អាជ្ញាធរថៃបានចាប់បញ្ជូនមន្ត្រីគណបក្សប្រឆាំងម្នាក់ទៀតដែលជាជនភៀសខ្លួននៅប្រទេសថៃ ទៅអាជ្ញាធរកម្ពុជាវិញ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់បញ្ជូនខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាស្តីពីសិទ្ធិជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
ជនភៀសខ្លួននយោបាយដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនទៅឱ្យអាជ្ញាធរកម្ពុជាវិញនោះ គឺអ្នកស្រី ឡាញ់ ថាវរី មេឃុំជាប់ឆ្នោតគណបក្សប្រឆាំងនៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ អាជ្ញាធរថៃបានចាប់ខ្លួនអ្នកស្រីកាលពីថ្ងៃទី១៩ វិច្ឆិកា និងបញ្ជូនទៅកម្ពុជាវិញនៅព្រឹកថ្ងៃទី២០ វិច្ឆិកា។
ប្តីរបស់អ្នកស្រី ឡាញ់ ថាវរី គឺលោក ភិន រ៉ាដង់ ប្រាប់វិទ្យុអាស៊ីសេរីថា ប៉ូលិសថៃជិត ១០នាក់ បានចាប់ខ្លូនប្រពន្ធរបស់លោកដល់បន្ទប់ជួលមួយកន្លែងនៅស្រុកអារញ្ញប្រាថេត (Aranyaprathet) ខេត្តស្រះកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។ លោកបន្តថា មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានខិតខំជួយអន្តរាគមន៍ដែរ ប៉ុន្តែអាជ្ញាធរថៃនៅតែបញ្ជូនប្រពន្ធរបស់លោកទៅខ្មែរវិញដោយប្រញាប់ប្រញាល់ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា តាមសំណើរបស់អាជ្ញាធរកម្ពុជា។ បុរសវ័យ៣៤ឆ្នាំរូបនេះបន្ថែមថា លោកបារម្ភអំពីសុខទុក្ខប្រពន្ធជាខ្លាំង ព្រោះគាត់កំពុងមានជំងឺសួតធ្ងន់ធ្ងរដែលត្រូវលេបថ្នាំនិងព្យាបាលជាប្រចាំ៖ «អន្តោប្រវេសន៍គេប្រាប់ថាគេប្តឹង ថាវរី ទាក់ទងរឿងនយោបាយ ត្រូវការ ចាប់ខ្លួន គេដើរមើលពីរបីថ្ងៃហើយតែយើងអត់ ចាប់អារម្មណ៍ អាជ្ញាធរថៃគេធ្វើតាមបញ្ជាគេ ប្រើពីខ្មែរមក ព្រោះអី ឃើញថា ស្ថានភាពព្រឹកមិញគេប្រញាប់មែនទែន យកខ្លួនឱ្យអ្នកនៅនោះគេ អង្គុយចាំ ខ្លាំងណាស់ អានេះឡានប៉ុណ្ណាណីគេដឹងតែពីរនាក់ទេ គំរាមកំហែងណាស់ ខ្លាំងជាងប៉ុល ពតទៀតចាប់តែ ក្នុងប្រទេស អានេះចាប់ក្រៅប្រទេសទៀត»។
លោក ភិន រ៉ាដង់ ឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២០ វិច្ឆិកាដដែល អាជ្ញាធរខ្មែរបានបញ្ជូនប្រពន្ធលោកពីក្រុងប៉ោយប៉ែតទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយ ដូច្នេះលោកស្នើដល់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជួយតាមដានករណីនេះផង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ មកទល់ការផ្សាយនេះ។ ចំណែកស្នងការរងខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប្រាប់ថា លោកមិនបានដឹងអំពីករណីចាប់សកម្មជនបក្សប្រឆាំងពីប្រទេសថៃបញ្ជូនមកកម្ពុជាវិញនេះទេ។
អ្នកស្រី ឡាញ់ ថាវរី បានរស់នៅភៀសខ្លួនក្នុងប្រទេសថៃជាង ៤ឆ្នាំមក និងត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅប្រទេសថៃ។ អំឡុងពេលភៀសខ្លួន អ្នកស្រីធ្លាប់ចូលរួមសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលឆ្នាំ២០១៩។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់អ្នកស្រីក្នុងសំណុំរឿង រួមគំនិតក្បត់ ជាមួយថ្នាក់ដឹកនាំ និងសកម្មជនជាង១រយនាក់ផ្សេងទៀត។
