អ្នករាយការណ៍​ពិសេស​ថា បើ​​កម្ពុជា​​មាន​​ឆន្ទៈ​នយោបាយ​ ​នោះ​​នឹង​​អាច​​ដោះស្រាយ​បញ្ហា​​រំលោភ​​សិទ្ធិមនុស្ស​​និង​​ការ​​បំផ្លាញ​​ប្រជាធិបតេយ្យ​បាន

0:00 / 0:00

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មន​សុ្ស​ប្រចាំ​នៅ​កម្ពុជា​ ​ថាបើ​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​ ​នោះ​អ្វីៗ​នឹង​អាច​ដោះស្រាយ​បាន​​​ជុំវិញ​រឿង​រំលោភ​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​។​ ​ សារ​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​ ​ធ្វើឡើង​នៅ​ក្នុង​សម័យប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​ តើ​អ្វី​ដែល​ខ្ទាស់​ឆន្ទៈ​នយោបាយ​កម្ពុជា​ ​ក្នុង​ការ​ស្តារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ​?

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទួទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុសុ្ស​ប្រចាំ​នៅ​កម្ពុជា លោក​ វិទិត​ ​មុនតាប៊ន​(​Vitit​ ​Muntarbhorn​) ​ព្រមាន​នៅ​ក្នុង​ សេចក្តី​ថ្លែង​ការណ៍​​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​តុលា​ ​ពី​ទីក្រុង​ហ្សឺណែវ​ (​Geneva​) ​ប្រទេស​ស្វ៊ីស​ (Switzerland​) ​ថា​កម្ពុជា​កំពុងតែ​ដើរថយក្រោយ​ ​និងងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ​។​ ​លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ងាក​មករ​ក​ផ្លូវត្រូវ​នៃ​គន្លង​ប្រជាធិបតេយ្យ​វិញ​ ​ដោយ​ត្រូវ​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ ​និង​ស្តារ​ប្រជាធិបតេយ្យ​មកវិញ​។​

​ក្នុង​ន័យ​នេះ​ ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ឬ​កែ​សម្រួល​ច្បាប់​ទាំងឡាយ​ណា​ ​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ​និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ ​និង​បញ្ឈប់​ការ​ឃុំ​ខ្លួន​អ្នក​ដែល​មិន​យល់ស្រប​ជាមួយនឹង​អាជ្ញាធរ​។​ ​មិនតែប៉ុណ្ណោះ​ ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​ផ្តល់​សិទ្ធិ​នយោបាយ​ជូន​សមាជិក​គណបក្សប្រឆាំង​ទាំងអស់​ឡើងវិញ​ ​និង​ប្រឹងប្រែង​ឲ្យ​មាន​ការផ្សះផ្សា​រ​គ្នា​ ​ដើម្បី​ចែក​រម្លែក​អំណាច​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ ​និង​បញ្ឈប់​ភាព​ផ្តាច់មុខ​តែឯង​។

លោក​ក៏​លើកឡើង​អំពី​ការ​ងាក​ចេញពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ ​ដែល​ខួប​ទី​​៣​០​ឆ្នាំ​ ​នៃ​កិច្ចព្រមព្រៀង​នេះ​ ​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​​២៣​ ​ខែ​ តុលា​ខាងមុខនេះ​ហើយ​។​

លោក​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្មែរ​ ​ប៉ុន្តែ​លោក​ថា ​ច្បាប់​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​មាន​ភាព​ធ្ងន់ធ្ងរ​ពេក​ ​រហូតដល់​ចាប់​ខ្លួនមនុស្ស​រាប់​រយ​នាក់​ ​និង​កំណត់​ទោស​ទណ្ឌ​ជាប់ពន្ធនាគារ​អាច​រហូតដល់​ ​២​០​ឆ្នាំ​ ​ដោយសារតែ​ការ​មិន​ធ្វើតាម​វិធានការ​រដ្ឋបាល​។​ ​លោក​ថា​ ការ​ចាប់ខ្លួន​ពលរដ្ឋ​​ដែល​ហ៊ាន​និយាយ​រិះគន់​រឿង​កូវីដ-​១​៩​នេះ​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រឹតត្បិត​ខ្លួនឯង​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ការ​បញ្ចេញ​មតិ​ត្រូវ​គេ​តាមដាន​។

