អ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) នៅតែបញ្ជាក់ជំហរដដែលថា អ្នកស្រីនិងអ្នករាយការណ៍ពិសេសផ្សេងទៀតរបស់អង្គការសហប្រជាជាតិព្រួយបារម្ភថា ចំណុចមួយចំនួននៃវិធានការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពុំចាំបាច់ និងអាចរំលោភស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។
ការបញ្ជាក់ជំហរជាថ្មីបែបនេះ កើតមានឡើងក្រោយតំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីពេលថ្មីៗនេះ បានចោទក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាកំពុងតែ «បង្អាក់» បេសកកម្មសង្គ្រោះជីវិត និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩របស់រដ្ឋាភិបាល។ ការចោទប្រកាន់បែបនេះ គឺដោយសារតែក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចំនួន ៤រូប បានរិះគន់វិធានការរបស់រដ្ឋាភិបាលថា មានលក្ខណៈតឹងរ៉ឹងជ្រុលហួសហេតុពេកមិនមានសមាមាត្រ និងមិនចាំបាច់។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនោះ ក៏បានរិះគន់អាជ្ញាធររដ្ឋាភិបាលដែលបានលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺ និងបុគ្គលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ថាគឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជន ដែលអាចនាំឲ្យមានការរើសអើង និងការមាក់ងាយ។
អ្នកស្រី រ៉ូណា ស្ម៊ីត ពន្យល់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកនៅថ្ងៃទី១៥ ខែមេសា ថាអ្នកស្រីមានតួនាទីពិគ្រោះយោបល់ជាមួយភាគីរដ្ឋាភិបាល ដោយលើកឡើងពីបញ្ហារំលោភបំពាននានាលើបទដ្ឋាន និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាបានស្ម័គ្រចិត្តទទួលយក។ អ្នកស្រី រ៉ូណា ស្ម៊ីត ថាអ្នកស្រីដឹងថារដ្ឋាភិបាលកម្ពុជាកំពុងតែចាត់វិធានការមិនធម្មតា ហើយអ្នកស្រីកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងវីរ៉ុស SARS-CoV-2 ចូលក្នុងសហគមន៍។
អាជ្ញាធរកម្ពុជាមិនបានអើពើទៅនឹងការរិះគន់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនោះ ជុំវិញបញ្ហារំលោភបំពានសិទ្ធិឯកជននេះទេ។ អាជ្ញាធរនៅតែបង្កើនការបន្តលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺនិងបុគ្គលពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩ជាសាធារណៈដដែល ក្នុងនោះមានការបង្ហាញអំពីឈ្មោះ ភេទ អាយុ មុខរបរ កន្លែងធ្វើការ និងអាសយដ្ឋាន ជាដើម។
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបកស្រាយថា ការបង្ហាញអត្តសញ្ញាណដូច្នេះ គឺជាការលើកទឹកចិត្ត និងជំរុញឲ្យមានការតាមរុករក ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក បានលឿន និងទាន់ពេលវេលា សំដៅរួមចំណែកទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាវិធានការរបស់រដ្ឋាភិបាល គឺជាការរំលោភបំពានដល់សិទ្ធិឯកជន សិទ្ធិជាមូលដ្ឋាន សេរីភាពក្នុងការដើរហើរ សិទ្ធិជួបប្រជុំដោយសន្តិវិធី និងសិទ្ធិការងារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។