អ្នកសិទ្ធិមនុស្សជំរុញឲ្យអាជ្ញាធរអនុវត្តគោលការណ៍ស្ម័គ្រចិត្តចំពោះការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ជាសាធារណៈ។ ការជំរុញនេះ ក្រោយពេលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា (UNHRC) និងក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបង្ហាញការព្រួយបារម្ភជាថ្មី ថាការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឆ្លងជំងឺកូវីដ១៩ ជាសាធារណៈអាចធ្វើឲ្យអ្នកផ្សេងខ្លាចនិងលែងហ៊ានធ្វើតេស្ត។
នេះគឺជាលើកទី២ ហើយ ដែលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសម្ដែងក្ដីបារម្ភជុំវិញការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺនេះ ទោះបីជាអាជ្ញាធរអះអាងថា ការផ្សព្វផ្សាយព័ត៌មាន និងបង្ហាញបញ្ជីឈ្មោះអ្នកឆ្លងជំងឺកូវីដ១៩ ជាសាធារណៈ គឺក្នុងគោលបំណងដើម្បីស្វែងរក និងជំរុញអ្នកពាក់ព័ន្ធឲ្យមកធ្វើតេស្ត និងធ្វើចត្តាឡីស័កក៏ដោយ។
អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា សង្កេតឃើញថា ក្នុងសង្គមកម្ពុជានៅតែមានការរើសអើងអ្នកឆ្លងជំងឺកូវីដ១៩ ហើយអ្នកជំងឺកូវីដ១៩ខ្លះ ប្រឈមការរើសអើងក្រោយឆ្លងជំងឺ និងជាសះស្បើយពីជំងឺនេះ។ លោកបន្តថា ពលរដ្ឋខ្លះអាចបារម្ភពីការរើសអើង និងមិនយល់ដឹងពីជំងឺនេះ ហើយបានរត់គេចពីការធ្វើតេស្ត។
លោក ស៊ឹង សែនករុណា ចង់ឲ្យអាជ្ញាធរគោរពគោលការណ៍ស្ម័គ្រចិត្តរបស់ពលរដ្ឋក្នុងការបង្ហាញអត្តសញ្ញាណនិងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឆ្លងជំងឺកូវីដ១៩។ ជាងនេះទៅទៀត លោកស្នើសុំឲ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹង និងកុំឲ្យមានការរើសអើងចំពោះអ្នកឆ្លង និងអ្នកជាសះស្បើយពីជំងឺនេះ ដើម្បីជាការលើកទឹកចិត្តឲ្យគ្រប់គ្នាហ៊ានធ្វើតេស្តរកមេរោគនៃជំងឺនេះ។
មន្ត្រីសង្គមស៊ីវិលរូបនេះសង្កេតឃើញវិធានការ និងយន្តការរបស់រដ្ឋាភិបាលកន្លងមក ដូចជាការជួយស្បៀងនិងហិរញ្ញវត្ថុជាផ្នែកមួយបញ្ឈប់ការរើសអើងអ្នកឆ្លងជំងឺកូវីដ១៩។ តែយ៉ាងណា លោកជំរុញឲ្យរដ្ឋាភិបាលបន្ថែមយន្តការជួយពលរដ្ឋបន្ថែមទៀត ទើបពលរដ្ឋក្លាហាន និងមានទឹកចិត្តក្នុងការហ៊ានធ្វើតេស្តរកជំងឺកូវីដ១៩៖ « គួរតែរកមធ្យោបាយឲ្យកាន់តែល្អជាងហ្នឹងទៅទៀត ដើម្បីលើកទឹកចិត្តឲ្យអ្នកទាំងអស់ហ្នឹង គាត់ស្ម័គ្រចិត្តចូលរួមសហការជាមួយអាជ្ញាធរ ហើយក៏អាចថា បន្ថែមនូវការអប់រំផ្សព្វផ្សាយពន្យល់ពីសារៈសំខាន់នៃការចូលរួមទប់ស្កាត់អាចមានការលំបាករយៈពេលខ្លី តែវាអាចដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចគ្រួសារ សង្គមអ្វីហ្នឹង គឺរយៈពេលវែងនៅពេលខាងមុខ។ អ៊ីចឹង យើងអាចមានមធ្យោបាយច្រើនទៀត ដើម្បីឲ្យកិច្ចសហការរវាងពលរដ្ឋ និងអាជ្ញាធរបានល្អប្រសើរ»។
ការលើកឡើងនេះ ក្រោយពេលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបង្ហាញក្ដីបារម្ភថា ការផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលទាំងឡាយដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ (COVID-19) អាចរារាំងដល់អ្នកផ្សេងមិនឱ្យទៅធ្វើតេស្ត។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិយល់ថា ពលរដ្ឋខ្លះមានរោគសញ្ញា ឬសង្ស័យថា មានហានិភ័យនៃការឆ្លងជំងឺពីអ្នកជិតស្និទ្ធ តែពួកគេអាចនឹងមិនហ៊ានទៅធ្វើតេស្តទេ។ អង្គការដដែលនេះបារម្ភថា បញ្ហានេះនឹងបង្កើនហានិភ័យដល់មនុស្សគ្រប់គ្នា ព្រោះតែពលរដ្ឋខ្លះមិនព្រមស្វែងរកការព្យាបាលទាន់ពេលវេលា។
