ការផ្ដន្ទាទោស លោក រ៉ុង ឈុននិងសកម្មជនទាំង២នាក់ ទទួលបានការរិះគន់ច្រើនពីសាធារណជនទូទៅ។ យុវតីរស់នៅរាជធានីភ្នំពេញកញ្ញា ហូរ ស្រីនិច យល់ថាការសម្រេចក្ដីនេះ អយុត្តិធម៌សម្រាប់លោក រ៉ុង ឈុន និងសម្រាប់ពលរដ្ឋទូទៅដោយសារសកម្មភាពរបស់លោក រ៉ុង ឈុន ធ្វើឡើងក្នុងបំណងផលប្រយោជន៍កម្ពុជា ដោយមិនបានទៅញុះញង់អ្វីឡើយ។ កញ្ញាស្នើសុំឲ្យតុលាការ និងរដ្ឋាភិបាលពិនិត្យមើលសំណុំរឿងនេះឡើងវិញ ហើយគួរតែទម្លាក់បទចោទ ដើម្បីផ្ដល់យុត្តិធម៌ក្នុងសំណុំរឿងនេះ ទើបរដ្ឋាភិបាល និងតុលាការអាចជៀសផុតពីការរិះគន់បាន៖ «គាត់អត់មានកំហុសអ្វីផងបង។ គាត់រងភាពអយុត្តិធម៌ខ្លាំងសម្រាប់ខ្ញុំ ហើយនិយាយទៅមានការឈឺចាប់ណាស់។ គាត់បានជួយពលរដ្ឋខ្មែរអ៊ីចឹងណា លោកគ្រូអត់មានកំហុសទេ។ អ៊ីចឹងខ្ញុំទាមទារឲ្យមានការដោះលែងគាត់ក្នុងពេលឆាប់ៗ។ ទាមទារឲ្យរដ្ឋាភិបាលមានការដោះស្រាយ អ៊ីចឹងណា»។
តុលាការក្រុងភ្នំពេញនៅថ្ងៃទី១៨ខែសីហា បានសម្រេចកាត់ទោសសកម្មជនការងារ និងជាអ្នកឃ្លាំមើលព្រំដែនលោក រ៉ុង ឈុន ឱ្យជាប់គុករយៈពេល២ឆ្នាំ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តុលាការដដែលនេះក៏បានកាត់ទោសសកម្មជនពីរនាក់ទៀតគឺកញ្ញា ស កណិការ និងលោក តុន និមល ឱ្យជាប់គុករយៈពេល២០ខែក្រោមបទចោទដូចគ្នានេះ។
ពលរដ្ឋម្នាក់ទៀត គឺជាកម្មកររោងចក្រនៅខេត្តព្រះសីហនុលោក ពេជ្រ ពិសិដ្ឋ ក៏សោកស្ដាយចំពោះការសម្រេចក្ដីនេះដែរ។ លោកក៏យល់ថា លោក រ៉ុង ឈុន និងសកម្មជនទាំង២នាក់ ចង់ការពារផលប្រយោជន៍ពលរដ្ឋ និងបូរណភាពទឹកដីខ្មែរ។ កម្មកររូបនេះ សំណូមពរឲ្យតុលាការ និងរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ ហើយដោះលែង អ្នកទាំង៣នាក់ ឲ្យមានសេរីភាពវិញដែរ៖ «គាត់ធ្វើនេះ ដើម្បីបងប្អូនប្រជាជនខ្មែរ។ ដើម្បីទឹកដីខ្មែររួមទាំងអស់គ្នា។ អ៊ីចឹងខ្ញុំគិតថាតុលាការកាត់ក្ដីទៅលើគាត់បែបហ្នឹង គឺអយុត្តិធម៌ណាស់។ អ៊ីចឹងបើតាមសំណូមពររបស់ខ្ញុំ ខ្ញុំសុំឲ្យគាត់តុលាការហ្នឹងពិចារណាឡើងវិញ ឬក៏ដោះលែងគាត់ឲ្យមានសេរីភាពវិញមក»។
ចំណែកអ្នករស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បង្ហាញការសោកស្ដាយចំពោះការកាត់ទោសលោក រ៉ុង ឈុន ដែរ។ ពលរដ្ឋម្នាក់លោកស្រី ហាក់ ផាន់នី អះអាងថា លោក រ៉ុង ឈុន បានចុះទៅជួបពលរដ្ឋកាលពីឆ្នាំ២០២០ក្នុងគោលបំណងការពារប្រយោជន៍ឲ្យពលរដ្ឋ ហើយលោកបាននិយាយតាមការពិតដែលពលរដ្ឋរៀបរាប់ឲ្យស្ដាប់។ លោកស្រីបន្តថា លោក រ៉ុង ឈុន មិនបានញុះញង់អ្នករស់នៅក្បែរព្រំដែនឡើយ៖ «ដូចថា អាណិតគាត់អ៊ីចឹងណា។ អាណិតហើយ តែមិនដឹងថា បានជួយអ្វីដល់គាត់អ៊ីចឹងណា។ គាត់ស្មោះត្រង់ គាត់ចិត្តល្អ។ របៀបមនុស្សគាត់ល្អ។ និយាយទៅ គាត់មនុស្សចាស់ សុភាពរម្យទមចិត្តបានចិត្តអ្វីអ៊ីចឹងណា»។
