គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលថា នឹងចុះអង្កេតករណីរំលោភសិទ្ធិមនុស្សនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
2022.12.09
មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល អះអាងថា មន្ត្រីរបស់ខ្លួន នឹងចុះអង្កេតករណីរំលោភសិទ្ធិមនុស្សនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រោយអង្គការសិទ្ធិមនុស្សលីកាដូ រកឃើញថា មានករណីអ្នកជាប់ឃុំ ស្លាប់នៅទីនោះជាបន្តបន្ទាប់ និងមានការរំលោភសិទ្ធិមនុស្ស នៅក្នុងមណ្ឌលនោះ។ មន្ត្រីសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះឱ្យឆាប់រហ័ស និងបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅទីនោះ។
មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស មិនបដិសេធ ហើយក៏មិនទាន់ទទួលស្គាល់ថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺ មានរំលោភសិទ្ធិមនុស្សនោះទេ។ គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ប្រកាសបើកចំហយល់ព្រមធ្វើការស៊ើបអង្កេតជាមួយអង្គការលីកាដូ ដើម្បីរកឱ្យឃើញការពិតដែលកើតឡើងក្នុងមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី០៩ ខែវិច្ឆិកា ថា លោកមិនទាន់ទទួលព័ត៌មានជាក់លាក់ណាមួយថា មណ្ឌលព្រៃស្ពឺមានការរំលោភសិទ្ធិមនុស្សនោះទេ។ មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស រូបនេះ ក៏ប្រកាសស្វាគមន៍អង្គការលីកាដូ ឱ្យដាក់របាយដែលខ្លួនរកឃើញ និងមន្ត្រីជំនាញរបស់ខ្លួន ធ្វើការអង្កេតរួមគ្នាជាមួយ គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល៖
«លីកាដូ រកឃើញរបាយការណ៍នេះ គួរតែបង្ហាញជូនសមត្ថកិច្ចជាពិសេសក្រសួងសង្គមកិច្ចដែលជាអាណាព្យាបាលដើម្បីសហការស្រាវជ្រាវជាជាងការគ្រាន់តែបន្លឺសំឡេងហើយគ្មានមូលដ្ឋានច្បាស់លាស់គ្មានកិច្ចសហប្រតិបត្តិការច្បាស់លាស់ ហើយធ្វើការរបាយការណ៍ដែលមិនត្រឹមត្រូវគឺជារឿងមួយផ្ដល់ចំណេញដល់ប្រជាជនយើងទេដូច្នេះ គួរតែមានកិច្ចសហការគ្នា»។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាល បែបនេះ ក្រោយពេលអង្គការសិទ្ធិមនុស្សលីកាដូ រកឃើញថា ចាប់តាំងពីខែ កក្កដា មកដល់ពេលនេះ មានអ្នកជាប់ឃុំនៅមណ្ឌលព្រៃស្ពឺចំនួន១២នាក់ បានឈឺស្លាប់ ព្រោះខ្វះការយកចិត្តទុកដាក់ពីមន្ត្រីគ្រប់គ្រងនៅទីនោះ។
ទាក់ទងការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល បែបនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា បញ្ហារំលោភសិទ្ធិមនុស្ស រដ្ឋាភិបាលគួរដោះស្រាយឱ្យទាន់ពេលមិនគួរមានការចង្អុលដាក់គ្នានោះទេ។
