សាលា​ដំបូង​​ខេត្ត​តាកែវ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​ញុះញង់​របស់​ លោក ភុន យុទ្ធ នៅថ្ងៃទី១២ វិច្ឆិកា

ដោយ សេក បណ្ឌិត
2024.10.31
សាលា​ដំបូង​​ខេត្ត​តាកែវ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​ញុះញង់​របស់​ លោក ភុន យុទ្ធ នៅថ្ងៃទី១២ វិច្ឆិកា លោក ភុន យុទ្ធ ជា​ជន​ពិការ​ស្វិត​ជើង​កំពុង​ជាប់​ពន្ធនាគារ ដោយ​សារ​ការ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដា​ញ​សង្គម​ហ្វេសប៊ុក​។
Photo: RFA

សាលា​ដំបូង​ខេត្ត​តាកែវ​ នៅ​ព្រឹក​ថ្ងៃ​ទី៣១ តុលា បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ញុះញង់​របស់​អ្នក​រិះគន់​បញ្ហា​សង្គម និង​ជា​ជន​មាន​ពិការ​ភាព លោក ភុន យុទ្ធ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មីនា។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ភុន យុទ្ធ និង​ដោះលែង​រូប​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក គឹម ពិសិដ្ឋ ដែល​បាន​ឃ្លាំ​មើល​សវនាការ​នេះ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣១ តុលា ថា ចៅក្រម និង​តំណាង​អយ្យការ​​​​សាកសួរ​ លោក ភុន យុទ្ធ ជា​ច្រើន​ជុំ​វិញ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​រិះគន់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៅ​លើ​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក​ថា លោក ភុន យុទ្ធ លើក​ឡើង​ក្នុង​សវនាការ​ថា​មូលហេតុ​​ដែល​លោក​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ដូច្នេះ គឺ​ដោយ​សារ​តែ​លោក​មើល​ឃើញ​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ជា​ពិសេស បញ្ហា​គ្រឿងញៀន​បន្ត​កើត​ឡើង​ក្នុង​សហគមន៍​របស់​លោក។

លោក គឹម ពិសិដ្ឋ លើក​ឡើង​ថា សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ គឺ​ជា​សិទ្ធិ​មូលដ្ឋាន​យ៉ាង​សំខាន់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​លើក​ឡើង​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​ជំរុញ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្គម ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។ ដូច្នេះ លោក​យល់​ថា រដ្ឋាភិបាល​មិន​គួរ​​ប្រើប្រាស់​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ទៅ​លើ​ពលរដ្ឋ​នោះ​ទេ បើ​ទោះ​ជា​ពួកគាត់​និយាយ​លើសលស់​យ៉ាងណា​ក្ដី។

លោក គឹម ពិសិដ្ឋ«ប៉ុន្តែ​បើ​ក្នុង​ករណី​ណា​មួយ​មាន​ការ​បញ្ចេញ​មតិ​លើសលស់ ទៅ​ប៉ះពាល់​ឈ្មោះ​ទៅ​ប៉ះពាល់​បុគ្គល​ណា​មួយ គួរ​ណាស់​អាជ្ញាធរ​ធ្វើ​វិធាន​ការ​អប់រំ ណែនាំ ជា​ជាង​យើង​ប្រើប្រាស់​វិធាន​ការ​ធ្ងន់ធ្ងរ​ទៅ​លើ​បុគ្គល​នោះ ពី​ព្រោះ​ការ​និយាយ​របស់​ពលរដ្ឋ ចំណេះ​ដឹង​​មិន​ស្មើ​គ្នា​ទេ។ ដូច្នេះ​ការ​និយាយ​តែង​មាន​ការ​លើសលស់​ខ្វះ​ខាត ហើយ​កាល​ណា​យើង​ប្រើ​វិធាន​ការ​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់ ​ពន្ធនាគារ និង​តុលាការ​ច្បាស់​ណាស់ ការ​ចូល​រួម​បញ្ចេញ​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ដោយ​សារ​មាន​ការ​ភ័យខ្លាច»

ក្រោយ​សវនាការ ចៅក្រម​ជំនុំ​ជម្រះ លោក តូច មានរិទ្ធិ សម្រេច​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ខាង​មុខ។