​ស្ថានភាព​អាក្រក់​បែប​នេះ​ ​លោក​ វិទិត​ ​មុនតាប៊ន​ ​បារម្ភ​ថា​ ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​​២​០​២​២​ ​និង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ ​អាច​នឹង​ប្រព្រឹត្តទៅ​ដោយ​គ្មាន​គណបក្សប្រឆាំង​ចូលរួម​ ​ដែល​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​សិទ្ធិពលរដ្ឋ​ ​ក្នុង​ការចូលរួម​កិច្ច​ការសាធារណៈ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​មន្រ្តី​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ ​ថា​ដំណោះស្រាយ​ ​គឺ​ងាយស្រួល​បំផុត​ ​បើ​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​។​

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ឯណោះ​វិញ​ ​លោក​ថា ​ឆន្ទៈ​នយោបាយ​នេះ​ ​ពិបាក​នឹង​ឲ្យ​របប​លោក​ ​ហ៊ុន​ ​សែន​ ​មាន​ណាស់​ ​ព្រោះ​វា​ប៉ះពាល់​ដល់​​ប្រយោជន៍​សួនតួ​ ​ប្រយោជន៍​គ្រួសារ​ ​និង​បក្ខពួក​និយម​របស់​ក្រុម​លោក​ ​ហ៊ុន​ ​សែន​ ​និង​បញ្ហា​ជ្រៀតជ្រែក ​និង​ឥទ្ធិពល​ប្រទេស​កុម្មុយនីស្ត​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​អ្នកវិភាគ​នយោបាយ​លោក​ ​គឹម​ ​សុខ​ ​ដែល​ហ៊ាន​រិះគន់​របប​លោក​ ​ហ៊ុន​ ​សែន​ ​ឥត​សំចៃ​មាត់​ ​និង​កំពុង​រស់នៅ​និរទ្ទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំង​ឡង់​ (​Finland​) ​ថា​លោក​ ​ហ៊ុន​ ​សែន​ ​សព្វថ្ងៃ​ព្រួយបារម្ភ​ខ្លាំង​តែ​ពី​រឿង​បាត់​អំណាច​ ​ដែល​អាច​គ្រោះថ្នាក់​ដល់​រូបលោក​ ​និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​ឯង​ ​ដែល​មិន​អាចឲ្យ​លោក​ ​ហ៊ុន​ ​សែន​ ​មាន​ឆន្ទៈ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​បាន​នោះ​ទេ​ ​និង​សុខចិត្ត​ឲ្យ​ជាតិ​រងទុក្ខ​បែប​នេះ​។​

​ប៉ុន្តែ​លោក​ ​គឹម​ ​សុខ​ ​ថា​កម្ពុជា​មិនទាន់​អស់សង្ឃឹម​ទេ​ ​បើ​ទោះ​លោក​ ​ហ៊ុន​ ​សែន​ ​មិន​ហ៊ាន​ធ្វើ​ពលិកម្ម​ ​ព្រោះ​នៅ​មានកម្លាំង​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ ​និង​ការផ្លាស់ប្តូរ​ ​ដែល​ជា​កម្លាំង​ស្រួច​ក្នុង​ការ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ៖ «លោក​ ​ហ៊ុន​ ​សែន​ ​មិន​ហ៊ាន​ធ្វើ​ពលិកម្ម​ទៅ​ហើយ​ ​ដូច្នេះ​ទាល់តែ​អ្នកមាន​និន្នាការ​ប្រជាធិបតេយ្យ​ ​ដែល​ប្រាថ្នា​ចង់បាន​ប្រជាធិបតេយ្យ​ ​ត្រូវធ្វើ​ពលិកម្ម​ពី​រយ៉ា​ង​។​ ​ម្យ៉ាង​គឺ​ជម្រុះ​ចោល​នូវ​អស្មិ​មា​នៈ​បុគ្គល​ ​ហើយ​រកការ​រួប​រួមគ្នា​ឡើងវិញ​។​ ​ឈប់​ឈ្លោះប្រកែកគ្នា​ ​ហើយ​ទីពីរ​ពេល​រួប​រួមគ្នា​ ​ផ្សះផ្សា​រ​គ្នា​នៃ​អ្នក​ប្រជាធិបតេយ្យ​ហើយ​ ​រក​មេដឹកនាំ​ឬ​ក្រុម​មេដឹកនាំ​ ​ដែល​ហ៊ាន​ធ្វើ​ពលិកម្ម​ ​ដើម្បី​ទៅ​ដឹកនាំ​នៅ​សមរភូមិ» ។​