លោក អំ សំអាត អះអាងទៀតថា អង្គការលីកាដូមានការប្រមូលព័ត៌មាន និងភស្តុតាងគ្រប់គ្រាន់ ដែលគាំទ្រការរកឃើញថា មានការរំលោភសិទ្ធិមនុស្ស និងករណី មនុស្សស្លាប់ជាបន្តបន្ទាប់នៅមណ្ឌលព្រៃស្ពឺ។ មន្ត្រីសិទ្ធិមនុស្សដែលតាមដានករណីរំលោភសិទ្ធិមនុស្ស នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ រូបនេះលើកឡើងទៀតថា ករណីបែបនេះ មិនមែនទើបរកឃើញទេ គឺបញ្ហានេះ កើតឡើងតាំងពីឆ្នាំ២០០៤ មកម៉្លេះ ហើយមិនមែនតែអង្គការលីកាដូទេដែលរកឃើញ សូម្បីការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិផ្សេងទៀត ក៏រកឃើញថា មានការរំលោភសិទ្ធិមនុស្សនៅមណ្ឌលព្រៃស្ពឺដែរ៖
«មកដល់ពេលនេះយើងរកឃើញថា អត់ទាន់មានអីវិវឌ្ឍន៍អ៊ីចឹងដោយសារអី ទី១មនុស្សឈឺត្រូវបញ្ជូនមន្ទីរពេទ្យ អ្វីដែលសំខាន់ការសិក្សា ការស្រាវជ្រាវ ការស៊ើបអង្កេត គឺយើងធ្វើទៅ គឺអង្គការលីកាដូ មិនមែនទាល់តែការចូលរួមបានការស៊ើបអង្កេតនោះឯករាជ្យមានប្រសិទ្ធភាពទេ អាស្រ័យទៅលើការស៊ើបអង្កេតរបស់ស្ថាប័នដែលពាក់ព័ន្ធទៅបាទ»។
កាលពីពេលថ្មីៗអង្គការលីកាដូបានដាក់លិខិតទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាត បញ្ជូនក្រុមគ្រូពេទ្យ វាយតម្លៃ និងព្យាបាលអ្នកជាប់ឃុំនៅក្នុងមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ប៉ុន្តែ មិនទទួលបានការឆ្លើយតបទេ គិតមកដល់ពេលនេះ។ កាលពីថ្ងៃទី៧ ខែធ្នូ អង្គការលីកាដូ បានចេញសេចក្ដីថ្លែងការណ៍ ស្នើទៅរដ្ឋាភិបាលគួរបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះ។ ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក តូច ចាន់នី និងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អ្នកស្រី មុំ ចាន់ដានី នៅថ្ងៃទី៩ ខែវិច្ឆិកា។
មណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋ មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺជាកន្លែងដែលអាជ្ញាធរបានចាប់មនុស្សចាស់ និងកុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិត ជាដើម យកទៅអប់រំកែប្រែ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។សព្វថ្ងៃ អាជ្ញាធរ បានឃុំជនគ្មានទីពឹង ជាង៤រយនាក់(៤០០) នៅក្នុងមណ្ឌលសង្គមកិច្ចមួយនេះ។ កន្លងមកនៅរាល់ពេលមានពិធីបុណ្យជាតិ និងកិច្ចប្រជុំធំៗ អាជ្ញាធរតែងតែប្រមូលជនអនាថា ឬអ្នកសុំទាន ឱ្យទៅរស់នៅទីនោះមួយរយៈពេលដែរ។ ថ្វី ដ្បិតតែតាមគោលការណ៍មណ្ឌល សង្គមកិច្ចនេះ ជាកន្លែងផ្ដល់ជំនាញវិជ្ជាជីវៈដល់អ្នកជាប់ឃុំដែលគ្មានទីពឹងទាំងនោះ ប៉ុន្តែ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ថា បុគ្គលិក និងអ្នកគ្រប់គ្រងមណ្ឌលនេះគ្មានការយកចិត្តទុកដាក់ និងអើពើដល់អ្នកជាប់ឃុំទាំងនោះទេ។
អង្គការលីកាដូ រកឃើញថា ជាង១៨ឆ្នាំមកនេះ អ្នកជាប់ឃុំក្នុងមណ្ឌលសង្គមកិច្ចព្រៃស្ពឺ រងការវាយដំ ភាពចង្អៀតណែនខ្លាំង កង្វះអាហារ និងខ្វះការថែទាំសុខភាព រហូតធ្វើឱ្យអ្នកជាប់ឃុំខ្លះស្លាប់ និងធ្វើអត្តឃាតជាដើម។ អ្នកធ្លាប់ជាប់ឃុំនៅទីនោះ បានប្រដូចមណ្ឌលសង្គមកិច្ចមួយនេះ ទៅនឹងឋាននរក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។