ជុំវិញរឿងនេះ ប្រធានគណៈកម្មការរដ្ឋបាលគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក ឃ្លាំង ប៊ុនឡាយ ថ្លែងថា គណបក្សសង្គ្រោះជាតិខកចិត្ត ចំពោះអាជ្ញាធរថៃដែលបន្តចាប់បញ្ជូនសកម្មជនបក្សប្រឆាំងឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោយមិនការពារសិទ្ធិជនភៀសខ្លួន។ លោកបញ្ជាក់ថាជនភៀសនយោបាយនៅប្រទេសថៃកំពុងព្រួយបារម្ភអំពីសុវត្ថិភាពជាខ្លាំង ក្រោមរូបភាពនៃការចាប់បញ្ជូនជនភៀសខ្លួន៖ «បច្ចុប្បន្នជនភៀសខ្លួននយោបាយ ជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួនស្នាក់នៅប្រទេសថៃកំពុងប្រឈមការបញ្ជូន ការសហការ គ្នារវាងអាជ្ញាធរថៃនិងអាជ្ញាធរខ្មែរ ទោះបីមានការអន្តរាគមន៍ មានការ ស្វិតស្វាញពីឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃ ក៏មិនអាចអន្តរាគមន៍ករណីនេះបានបាទ»។
មន្ត្រីសិទ្ធិមនុស្សក៏សោកស្ដាយ និងថ្កោលទោសចំពោះទង្វើរំលោភសិទ្ធិមនុស្សនេះដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា សោកស្តាយចំពោះអាជ្ញាធរថៃមិនបានការពារសិទ្ធិជនភៀសខ្លួនទាំងនោះ។ លោកសង្កេតឃើញថា ការចាប់បញ្ជូនជនភៀសខ្លួននយោបាយ និងសិទ្ធិមនុស្ស ដែលជ្រកកោននៅប្រទេសថៃឱ្យអាជ្ញាធរខ្មែរជាបន្តបន្ទាប់បែបនេះ គឺបញ្ជាក់ថាប្រទេសថៃលែងជាកន្លែងមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនតទៅទៀតហើយ៖ «នៅពេល UNHCR បានផ្តល់ឋានៈជាជនភៀសខ្លួន ហើយប្រទេសទាំងអស់ក្នុងកាយវិការមនុស្សធម៌គួរណាតែយើងជួយទៅដល់ជនភៀសខ្លួន ប៉ុន្តែថ្មីៗនេះយើងឃើញថា មានការសោកស្តាយណាស់ចំពោះអាជ្ញាធរថៃនៅតែបន្តចាប់ខ្លួនមនុស្សរត់ភៀសខ្លួនដោយសាររឿងនយោបាយ ហើយ បញ្ជូនមក ប្រទេសដើមវិញ គឺជារឿងមិនបានគោរពគោលការណ៍អនុសញ្ញាស្តីពីសិទ្ធិជនភៀសខ្លួនបាទ»។
កាលពីពេលថ្មីៗនេះ អាជ្ញាធរថៃទើបតែបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ដែលមានឋានៈជាជនភៀសខ្លួន គឺលោក វឿង សំណាង និងលោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ បញ្ជូនទៅឱ្យអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន យកទៅដាក់ពន្ធនាគារ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានថ្កោលទោសទង្វើរបស់អាជ្ញាធរថៃដែលបានចាប់បញ្ជូនជនភៀសខ្លួនខ្មែរទៅកាន់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់នេះ។
នាយករងអង្គការ Human Rights Watch ទទួលបន្ទុកកិច្ចការតំបន់អាស៊ីលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងលើបណ្ដាញធ្វីតធ័រ (Twitter) នៅថ្ងៃទី២០ វិច្ឆិកាថា រដ្ឋាភិបាលថៃបានរំលោភកិច្ចការពារ និងសិទ្ធិរបស់ជនភៀសខ្លួនជាចំហម្ដងហើយម្ដងទៀត។ លោកសង្កត់ធ្ងន់ថា ការចាប់បញ្ជូនអ្នកស្រី ឡាញ់ ថាវរី ដែលជាជនភៀសខ្លួនទទួលស្គាល់ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិនាពេលនេះ គឺជារឿងអាក្រក់ហួសថ្លែង និងពិតជាមិនអាចទទួលយកបានឡើយ។ លោកទាមទារឱ្យអាជ្ញាធរថៃ ត្រូវតែលើកកម្ពស់កិច្ចការពារជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។