អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន ចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣០ មិថុនានេះ ដោយសម្ដែងក្ដីកង្វល់ចំពោះការចាប់ខ្លួនសកម្មជនបរិស្ថាននៅកម្ពុជា កាលពីពេលថ្មីៗ នេះ។ ស្ថាប័នដដែលទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យគោរពសិទ្ធិពលរដ្ឋ និងអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនជាអន្តរជាតិស្ដីពីបញ្ហាសិទ្ធិមនុស្ស។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី និងកម្មវិធីអង្គការសហប្រជាជាតិស្ដីពីបរិស្ថាន លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិចុងក្រោយនេះ ធ្វើឱ្យមានក្ដីបារម្ភជាថ្មីទៀតចំពោះការថយចុះលំហសម្រាប់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ស្ថាប័នអន្តរជាតិទាំងពីរអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យគោរពសិទ្ធិរបស់អ្នកការពារសិទ្ធិមនុស្ស និងអ្នកការពារបរិស្ថានក្នុងការបញ្ចេញមតិ ការជួបប្រជុំ និងការចងក្រងគ្នា ដោយគ្មានការយាយី ឈ្លបយកការណ៍ ឬក៏ការរឹតត្បិតជ្រុលហួសហេតុណាមួយនោះទេ។
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ អ្នកស្រី ស៊ីនធា វេលិកូ (Cynthia Veliko) មានប្រសាសន៍ថា ការងារសិទ្ធិមនុស្ស និងបរិស្ថានមិនមែនជាបទល្មើសឧក្រិដ្ឋនោះទេ។ អ្នកស្រីបន្តថា វាជារឿងចាំបាច់បំផុត ដើម្បីបញ្ឈប់ការប្រើប្រាស់វិធានការទណ្ឌកម្មដែលមានកម្រិតជាទៀងទាត់ប្រឆាំងនឹងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិបរិស្ថាននៅកម្ពុជា៖ « យើងជំរុញឱ្យអាជ្ញាធរកម្ពុជាធានាឱ្យបានថា សិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលនៅកម្ពុជាអាចដំណើរការបានដោយគ្មានការភ័យខ្លាច និងការធ្វើទុក្ខបុកម្នេញ។ ជាមួយគ្នានេះ យើងក៏ជំរុញឱ្យអាជ្ញាធរធានាឱ្យបានថា សិទ្ធិសេរីភាពបញ្ចេញមតិ ការប្រមូលផ្ដុំដោយសន្តិវិធី និងសិទ្ធិចងក្រងគ្នាជាសមាគម ត្រូវបានគោរព និងការពារផងដែរ » ។
បន្ថែមពីលើនេះ នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីអង្គការសហប្រជាជាតិស្ដីពីបរិស្ថាន អ្នកស្រី ដេជិន ស្រ៊ីង (Dechen Tsering) មានប្រសាសន៍ថា មនុស្សគ្រប់រូបកំពុងរស់នៅស្ថានភាព ដែលមានវិបត្តិបរិស្ថាន ហេតុដូច្នេះសង្គមស៊ីវិលដែលតស៊ូមតិដោយអហិង្សាសម្រាប់បរិស្ថាន គឺជាដៃគូដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន។
ស្ថាប័នជំនាញរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថា យ៉ាងហោចណាស់មានអ្នកការពារសិទ្ធិមនុស្ស ២៤នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា ដោយក្នុងនោះ ពាក់កណ្ដាលជាស្ត្រី។ ស្ថាប័នទាំងនោះ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យគោរពតាមការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួនស្ដីពីបញ្ហាសិទ្ធិមនុស្ស ក្នុងនោះរួមទាំងអនុសាសន៍របស់គណៈកម្មការជំនាញនៃអង្គការសហប្រជាជាតិផងដែរ។ ស្ថាប័នសេនាធិការរបស់អង្គការសហប្រជាជាតិទាំងនោះ បានរំឭករដ្ឋាភិបាលលោក ហ៊ុន សែន ថា ការលើកស្ទួយ និងការពារសិទ្ធិមនុស្សដើម្បីបរិស្ថាន មិនមែនជាបទល្មើសនោះឡើយ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន បកស្រាយដដែលៗ ថា ចំណាត់ការលើសកម្មជនបរិស្ថានចុងក្រោយនេះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា។ លោកចាត់ទុកសេចក្ដីថ្លែងការណ៍របស់ស្ថាប័នអង្គការសហប្រជាជាតិថា ជាកង្វល់ផ្ទាល់ខ្លួនរបស់មន្ត្រីក្នុងស្ថាប័នទាំងនោះ ហើយធ្វើឡើងដោយខ្វះខាតព័ត៌មាន៖ « កង្វល់គ្រាន់តែជាការសម្ដែងរឿងបុគ្គល និងឆន្ទៈ នូវគំនិតបុគ្គលដែលមានលក្ខណៈមិនត្រឹមត្រូវចំពោះផលប្រយោជន៍ប្រទេសកម្ពុជា។ ប៉ុន្តែប្រសិនបើនៅថ្ងៃណាមួយ នៅយន្តការការពាររបាយការណ៍សិទ្ធិមនុស្ស ការការពារនៅក្នុងកិច្ចប្រជុំសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ឬក៏មហាសន្និបាត នោះហើយ គឺជាកិច្ចការឆ្លើយតប ដែលកម្ពុជាត្រូវមានតួនាទីភារកិច្ចក្នុងការបំភ្លឺជូនមហាសន្និបាត ឬក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃមុខ » ។
ការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅត្រង់ចំណុចនេះ ប្រាសចាកការពិត។ គ្មានពាក្យពេចន៍ណាមួយក្នុងសេចក្តីថ្លែងការណ៍ដែលរំលេចថា នេះជាទស្សនៈផ្ទាល់ខ្លួនរបស់មន្ត្រីអង្គការសហប្រជាជាតិនោះទេ។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍ទាំងមូល ធ្វើឡើងតំណាងឱ្យស្ថាប័នជំនាញរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងបរិស្ថានប្រចាំនៅក្នុងតំបន់។ ជាងនេះទៅទៀត កង្វល់ និងការអំពាវនាវរបស់ស្ថាប័នទាំងនេះ ឈរលើមូលដ្ឋានគោលការណ៍សិទ្ធិមនុស្ស និងលិខិតុបករណ៍អន្តរជាតិទាំងឡាយស្ដីពីបញ្ហាសិទ្ធិមនុស្ស ដែលកម្ពុជាបានទទួលយក និងសន្យាថា អនុវត្តតាម។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់ថា ស្ថាប័នសេនាធិការរបស់អង្គការសហប្រជាជាតិបំពេញការងារទៅតាមជំនាញ និងការទទួលខុសត្រូវរបស់ខ្លួន ដូច្នេះសេចក្ដីថ្លែងការណ៍នេះ គឺជាជំហររបស់ស្ថាប័នទាំងនោះ។ លោកបន្តថា សហគមន៍អន្តរជាតិបានទទួលស្គាល់ និងផ្តល់តម្លៃដល់ស្ថាប័នជំនាញរបស់អង្គការសហប្រជាជាតិ លើកលែងតែកម្ពុជា ដែលកន្លងមក មិនសូវផ្តល់តម្លៃដល់ស្ថាប័នទាំងនោះទេ ហើយក៏មិនសូវខ្វល់នឹងអនុសាសន៍ទាំងឡាយរបស់សហគមន៍ជាតិ និងអន្តរជាតិដែរ។ លោកថា ដោយសារតែបែបនេះហើយ ទើបកម្ពុជាមានកេរ្តិ៍ឈ្មោះមិនសូវល្អលើឆាកអន្តរជាតិ ហើយទណ្ឌកម្ម និងសម្ពាធពីអន្តរជាតិ បានធ្លាក់មកជាបន្តបន្ទាប់៖ « ការបកស្រាយកន្លងមក គឺមិនអាចមានប្រសិទ្ធភាពក្នុងការធ្វើឱ្យមានការជឿជាក់ពីសហគមន៍អន្តរជាតិបាននោះទេ។ បើ ( រដ្ឋាភិបាល ) កម្ពុជាបារម្ភពីការបាត់មុខមាត់លើឆាកអន្តរជាតិ ឬភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ( រដ្ឋាភិបាល ) កម្ពុជាគួរតែទទួលយកនូវអ្វីដែលជាការរកឃើញទាំងអស់ហ្នឹង ដើម្បីកែលម្អឱ្យវាមានភាពល្អប្រសើរឡើង » ។
អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបីនាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងយុវជន លី ចាន់ដារ៉ាវុធ កាលពីថ្ងៃទី១៦ មិថុនា។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់កញ្ញា ស៊ុន រដ្ឋា និងលោក យីម លាងហ៊ី ចំនួនពីរបទល្មើស រួមមាន «បទប្រមាថព្រះមហាក្សត្រ» និង «បទរួមគំនិតក្បត់» រីឯយុវជន លី ចាន់ដារ៉ាវុធ ជាប់ចោទពីបទ «រួមគំនិតក្បត់»។ បទរួមគំនិតក្បត់ ប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ខណៈបទប្រមាថព្រះមហាក្សត្រប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។
ក្រៅពីសកម្មជនបរិស្ថានទាំងបីនាក់នេះ នៅមានយុវជន និងសកម្មជនជាច្រើននាក់ទៀត កំពុងជាប់ពន្ធនាគារ ដោយពួកគេខ្លះកំពុងរង់ចាំសវនាការ និងខ្លះទៀតត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសរួចហើយ។ សហគមន៍ជាតិ និងអន្តរជាតិបាននាំគ្នាថ្កោលទោសរបបលោក ហ៊ុន សែន ចំពោះចំណាត់ការទាំងនេះ និងទាមទារឱ្យដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ប៉ុន្តែពួកគេជាប់ឃុំដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។
ក្រុមអង្គការសង្គមស៊ីវិល សកម្មជន និងពលរដ្ឋមួយចំនួន ក្នុងនោះរួមទាំងជនបរទេសផង កំពុងនាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គម ដើម្បីជួយទាមទាររកយុត្តិធម៌ជូនយុវជន និងសកម្មជន ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់តាមអំពើចិត្តទាំងនោះ។ សារជាសំខាន់របស់ពួកគាត់ គឺ « ការងារបរិស្ថាន និងការអនុវត្តសិទ្ធិសេរីភាព មិនមែនជាបទល្មើសនោះទេ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។