​ការ​​​ដឹកនាំ​នៅ​សមរភូមិ​នេះ​ ​កំពុង​ជួប​ឧបសគ្គ​ធំ​ ​ដោយសារតែ​របប​លោក​ ​ហ៊ុន​ ​សែន​ ​នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​លើ​សំឡេង​ប្រឆាំង​។​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ ​សុខា​ ​ត្រូវ​តុលាការ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​និង​មិន​អាច​មាន​សិទ្ធិ​ធ្វើសកម្មភាព​នយោបាយ​អ្វី​បាន​ទាំងអស់​។​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​កំពុង​រស់នៅ​និរទ្ទេ​ស​ខ្លួន​នៅ​ប្រទេស​បារាំង​ ​ដោយសារតែ​លោក​ ​ហ៊ុន​ ​សែន​ ​រារាំង​មិន​ឲ្យ​ចូល​ស្រុក​វិញ​ ​និង​ប្តឹង​លោក​ជាច្រើន​ករណី​នៅ​តុលាការ​។​ ​រីឯ​សកម្មជន​នយោបាយ​ ​និង​មន្រ្តី​បក្ស​ប្រឆាំង​ជាច្រើន​ទៀត​ ​នៅតែ​រង​បម្រាម​សិទ្ធិ​ធ្វើនយោបាយ​ ​និង​ខ្លះ​រត់​ភៀសខ្លួន​ទៅក្រៅ​ប្រទេស​ ​ដើម្បី​រួចផុត​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​។​

ទោះ​ជា​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​យ៉ាងនេះ​ក្តី​ ​ក៏​មន្រ្តី​របប​លោក​ ​ហ៊ុន​ ​សែន​ ​នៅតែ​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ​និង​អះអាង​ថា​សេចក្តីរាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​ ​មាន​ភាព​លម្អៀង​ផ្នែក​នយោបាយ​ ​និង​ថា​កម្ពុជា​​នឹង​​មិន​ធ្វើតាម​ការ​ស្នើសុំ​របស់​អ្នកជំនាញ​រូប​នេះ​នោះ​ទេ​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​លោក​ ​កត្តា​ អ៊ន​ ​ថា​ជំហរ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​មិន​ទទួលយក​អនុសាសន៍​ទាំងឡាយ​ណា​ ​ដែល​ផ្ទុយពី​ការពិត​នៅ​កម្ពុជា​។​ ​លោក​ចាត់​ទុក​អនុសាសន៍​ទាំងនោះ​ ​ថា​មាន​ចរិត​នយោបាយ​ ​និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

រដ្ឋាភិបាល​កម្ពុជា​ ​តែងតែ​ទាត់ចោល​សេចក្តីរាយការណ៍​ ​និង​លទ្ធផល​នៃ​ការស្វែងរក​ការពិត​របស់​ក្រុម​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​និង​មន្រ្តី​របស់​គណៈកម្មការ​អឺរ៉ុប​ផង​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​ជា​លទ្ធផល​ ​ដោយសារ​ការ​មានះ​ ​និង​មិនព្រម​ទទួលយក​ការពិត​នេះ​ ​កម្ពុជា​តែងតែ​រង​ទណ្ឌកម្ម​ជាបន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។