ស្ថាប័ន UN ​ទទូច​ឱ្យអាជ្ញាធរ​កម្ពុជា​បញ្ឈប់​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន

ដោយ សេក បណ្ឌិត
2021-06-30
Share
ស្ថាប័ន UN ​ទទូច​ឱ្យអាជ្ញាធរ​កម្ពុជា​បញ្ឈប់​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន (ឆ្វេង) រូបសញ្ញា ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី និង (ស្ដាំ) សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ៣​នាក់ គឺ​កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុធ ដែល​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក UN Human Rights Asia និ Mother Nature

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី៣០ មិថុនានេះ ដោយ​សម្ដែង​ក្ដី​កង្វល់​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នៅ​កម្ពុជា កាល​ពី​​ពេល​ថ្មីៗ នេះ។ ស្ថាប័ន​ដដែល​ទទូច​​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​គោរព​សិទ្ធិពលរដ្ឋ និង​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​​របស់​ខ្លួន​ជា​អន្តរជាតិ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី និង​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្ដីពី​បរិស្ថាន​ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​មាន​ក្ដី​បារម្ភ​ជា​ថ្មីទៀត​ចំពោះ​ការ​ថយ​ចុះ​លំហ​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​សិទ្ធិ​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ការពារ​បរិស្ថាន​ក្នុង​ការ​បញ្ចេញមតិ ការ​ជួប​ប្រជុំ និង​ការ​ចងក្រង​គ្នា ដោយ​គ្មាន​ការ​យាយី ឈ្លប​យក​ការណ៍ ឬក៏​ការ​រឹតត្បិត​ជ្រុល​ហួសហេតុ​ណា​មួយ​នោះ​ទេ។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ អ្នកស្រី ស៊ីនធា វេលិកូ (Cynthia Veliko) មាន​ប្រសាសន៍​ថា ការងារ​សិទ្ធិមនុស្ស និង​បរិស្ថាន​មិន​មែន​ជា​បទល្មើស​ឧក្រិដ្ឋ​នោះ​ទេ។ អ្នក​ស្រី​បន្ត​ថា វា​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​វិធាន​ការ​ទណ្ឌកម្ម​ដែល​មាន​កម្រិត​ជា​ទៀងទាត់​ប្រឆាំង​នឹង​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​បរិស្ថាន​នៅ​កម្ពុជា៖ «យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឱ្យ​បាន​ថា សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​អាច​ដំណើរ​ការ​បាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ ជាមួយ​គ្នា​នេះ យើង​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ធានា​ឱ្យ​បាន​ថា ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ចង​ក្រង​គ្នា​ជា​សមាគម​ ត្រូវ​បាន​គោរព និង​ការពារ​ផង​ដែរ»

បន្ថែម​ពី​លើ​នេះ នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្ដីពី​បរិស្ថាន អ្នក​ស្រី ដេជិន ស្រ៊ីង (Dechen Tsering) មាន​ប្រសាសន៍​ថា មនុស្ស​គ្រប់​រូប​កំពុង​រស់​នៅ​ស្ថានភាព ដែល​មាន​វិបត្តិ​បរិស្ថាន ហេតុ​ដូច្នេះ​សង្គម​ស៊ីវិល​ដែល​តស៊ូ​មតិ​ដោយ​អហិង្សា​សម្រាប់​បរិស្ថាន គឺ​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ការ​បាត់បង់​ជីវចម្រុះ និង​ការ​បំពុល​បរិស្ថាន។

ស្ថាប័ន​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​កត់​សម្គាល់​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ការពារ​សិទ្ធិមនុស្ស ២៤នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា ដោយ​ក្នុង​នោះ ពាក់​កណ្ដាល​ជា​ស្ត្រី។ ស្ថាប័ន​ទាំង​នោះ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​ជា​អន្តរជាតិ​របស់​ខ្លួន​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស ក្នុង​នោះ​រួម​ទាំង​អនុសាសន៍​របស់​គណៈកម្មការ​ជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ស្ថាប័ន​សេនាធិការ​របស់​អង្គការ​សហប្រជាជាតិ​ទាំង​នោះ បាន​រំឭក​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា ការ​លើក​ស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​ដើម្បី​បរិស្ថាន មិន​មែន​ជា​បទល្មើស​នោះ​ឡើយ។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន បកស្រាយ​ដដែលៗ ថា ចំណាត់​ការ​លើ​សកម្មជន​បរិស្ថាន​ចុងក្រោយ​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ លោក​ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថាប័ន​​អង្គការ​សហប្រជាជាតិ​ថា ជា​កង្វល់​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​ក្នុង​ស្ថាប័ន​ទាំង​នោះ ហើយ​ធ្វើឡើង​ដោយ​ខ្វះ​ខាត​ព័ត៌មាន៖ «កង្វល់​គ្រាន់​តែ​ជា​ការ​សម្ដែង​រឿង​បុគ្គល និង​ឆន្ទៈ នូវ​គំនិត​បុគ្គល​ដែល​មាន​លក្ខណៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ផល​ប្រយោជន៍​ប្រទេស​​កម្ពុជា។ ប៉ុន្តែ​ប្រសិន​បើ​នៅ​ថ្ងៃ​ណា​មួយ នៅ​យន្តការ​ការពារ​របាយការណ៍​​សិទ្ធិមនុស្ស ការ​ការពារ​នៅ​ក្នុង​កិច្ច​ប្រជុំ​សិទ្ធិ​មនុស្ស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ឬក៏​មហាសន្និបាត នោះ​ហើយ គឺ​ជា​កិច្ច​ការ​ឆ្លើយ​តប ដែល​កម្ពុជា​ត្រូវ​មាន​តួនាទី​ភារកិច្ច​ក្នុង​ការ​បំភ្លឺ​ជូន​មហាសន្និបាត ឬ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​មុខ»

