោយតម្លាភាព និងមានការចូលរួមពីអាជ្ញាធរថៃដែរ»។
ពលរដ្ឋថៃរាប់សិបនាក់ នៅថ្ងៃទី១៥ មិថុនា នេះ បានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជាលើកទី២ ដែលលើកទី១ ធ្វើនៅថ្ងៃទី ៨ មិថុនា ទាមទារ ឱ្យកម្ពុជា ស៊ើបអង្កេតករណីចាប់ពង្រត់នេះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី មើលឃើញថា ពលរដ្ឋថៃនឹងមិនអាចបញ្ឈប់ការធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវលើសំណុំរឿងនេះឡើយ៖ «ទោះបីជាគាត់ជាពិរុទ្ធជនក្ដី ប្រទេសនីមួយៗមានកិច្ចព្រមព្រៀងចាប់បញ្ជួនមនុស្ស តែបើសិនជាករណីលេងឆៅនេះបានកើតមានមែន វាជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោក ឆាយ គឹមឃឿន មិនធ្វើអត្ថាធិប្បាយជំវិញ និងករណីនេះទេ កាលពីរាត្រីថ្ងៃទី១៦ មិថុនានេះ ដោយលោកប្រាប់ថា ហួសម៉ោងរដ្ឋបាលធ្វើការរបស់លោក។ ទោះជាយ៉ាងនេះក្ដី លោក ឆាយ គឹមឃឿន ធ្លាប់បដិសេធចំពោះការចោទប្រកាន់ដែលថា អាជ្ញាធរកម្ពុជាជាប់ពាក់ព័ន្ធនឹងករណីចាប់ពង្រត់សកម្មជន នយោបាយថៃរូបនេះ។ លោកថា ផ្អែកតាមឯកសារស្រាវជ្រាវ លោក វ៉ាន់ឆាឡឺម មិនបាននៅ កម្ពុជាតាំងពីឆ្នាំ២០១៧។ លោកបន្តថា អាជ្ញាធរកម្ពុជាក៏កំពុងតែខិតខំរកសាក្សី រកភស្តុតាងពាក់ព័ន្ធនឹងព័ត៌មានទាំងនេះ។
សកម្មជនក្រុមអាវក្រហមថៃ លោក វ៉ាន់ឆាឡឺម សាត់ស័ក្ខិសិទ្ធិ អាយុ ៣៧ ឆ្នាំ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ពីកន្លែងស្នាក់នៅរបស់លោក ចូលទៅក្នុងរថយន្តពណ៌ខ្មៅមួយ រួចបើកទៅបាត់ កាលពីថ្ងៃទី៤ មិថុនា។ បើតាមបងស្រីរបស់លោក វ៉ាន់ឆាឡឺម គឺលោក វ៉ាន់ឆាឡឺម កំពុងនិយាយទូរស័ព្ទជាមួយលោកស្រីនៅពេលការចាប់ពង្រត់នោះកើតឡើង។ លោកស្រីបញ្ជាក់ថា បានឮលោក វ៉ាន់ឆាឡឺម ស្រែកថា៖ «អូយ! ខ្ញុំដកដង្ហើមមិនរួចទេ» ហើយទូរស័ព្ទក៏ត្រូវគេចុចផ្តាច់ទៅ។ ករណីចាប់ពង្រត់សកម្មជនអាវក្រហមថៃរូបនេះ កើតមានឡើងមួយ ថ្ងៃក្រោយពេលលោកបង្ហោះវីដេអូរិះគន់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅលើទំព័រហ្វេសប៊ុករបស់លោក។ អាជ្ញាធរថៃកាលពីខែមិថុនា ឆ្នាំ២០១៨ បានចេញដីកាតាមចាប់ខ្លួនលោក វ៉ាន់ឆាឡឺម ពីបទល្មើសព័ត៌មានវិទ្យា ដោយសារតែលោកបានប្រើទំព័រហ្វេសប៊ុក ធ្វើជាមធ្យោបាយរិះគន់រដ្ឋាភិបាលថៃ។
រដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នទទូលស្គាល់អនុសញ្ញាអន្តរជាតិស្ដីពីការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦ ហើយបានចូលជាធរមានតាមច្បាប់កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០។ ការបាត់ខ្លួនដោយបង្ខំសំដៅដល់ការចាប់ខ្លួន ការឃុំខ្លួន ការចាប់ពង្រត់ ឬទម្រង់ផ្សេងទៀតនៃការដកហូតសិទ្ធិ ធ្វើឡើងដោយភ្នាក់ងាររដ្ឋ ឬបុគ្គល ឬក្រុមបុគ្គលដែលមានការអនុញ្ញាត ការគំាទ្រ ឬការយល់ព្រមពីរដ្ឋ លុះក្រោយមក បានបដិសេធមិនទទួលស្គាល់ពីការដកហូតសេរីភាព ឬដោយមានការលាក់កំបាំងពីជោគវាសនា ឬទីកន្លែងជនដែលបាត់ខ្លួន ដោយដាក់ជននោះឲ្យស្ថិតនៅក្រៅពីការពារពីច្បាប់។
ក្រុមសមាជិកសភាអាស៊ានកាលពីដើមខែមិថុនា លើកឡើងថា អាស៊ាន មិនគួរក្លាយជាតំបន់ឋានសួគ៌របស់ក្រុមមេដឹកនាំផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សឡើយ។ ប្រធានសមាជិកសភាអាស៊ាន លោក ឆាល សាន់ធីយ៉ាហ្គោ (Charles Santiago) លើកឡើងថា និន្នាការកើនឡើងក្នុងចំណោមរដ្ឋាភិបាលអាស៊ាន នៃការចាប់បញ្ជូនអ្នកនយោបាយប្រឆាំង ដែលបានរត់ភៀសខ្លួនទៅប្រទេសជិតខាង យកមកផ្ដន្ទាទោសក្នុងស្រុកវិញនេះ គឺជារឿងរ៉ាវដ៏គ្រោះថ្នាក់បំផុត។
ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសអាស៊ាន មិនគួរអនុញ្ញាតឲ្យមេដឹកនាំអាស៊ានមួយចំនួនធ្វើទុក្ខបុកម្នេញសំឡេងរិះគន់ និងអ្នកនយោបាយប្រឆាំងបានឡើយ ពួកគេគួរតែរកយន្តការរួមមួយ ដើម្បីទប់ស្កាត់អំពើរំលោភសិទ្ធិមនុស្ស និងការយាយីសំឡេងប្រឆាំងនៅក្នុងប្រទេសទំាងនេះ ដើម្បីឲ្យអាស៊ានក្លាយទៅជាសហគមន៍តែមួយដែលមានសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋគ្រប់និន្នាការនយោបាយ និងត្រូវគោរពសិទ្ធិពលរដ្ឋគ្រប់ជាតិសាសន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។