សហជីព ទាមទារឲ្យក្រសួងការងារជំរុញដល់ភាគីថៅកែរោងចក្រផលិតកាបូប ស៊ិនឡន (CINLON INTERNATIONAL (CAMBODIA)) ឲ្យទទួលយកតំណាងសហជីព ៣នាក់ ចូលធ្វើការវិញ។ ការទទូចជាថ្មីនេះ ដោយសារតែក្រសួងការងារបានចេញលិខិត បញ្ជាឲ្យថៅកែរោងចក្រ ស៊ិន ឡន ទទួលយកតំណាងសហជីពទាំង ៣នាក់ ចូលធ្វើការវិញ តាំងពីខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែរោងចក្រមិនបានអនុវត្តតាមបទបញ្ជារបស់ក្រសួងនោះទេរហូតមកដល់ពេលនេះ។
សហជីព នៅតែបន្តទាមទារឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំរុញដល់ថៅកែរោងចក្រផលិតកាបូប ស៊ិន ឡន (CINLON INTERNATIONAL (CAMBODIA)) ឲ្យទទួលយកតំណាងសហជីព ៣នាក់ ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ ដោយការរើសអើងសហជីព កាលចុងខែមិថុនាឆ្នាំ២០២២។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធិណែត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ មិថុនាថា សហជីពបានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅក្រសួងការងារ ឲ្យជំរុញដល់ថៅកែរោងចក្រ ស៊ិន ឡន ឲ្យទទួលយកតំណាងសហជីព ៣នាក់ចូលធ្វើការវិញ លើកចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយគិតមកទល់ពេលនេះ គឺមានរយៈពេល ៧ខែហើយ ប៉ុន្តែក្រសួងការងារនៅមិនទាន់ឆ្លើយតបនឹងលិខិតស្នើសុំកិច្ចអន្តរាគមន៍នេះ នៅឡើយទេ។
លោក រី សិទ្ធិណែត៖«ក្រសួងការងារបានបញ្ជាក់យ៉ាងច្បាស់ថា ករណីនេះ គឺជាករណីរើសអើងសហជីព ហើយក្រសួងការងារបានបញ្ជាឲ្យយកមេដឹកនាំសហជីពទាំង៣នាក់ចូលធ្វើការវិញ ប៉ុន្តែអ្វីដែលជាវិធានការបន្ត ក្រសួងការងារគួរតែចាត់វិធានការបន្តជំរុញឲ្យលិខិតរបស់ក្រសួងការងារ ឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត»។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ សហជីព បានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ ចំនួន៤លើករួចមកហើយ ដើម្បីស្នើឲ្យក្រសួងការងារ ជួយជំរុញដល់ថៅកែរោងចក្រផលិតកាបូប ស៊ិន ឡន ឲ្យទទួលយកតំណាងសហជីពចំនួន៣នាក់ចូលធ្វើការវិញ។
ការដាក់លិខិតស្នើសុំជាច្រើនលើកនេះ ធ្វើឡើងក្រោយពីនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ បានរកឃើញថា រោងចក្រ ស៊ិន ឡន បានរើសអើងសហជីពមូលដ្ឋាន ដោយបញ្ឈប់ពួកគេពីកន្លែងការងារកាលពីចុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។
នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារ ក៏បានចេញលិខិតបញ្ជាឲ្យថៅកែរោងចក្រ ស៊ិន ឡន ទទួលយកតំណាងសហជីពចូលធ្វើការងារវិញ ដោយសងរំលឹកឈ្នួលគិតចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ។
លុះដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានវិវាទការងារ បានចេញលិខិតផាកពិន័យរោងចក្រ ស៊ិន ឡន ដោយសាររោងចក្រនេះ មិនអនុវត្តតាមច្បាប់ស្ដីពីការងារ ត្រង់មាត្រា ៣៨២ ដែលចែងថា ត្រូវផ្ដន្ទាទោសជាប្រាក់ ពី ១២០ថ្ងៃ ដល់ ៣៦០ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ឬត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១ខែដល់ ១ឆ្នាំ ចំពោះជនណា ដែលជំទាស់ ឬប៉ុនប៉ងជំទាស់និងការអនុវត្តន៍តាមមុខងារ ឬការប្រើប្រាស់អំណាច ដែលប្រគល់ឲ្យអធិការការងារ ឬអភិបាលការងារ ព្រមទាំងអធិការពេទ្យការងារ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបសំណើនេះ បាននៅឡើយទេ នៅថ្ងៃទី១៧ ខែមិថុនា។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធិណែត លើកឡើងថា ក្រសួងការងារគួរតែពន្លឿននីតិវិធីដោះស្រាយវិវាទការងារនៅរោងចក្រមួយនេះ និងជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យអនុវត្តលិខិតរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
លោក រី សិទ្ធិណែត៖«ចុងក្រោយខ្ញុំចង់ស្នើឲ្យក្រសួងជួយជំរុញ និងជួយពន្លឿននីតិវិធីហ្នឹង ដើម្បីឲ្យកម្មករអាចអនុវត្តសិទ្ធិរបស់ខ្លួន និងទទួលបានការគោរពសិទ្ធិពីសំណាក់និយោជកដែលមិនគោរពច្បាប់នៅកម្ពុជា»។
ក្រៅពីរោងចក្រ ស៊ិន ឡន មិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងការងារហើយនោះ រោងចក្របានប្ដឹងតំណាងសហជីពទាំង ៣នាក់ រួមមានលោកស្រី ប៊ូ រ៉ាត លោក ស្រី នាង និងលោក មួន សាម៉ុក ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺថែមទៀត ហើយកាលពីចុងឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះហៅ ពួកគេទាំងបីនាក់ ឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្តនេះ ពីបទលក្ខខណ្ឌអត្ថិភាព នៃការញុះញង់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមពាក្យបណ្ដឹងរបស់ភាគីរោងចក្រ ពាក់ព័ន្ធនឹងការតវ៉ារបស់កម្មកររោងចក្រ ស៊ិនឡន ដែលទាមទារឲ្យរោងចក្រទទួលយកតំណាងរបស់ពួកគេចូលធ្វើការវិញ។
ក៏ប៉ុន្តែលោកស្រី ប៊ូ រ៉ាត ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រី និងមន្ត្រីសហជីព ២នាក់ផ្សេងទៀត មិនបានញុះញង់កម្មករឱ្យចេញតវ៉ាទេ ពោលគឺ កម្មករចេញតវ៉ាដោយខ្លួនឯង ក្រោយពីថៅកែបញ្ឈប់តំណាងពួកគេ ដោយការរើសអើងសហជីព។
រោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល មានទីតាំងស្ថិតនៅឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានកម្មករប្រមាណ ៥០០នាក់ កំពុងធ្វើការ។ រោងចក្រនេះ ជារោងចក្រផលិតកាបូប ឲ្យក្រុមហ៊ុនបញ្ជាទិញម៉ាក ក្លេវឺម៉េត (CleverMade)។
ទោះជាយ៉ាងណាក្ដី សហជីពនៅតែស្នើដល់ក្រសួងការងារ ឲ្យពន្លឿននីតិវិធីដោះស្រាយវិវាទការងារនៅរោងចក្រផលិតកាបូប ស៊ិន ឡន ដើម្បីឲ្យតំណាងសហជីពទាំង ៣នាក់ បានចូលធ្វើការវិញ និងកាត់បន្ថយផលប៉ះពាល់ផ្នែកជីវភាពរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។