ក្រុមកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ចំនួន ៣នាក់ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា បានដាក់ពាក្យពន្យារការចូលបំភ្លឺដល់តុលាការរាជធានីភ្នំពេញ ដោយសារមិនទាន់មាន មេធាវីការពារក្ដី។ មន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភពីដំណើរការនីតិវិធីថាអាចនឹងមិនផ្ដល់ដំណោះស្រាយ និងយុត្តិធម៌ ដល់ភាគីបុគ្គលិក។
ក្រុមកូដករណាហ្គាវើលដ៍ សម្រេចដាក់ពាក្យពន្យារការចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ក្នុងបណ្ដឹងរបស់ភាគីក្រុមហ៊ុននៅតុលាការរាជធានីភ្នំពេញ ដើម្បីទទួលស្គាល់សាលក្រមការបញ្ឈប់ការងាររបស់កូដករ។
តំណាងកូដករណាហ្គាវើលដ៍ លោកស្រី រី សុវណ្ណឌី ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី៣០ វិច្ឆិកា ថា ការសម្រេចចិត្តដាក់ពាក្យពន្យារការចូលខ្លួនទៅបំភ្លឺនេះ ដោយសារភាគីកូដករនៅមិនទាន់ស្វែងរកមេធាវីបាននៅឡើយ និងដើម្បីទុកពេលវេលាស្វែងយល់ពីនីតិវិធីដើម្បីការពារបន្ថែមទៀត។ យ៉ាងណា ក្នុងអំឡុងពេលនេះលោកស្រីថា កូដករទាំងអស់កំពុងរង់ចាំមើលការសម្រេចរបស់តុលាការឆ្លើយតបនឹងបណ្ដឹងរបស់ភាគីក្រុមហ៊ុន ដែលប្ដឹងសាលក្រមសុំការទទួលស្គាល់ថាការបញ្ឈប់បុគ្គលិកទាំងអស់ជារឿងស្របច្បាប់។ លោកស្រីបន្តថា ប្រសិនបើមានការសម្រេចទទួលស្គាល់ នោះមានន័យថា តុលាការកំពុងបំពេញបំណងរបស់ថៅកែក្រុមហ៊ុនក្នុងការរំលាយសហជីព រំលោភសិទ្ធិបុគ្គលិក ដោយមិនមែនធ្វើតាមនីតិវិធីច្បាប់នោះឡើយ។
លោកស្រី រី សុវណ្ណឌី៖ «ប្រសិនបើថៅកែចេះតែបញ្ឈប់តំណាងសហជីព បានស្រេចតែនឹងចិត្ត អ៊ីចឹងកម្មករនឹងលែងមានសិទ្ធិសេរីភាព។ ចង់និយាយថា លែងមានអ្នករកយុត្តិធម៌ លែងមានអ្នករកខុសរកត្រូវឱ្យនៅកន្លែងការងារហើយ។ អ៊ីចឹងអ្វីដែលយើងកំពុងតែធ្វើហ្នឹងគឺគ្រាន់តែដើម្បីការពារសហជីព ដើម្បីឱ្យមានតំណាង ហើយតំណាងដែលស្មោះត្រង់របស់យើងនៅកន្លែងការងារទេ។ យើងអត់មានបានធ្វើអីប៉ះពាល់ដល់រដ្ឋាភិបាលទេ»។
អតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៤រូប ដែលជាតំណាងសហជីព និងកូដករ រួមមាន លោកស្រី រី សុវណ្ណឌី លោកស្រី ឈឹម សុខន កញ្ញា សុខ ស្រីពេជ្រ និង កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅចូលរួមក្នុងនីតិវិធីត្រៀមទាញយកហេតុផលនៅថ្ងៃទី១ ធ្នូ ដោយបំភ្លឺអំពីចំណុចវិវាទរវាងគូភាគី ដើម្បីឈានដល់ការសម្រេចលើបណ្ដឹងរបស់ភាគីក្រុមហ៊ុន។ ប៉ុន្តែនៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ពួកគាត់ទាំងបីនាក់ លើកលែងកញ្ញា ឈឹម ស៊ីថរ ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស បានស្នើសុំពន្យារពេលចូលរួម ក្រោមហេតុផលមិនអាចស្វែងរកមេធាវី ដើម្បីធ្វើជាអ្នកតំណាងក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់បាននៅឡើយ។
តំណាងកូដករណាហ្គាវើលដ៍ម្នាក់ទៀត លោកស្រី ឈឹម សុខន ឱ្យដឹងថាសាលាដំបូងបានយល់ព្រមឱ្យមានការពន្យារពេល និងមិនទាន់ប្រាប់ពីកាលបរិច្ឆេទដែលនឹងត្រូវចូលរួមម្ដងទៀតនោះទេ តែលោកស្រីខកចិត្តចំពោះរដ្ឋាភិបាលកម្ពុជាដែលបណ្ដោយឱ្យមានភាពអយុត្តិធម៌លើប្រជាពលរដ្ឋ និងបែរជាគាំទ្រក្រុមហ៊ុនបរទេសដែលបំពានសិទ្ធិពលរដ្ឋខ្លួនទៅវិញ។ លោកស្រីបន្តថា ភាពអត់ការងារធ្វើ បណ្ដឹងតាមផ្លូវច្បាប់ ការឃុំខ្លួន និងការតាមឃ្លាំមើលពីសំណាក់ជនស៊ីវិលបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងផ្លូវចិត្តរបស់ពួកគេព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ។ លោកស្រីថា ប្រសិនបើតុលាការសម្រេចឱ្យភាគីក្រុមហ៊ុនឈ្នះក្ដី នោះស្មើនឹងធ្វើបាបប្រជាពលរដ្ឋដែលជាជនជាតិខ្មែរដូចគ្នា។
