គ្រួសារ​ជន​ជាប់ឃុំ​ដែល​មន្ត្រី​ពន្ធនាគារ​ត្បូងឃ្មុំ​វាយ​ពិការ​ភ្នែក​ម្ខាង​ស្នើ​តុលាការ​នៅ​ក្រៅ​ឃុំ

0:00 / 0:00

ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​ដែល​មន្ត្រី​ពន្ធនាគារ​វាយ​ឱ្យ​ពិការ​ភ្នែក​ម្ខាង​ស្នើ​ឱ្យ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ដោះលែង​នៅ​ក្រៅ​ឃុំ​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់​ពី ភ្នែក​ម្ខាង​របស់​ជន​ជាប់ឃុំ​ម្នាក់​បាន​ពិការ និង​រាលដាល​ទៅ​ភ្នែក​ម្ខាង ហើយ​ពេទ្យ​ក្នុងស្រុក​អះអាង​ថា គ្មាន​លទ្ធភាព​ព្យាបាល​នោះ​ទេ។

សាច់ញាតិ​ជនរងគ្រោះ​ដែល​មន្ត្រី​ពន្ធនាគារ​មាត់​ឃ្មង់​វាយ​ឱ្យ​ពិការ​ភ្នែក​ព្រួយបារម្ភ​អំពី​សុខភាព​ជាពិសេស​ជំងឺ​ភ្នែក និង​ជើង​របស់​លោក​ថា អាច​ពិការ​ទាំងស្រុង​បើ​ព្យាបាល​មិន​ទាន់​ពេល។

បងប្រុស​ជនរងគ្រោះ លោក សុត ម៉ានិត គឺ លោក សុត ទីណាក់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ មេសា ថា ជំងឺ​ភ្នែក និង​ជើង​ប្អូន​របស់​លោក​កំពុង​វិវត្តន៍​ទៅ​ដំណាក់កាល​ព្យាបាល​លេង​ជា ដោយសារ​ខាង​មន្ត្រី​ពន្ធនាគារ​មាត់ឃ្មង់ ទុក​យូរ​ពេក​មិន​ព្រម​យក​មក​មន្ទីរពេទ្យ​ព្យាបាល​ភ្លាមៗ។ លោក​បន្ត​ថា ប្អូនប្រុស​លោក​ត្រូវ​​បាន​មន្ត្រី​ពន្ធនាគារ​វាយ​តាំងពី​ថ្ងៃទី​០៩ កុម្ភៈ ប៉ុន្តែ​ខាង​មន្ត្រី​ពន្ធនាគារ​មិន​ឱ្យ​សាច់ញាតិ​ទៅ​សួរសុខទុក្ខ និង​មិន​អនុញ្ញាត​ទៅ​ព្យាបាល​នៅ​ក្រៅ​ទេ រហូត​ស្ថានភាព​ប្អូន​លោក​ធ្ងន់ធ្ងរ​ទើប​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​រុស្សី ។ លោក​បញ្ជាក់​ថា ពេទ្យ​គ្មាន​លទ្ធភាព​ព្យាបាល​ទេ ព្រោះ​ទុក​អ្នក​ជំងឺ​យូរ​ពេក។

លោក សុត ទីណាក់៖ «ដឹកជញ្ជូនៗ​ទៅ​តាកែវ​ផង ការ​ចំណាយ​វា​អស់​៣​ពាន់​ដុល្លារ​បាត់ ពេល​ទៅ​គុក​ម្តងៗ​ខ្ញុំ​ជូន​លុយ​គេ​ចាយ ហើយ​ពេល​ដឹក​អ្នកជំងឺ​ទៅជា​មួយ​ហ្នឹង​ទៅ​ពិនិត្យ​ហ្នឹង​ពេទ្យ​ខេត្ត​ទេ តែ​យក​ម្តង​២០​ម៉ឺន​រៀល ប្អូន​ខ្ញុំ​ទម្លាក់​មកពី​ភ្នំពេញ​ផង ហើយ​យក​ពី​ខ្ញុំ​ផង​ឱ្យ​យើង​វេរ​ទម្លាក់​ឱ្យ ដល់ពេល​យក​ទៅ​អត់​យក​ពិនិត្យ​ឱ្យ​ពេទ្យ​គ្រាន់តែ​យក​ទៅ​ឱ្យ​ពេទ្យ​មើល ហើយ​អត់​មាន​ពិនិត្យ​អត់​មាន​ឱ្យ​ថ្នាំលេប​ទេ ដឹក​មក​ពន្ធនាគារ​វិញ​ហើយ​ពេទ្យ​ខេត្ត​ថា អ្នក​ទណ្ឌិត​គេ​មិន​យក​លុយ​ទេ ហើយ​គាត់​យក»។

