ក្រុមកូដករណាហ្គាវើលដ៍មួយចំនួនក្រងផ្កាលក់ និងរកការងារក្រៅម៉ោងធ្វើដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគេអះអាងថា ក្រុមកូដករធ្វើការងារដោយប្រើកម្លាំងមិនមែនស៊ីឈ្នួលធ្វើកូដកម្មដូចការចោទរបស់រដ្ឋាភិបាលឡើយ។
ក្រុមកូដករមួយចំនួនធ្លាក់ខ្លួនឈឺ និងគ្មានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈវិវាទការងារអូសបន្លាយជាង ១ឆ្នាំមកនេះ ពុំមានដំណោះស្រាយពីថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ និងអាជ្ញាធរពាក់ព័ន្ធ។ ទោះបីជាពួកគេទាំងនោះមានរាងកាយស្គមស្គាំងគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ក្ដីក៏នៅរសៀលថ្ងៃទី០៩ មេសា ក្រុមកូដករប្រមាណ ៥០នាក់ បន្តប្រមូលផ្តុំគ្នាតវ៉ាទាមទារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យថៅកែដោះស្រាយវិវាទការងារ និងទម្លាក់បទចោទលើតំណាងសហជីពរបស់ពួកគេ ហើយឈប់ប្រើប្រព័ន្ធតុលាការគំរាមកំហែងពួកគេទៀត។ ពួកគេនាំគ្នាវាយស្គរ កាន់រូបថត កញ្ញា ឈឹម ស៊ីថរ ហើយមួយចំនួនទៀតស្រែកឱ្យថៅកែគោរពសិទ្ធិការងារ។
កូដករណាហ្គាវើលដ៍ អ្នកនាង ម៉ម សុវុឌ្ឍិន ថ្លែងថា ក្រុមកូដករមួយចំនួនមានសុខភាពទន់ខ្សោយដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់ ជាពិសេសកូនៗរបស់ពួកគេដែលជាវ័យត្រូវការអាហារូបត្ថម្ភដើម្បីលូតលាស់។ អ្នកនាងបន្តថា អ្នកនាង ឆ្លៀតពីការធ្វើកូដកម្មក្រងផ្កាលក់ ហើយការលក់នេះគឺបានតែថ្ងៃបុណ្យទានតែប៉ុណ្ណោះ ដើម្បីយកប្រាក់ទុកបង់ថ្លៃទឹកភ្លើង និងសម្រាប់ទិញអាហារខ្លះ ។ ចំណែកកូដករមួយចំនួនទៀត ធ្វើទឹកសណ្ដែក ធ្វើនំបញ្ចុកលក់ និងអ្នកខ្លះទៀតធ្វើការក្រៅម៉ោងរកប្រាក់ដោះស្រាយជីវភាព។
អ្នកនាង ម៉ម សុវុឌ្ឍិន៖ «និយាយៗចេះតែអួលដើមក យើងអត់ចំណូលអីសោះហើយរដូវបុណ្យទានទៀតយើងចង់ទៅផ្ទះមានរបស់របរជូនអ្នកផ្ទះ ប៉ុន្តែយើងអត់បានជូនអ៊ីចឹង ប៉ុន្តែអ្នកផ្ទះគាត់យល់ដែរ គាត់មិនសូវដាក់បន្ទុកយើង ឬក៏ដាក់សម្ពាធយើងមួយតង់ទៀតទេ អាហ្នឹងក្នុងនាមយើងជាកូន ឬក៏ជាសាច់ញាតិនៅតែមានចិត្តថា អន់ចិត្តតិចតួចដែលអ៊ីចឹង»។
កន្លងមកក្រុមកូដករ ក៏បានដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរដ្ឋសភា និងក្រសួងមហាផ្ទៃដែរ ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានឡើយ។ លើសពីនេះ សាលារាជធានីភ្នំពេញ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ចំរ៉ុង និងមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងជាមនុស្សជំនិតលោក ហ៊ុន ម៉ាណែត គឺ លោក ហេង សួរ ព្រមទាំងប្រព័ន្ធឃោសនារបស់រដ្ឋាភិបាល បានព្យាយាមបង្កើនវោហារ ទូរស័ព្ទគំរាមកំហែង និងលាបពណ៌លើក្រុមកូដករថា ធ្វើការតវ៉ាខុសច្បាប់ និងស៊ីឈ្នួលសម្ដែងធ្វើកូដកម្មជាដើម។ ការចោទប្រកាន់ទាំងនេះហើយ ដែលបានធ្វើឲ្យក្រុមកូដករណាហ្គាវើលដ៍ភាគជាច្រើនជាស្ត្រី ត្រូវបានអាជ្ញាធរថ្នាក់ក្រោម ចាប់ដាក់គុក វាយដំទាត់ធាក់រហូតស្ត្រីខ្លះបែកមុខ បែកមាត់ និងស្ត្រីម្នាក់រលូតកូនក្នុងផ្ទៃទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។