កា​របក​ស្រាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ត្រង់​ចំណុច​នេះ ប្រាសចាក​ការ​ពិត។ គ្មាន​ពាក្យ​ពេចន៍​ណាមួយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​រំលេច​ថា នេះ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ ផ្ទុយ​ទៅវិញ ​សេចក្ដី​ថ្លែងការណ៍​​ទាំងមូល​ ធ្វើ​ឡើង​តំណាង​ឱ្យ​ស្ថាប័ន​​​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន​​ប្រចាំ​នៅ​ក្នុង​តំបន់។ ជាង​នេះ​ទៅ​ទៀត កង្វល់ និង​ការ​អំពាវនាវ​របស់​ស្ថាប័ន​ទាំងនេះ ​ឈរ​លើ​មូលដ្ឋាន​គោល​ការណ៍​សិទ្ធិមនុស្ស​ និង​លិខិតុបករណ៍​អន្តរជាតិ​ទាំង​ឡាយ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស ​ដែល​កម្ពុជា​បាន​ទទួលយក និង​សន្យា​ថា អនុវត្ត​តាម។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់​ថា ស្ថាប័ន​សេនាធិការ​របស់​អង្គការ​សហប្រជាជាតិ​បំពេញ​ការងារ​ទៅ​តាម​ជំនាញ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ដូច្នេះ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​ជា​ជំហរ​របស់​ស្ថាប័ន​ទាំងនោះ។ លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​បាន​ទទួល​ស្គាល់ និង​ផ្តល់​តម្លៃ​ដល់​ស្ថាប័ន​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ លើកលែង​តែ​កម្ពុជា ដែល​កន្លងមក​ មិន​សូវ​ផ្តល់​តម្លៃ​ដល់​ស្ថាប័ន​ទាំង​នោះ​ទេ ហើយ​ក៏​មិន​សូវ​ខ្វល់​នឹង​អនុសាសន៍​ទាំង​ឡាយ​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ​ដែរ។ លោក​ថា ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​មិន​សូវ​ល្អ​លើ​ឆាក​អន្តរជាតិ ហើយ​ទណ្ឌកម្ម​ និង​សម្ពាធ​ពី​អន្តរជាតិ​ បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់៖ «ការ​បកស្រាយ​កន្លង​មក គឺ​មិន​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឱ្យ​មានការ​ជឿជាក់​ពី​សហគមន៍​អន្តរជាតិ​បាន​នោះ​ទេ។ បើ(រដ្ឋាភិបាល)​កម្ពុជា​បារម្ភ​ពី​ការ​បាត់​មុខ​មាត់​លើ​ឆាក​អន្តរជាតិ ឬ​ភាព​ស្មើមុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ (រដ្ឋាភិបាល)កម្ពុជា​គួរ​តែ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​រក​ឃើញ​ទាំងអស់​ហ្នឹង ដើម្បី​កែ​លម្អ​ឱ្យ​វា​មាន​ភាព​ល្អ​ប្រសើរ​ឡើង»

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​បី​នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុធ កាល​ពី​ថ្ងៃ​ទី១៦ មិថុនា។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កញ្ញា ស៊ុន រដ្ឋា និង​លោក យីម លាងហ៊ី ចំនួន​ពីរ​បទ​ល្មើស រួមមាន «បទ​ប្រមាថ​ព្រះមហាក្សត្រ» និង​ «បទ​រួម​គំនិត​ក្បត់» រីឯ​យុវជន លី ចាន់ដារ៉ាវុធ ជាប់​ចោទ​ពី​បទ «រួម​គំនិត​ក្បត់»។ បទ​រួម​គំនិត​ក្បត់ ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ ខណៈ​បទ​ប្រមាថ​ព្រះមហាក្សត្រ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥ឆ្នាំ។

ក្រៅ​ពី​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​នេះ នៅ​មាន​យុវជន និង​សកម្មជន​ជាច្រើន​នាក់​ទៀត កំពុង​ជាប់​ពន្ធនាគារ ដោយ​ពួក​គេ​ខ្លះ​កំពុង​រង់​ចាំ​សវនាការ និង​ខ្លះ​ទៀត​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​រួច​ហើយ។ សហគមន៍​ជាតិ​ និង​អន្តរជាតិ​បាន​នាំគ្នា​ថ្កោលទោស​របប​លោក ហ៊ុន សែន ចំពោះ​ចំណាត់​ការ​ទាំងនេះ និង​ទាម​ទារ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ ប៉ុន្តែ​ពួក​គេ​ជាប់​ឃុំ​ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​ពលរដ្ឋ​​មួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​ជន​បរទេស​ផង កំពុង​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដើម្បី​ជួយ​​ទាមទារ​រក​យុត្តិធម៌​ជូន​យុវជន និង​សកម្មជន ដែល​ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​អំពើ​ចិត្ត​ទាំងនោះ។ សារ​ជា​សំខាន់​របស់​ពួក​គាត់ គឺ​ «ការងារ​បរិស្ថាន និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព មិន​មែន​ជា​បទល្មើស​នោះ​ទេ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល