អ្នកជំនាញអង្គការសហប្រជាជាតិដាក់សំណួរទៅវៀតណាមរឿងរំលោភសិទ្ធិមនុស្សខ្មែរក្រោម
2022.12.26
មន្ត្រីជំនាញអង្គការសហប្រជាជាតិ សំដែងក្តីបារម្ភពីរបាយការណ៍ដែលរដ្ឋាភិបាលវៀតណាម បានរំលោភសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត របស់ជនជាតិដើមខ្មែរកម្ពុជាក្រោម។ ពួកគេសំណូមពរឲ្យវៀតណាមគោរពកាតព្វកិច្ចរបស់ខ្លួនដែលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម វប្បធម៌ អប់រំ និងសេរីភាពសាសនា ក្រុមការងារប្រឆាំងនឹងការឃុំខ្លួន តាមទំនើងចិត្ត បានស្នើឲ្យរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមបកស្រាយចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សរបស់ពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើម។ លិខិតរួមរបស់អ្នកជំនាញអង្គការសហប្រជាជាតិចុះកាលពីដើមខែតុលា ដែលវិទ្យុអាស៊ីសេរីទើបទទួល បានសរសេរផ្ញើទៅរដ្ឋាភិបាលវៀតណាមថា អ្នកជំនាញអង្គការសហប្រជាជាតិចង់ទាញការចាប់អារម្មណ៍របស់រដ្ឋាភិបាលវៀតណាម ចំពោះព័ត៌មាន ដែលវៀតណាមបរាជ័យទទួលស្គាល់សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើតំបន់ដីសណ្ដទន្លេមេគង្គ។ អ្នកជំនាញបន្តថា ពួកគេក៏ទទួលបានសេចក្តីរាយការណ៍ពីការរំលោភបំពាន សិទ្ធិសេរីផ្នែកបញ្ចេញមតិ ការចូលរួមប្រជុំ សុខភាព ម្ហូបអាហារ ផ្ទះសម្បែង បរិស្ថាន ការរំលោភបំពានសេរីភាពសាសនា ភាសា និងវប្បធម៌។
លិខិតរួមរបស់អ្នកជំនាញអង្គការសហប្រជាជាតិ សរសេរថា ខ្មែរក្រោមបានរស់នៅលើទឹកដីកំណើតដីសណ្ដទន្លេមេគង្គរាប់ពាន់ឆ្នាំមកហើយ។ ខ្មែរក្រោម ប្រើប្រាស់ភាសាខ្មែរ និងជាជនជាតិដើម ដែលមានចំនួនច្រើនជាងគេ នៅវៀតណាម។ ចាប់តាំងពីឆ្នាំ១៩៧៥មក វៀតណាម បានចាប់ផ្តើមរឹបអូសដីកសិកម្មខ្មែរក្រោម ឲ្យជនជាតិវៀតណាម ដែលមកតាំងទីលំនៅលើដែនដីកម្ពុជាក្រោម យ៉ាងគំហុក។ អ្នកជំនាញអង្គការសហប្រជាជាតិកត់សំគាល់ថា ទោះបីវៀតណាមបោះឆ្នោតគាំទ្រសេចក្តីប្រកាសជាសាកលស្ដីពីសិទ្ធិជនជាតិដើម កាលពីឆ្នាំ ២០០៧ក្តី វៀតណាមមិនបានធ្វើច្បាប់ជាក់លាក់ណាមួយស្ដីពីជនជាតិដើមឡើយ ហើយ វៀតណាម ក៏មិនបានប្រើពាក្យ «ជនជាតិដើម» ដើម្បីសំគាល់លើជនជាតិដើម ចំនួន៥៤ រួមទាំងខ្មែរក្រោមផងដែរ។ វៀតណាមបន្តប្រើប្រាស់ច្បាប់សន្តិសុខអ៊ីនធឺណិត ដើម្បីធ្វើទុក្ខបុកម្នេញសេរីបញ្ចេញមតិតាមបណ្ដាញអ៊ីនធឺណិត របស់ពលរដ្ឋវៀតណាម និងខ្មែរក្រោម។ មានយុវជនខ្មែរក្រោមជាច្រើននាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនតាមទំនើងចិត្ត សួរចម្លើយ ឃុំខ្លួន និងកាត់ទោសដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពសំដែងមតិ។
អ្នកជំនាញអង្គការប្រជាជាតិ សំដែងក្តីបារម្ភជាពិសេសលើករណីវៀតណាម ឃាត់ខ្លួនយុវជនខ្មែរក្រោម លោក ដួង ខាយ និង លោក ថាច់ កឿង ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម។ ពួកគេត្រូវបានវៀតណាម ឃុំខ្លួន សួរចម្លើយអស់ជាច្រើនម៉ោង និងបង្ខំឲ្យសារភាពទោស ដែលពួកគេមិនបានប្រព្រឹត្ត។ ករណីពិសេសមួយទៀត គឺករណី លោក ថាច់ រីន ដែលត្រូវវៀតណាមចាប់ដាក់ពន្ធនាគាររយៈពេល ៦ខែ ពីបទធ្វើឲ្យប៉ះពាល់កិត្តិយសអតីតមេដឹកនាំវៀតណាម លោក ហូ ជី មិញ និងលោករឿងផ្សព្វផ្សាយ ប្រវត្តិសាស្ត្រកម្ពុជាក្រោម និងចែករំលែកចំណេះដឹងផ្នែកសិទ្ធិជនជាតិដើម សិទ្ធិមនុស្ស និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ អ្នកជំនាញអង្គការសហប្រជាជាតិថា វៀតណាមមិនបានផ្តល់ការកាត់ទោសដោយយុត្តិធម៌ដល់លោក ថាច់ រីន និងមិនអនុញ្ញាតឲ្យលោកជួបក្រុមគ្រួសារ និងមេធាវី។