ក្រៅពីនេះ ក៏មានពលរដ្ឋ និងសង្គមស៊ីវិលជាច្រើនទៀត នាំគ្នាបង្ហោះសារព្រោងព្រាត បង្ហាញការសោកស្ដាយ និងរិះគន់ចំពោះសាលក្រមកាត់ក្ដីលោក រ៉ុង ឈុន និងសកម្មជនទាំង ២ នាក់ឲ្យមានទោសដែរ។ ប៉ុន្តែភាគីខាងរដ្ឋាភិបាល និងគណបក្សកាន់អំណាចវិញមិនបញ្ចេញប្រតិកម្មអ្វីឡើយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា គ្មាននរណាម្នាក់អាចជ្រៀតជ្រែកប្រព័ន្ធតុលាការបានទេ។
ប៉ុន្តែក្រុមសង្គមស៊ីវិល ដែលបានឃ្លាំមើលដំណើរការសវនាការលោក រ៉ុង ឈុន បានចាត់ទុកការសម្រេចក្ដីនេះថា អយុត្តិធម៌ និងមិនផ្ដល់ផលចំណេញដល់ពលរដ្ឋ។ មន្ត្រីផ្សព្វផ្សាយជាន់ខ្ពស់នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ា ចិត្រា អះអាងថា លោក រ៉ុង ឈុន មិនមានកំហុសទេ។ លោកជំរុញឲ្យតុលាការដោះលែង លោក រ៉ុង ឈុន និងសកម្មជនទាំង២នាក់ ឲ្យមានសេរីភាពវិញ។ លោកបន្តថា ការសម្រេចក្ដីឃុំខ្លួនលោក រ៉ុង ឈុន បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងប៉ះពាល់ដល់ទឹកចិត្តរបស់ពលរដ្ឋ និងយុវជនដែលសកម្មក្នុងសង្គម៖ «ប្រយោជន៍ហ្នឹង ខ្ញុំមើលទៅប្រយោជន៍ទៅលើអ្នកនយោបាយវិញទេ ឬអ្នកដឹកនាំរដ្ឋ ពីព្រោះអ្វីពេលដែលខ្ញុំមើលទៅ ការកាត់ទោសគាត់នេះ វាធ្វើឲ្យគេហៅថា មនុស្សលែងហ៊ាននិយាយ មនុស្សបាក់ស្បាតណា។ គេអាចថាសូម្បីតែ លោកគ្រូ រ៉ុង ឈុន នៅតែគេយកគាត់ទៅកាត់ទោស ចុះទម្រាំពលរដ្ឋធម្មតាដែលគាត់ចង់បញ្ចេញមតិអ្វីល្មមៗថាតើគាត់ហ៊ាននិយាយឬអត់។ អាហ្នឹងជាការមើលឃើញរបស់ខ្ញុំ ដូចថាវាជាការគំរាមកំហែងស្មារតីពលរដ្ឋកុំឲ្យបញ្ចេញមតិ»។
រីឯប្រធានស្ដីទីសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក អ៊ែម ប៉ុនណារិទ្ធិ និងជាអ្នកជិតស្និតនឹងលោក រ៉ុង ឈុន ក៏មិនពេញចិត្តនឹងសាលក្រមនេះដែរ។ លោក អះអាងក្រុមអង្គការសង្គមស៊ីវិល នឹងស្វះស្វែងរកកិច្ចអន្តរាគមន៍បន្តទៀត ធ្វើយ៉ាងណាទាមទារឲ្យតុលាការដោះលែង លោក រ៉ុង ឈុន ដោយគ្មានលក្ខខណ្ឌ៖ «ការសម្រេចរបស់សាលាដំបូង យើងមិនពេញចិត្តទេ។ យើងពិតជាសោកស្ដាយ ហើយអន់ចិត្តចំពោះការសម្រេចនេះ ហើយយើងនឹងស្វះស្វែងរកការអន្តរាគមន៍បន្តទៀត ហើយយើងនឹងពិភាក្សាជាមួយអ្នកច្បាប់បន្ថែម។ ជាពិសេសមេធាវីដែលកាន់ក្ដីរបស់លោកគ្រូផ្ទាល់ថាតើយើងគួរដាក់ទៅឧទ្ធរណ៍បន្ត ឬក៏យើងអាចរកស្ថាប័នណា ដែលអាចអន្តរាគមន៍ឲ្យលោកគ្រូបាន»។
ជាមួយគ្នានេះ អង្គការលីកាដូ ក៏ចេញផ្សាយអត្ថបទខ្លីអំពីការផ្ដន្ទាទោស លោក រ៉ុង ឈុន និងសកម្មជនទាំង២នាក់ដែរ។ អង្គការសិទ្ធិមនុស្សនេះ មិនបានបង្ហាញទស្សនៈបែបណាចំពោះការសម្រេចក្ដីនេះទេ តែបានរំលឹកអំពីសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការ សមាគម សហជីពជាងមួយរយសែសិប (១៤០) ស្ថាប័ន ដែលបានទាមទារឲ្យតុលាការទម្លាក់បទចោទ និងដោះលែង លោក រ៉ុង ឈុន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ឬអំពើហិង្សា លើក្រុមតវ៉ាដោយសន្តិវិធី និងក្រុមសកម្មជនទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។