ក្នុង​រូប​ដែល​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា ជនរងគ្រោះ​ដេក​ស្ដូកស្ដឹង​លើ​គ្រែពេទ្យ ហើយ​សភាព​ភ្នែក​ខាងស្តាំ ឡើង​ហើម​ខ្ទុះ និង​លៀន​ចេញ​មក​ក្រៅ​។ សាច់ញាតិ​ជនរងគ្រោះ​អះអាង​ថា អំឡុង​ពេល​ជាប់​ពន្ធនាគារ​ថ្មីៗ ប្អូនប្រុស​របស់​លោក មាន​រូបរាង​ធម្មតា ប៉ុន្តែ​មក​ទល់​ពេល​នេះ​ប្អូន​របស់​លោក​ក្លាយជា​មនុស្ស​ពិការភាព​ធ្វើ​ឱ្យ​លោក​មិនអាច​ទទួល​បាន​នោះ​ទេ។

លោក សុត ម៉ានិត រស់នៅ​ឃុំ​ថ្មពេ​ជ្យ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០២០ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​មាត់ឃ្មង់ ចំនួន​៣​ឆ្នាំ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន និង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់។

លោក សុត ម៉ាណាក់ ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ស្នើ​ឱ្យ​តុលាការ​ខេត្ត​នេះ​ជាច្រើន​លើក​ដើម្បី​សុំ​ដោះលែង​ប្អូន​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​ឆ្លើយ​នៅ​ឡើយ​។ ម្យ៉ាង​លោក​ថា អំឡុង​ពេល​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ប្អូន​លោក​ទៅ​មន្ទីរពេទ្យ​នៅ​ខេត្ត​កំពង់ចាម ជំងឺ​ជើង​ប្អូន​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​ព្យាបាល និង​ចាក់​ថ្នាំ​ដោយ​មិន​បាន​សំអាត​មេរោគ ធ្វើ​ឱ្យ​មាន​មេរោគ​ឆ្លង ហើយ​ជើង​ឡើង​ហើម​ប្រឈម​នឹង​កាត់​ជើង​ម្ខាង​ទៀត។ លោក​បន្ថែម​ថា ប្អូនប្រុស​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​វាយ​កាលពី​ថ្ងៃទី​០៩ កុម្ភៈ រហូត​ដល់​មីនា ទើប​លោក​ដឹង​ថា ភ្នែក​ប្អូន​លោក​មាន​សភាព​ហើម មាន​ខ្ទុះដំបៅ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា និង​ប្រធាន​ពន្ធនាគារ​មាត់​ឃ្មង់ លោក កែវ ប៊ុនហួរ ដើម្បី​សុំ​អធិប្បាយ​បានទេ នៅ​ថ្ងៃទី​២៧ មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នកទទួល។

