ចម្រៀង បទ «ឈាមបាតុករ» នាំ​ឱ្យ​នគរបាល​ភ្នំពេញ​ហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤នាក់ ទៅ​សាកសួរ

0:00 / 0:00

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះ​ហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤នាក់ ឱ្យ​ចូល​បំភ្លឺ​នៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​បទចម្រៀង ឈាម​បាតុករ។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ព្រោះ​ពួកគេ​អះអាង​ថា​គ្មាន​ផ្នែក​ណា​មួយ​នៃ​អត្ថន័យ​បទ​ចម្រៀង ឈាម​បាតុករ​នេះ អាច​នឹង​បង្ក​អសន្តិសុខ​ដល់​សង្គម​ឡើយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅថ្ងៃទី៩ ខែ​មករា​នេះ តាម​ការ​កោះហៅ។ លោក​បញ្ជាក់​ថា ភាគី​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ស្នើ​សុំ​ឱ្យ​អង្គការ​លីកាដូ ដក​វីដេអូ​ចម្រៀង ឈាម​បាតុករ នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​របស់​អង្គការ​លីកាដូ​ចេញ​វិញ ពីព្រោះ​ពួកគេ​ចោទ​ថា បទ​ចម្រៀង​នេះ មាន​អត្ថន័យ​ញុះញង់ បង្ក​ឱ្យ​មាន​អសន្តិសុខ និង​សណ្ដាប់​សង្គម។ ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ឱ្យ​លុប​វីដេអូ​បទ​ចម្រៀង​ដែល​បាន​ផ្សព្វផ្សាយ​នោះ លោក អំ សំអាត បាន​ឱ្យ​ដឹង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​របស់​អង្គការ​លីកាដូ​បន្ថែម​ថា តើ​ត្រូវ​លុប ឬ​មិន​លុប។ លោក​ថា បទ​ចម្រៀង​ដែល​និពន្ធ និង​ច្រៀង​ដោយ​លោក គា សុគន្ធ នេះ មាន​គោល​បំណង​បង្ហាញ​ការ​ពិត និង​មិន​គាំទ្រ​ឱ្យ​មាន​អំពើ​ហិង្សា​នោះ​ឡើយ។

លោក អំ សំអាត៖«យើង​គ្រាន់តែ​ជម្រាប​ទៅ​គាត់​អំពី​គោល​បំណង នៃ​ការ​បង្ហោះ​ហ្នឹង(វីដេអូ​ចម្រៀង ឈាម​បាតុករ)គឺ​យើង​មាន ៣ចំណុច។ ទី១ គឺ​យើង​រំឮក​ខួប ៩ឆ្នាំ នៃ​ព្រឹត្តិការណ៍​អំពើ​ហិង្សា​ផ្លូវ វេង ស្រេង និង​រោងចក្រ​យ៉ាក់ជីង។ ចំណុចទី២ គោល​បំណង​របស់​យើង គឺ​ស្នើសុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​សង្គម​ជាតិ។ ចំណុច​ទី៣ គឺ​រួម​គ្នា​ធ្វើ​ម៉េច ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​អំពើ​ហិង្សា​នេះ កើត​ឡើង​បន្ត​ទៀត»។

លោក អំ សំអាត បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ នៅ​បន្ទាប់​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ មករា បាន​ចេញ​លិខិត​អញ្ជើញ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤នាក់ ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង ឈាម​បាតុករ នៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ លិខិត​អញ្ជើញ ៤ដាច់​ដោយ​ឡែក​ពី​គ្នា​នេះ បាន​កោះហៅ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី៩ ខែមករា។ ដោយឡែក ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ និង​នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា ត្រូវ​បាន​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ កោះ​ហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី១០ ខែមករា។ ចំណែក​ឯ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី១១ មករា។

