ប្រជាពលរដ្ឋនៅតែរន្ធត់ចិត្តចំពោះឃាតករឆក់យកជីវិតបណ្ឌិត កែម ឡី
2022.07.05
ក្នុងគម្រប់ខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី រួមទាំងប្រជាកសិករ និងព្រះសង្ឃលើកឡើងថា ពួកគាត់នៅតែគោរពស្រលាញ់ ចងចាំដល់វីរភាពរបស់លោកបណ្ឌិត កែម ឡី ជានិច្ច និងដិតដាមនូវក្ដីរន្ធត់ សោកស្ដាយ ចំពោះឃាតករព្រៃផ្សៃដែលឆក់យកជីវិតលោកទាំងកណ្ដាលថ្ងៃនៅក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិល នៅតែទទូចដល់រដ្ឋាភិបាលស៊ើបអង្កេតដោយឯករាជ្យតាមចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ និងឃាតកពិតប្រាកដយកដាក់ទោស ដើម្បីលុបបំបាត់អំពើនិទណ្ឌភាពក្នុងសង្គម និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ប្រជាពលរដ្ឋ ព្រះសង្ឃ និស្សិតបញ្ញាវន្ត លើកឡើងថា ថ្វីត្បិតបណ្ឌិត កែម ឡី ត្រូវបានឃាតករឆក់យកជីវិត៦ឆ្នាំកន្លងមកនេះ ពួកគាត់នៅតែនឹករម្លឹកនូវវីរភាពរបស់លោក និងមានក្ដីសោកសង្រេងនៅពេលពួកគាត់បានស្ដាប់ប្រសាសន៍បណ្ឌិត កែម ឡី ត្រូវបានគេចាក់ផ្សាយនៅតាមបណ្ដាញសង្គមនានា។
ព្រះសង្ឃមួយអង្គដែលតែងតែឈឺឆ្អាលពីបញ្ហាសង្គមជាតិ និងធនធានធម្មជាតិ គឺព្រះតេជៈគណ ប៉ោម សុខៃវណ្ណៈ មានថេរដីការប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែកក្កដា ថាព្រះអង្គនៅតែមានសេចក្ដីនឹករម្លឹក និងរន្ធត់ចិត្តនៅពេលស្រមៃឃើញរូបភាពនៃខ្មាន់កាំភ្លើងបានបាញ់សម្លាប់បណ្ឌិតកែម ឡី កាលពីឆ្នាំ២០១៦។ ព្រះតេជៈគណ លើកឡើងថា បណ្ឌិត កែម ឡី កាលលោកមានជីវិត លោកតែងតែតម្កល់ផលប្រយោជន៍ប្រទេសជាតិធំជាងអ្វីៗទាំងអស់ សូម្បីតែជីវិតរបស់លោក ដើម្បីផ្តល់ទស្សនៈ និងផ្នត់គំនិតដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនជំនាន់ក្រោយឱ្យមានភាពក្លាហានងើបតតាំងនឹងអំពើជិះជាន់ និងការរងភាពអយុត្តិធម៌ ពីសំណាក់អ្នកមានលុយមានអំណាច ដែលកំពុងកើតឡើងពាសពេញសង្គមកម្ពុជា៖ «យុវជនយើងរាល់ថ្ងៃ គួរតែលះបង់ សេចក្ដីសុខខ្លួនឯង ដើម្បីជាតិឱ្យបានច្រើន។ សង្គមបច្ចុប្បន្ននេះ យើងមិនអាចចាំយូរទៀតបានទេ សូមចំរើនពរប៉ុណ្ណឹងមិនអាចចាំយូរបានទេ។ គឺយើងយុវជន គួរតែមានស្មារតី ស្រឡាញ់ជាតិមាតុភូមិនេះ ហើយមិនអាចចាំ ដែលទៅមុខ បួន ដប់ ម្ភៃ ឆ្នាំ ឬអាចរៀនចប់ទេ គឺយើងផ្តើមធ្វើឥឡូវនេះ គឺយកគាត់ [បណ្ឌិត កែម ឡី]ជាគំរូ ដែលគាត់ហ៊ានលះបង់ពលីជីវិត គ្រប់បែបយ៉ាង ដើម្បីសង្គមជាតិរបស់យើង។ យើងគួរតែលះបង់ ព្រោះសង្គមខ្មែរយើងសព្វថ្ងៃនេះ គឺពោរពេញដោយអយុត្តិធម៌ ទឹកភ្នែករាស្រ្តគ្រប់បែបយ៉ាង វាមិនមានក្ដីសុខ និងសន្តិភាពណាមួយឡើយ»។
ពលរដ្ឋម្នាក់រស់នៅខេត្តតាកែវលោក សឿន ពិសិដ្ឋ លើកឡើងថា ការបាត់បង់បណ្ឌិត កែម ឡី គឺជាការបាត់បង់នូវវីរជនស្នេហាជាតិដែលមានធនធានដ៏កម្រ។ ទោះជាយ៉ាងណា លោកមើលឃើញថា រហូតមកដល់គម្រប់ខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិតកែម ឡី រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមិនបានបង្ហាញវិសាលភាពក្នុងការស៊ើបអង្កេតរកមុខឃាតករពិតប្រាកដយកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារបណ្ឌិតកែមឡី នៅឡើយទេ៖ «លោកគ្រូ កែម ឡី គឺជាមនុស្សដែលជួយសកម្មភាពសង្គមច្រើន ហើយជាគំរូល្អ។ ប៉ុន្តែ ការមរណភាពរបស់គាត់ ជាមរណភាពដែលអយុត្តិធម៌សម្រាប់ ដែលគេអនុវត្តនីតិវិធីច្បាប់ វាអាចជាតុលាការស្រមោល តុលាការតេឡេ សម្រាប់នៅស្រុកខ្មែរយើង។ យើងទាំងអស់គ្នា ត្រូវតែបន្តសកម្មភាព ទង្វើល្អៗសម្រាប់សង្គមយើង ត្រូវតែចេះទាមទារ នូវតម្លៃនៃសិទ្ធិមនុស្សទាំងអស់គ្នា»។
ស្រដៀងគ្នានេះដែរ កម្មករអូសរទេះបន្លែម្នាក់រស់នៅក្រុងប៉ោយប៉ែតសុំមិនបញ្ចេញឈ្មោះ ថ្លែងថា ករណីឃាតកម្មលើរូបបណ្ឌិតកែម ឡី កន្លងមកនេះ លោកមិនជឿថា មានឃាតករតែម្នាក់ឈ្មោះជួប សម្លាប់ នោះទេ ដោយសារតែលោកយល់ថា លោកបណ្ឌិត គឺជាអ្នកវិភាគម្នាក់ដែលតែងតែនិយាយរិះគន់ចំៗទៅកាន់រដ្ឋាភិបាល និងអ្នកមានអំណាចមួយចំនួនដែលតែងរំលោភបំពានដីធ្លីប្រជាពលរដ្ឋ។ លោកយល់ថា ការសម្លាប់បណ្ឌិតកែម ឡី គឺជាការគំរាមកំហែងដល់ធនធានបញ្ញាវន្តជំនាន់ក្រោយ និងអ្នកវិភាគដ៏ទៃទៀតដែលគេមិនចង់ឱ្យមានការលើកឡើងពីបញ្ហាសង្គម និងខ្វាយខ្វល់ពីប្រទេសជាតិទាំងមូល៖ «សោកស្ដាយ ព្រោះគាត់ជាបណ្ឌិត អ្នកចេះដឹង គាត់វិភាគចំៗ ត្រូវចំចំណុច ព្រោះអីខ្ញុំតាមមើលស្ដាប់គាត់រហូតដែលហ្នឹង ព្រោះអីខ្ញុំចូលចិត្តគាត់។ អាហ្នឹង គេគំរាមម្នាក់អញ្ចឹង គេវាយ ១រយនាក់ (១០០) អញ្ចឹង ដើម្បីកុំឱ្យប្រជាពលរដ្ឋ ងើបតវ៉ា ងើបដឹងឮ ពីប្រទេសជាតិ។ ខ្ញុំប្រជាពលរដ្ឋដែរ ខ្ញុំក៏ដឹងដែរ ប៉ុន្តែយើងនិយាយមិនកើត បានត្រឹមតែមើល រួចទុកក្នុងចិត្តបានតែការឈឺចុកចាប់»។