អ្នកជំនាញអង្គការប្រជាជាតិ បានទុករយៈពេល ៦០ថ្ងៃ ឲ្យវៀតណាមឆ្លើយសំណួរមួយចំនួនដែល វៀតណាមត្រូវគេចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ជនជាតិដើមខ្មែរក្រោម។ ពួកគេក៏ចង់ឲ្យវៀតណាម បង្ហាញភស្តុតាងទាំងឡាយ ដែលបញ្ជាក់ថា ជនជាតិដើមខ្មែរក្រោម យល់ព្រមនឹងរដ្ឋាភិបាលវៀតណាម មុននឹងរដ្ឋាភិបាលកាត់ដីខ្មែរក្រោមឲ្យធ្វើជាដីសម្បទានសេដ្ឋកិច្ច បង្ហាញពីវិធានការ ដែលវៀតណាមបានធ្វើដើម្បីការពារកុំឲ្យអាជ្ញាធរវៀតណាម ចាប់ឃុំខ្មែរក្រោមតាមទំនើងចិត្ត បង្ហាញវិធានការអនុញ្ញាតឲ្យខ្មែរក្រោម អាចបង្ហាញពីអត្តសញ្ញាណជាជនជាតិដើម ចូលរួមសកម្មភាពវប្បធម៌ ប្រើប្រាស់ភាសាដើម ទទួលបានការអប់រំ និងប្រតិបត្តិសាសនាដោយ គ្មានការភ័យខ្លាច។ អ្នកជំនាញអង្គការប្រជាជាតិថា ក្នុងពេលរង់ចាំចម្លើយរបស់វៀតណាមនេះ រដ្ឋាភិបាលវៀតណាម ត្រូវចាត់វិធានការចាំបាច់ដើម្បីបញ្ឈប់ការរំលោភបំពាន ហើយប្រសិនបើការរំលោភបំពាននោះនៅតែបន្តមាន រដ្ឋាភិបាលត្រូវចាត់វិធានការប្រឆាំងជនល្មើសទាំងនោះ។ ទោះបីជាយ៉ាងណា សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា វៀតណាមមិនបានចាត់វិធានការទប់ស្កាត់ ការកោះហៅខ្មែរក្រោមទៅសំឡុតបំភ័យរឿងប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិឡើយ។ កាលពីសប្តាហ៍មុនវៀតណាមបានកោះហៅពលរដ្ឋខ្មែរក្រោមម្នាក់ ដែលឲ្យផ្ទះលោកសម្រាប់ពលរដ្ឋខ្មែរក្រោមប្រមូលផ្តុំគ្នាធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
ពាក់ព័ន្ធនឹងលិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិនេះ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា លិខិតស្នើសុំវៀតណាមពន្យល់ពីការរំលោភសិទ្ធិមនុស្ស នឹងអាចដាស់តឿនវៀតណាមកុំឲ្យបន្តរំលោភសិទ្ធិមនុស្សបន្ថែមទៀត។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «អាត្មា យល់ឃើញថា សំណើរបស់អង្គការសហប្រជាជាតិដែលបាន ដើម្បីបកស្រាយបំភ្លឺនៃការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមនៅលើដែនដីកម្ពុជាក្រោមនេះ គឺអង្គការសហប្រជាជាតិ មានសក្ខីកម្មច្បាស់លាស់ណាស់ទើបបានផ្ញើទៅរដ្ឋាភិបាលវៀតណាមឲ្យបកស្រាយ។ ដូច្នោះគេមានផលប្រយោជន៍យ៉ាងធំធេង សម្រាប់ពលរដ្ឋខ្មែរក្រោមនៅលើដែនដីកម្ពុជាក្រោម»។
រដ្ឋាភិបាលវៀតណាមមកទល់នឹងថ្ងៃទី ២៥ ធ្នូ មិនទាន់ឆ្លើយតបនឹងលិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិនៅឡើយទេ។ សមាជិកអង្គការសហប្រជាជាតិបានបោះឆ្នោត ឲ្យវៀតណាមធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិបី ឆ្នាំពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ វៀតណាម បានសន្យានឹងសហគមន៍អន្តរជាតិថា នឹងគោរពសិទ្ធិមនុស្ស មុនសុំធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស។ កាលពីពេលថ្មីនេះៗ ក្រសួងការបរទេសវៀតណាម បានបដិសេធរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលបានដាក់វៀតណាម ក្នុងបញ្ជីនៃប្រទេសឃ្លាំមើល នៃការរំលោភសិទ្ធិសាសនាមនុស្សធ្ងន់ធ្ងរ។ វៀតណាមថា របាយការណ៍នេះ គ្មានការពិត និងលំអៀង។
ទោះបីជាយ៉ាងណា របាយការណ៍សិទ្ធិមនុស្សឆ្នាំ២០២១ របស់ក្រសួងការបរទេសអាមេរិក ផ្សាយកាលពីខែមេសាកន្លងទៅក៏រកឃើញថា កាលពីឆ្នាំ ២០២១ មានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរកើតឡើងនៅវៀតណាមដូចជា ការសម្លាប់មនុស្ស ការធ្វើទារុណកម្ម និងអំពើឃោរឃៅខុសច្បាប់បង្កឡើងដោយរដ្ឋាភិបាលវៀតណាម និងភ្នាក់ងាររដ្ឋាភិបាល។ ការឃុំខ្លួន និងចាប់ខ្លួនតាមអំពើចិត្តប្រឆាំងនឹងអ្នកនយោបាយការរឹតត្បិតការសំដែងមតិនិងសារព័ត៌មាននិងការប្រើប្រាស់ពលកម្មកុមារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។