ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រាប់រយ​នាក់​មាន​ជីវភាព​ខ្វះ​ខាត​ដោយសារ​អត់​ការងារ​ធ្វើ

0:00 / 0:00

ពលករ​ខ្មែរ​រាប់​រយ​នាក់​នៅ​ក្នុង​ខេត្ត​មួយ​នៃ​ប្រទេស​ថៃ​កំពុង​ជួប​ការ​លំបាក​ខ្វះ​លុយ​ទិញ​អាហារ និង​បង់​ថ្លៃ​បន្ទប់​ជួល ដោយ​សារ​អត់​ការងារ​ធ្វើ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​យ៉ាង​ហោច​ណាស់ ជួយ​ឱ្យ​ពលករ​ទាំង​នោះ​មាន​អាហារ និង​កន្លែង​ស្នាក់​នៅ​សមរម្យ។

ពលករ​ខ្មែរ​រាប់​រយ​នាក់​ធ្វើ​ការងារ​នៅ​ក្នុង​តំបន់​មួយ​នៅ​ក្នុង​ខេត្ត​រ៉ាក់យង់ (Rayong) ប្រទេស​ថៃ កំពុង​ជួប​បញ្ហា​ខ្វះខាត​ អាហារ​និង​មិន​មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល​ដោយ សារ​តែ​គ្មាន​ការងារ​ធ្វើ។

ពលករ​ខ្មែរ​លោកស្រី ស៊ិន ដា ថ្លែង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ថា រោងចក្រ​ជា​ច្រើន​បាន​បញ្ឈប់​ពលករ​ខ្មែរ​ជា​បន្ត​បន្ទាប់ ដោយ​មិនមាន​ផ្តល់​សំណង​អ្វី​សម​ស្រប​ទេ បណ្តាល​ឱ្យ​អ្នក​ទាំង​នោះ​បាត់​បង់​ប្រាក់​ចំណូល​សម្រាប់​ចំណាយ​លើ​អាហារ និង​ការ​ស្នាក់​នៅ។

លោកស្រី​ ស៊ិន ដា៖ «ឥឡូវ​រោងង៉ាន​(រោងចក្រ​)​គេ​កាត់​ឈ្មោះ​ច្រើន​ណាស់ ​រាប់​រយ​នាក់​ឯណោះ​។​ គេ​ថា​ អត់​ការងារ​ធ្វើ​រោងង៉ាន​គេ​កាត់​ឈ្មោះ​ចោល​បណ្តោយ​។ គេ​ឱ្យ​យើង​ទៅ​រក​ការងារ​ថ្មី​ ទៅ​រក​ឯណា​ក៏​រក​ទៅ»។

លោកស្រី​បន្ត​ថា​ ពលករ​ខ្មែរ​៥នាក់​កំពុង​សុំ​បន្ទប់​របស់​លោកស្រី​ស្នាក់​នៅ​ ខណៈ​រាប់​រយ​នាក់​ ផ្សេង​ទៀត​ក៏​កំពុង​សុំ​អ្នក​ស្គាល់​គ្នា​ស្នាក់​នៅ​ដែរ។

ពលករ​ម្នាក់​ទៀត​គឺ​យុវតី គឹម សៀន ឱ្យ​ដឹង​ថា កញ្ញា​ត្រូវ​រើ​អីវ៉ាន់​ចេញ​ទៅ​នៅ​បន្ទប់​អ្នក​ជិត​ខាង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដោយសារ​តែ​មិន​មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល។ កញ្ញា គឹម សៀន ថា អត់​ការងារ​ធ្វើ​នៅ​ដើម​ខែ​ឧសភា​ ហើយ​ម្យ៉ាង​​គ្រួសារ​កញ្ញា​ជំពាក់​បំណុល​គេ​ច្រើន ទើប​មិន​អាច​ខ្ចី​លុយ​ថៅកែ ឬ​អ្នក​ផ្សេង​ដើម្បី​ដោះ​ស្រាយ​ក្នុង​ស្ថាន​ភាព​លំបាក​នេះ​បាន​ទេ។

កញ្ញា គឹម សៀន៖ «ប្រាប់​គាត់​ហើយ​ គាត់​ថា​ ឱ្យ​យក​លុយ​ថៅកែ​នៅ​​រោងង៉ាន​(រោងចក្រ​)ចាយ​សិន។ ប៉ុន្តែ​ថៅកែ​គាត់​ថា​ អត់​អាច​យក​បាន​ទេ ព្រោះ​ថា​ ជំពាក់​ច្រើន​ហើយ»។

