ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្កោលទោសចំពោះការផ្តន្ទាទោសមេដឹកនាំសហជីពកម្មករលោក រ៉ុង ឈុន និងការបង្ក្រាបជាប្រព័ន្ធទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ក្រុមអ្នកជំនាញទាំងនោះ រំឭកឱ្យកម្ពុជាគោរពតាមការសន្យារបស់ខ្លួនក្នុងការបញ្ឈប់ការយាយី និងចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សដោយបំពានតទៅទៀត។ ពួកគេគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវបង្កើតបរិយាកាសដែលអនុញ្ញាតឱ្យពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិជាមូលដ្ឋានឡើងវិញ។ តំណាងកម្ពុជា បដិសេធការលើកឡើងទាំងនេះ និងចោទក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនេះម្ដងទៀតថា ពុំបានយកចិត្តទុកដាក់ដល់ការអនុវត្តច្បាប់នៅកម្ពុជា។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ៤រូប ក្នុងនោះ រួមមាន អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត ម៉ុនតាប៊ន(Vitit Muntarbhorn)និងអ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្សអ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) នៅថ្ងៃទី២៤ ខែសីហា ថ្កោលទោសអាជ្ញាធរកម្ពុជាដែលបានផ្តន្ទាទោសមេសហជីពល្បីឈ្មោះ គឺលោក រ៉ុង ឈុន និងសកម្មជនពីររូបទៀត គឺកញ្ញា ស កន្និកា និងលោក តុន និមល។
ការថ្កោលទោសនេះ ធ្វើឡើងក្រោយតុលាការក្រុងភ្នំពេញបានកាត់ទោសលោក រ៉ុង ឈុន ឱ្យជាប់គុកអតិបរមារយៈពេល ២ឆ្នាំ ដោយសារតែលោកបានអត្ថាធិប្បាយជុំវិញការអះអាងពីការបាត់បង់ដីសហគមន៍ និងការបណ្តេញចេញដោយបង្ខំនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ តុលាការដដែលនេះក៏បានកាត់ទោសកញ្ញា ស កន្និកា និងលោក តុន និមល ឱ្យជាប់គុករយៈពេល ២០ខែ ដោយសារតែពួកគេបានចូលរួមធ្វើបាតុកម្មអំពាវនាវឱ្យដោះលែងលោក រ៉ុង ឈុន។ ពួកគេទាំងបីរូបនេះ ក៏រងនូវការពិន័យជាទឹកប្រាក់ប្រមាណ ១សែនដុល្លារ ផងដែរ។
អ្នករាយការណ៍ពិសេសលោក វិទិត ម៉ុនតារបន ហៅការដាក់គុក និងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះសកម្មជនទាំងបីរូបនេះថា «មិនសមហេតុផល និងមិនសមាមាត្រឡើយ»។ រីឯ អ្នករាយការណ៍ពិសេសអ្នកស្រី ម៉ារី ឡល័រ មានប្រសាសន៍ថា អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬផ្តន្ទាទោសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារសិទ្ធិមនុស្សអ្នកដទៃឡើយ។
ក្រៅពីនោះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សដដែលក៏សម្តែងកង្វល់ជាខ្លាំងដែលរដ្ឋាភិបាលកម្ពុជានៅតែប្រើប្រាស់ «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» នៃមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលពួកគេថា បង្កប់ដោយពាក្យពេចន៍ស្រពិចស្រពិល ដើម្បីបង្ក្រាបមតិជំទាស់ និងបំបិទមាត់ការបញ្ចេញមតិដោយសេរីនៅកម្ពុជា។
ប្រតិកម្មតបនឹងការថ្កោលទោសរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនេះ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចោទក្រុមអ្នកជំនាញទាំងនោះថា ពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃការអនុវត្តច្បាប់នៅកម្ពុជា។ តំណាងកម្ពុជា បកស្រាយថា លោក រ៉ុង ឈុន ធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់អ្វីមួយដែលលោកហៅថា ជា «ព័ត៌មានបំភ្លៃការពិត និងបំផ្លើស» ដែលជារូបភាពនៃសេរីភាពបញ្ចេញមតិជ្រុលហួសហេតុ និងអាចដុតបញ្ឆេះឱ្យមានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល។
ជារឿយៗ អំណះអំណាងពីការអនុវត្តច្បាប់ តែងត្រូវតំណាងកម្ពុជា និងមន្ត្រីរដ្ឋាភិបាលលើកយកមកធ្វើជាអំណះអំណាងឆ្លើយតបទៅនឹងការរិះគន់នានារបស់អន្តរជាតិ។ ក៏ប៉ុន្តែ ការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជា ត្រូវគេដឹងឮពាសពេញសាកលលោកថា ជាការរំលោភច្បាប់។ ជារៀងរាល់ឆ្នាំ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប់បាតតារាងជាប្រទេសពូកែខាងរំលោភច្បាប់ជាគេ ផ្អែកតាមសន្ទស្សន៍នីតិរដ្ឋ ឬការគោរពច្បាប់របស់អង្គការគម្រោងយុត្តិធម៌អន្តរជាតិ។
ក្រៅពីការថ្កោលទោសចំពោះការផ្តន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្សនានា ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានរិះគន់ដល់ការបដិសេធជាប្រព័ន្ធនូវពាក្យសុំនៅក្រៅឃុំ ដែលជាគោលការណ៍ ក្រោមច្បាប់កម្ពុជា ជនជាប់ចោទគួរតែមានសេរីភាពក្នុងពេលរង់ចាំការជំនុំជម្រះ។ ពួកគេលើកឡើងថា ការណ៍នេះរឹតតែសំខាន់ថែមទៀត នៅស្របពេលដែលប្រព័ន្ធពន្ធនាគារនៅកម្ពុជាមានមនុស្សចង្អៀតណែន ហើយមានអ្នកជាប់ឃុំ និងអ្នកទោសរាប់រយនាក់បានកើតជំងឺកូវីដ-១៩។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគូសបញ្ជាក់ថា ពួកគេមានកង្វល់ជាខ្លាំងដែល «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ជាប្រព័ន្ធដើម្បីកំណត់គោលដៅទៅលើអ្នកការពារសិទ្ធិមនុស្សជារួម។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ច្បាប់ដើម្បីកំណត់គោលដៅលើបុគ្គលទាំងឡាយដែលកំពុងធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិអ្នកដទៃ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សដដែល លើកទឹកចិត្តឱ្យអាជ្ញាធរកម្ពុជាចាត់វិធានការជាក់ស្តែង ដើម្បីបញ្ចប់ការបំភិតបំភ័យ និងការយាយីរំខានដល់អ្នកការពារសិទ្ធិមនុស្សទាំងអស់៕
(Please see below for English version) – ក្រុមអ្នកជំនាញ អ.ស.ប ថ្កោលទោសចំពោះការផ្តន្ទាទោសមេដឹកនាំសហជីពកម្មករ...
Posted by Special Rapporteur Cambodia on Tuesday, August 24, 2021
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។