លោកស្រី ឈឹម សុខន៖ «ខ្ញុំស្នើឱ្យតុលាការសម្រេចចិត្តឱ្យបានហ្មត់ចត់មុនសម្រេចសាលដីកាអីមួយ ព្រោះថាការសម្រេចរបស់តុលាការ វាពាក់ព័ន្ធទៅហ្នឹងជីវិតរបស់កូដករច្រើនណាស់។ អ៊ីចឹងពេលគាត់សម្រេចអី គាត់ត្រូវគិតដល់អនាគតកូដករ អនាគតកម្មករនៅក្នុងស្រុកខ្មែរ»។
គិតមកទល់ពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដោះស្រាយវិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ចំនួន២១លើកមកហើយ។ ប៉ុន្តែការដោះស្រាយនេះ ហាក់គ្មានលទ្ធផលផ្លែផ្កាឆ្លើយតបសំណើសុំចូលធ្វើការរបស់បុគ្គលិកជាង១រយនាក់ (១២៩នាក់) វិញនោះឡើយ ក្រៅតែពីការផ្ដល់សំណងជាទឹកប្រាក់។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅថ្ងៃទី៣០ វិច្ឆិកា។
ទាន់ទិនរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា យល់ឃើញថា នីតិវិធីតាមផ្លូវច្បាប់កន្លងមករាប់ចាប់តាំងពីក្រសូងការងារ គ្មានប្រសិទ្ធភាពនិងផ្ដល់ដំណោះស្រាយណាមួយសមស្របឆ្លើយតបតាមការស្នើសុំរបស់កូដករនោះឡើយ។ លោកបន្តថា រឿងនេះឈានដល់នីតិវិធីក្នុងតុលាការលោកកាន់តែមានការព្រួយបារម្ភ ជាពិសេសបន្ទាប់ពីមានការចាប់ខ្លួនប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ជាតំណាងសកម្មក្នុងការចរចាជាមួយដៃគូវិវាទ។ លោកថា ការចាប់ខ្លួនប្រធានសហជីពសកម្មរូបនេះ ប្រៀបបាននឹងការធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធី និងលទ្ធភាពនៃការចរចាររបស់ភាគីកូដករជាមួយក្រុមហ៊ុន។
លោក សឹង សែនករុណា៖ «វិវាទនេះយើងជ្រើសទៅដល់ផ្លូវតុលាការនេះខ្ញុំគិតថាមិនអាចដោះស្រាយបញ្ចប់វិវាទហ្នឹងបានទេ។ មានតែការជួយសម្របសម្រួល និងមានវិធានការយ៉ាងតឹងរ៉ឹងជាមួយនឹងខាងក្រុមហ៊ុនឱ្យគោរពទៅតាមអ្វី ដែលជាច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលក្រុមហ៊ុនបានរំលោភបំពាននឹងទេ»។
កន្លងលងមក មានកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍ (NAGAWORLD) ៤រូប ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា តាមបណ្ដឹងរបស់ក្រុមហ៊ុន ដែលប្ដឹងពួកគាត់ថា បានរំលោភលំនៅឋាន និងបង្ខាំងដោយខុសច្បាប់។ មកទល់ពេលនេះ មានក្រុមកូដករចំនួន ៨នាក់ហើយ ដែលទទួលបានដីកាកោះហៅពីតុលាការតាមបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសារ ពួកគេលើកគ្នាតវ៉ាដោយអហិង្សា ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារ ដែលអូសបន្លាយពេលជិតមួយឆ្នាំ។
មកទល់ពេលនេះ ភាគីក្រុមហ៊ុនណាហ្គាវើលដ៍បានដាក់ពាក្យប្ដឹងសុំសាលក្រមទទួលស្គាល់ពីសាលាដំបូងរាជធានីភ្នំពេញ ថាការបញ្ឈប់បុគ្គលិកពីការងារនាពេលកន្លងទៅជាការបញ្ឈប់ការងាររួមគ្នា របស់ក្រុមហ៊ុនលើក្រុមបុគ្គលិក និងជារឿងស្របច្បាប់។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនល្បែងមួយនេះ បានដាក់ពាក្យបណ្ដឹងលើក្រុមកូដករដទៃទៀត ដូចជាបទរំលោភលំនៅឋាន ធ្វើឱ្យខូចដោយចេតនា មានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។