អ្នកវិភាគសង្គមយល់ថា បញ្ហារដ្ឋាភិបាលចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ថាក្បត់ជាតិនោះ គឺជាការឲ្យព្រួយបារម្ភពីឥទ្ធិពលដែលអាចនឹងត្រូវគេយកទៅប្រើលើករណីតូចតាចផ្សេងទៀតនៅក្នុងសង្គមនៅពេលខាងមុខ ធ្វើឲ្យច្របូកច្របល់។
ចំណែកពលរដ្ឋខ្លះនៅខេត្តភាគឧត្តរនៃប្រទេសកម្ពុជា វិញ ព្រួយបារម្ភថា ការចាប់ខ្លួនមេបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា ពេលនេះ ធ្វើឲ្យពួកគេព្រួយបារម្ភពីការរឹតត្បិតសេរីភាពពលរដ្ឋ សិទ្ធិបញ្ចេញមតិ និងសិទ្ធិចូលរួមខាងនយោបាយ ជាដើម។
ពលរដ្ឋមួយចំនួននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ព្រួយបារម្ភអំពីសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ ដោយថាអាចនឹងត្រូវរដ្ឋាភិបាលរឹតបន្តឹងឲ្យកាន់តែចង្អៀតថែមទៀតនៅពេលខាងមុខ។
ការព្រួយបារម្ភ និងភ័យខ្លាចនោះ កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងខាងនយោបាយដ៏ប្រកៀកប្រកិតជាមួយនឹងគណបក្សកាន់អំណាច។
បុរសជនជាតិដើមភាគតិចកួយ ម្នាក់ក្នុងចំណោមពលរដ្ឋខ្លះទៀតនៅឃុំរមទម ស្រុករវៀង នៃខេត្តព្រះវិហារ គឺលោក រស់ លីន។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ថា រូបលោកមានការព្រួយបារម្ភជុំវិញសេរីភាពនៃការរស់នៅប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួនលោក កឹម សុខា។ បុរសដដែលអះអាងថា ការដែលរដ្ឋាភិបាលចាប់ខ្លួនលោក កឹម សុខា នេះ ជាសញ្ញាបំភ័យដល់អ្នកគាំទ្រនយោបាយគណបក្សប្រឆាំង ព្រមទាំងជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិជាមួយនឹងការព្រួយបារម្ភទៅដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខផង៖ « យោបល់របស់ខ្ញុំ ការបោះឆ្នោតនៅឆ្នាំ២០១៨ ប្រហែលជាមិនយុត្តិធម៌ ឬក៏ដំណើរការបានរលូនទេ ពីព្រោះមានការចាប់ខ្លួនមេបក្សប្រឆាំងដែលជាគូប្រកួតដ៏ស្វិតស្វាញទៅហើយ »។
ចំណែកជនជាតិដើមភាគតិចម្នាក់ទៀតនៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោកស្រី នួន ម៉ុន យល់ថា លោក កឹម សុខា ហាក់មិនមានកំហុសអ្វីដែលរដ្ឋាភិបាលត្រូវចាប់ខ្លួននោះទេ។ ស្ត្រីដដែលយល់ថា លោកស្រីក៏ដូចជាអ្នកភូមិជាច្រើនទៀត គឺធ្លាប់ជួបលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ឲ្យជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន ហើយលោក កឹម សុខា ក៏បានជួយដោះស្រាយបញ្ហាទាំងនោះដោយស្មោះត្រង់។ លោកស្រី នួន ម៉ុន យល់ថា ការចាប់ខ្លួនលោក កឹម សុខា អាចធ្វើឲ្យដំណើរការយុត្តិធម៌នៅកម្ពុជា មានការរាំងស្ទះ ហើយពលរដ្ឋដែលកំពុងទាមទាររកយុត្តិធម៌រឿងជម្លោះដីធ្លី អាចនឹងមានការភ័យខ្លាច៖ « ការចាប់ខ្លួនលោក កឹម សុខា ខ្ញុំគ្រប់គ្នាក៏ព្រួយបារម្ភដែរ ពីព្រោះពួកខ្ញុំក៏ជាអ្នកគាំទ្រគាត់ ដោយសារតែគណបក្សរបស់គាត់ជួយឲ្យមានសិទ្ធិសេរីភាព និងជួយជ្រោមជ្រែងឲ្យមានយុត្តិធម៌ »។
ពលរដ្ឋនៅខេត្តខ្លះទៀតក៏មានមតិប្រហាក់ប្រហែលគ្នានេះ។ អ្នកឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោក កើត ម៉ាប់ មានប្រសាសន៍ថា លោកបានដឹងព័ត៌មានរឿងចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហើយលោកយល់ថាការចាប់ខ្លួននេះ អាចជារឿងគាបសង្កត់ខាងនយោបាយទៅលើគណបក្សប្រឆាំង និងពលរដ្ឋដែលជាអ្នកគាំទ្របក្សប្រឆាំង៖ « ខ្លួនខ្ញុំផ្ទាល់មានការបារម្ភជាច្រើន។ ខ្ញុំយល់ថាការចាប់ខ្លួនលោក កឹម សុខា នេះ ហាក់ដូចជាគណបក្សកាន់អំណាចចង់បំបាក់ស្មារតីអ្នកគាំទ្រគណបក្សប្រឆាំងដែរ »។