ទាក់ទិន​រឿង​នេះ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេងហាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិចារណា​ដោះលែង​ឱ្យ លោក សុត ម៉ានិត នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​បាន​មើល​ថែទាំ​សុខភាព ពីព្រោះ បើ​ទុក​យូរ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។ លោក​បន្ត​ថា ទោះបីជា​អ្នកទោស​ជាប់ឃុំ​ដោយសារ​បទ​ចោទ​អ្វី​ក៏ដោយ ពួកគេ​គ្រាន់តែ​បាត់បង់​សិទ្ធិ​សេរីភាព​ដើរហើរ​តែប៉ុណ្ណោះ ប៉ុន្តែ​សេវា​គាំពារ​សុខភាព​ផ្សេងៗ​ពួកគេ​ទទួល​បាន​គ្រប់គ្នា​ដូច្នេះ អាជ្ញាធរ​ត្រូវ​អនុវត្តន៍​ច្បាប់​ឱ្យ​មាន​តម្លាភាព។

លោក ឡេង សេងហាន៖ «ខ្ញុំ​យល់​ថា ករណីនេះ​ក្រសួង​​មហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ជាពិសេស​អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរតែ​មាន​គណៈកម្មការ​មួយ​ដើម្បី​សិក្សា​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​អំពី​មូលហេតុ​ហ្នឹង​ថា​តើ លោក សុត ម៉ានិត ករណី​ហ្នឹង​វា​កើតឡើង​ដោយសារ​អី​រកឱ្យ​ឃើញ​ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​គាត់​ហើយ បើសិនជា​រក​ឃើញ​ជន​ប្រព្រឹត្ត​មែន​ជន​ហ្នឹង​គួរតែ​ត្រូវ​បាន​អនុវត្ត​តាមច្បាប់»។

ច្បាប់​ស្ដីពី​ពន្ធនាគារ​ជំពូក​ទី​៥ មាត្រា​៣៨ ចែងថា ជន​ជាប់ឃុំ​ដែល​មាន​ជំងឺ​ត្រូវ​បាន​ទទួល​សេវា​ថែទាំ​សុខភាព​ប្រចាំថ្ងៃ​ដោយ​មន្ទីរពេទ្យ​ពន្ធនាគារ។ ករណី​ជន​ជាប់ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ ហើយ​តម្រូវ​ឱ្យ​មាន​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៅ​ខាងក្រៅ ប្រធាន​ពន្ធនាគារ​ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​តាម​សំណើ​របស់​មន្ត្រី​ពេទ្យ​ពន្ធនាគារ ហើយ​ត្រូវ​ជូន​ដំណឹង​ជា​បន្ទាន់​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ អភិបាល​នៃ​គណៈអភិបាល​រាជធានី ខេត្ត និង​គ្រួសារ​សាច់ញាតិ ឬ​មិត្តភក្ដិ​ជិតស្និទ្ធ​បំផុត​តាម​សំណើ​របស់​ជន​ជាប់ឃុំ។

ទោះបីជា​មានការ​ស្នើសុំ​ពី​សាច់ញាតិ​អ្នកជំងឺ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​ពន្ធនាគារ​អនុវត្ត​ច្បាប់​ហាក់​លំអៀង​ទៅ​រក​អ្នក​មានអំណាច​ពីព្រោះ​កន្លងមក​មាន​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ធំៗ ពី​បទ​ឃាតកម្ម ការ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ក៏​ពួកគេ​មិនបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​តុលាការ​ដែរ។ ជាក់ស្ដែង ឧកញ៉ា ថោង សារ៉ាត់ ដែល​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​រឿងក្ដី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​ឆ្នាំ​២០១៥ នោះ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិន​ដល់​មួយ​សប្ដាហ៍​ផង ក៏​ត្រូវ​បាន​គេ​បញ្ជូន​មក​ស្នាក់នៅ​បន្ទប់​វីអាយភី (VIP) ក្នុង​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​វិញ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩។ រីឯ​បងប្រុស​បង្កើត​របស់​លោក គិត ម៉េង គឺ​លោក គិត ធាង វិញ តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម ប៉ុន្តែ​លោក​ជាប់ឃុំ​ប្រមាណ​កន្លះ​ខែ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យទៅ​ស្នាក់​នៅក្នុង​បន្ទប់​វីអាយភី (VIP) នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ដែរ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​ត្រឹម ២​ឆ្នាំ ហើយ​ដោះលែង​លោក​នៅ​ឆ្នាំ​២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។