ដោយឡែក​នៅ​ខាង​ក្រៅ​របង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​មាន​មន្ត្រី​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​សារព័ត៌មាន ជិត២០នាក់ តាម​ឃ្លាំ​មើល។

ការ​កោះហៅ​ឱ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចូល​ខ្លួន​បំភ្លឺ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា កាល​ពី​ថ្ងៃ​ទី៦ ខែមករា បាន​ចេញ​លិខិត​ស្នើសុំ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា ឈាម​បាតុករ។ អ្នកស្រី​ចោទ​ប្រកាន់​ថា បទ​ចម្រៀង​នេះ មាន​ខ្លឹមសារ​ញុះញង់ អាច​បង្ក​ជា​អសន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សង្គម។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្សព្វផ្សាយ​វីដេអូ​បទ​ចម្រៀង​ឈាម​បាតុករ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​ឱកាស​ខួប ៩ឆ្នាំ នៃ​ការ​បាញ់​បង្ក្រាប​បង្ហូរ​ឈាម​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​នៅ​លើ​ផ្លូវ វេង ស្រេង។ បទ​ចម្រៀង​នេះ​ត្រូវ​បាន​និពន្ធ និង​ច្រៀង​ដោយ​លោក គា សុគន្ធ ដែល​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​កន្លង​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ២០២០ ដោយសារ​តែ​បាន​ផ្សព្វផ្សាយ​បទ​ចម្រៀង​បែប​រ៉ែប (RAP) ដែល​មាន​អត្ថន័យ​បង្ហាញ​អំពី​បញ្ហា​សង្គម​ក្នុង​ប្រទេស​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ហួស​ចិត្ត​នៅ​ពេល​ដែល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កោះ​ហៅ​លោក​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង ឈាម​បាតុករ នេះ។ លោក​បន្ថែម​ថា អាជ្ញាធរ​មិន​គួរ​កោះហៅ​លោក​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នេះ​ឡើយ ព្រោះ​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង ឈាម​បាតុករ គ្រាន់​តែ​ចង់​បង្ហាញ​ការពិត​ពី​អំពើ​ហិង្សា ដែល​កើត​មាន​ឡើង​កាល​ពី ៩ឆ្នាំ​មុន និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​តែ​ប៉ុណ្ណោះ។

លោក វន់ ពៅ៖«ខ្ញុំ​មាន​អារម្មណ៍​ថា​ហួស​ចិត្ត ហើយ​មាន​អារម្មណ៍​ថា​ដូច សង្វេគ​នៅ​ក្នុង​ជីវិត ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​ដើម្បី​ការពារ​ប្រយោជន៍​កម្មករ​សោះ បែរជា រង​នូវ​ព្យុះ​ភ្លៀង​អត់​មាន​ស្រាកស្រាន្ត ទាំង​ព្យុះ​ភ្លៀង​ទៅ​លើ​ខ្សែ​ជីវិត ទាំង​ទៅ​លើ​រូប​រាង​កាយ ទាំង​ទៅ​លើ​ផ្លូវ​ចិត្ត នៃ​ការ​បំពេញ​បេសកកម្ម​ការងារ»។

ក្នុង​នាម​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​ទទួល​រង​អំពើ​ហិង្សា ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​នៅ​ផ្លូវ វេង ស្រេង កាល​ពី​ខែមករា ឆ្នាំ២០១៤ លោក វន់ ពៅ និយាយ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ដៃ​ដល់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​បាតុករ​ឱ្យ​បាន​ឆាប់ ជា​ជាង​ព្យាយាម​គំរាម​កំហែង​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង ដែល​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នេះ។