ដោយឡែក ពលរដ្ឋដែលជាជនជាតិភាគតិចកួយម្នាក់រស់នៅខេត្តមណ្ឌលគិរីលោកស្រី តេះ ស្រីនិច ថ្លែងថា ថ្វីត្បិតលោកស្រី មិនដែលបានស្គាល់ជួបផ្ទាល់ជាមួយបណ្ឌិត កែម ឡី ប៉ុន្តែលោកស្រីអះអាងថា លោកស្រីស្គាល់លោកបណ្ឌិតច្បាស់ ដោយសារតែកាលលោកនៅមានជីវិត បណ្ឌិត កែម ឡី តែងតែចុះមកសិក្សានៅតំបន់ភូមិភាគឦសាន និងតែងតែផ្តល់ក្ដីស្រឡាញ់រាប់អានទៅកាន់បងប្អូនជនជាតិភាគតិច៖ «ដោយសារតែគាត់ជាមនុស្សម្នាក់ ដែលគាត់ស្រឡាញ់ប្រជាពលរដ្ឋឬក៏យើងហៅគាត់ថា ជាមនុស្សម្នាក់ដែលចូលចិត្តការពារផលប្រយោជន៍ប្រទេសជាតិ។ នៅពេលដល់អញ្ចឹងទៅ ឃើញគាត់ស្លាប់ដោយអនោចអធម ដោយគ្មានធម៌មេត្តា។ ប្រហែលជាមានមនុស្សច្រើន ដែលនឹកឃើញពីទស្សនរបស់គាត់»។
រីឯ កូដករម្នាក់ដែលកំពុងតស៊ូមតិទាមទារសិទ្ធិសេរីភាពពីក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) វិញ គឺកញ្ញា ផុន ករុណា សោកស្ដាយដែលវីរៈជនស្នេហាជាតិបណ្ឌិត កែម ឡី ដែលតែងតែបណ្តុះផ្នត់គំនិតឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈចេះឈឺឆ្អាលស្រឡាញ់ជាតិមាតុភូមិ ប៉ុន្តែបែរជាមានឃាតករបាញ់សម្លាប់លោកយ៉ាងសាហាវព្រៃផ្សៃ។ កញ្ញាបន្តថា ទស្សនមួយចំនួនរបស់បណ្ឌិតកែម ឡី បានជ្រួតជ្រាបដល់ពលរដ្ឋច្រើនជាពិសេសដល់កញ្ញាផ្ទាល់ឱ្យហ៊ានងើបតតាំងនឹងការជិះជាន់បំបិទ ដូចដែលក្រុមកូដករកំពុងតស៊ូមតិទាមទារសិទ្ធិសេរីភាពការងារ បើទោះបីជាមានការធ្វើទុក្ខបុក្ខម្នេញពីអាជ្ញាធរយ៉ាងណាក្ដី។
កញ្ញា លើកឡើងនូវទស្សនបណ្ឌិតកែម ឡី មួយឃ្លាថា «បើអ្នកមិនធ្វើអ្វីសោះ អ្នកក៏ក្លាយជាអ្នករងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេទអ្នកតែប៉ុណ្ណោះ»។ ដូច្នេះ កញ្ញាថា ប្រជាពលរដ្ឋទាំងអស់គួរតែចាប់ផ្តើមចេះឈឺឆ្អាលពីបញ្ហាអយុត្តិធម៌ក្នុងសង្គម៖ «បញ្ហារបស់ខ្ញុំផ្ទាល់រាល់ថ្ងៃនេះ គឺលក្ខណៈថា គាត់ [បណ្ឌិត កែម ឡី] ចង់បង្កើនស្មារតីឱ្យយើងចេះក្រោកឡើង តស៊ូ ត្រូវតែតតាំងនឹងបញ្ហា ត្រូវហ៊ានងើបឈរ ចំពោះរឿងអ្វីដែលអយុត្តិធម៌ រឿងអ្វីដែលគេគាបសង្កត់យើង។ អញ្ចឹង យើងត្រូវតែហ៊ានក្រោកឈរ យើងត្រូវតែហ៊ានតវ៉ា ទាមទារ។ ប្រជាពលរដ្ឋមួយចំនួនគឺខ្ញុំ ហ៊ាននិយាយថា ទាល់តែគាត់ជួបទុក្ខខ្លួនឯងផ្ទាល់បានឈឺចាប់ បានដឹងថា បញ្ហាហ្នឹងវាពិបាកប៉ុន្មាន អ៊ីចឹងហើយពលរដ្ឋមួយចំនួនគាត់អត់សូវឈឺឆ្អាល ចំពោះរឿងដែលមិនកើតលើគាត់ទេ។ អញ្ចឹងប្រសិនជាអាច ខ្ញុំសុំឱ្យគាត់ប្តូរការគិត។ បញ្ហានេះ ក៏ជាបញ្ហារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់»។
ចំណែកឯ អាជីវករលក់ដូរនៅផ្សារចាស់ក្នុងខេត្តសៀមរាបឯណោះវិញ គឺលោកស្រី ទេព កញ្ញា ថ្លែងថា លោកស្រី និងក្រុមគ្រួសារនៅតែមានក្ដីរន្ធត់ចិត្ត និងស្ដាយស្រណោះ បណ្ឌិត កែម ឡី ដែលជាបុគ្គលមួយរូបហ៊ានយកជីវិតធ្វើជាដើមទុន ដើម្បីបុព្វហេតុជាតិ។ លោកស្រីបន្តថា យុវជនជំនាន់ក្រោយគួរតែយកគំរូ ត្រង់ត្រាប់តាមបណ្ឌិត កែម ឡី ដោយហ៊ាននិយាយការពិតឥតការពារ ដើម្បីឱ្យសង្គមជាតិកម្ពុជាប្រែក្លាយជាប្រទេសមួយមាននីតិរដ្ឋពិតប្រាកដ៖ «ខ្ញុំធ្លាប់បានស្ដាប់គាត់ច្រើន កាលពីគាត់ធ្វើជាវាគ្មិន ហើយមកដល់ឥឡូវនិយាយពីអារម្មណ៍ ក៏នៅតែស្ដាយៗរហូត អារម្មណ៍នៅតែដដែល។ មានអារម្មណ៍ថា ពីមុនពេលទំនេរ ពីរៀនអី យើងបើកទូរស័ព្ទមក ស្ដាប់គាត់វិភាគរឿងអីផ្សេងៗ ហើយចូលចិត្តតាមដានបញ្ហាសង្គម ហើយមកពេលឥឡូវនៅពេលគាត់អត់នៅ បើកទូរស័ព្ទពេលខ្លះអត់ដឹងថាមើលអី»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ អំពើឃាតកម្មនេះ តុលាការបានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសាធារណជននៅតែមិនអស់ចិត្តនៅឡើយ ព្រោះពួកគេសុទ្ធតែជឿថា ជាបុរសក្រីក្ររស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាបរូបនេះ មិនអាចធ្វើរឿងនេះបានតែម្នាក់ឯងនោះឡើយ។ ទំនងជាដើម្បីបញ្ចៀសការរិះគន់ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស ក៏ប៉ុន្តែតុលាការខកខានមិនបានផ្តល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ។
ទាក់ទងនឹងរឿងនេះដែរ ក្រុមយុវជន និងនិស្សិតបញ្ញាវន្ត លើកឡើងថា ឃាតករកម្មលើបណ្ឌិត កែម ឡី បានធ្វើឱ្យពួកគេចងចាំនូវីរភាពរបស់លោកបណ្ឌិត និងដិតដាមអាម្មរណ៍តក់ស្លុត ចំពោះឃាតករដែលបានឆក់យកជីវិតលោក។
និស្សិតម្នាក់ដែលកំពុងសិក្សាជំនាញការអភិវឌ្ឍសហគមន៍ កញ្ញា វិត ណារី លើកឡើងថា ទោះបីជាឃាតករបានឆ្លក់យកជីវិតបណ្ឌិតកែម ឡី អស់រយៈពេល៦ឆ្នាំ មកហើយក្ដី ក៏នៅមានពលរដ្ឋ និងក្រុមយុវជនបានត្រងត្រាប់ដើរតាមមាគ៌ារបស់បណ្ឌិត កែម ឡី និងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីងើបប្រឆាំងនឹងអំពើអយុត្តិធម៌ក្នុងសង្គម ដើម្បីបុព្វហេតុជាតិដូចលោកបណ្ឌិតដែរ៖ «យុវជនមួយចំនួន មើលឃើញគំរូល្អរបស់គាត់ [បណ្ឌិត កែម ឡី ] ហ្នឹងហើយ បានធ្វើឱ្យគាត់ [យុវជន] នៅតែមានភាពតស៊ូ បើទោះបីជាការតស៊ូហ្នឹង តិចក្ដី តូចក្ដី។ ទោះបីអ្នកខ្លះតស៊ូ ខាងផ្នែកកម្លាំងកាយ អ្នកខ្លះក៏មានសម្ភារៈ ហ្នឹងក៏ជារឿងមួយ។ ទន្ទឹម នឹងការភ័យខ្លាចហ្នឹង យើងក៏មានការតស៊ូ ផ្សេងៗ យើងគិតពីការលះបង់របស់គាត់ [បណ្ឌិត កែម ឡី] ដែល»។
ក្នុងឱកាសគម្រប់ខួប ៦ឆ្នាំ នៃឃាតកម្មបណ្ឌិត កែម ឡី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរៀបចំប្រារព្ធខួប៦ឆ្នាំ នៃមរណភាពលោកបណ្ឌិត កែម ឡី ពេញមួយខែកក្កដា តាមរយៈការចែករំលែកទស្សនទានរបស់លោកបណ្ឌិត និងពញ្ញាក់ស្មារតីប្រជាពលរដ្ឋទូទៅ និងក្រុមយុវជនឱ្យចងចាំវីរភាពរបស់លោកបណ្ឌិត កែម ឡី ដែលបានយកជីវិតធ្វើជាដើមទុន និងហ៊ានរិះគន់រដ្ឋាភិបាល ដើម្បីឱ្យមានការលើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ ក្រុមអង្គការសង្គមស៊ីវិល ក្រុមយុវជន និងព្រះសង្ឃ គ្រោងយកកម្រងផ្កាដាក់ជូនបណ្ឌិត កែម ឡី ដើម្បីឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធជូនលោកបណ្ឌិត នៅកន្លែងឃាតករបាញ់សម្លាញ់នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះផងដែរ។
ក្នុងឱកាសគម្រប់ខួប ៦ឆ្នាំ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហោះទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ដែលស្រង់ប្រសាសន៍បណ្ឌិត កែម ឡី កាលលោកនៅមានជីវិតដែលមានប្រសាសន៍ដូចជា៖ «បើយើងនិយាយពីអ្វី គឺត្រូវនិយាយការពិត» «ការបង្រៀនឱ្យខ្មែរចេះគិត គឺជាការចាំបាច់បំផុត» «ជូតទឹកភ្នែករបស់អ្នក រួចបន្ដដំណើរទៅមុខទៀត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។