សមាជិក​បណ្តាញ​អ្នកស្ម័គ្រ​ចិត្ត​ជួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​លោក សយ ប៊ុនរ៉េត ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​នៅ​ក្នុង​ខេត្ត​រ៉ាក់យង់ កំពុង​ជួប​ការ​លំបាក​ច្រើន​ គឺ​អ្នក​ចាស់​ បាត់​បង់​ការងារ​ ចំណែក​អ្នក​ដែល​ទើប​ធ្វើ​ដំណើរ​ពី​កម្ពុជា ទៅ​ដល់​ទឹក​ដី​ថៃ​ថ្មីៗ រក​ការងារ​មិន​បាន​ធ្វើ​នៅ​ឡើយ។

លោក​បន្ត​ថា​ មូល​ហេតុ​ដែល​ពលករ​ខ្មែរ​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ មិន​ទទួល​បាន​ សំណង​នោះ​ដោយសារ​ពួក​គេ​ជា​ពលករ​ខុស​ច្បាប់​ និង​មួយ​ចំនួន​មិន​គ្រប់​អាយុ​ដែល​ ច្បាប់​ការងារ​ថៃ​ទទួល​ឱ្យ​ធ្វើការ។

ចំណែក​ករណី​យុវតី គឹម សៀន ដែល​កំពុង​ប្រឈម​ការ​ដេញ​ចេញ​ ពី​បន្ទប់​ស្នាក់​ នៅ​នោះ​លោក​ ប៊ុន រ៉េត ថា លោក​កំពុង​សម្រប​សម្រួល​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ឱ្យ​ជួយ​ដោះ​ស្រាយ។

លោក ប៊ុន រ៉េត៖ «ខ្ញុំ​ប្រាប់​ធា​ហើយ​ ហើយ​ធា ថា​ គេ​កំពុង​ពិភាក្សា​ជាមួយ​មេ​ធំ​ថា​ តើ​អាច​ជួយ​ថ្លៃ​ហង់​(បន្ទប់​ជួល​)បាន​ឬ​យ៉ាង​ណា​?៣ពាន់​ហ្នឹង​(បាត)ឬ​មាន​កញ្ចប់​ស្បៀង​អាហារ​ថែម​ទៀត»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង មាន​ប្រសាសន៍​ថា​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ បញ្ហា​នេះ​ គឺ​ស្ថានទូត​ ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ។ លោក​ជំរុញ​ឱ្យ​ស្ថានទូត​ជួយ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល យ៉ាង​ហោច​ណាស់​ឱ្យ​ពលករ​មាន​អាហារ​និង​កន្លែង​ស្នាក់​នៅ​សមរម្យ។

លោក យង់ គិមអេង៖ «ឥឡូវ​គាត់​អស់​លុយ​អស់​កាក់​ហើយ​ គាត់​អស់​ទាំង​លុយ​ ទិញ​អាហារ​ហូប​ចុក​អី​ផង​អាហ្នឹង​ យ៉ាង​ហោច​ណាស់​ក៏​ជួយ​ដោះ​ស្រាយ​ អាហារ​ហូប​ ចុក​គ្នា​ខ្លះ​អ៊ីចឹង​ទៅ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ ដើម្បី​សាក​សួរ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា។

តាម​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​គឺ​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ខែ​មេសា​កន្លង​ទៅ​នេះ​ចំនួន​ពលរដ្ឋ​ខ្មែរ​សម្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​មាន​ចំនួន​ច្រើន។

របាយការណ៍​សង់ត្រាល់​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ប្រមាណ ២​លាន​នាក់ ក្នុង​នោះ​ពាក់​កណ្តាល​ជា​ពលករ​ខុស​ច្បាប់​ដែល​ប្រឈម​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ និង​ប្រឈម​ការ​កេង​ប្រវ័ញ្ច​ពី​ថៅកែ​ដែរ។

នៅ​ចុង​ខែ​មេសា កន្លង​ទៅ ក៏​មាន​ពលករ​ខ្មែរ​ជាង ៨​រយ​នាក់​ត្រូវ​យោធា​ថៃ​ចាប់​ខ្លួន​ដោយ​សារ​មិន​មាន​ឯកសារ​ស្នាក់នៅ​ស្រប​ច្បាប់​ នៅ​ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​យោធា​ថៃ ចង​ដោយ​ច្រវាក់​ជា​ក្រុមៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។