វីដេអូ​បទ​ចម្រៀង "ឈាម​បាតុករ" បាន​បង្ហាញ​រូបភាព​សមត្ថកិច្ច​បាញ់ និង​វាយ​បង្ក្រាប​ដើម្បី​បំបែក​ហ្វូង​បាតុករ ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ នៅ​លើ​ផ្លូវ វេង ស្រេង កាល​ពី​ឆ្នាំ២០១៤។ វីដេអូ​បទ​ចម្រៀង​បែប​រ៉ែប​នេះ​មាន​អត្ថន័យ​រំលឹក​ដល់​វីរភាព​របស់​សហជីព និង​អ្នក​តស៊ូ ដើម្បី​សិទ្ធិ​ការងារ និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដែល​បាន​យក​សាច់​ស្រស់​ឈាម​ស្រស់​ទៅ​ត​ទល់ ដោយ​មិន​ខ្លាច​ជា​មួយ​ដំបង​ដែក គ្រាប់​កាំភ្លើង​របស់​កម្លាំង​សមត្ថ​កិច្ច ដើម្បី​ទទួល​បាន​ប្រាក់​ខែ​សមរម្យ។

ជុំវិញ​រឿង​នេះ នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព លើក​ឡើង​ថា ការ​កោះ​ហៅ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នេះ គឺជា​ការ​គំរាម​កំហែង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​បន្ថែម​ទៀត ខណៈ​សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​ដើរ​ថយក្រោយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា បទ​ចម្រៀង ឈាម​បាតុករ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សព្វផ្សាយ គ្រាន់​តែ​ជា​ការ​បង្ហាញ​ការពិត​ពី​បញ្ហា​សង្គម និង​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ទៅ​ដល់​ជន​រង​គ្រោះ​ប៉ុណ្ណោះ។

អ្នកស្រី ចក់ សុភាព៖«នៅ​ពេល​ដែល​មាន​ការ​រិះគន់​ហ្នឹង គេ​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ថ្នាក់​ដឹក​នាំ ឬ​ក៏​បុគ្គល​សាធារណៈ​ហ្នឹង​ប្រើប្រាស់​មធ្យោបាយ​រដ្ឋ ឬ​ក៏​ធនធាន​ទាំង​ឡាយ​ហ្នឹង ដើម្បី​ទៅ​ដាក់​គំនាប ឬ​ក៏​ប្ដឹង​ផ្ដល់​ទៅ​ដល់​ពលរដ្ឋ​អញ្ចឹង​ទេ គឺ​គេ​ឱ្យ​មាន​ការ​អនុគ្រោះ​ឱ្យ​បាន​ច្រើន ហើយ​ត្រូវ​ទទួល​យក​មតិ​ទាំង​អស់​ហ្នឹង មតិ​រិះគន់​ហ្នឹង និយាយ​ទៅ​គេ​មិន​លើក​ទឹក​ចិត្ត​យើង​ឱ្យ​ប្រើ​នីតិវិធី​ច្បាប់​ទេ ព្រោះ​នៅ​ពេល​ដែល​យើង​ក្លាយ​ជា​មេ​ដឹក​នាំ យើង​ជា​បុគ្គល​សាធារណៈ គឺ​យើង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​រិះគន់»។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ និង នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពួក​គាត់​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ នៅ​ថ្ងៃទី១០ ខែមករា។ ដោយ​ឡែក ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ក៏​ឱ្យ​ដឹង​ដែរ​ថា គាត់​នឹង​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី១៧ មករា​វិញ ហើយ​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​រួច​ហើយ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែង​លើក​ឡើង​ថា រដ្ឋាភិបាល​តែង​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​ដែល​មាន​ភាព​ក្លាហាន បញ្ចេញ​មតិ បង្ហាញ​ការពិត​ពី​បញ្ហា​នៅ​ក្នុង​សង្គម។ ពួកគេ​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​លើក​កម្ពស់​សេរីភាព​បញ្ចេញមតិ និង​ដោះស្រាយ​បញ្ហា​នានា ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង ជា​ជាង​គំរាម​កំហែង​ទៅ​លើ​អ្នក​ដែល​ក្លាហាន​បញ្ចេញ​មតិ ហើយ​មិន​ដោះ​ស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម​បែប​នេះ​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។