បន្ថែមពីលើនេះ កាលពីថ្ងៃទី១២ ខែមេសា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៤រូប ក្នុងនោះរួមទាំងអ្នករាយការណ៏ពិសេសអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ផង បានសម្ដែងកង្វល់ជាខ្លាំងចំពោះការដាក់ចេញវិធានការរបស់រដ្ឋាភិបាល ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាលក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ១៩។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះគូសបញ្ជាក់ថា ទិន្នន័យសុខភាពអ្នកកើតជំងឺកូវីដ១៩ គួរតែស្ថិតក្នុងការការពារយ៉ាងតឹងរ៉ឹងនូវសិទ្ធិឯកជន ព្រោះថា ការលាតត្រដាងទិន្នន័យបុគ្គលទាំងនេះ គឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជនដែលអាចនាំឱ្យមានការរើសអើង និងការម៉ាក់ងាយ។ ទន្ទឹមនឹងនេះ កាលពីចុងឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ ២៨ វិច្ឆិកា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សក៏ធ្លាប់បង្ហាញក្ដីកង្វល់នេះដែរ។
ជុំវិញករណីនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធបានទេនៅថ្ងៃទី១៤ ខែមេសា។ ប៉ុន្តែកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន អះអាងថា ការបង្ហាញឈ្មោះទីកន្លែងធ្វើការ និងរូបថតអ្នកឆ្លងជំងឺកូវីដ១៩ កាលនោះមិនមែនជាការរំលោភលើសិទ្ធិបុគ្គល និងឯកជនភាពនៃអ្នកវិជ្ជមានកូវីដ-១៩នោះទេ តែផ្ទុយទៅវិញ គឺជាវិធានការចាំបាច់ក្នុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដទៃទៀត ដោយផ្ទាល់ និងប្រយោល ដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងកាន់ច្រើនចូលក្នុងសហគមន៍។
លើសពីនេះទៀត តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) បានបកស្រាយថា ការបង្ហាញអត្តសញ្ញាណដូច្នេះ គឺជាការលើកទឹកចិត្ត និងជំរុញឲ្យមានការតាមរុករក ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក បានលឿន និងទាន់ពេលវេលា សំដៅរួមចំណែកទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។
បច្ចុប្បន្នក្រសួងសុខាភិបាល មិនបានបង្ហាញព័ត៌មានលម្អិត និងរូបថត អ្នកឆ្លងជំងឺកូវីដ១៩ទេ។ តែអាជ្ញាធររាជធានីខេត្ត បានបង្កើនការផ្សព្វផ្សាយ និង បង្ហាញឈ្មោះ និងទីកន្លែងធ្វើការ ឬកន្លែងប្រកបមុខរបររបស់អ្នកជំងឺកូវីដ១៩ទាំងអស់ ក្រោមហេតុផលដដែល គឺស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ បើតាមក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយព័ត៌មានឯកជនរបស់មនុស្សយ៉ាងហោចណាស់ជិត ១ពាន់នាក់ ដែលកើតជំងឺកូវីដ១៩ ក្នុងនោះមានការផ្សព្វផ្សាយជាសាធារណៈពីឈ្មោះ ភេទ អាយុ មុខរប កន្លែងធ្វើការ និងអាសយដ្ឋានជាដើម។
ទោះជាយ៉ាងណា អ្នកធ្លាប់ឆ្លងជំងឺកូវីដ១៩ម្នាក់ សុំលាក់ឈ្មោះ និងសំឡេង ឲ្យដឹងថា មុនដំបូងលោក មិនចង់ឲ្យអាជ្ញាធរបង្ហាញអត្តសញ្ញាណលោកទេ ដោយសារបារម្ភខ្លាចអ្នកជិតខាងរើសអើងគ្រួសារ និងកូនតូចៗរបស់លោក។ ចំណែកក្រុមសិល្បៈករ និង អ្នកនយោបាយមួយចំនួន ដែលឆ្លងជំងឺកូវីដ១៩នេះ ភាគច្រើនមិនបារម្ភពីការរើសអើងទេ។ ពួកគាត់ តែងតែប្រកាសតាមបណ្ដាញសង្គម ថាខ្លួន ឬ ក្រុមគ្រួសារ កើតជំងឺកូវីដ១៩នេះ និងស្នើសុំឲ្យអ្នកធ្លាប់ប្រាស្រ័យទាក់ទង ទៅធ្វើតេស្ត ដើម្បីរកការព្យាបាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។