ប្រពន្ធ​របស់​លោក ភុន យុទ្ធ គឺ​លោកស្រី មុំ វិត លើក​ឡើង​ថា អស់​រយៈ​ពេល ២២៦ថ្ងៃ​ហើយ ដែល​អាជ្ញាធរ​បាន​យក​ប្ដី​លោក​ស្រី​ទៅ​ឃុំ​ឃាំង​ឱ្យ​បែក​ពី​ប្រពន្ធ​ និង​កូន​។ លោកស្រី​ថា ជីវភាព​គ្រួសារ​បាន​ជួប​ការ​លំបាក​ជា​ខ្លាំង​ជា​ពិសេស​​​​​​លោកស្រី​ និង​កូន​ប្រឈម​នឹង​ការ​រើសអើង​។ លោកស្រី​ថា បើ​ទោះ​ជា​ប្ដី​លោកស្រី​ពិការ​មែន ប្ដី​លោកស្រី​អាច​ចិញ្ចឹម​មាន់​នៅ​ផ្ទះ និង​មើល​ថែ​កូន​បាន។

លោកស្រី មុំ វិត បន្ត​ថា ប្ដី​លោកស្រី​ជា​មនុស្ស​ស្លូត​ត្រង់ ចេះ​ឈឺឆ្អាល​ពី​បញ្ហា​សង្គមជាតិ ដោយ​លោក​មិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​នោះ​ទេ។ លោកស្រី​​បារម្ភ​ពី​សុខភាព​របស់​ប្ដី និង​ការ​រស់​លំបាក​ក្នុង​ពន្ធនាគារ ដោយ​សារ​ប្ដី​លោកស្រី​ពិការ​ជើង។ ដូច្នេះ​លោកស្រី​ស្នើ​ឱ្យ​តុលាការ​ដោះ​លែង​ប្ដី​ឱ្យ​មាន​សេរីភាព​វិញ។

លោកស្រី មុំ វិត៖ «ខ្ញុំ​ស្នើ​សុំ​ឱ្យ​តុលាការ​ខេត្តតាកែវ សុំ​ឱ្យ​ដោះ​លែង​គាត់​ទៅ ឱ្យ​មាន​សេរីភាព​ជួប​ជុំ​គ្រួសារ​ រស់​នៅ​វេទនា​ណាស់​ ហើយ​យើង​រស់​នៅ​ផ្ទះ​គេ នៅ​ដី​គេ​វា​មិន​ស្រួល ដូច​នៅ​ផ្ទះ​ខ្លួន​ឯង​ទេ ខ្ញុំ​ចង់​ឱ្យ​ប្ដី​ខ្ញុំ​មក​វិញ​ជួប​ជុំ​​កូន​ ប្ដី​ខ្ញុំ​មក​វិញ រក​ស៊ី​ទៅ​មុខ​ទៀត ខ្ញុំ​នៅ​ពី​នាក់​កូន​វេទនា​ណាស់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​តាកែវ​លោក ង៉ែត ដាវុធ ដើម្បី​ឆ្លើយតប​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣១ ខែតុលា។

លោក ភុន យុទ្ធ បច្ចុប្បន្ន​វ័យ ៣៩ឆ្នាំ ជា​ជន​ពិការ​ស្វិត​ជើង​ពី​កំណើត រស់​នៅ​ក្នុង​ភូមិត្រពាំង​ឈូក ឃុំ​ត្រឡាច​ ស្រុក​ទ្រាំង ខេត្ត​តាកែវ។ លោក ភុន យុទ្ធ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ៥ខែ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ២០១៩ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ញុះញង់ និង​ជេរប្រមាថ​ជា​សាធារណៈ» បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដា​ញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះថា «ខ្ញុំ​ចង់បាន​នាយក​រដ្ឋមន្ត្រី​ថ្មី»។ កាល​នៅ​មាន​សេរីភាព​លោក​ធ្លាប់​ប្រាប់​ថា មូលហេតុ​ដែល​លោក​បន្ត​និយាយ​រឿង​អយុត្តិធម៌​ក្នុង​សង្គម​ ដោយ​មិន​ខ្លាច​ជាប់​ពន្ធនាគារ​សា​ជា​ថ្មី ពី​ព្រោះ​លោក​ចង់​បាន​អ្នក​ដឹក​នាំ​ប្រទេស​ល្អ ដែល​គោរព​សិទ្ធិ​ពលរដ្ឋ និង​សង្គម​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។