សមត្ថកិច្ចរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីម៉ោងជាង ១២រំលងអធ្រាត្រចូលថ្ងៃទី៣ កញ្ញា ពាក់ព័ន្ធនឹងវីដេអូឃ្លីបមានរយៈពេលជាង ១៣នាទី ដោយគេចោទប្រកាន់ថាបានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញសន្តិភាព និងការរស់នៅរបស់ពលរដ្ឋក្នុងសង្គមកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ហើយនិងការរស់នៅយ៉ាងសុខដុមរមនារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោក សុខ ឥសាន បញ្ជាក់ថា មានភស្តុតាងជាច្រើនមិនអាចប្រកែកបាននៅក្នុងវីដេអូឃ្លីបដែលអាចចោទប្រកាន់អំពើរបស់លោក កឹម សុខា ទៅនឹងទោសឧក្រិដ្ឋ ដូចជាលោក កឹម សុខា ទៅជួលអ្នកជំនាញពីសាកលវិទ្យាល័យវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក និងពីសាកលវិទ្យាល័យម៉ុងត្រេអាល់ (Montreal) ប្រទេសកាណាដា ឲ្យផ្ដល់បច្ចេកទេសក្នុងការបំផ្លាញសង្គមខ្មែរ។ មន្ត្រីដដែលយល់ថា ការចាប់ខ្លួនលោក កឹម សុខា មេបក្សប្រឆាំងពេលនេះ មិនអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខឡើយ៖ « ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានចាត់ទុកថានេះជាទង្វើឧក្រិដ្ឋរបស់លោក កឹម សុខា ដែលឃុបឃិតជាមួយបរទេស »។
លោក សុខ ឥសាន អះអាងថា ក្នុងការជួបសន្ទនារបស់លោកនៅតាមវិទ្យុនាថ្ងៃអាទិត្យ រយៈពេល ២ម៉ោង ឃើញថាពលរដ្ឋជាច្រើននៅទូទាំងប្រទេសបានគាំទ្ររដ្ឋាភិបាលដែលចាប់ខ្លួនលោក កឹម សុខា បានទាន់ពេលវេលា។
អ្នកវិភាគសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ពាក្យថាក្បត់ជាតិដែលរដ្ឋាភិបាលខ្មែរក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ធ្លាប់ប្រើដើម្បីបំបែកអ្នកប្រឆាំងនោះ ត្រូវបានរដ្ឋាភិបាលបច្ចុប្បន្នយកមកប្រើម្ដងទៀតហើយ។ លោកយល់ថា កាលពីអំឡុងឆ្នាំ១៩៦០ ពាក្យថាក្បត់ជាតិនេះ លោកមិនដែលឃើញមានការផ្ដល់និយមន័យច្បាស់លាស់យ៉ាងណាឡើយ ប៉ុន្តែកាលណោះ អ្នកណាក៏ដោយឲ្យតែប្រឆាំង គឺត្រូវបានចោទថាជាអ្នកក្បត់ជាតិ បណ្ដាលឲ្យខ្លះរត់ចោលស្រុក និងខ្លះត្រូវចាប់ខ្លួន។ លោកបណ្ឌិត មាស នី ព្រួយបារម្ភថា ពាក្យក្បត់ជាតិនេះអាចនឹងត្រូវគេយកមកប្រើលើករណីតូចតាចផ្សេងទៀតនៅក្នុងសង្គមនៅពេលខាងមុខ ធ្វើឲ្យច្របូកច្របល់។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា លោកមិនសូវដឹងរឿងរបស់លោក កឹម សុខា ច្បាស់លាស់ទេ ប៉ុន្តែយ៉ាងហោចណាស់ក៏លោកគិតថាការចាប់ខ្លួនលោក កឹម សុខា ពេលនេះ គឺវាអាចជាការបំបាក់ដៃគូប្រកួតប្រជែងខាងនយោបាយ នៅពេលដែលការរត់ប្រណាំងប្រកៀកប្រកិតគ្នាទៅហើយនោះ៖ « ស្ថានភាពនយោបាយបច្ចុប្បន្ន គឺអ្នកឈ្នះកំពុងស្ថិតនៅក្នុងស្ថានភាពមួយភ័យខ្លាចដៃគូប្រជែងរត់ទាន់ »។
នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួនលោក កឹម សុខា នេះ។ គណបក្សសង្គ្រោះជាតិ ចាត់ទុកការចាប់ខ្លួនលោក កឹម សុខា គឺជាការគំរាមខាងនយោបាយ ដោយបំពានច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។