អ្នករាយការណ៍​ពិសេស​ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ណែនាំ​វិធានការ​ ៣ចំណុច ដើម្បី​បញ្ឈប់​ការរើសអើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

ដោយ សុជីវី
2021-05-17
Share
អ្នករាយការណ៍​ពិសេស​ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ណែនាំ​វិធានការ​ ៣ចំណុច ដើម្បី​បញ្ឈប់​ការរើសអើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា លោក វីទិត ម៉ុនតារប៊ន (Vitit MUNTARBHORN) នឹង​ក្លាយ​ទៅ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការ​សហប្រជាជាតិ។
Photo courtesy of United Nations Free & Equal

លោក វីទិត ម៉ុនតារប៊ន​ (Vitit Muntarbhorn) ដែល​ទើប​ទទួល​តំណែង​ថ្មី​ជា​អ្នករាយការណ៍​ពិសេស​​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​សារ​តាមរយៈ​វីដូអូ​ខ្លី ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែ​ឧសភា​ថា ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជួប​ប្រទះ​បញ្ហា​ជាច្រើន ដែល​កើត​ចេញ​ពី​ការ​រើសអើង។ ក្នុង​នោះ​ក៏​មាន​ករណី​ដាក់​ទោស​ទណ្ឌ ដោយ​សារ​តែ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ថែម​ទៀត ដែល​បញ្ហា​ទាំង​នោះ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​រួម​ជា​សកល។ នៅ​កម្ពុជា​លោក​មើល​ឃើញ​ថា ពុំ​មាន​ករណី​ប្រឈម​បញ្ហា​ទោស​ទណ្ឌ​នេះ​ទេ។ ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ត្រូវ​ធ្វើ ដើម្បី​បញ្ឈប់​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ លោក​ថា​ទី១ គឺ​បង្កើន​ការអប់រំ​ពី​ចម្រុះ​ភាព​យេនឌ័រ ទាំង​នៅ​តាម​សាលា នៅផ្ទះ ក្នុង​សហគមន៍ ដើម្បី​ទប់ស្កាត់ ជម្នះ​នូវ​ការ​សម្លុត ការធ្វើបាប និង​ការ​យាយី​នៅ​តាម​វិស័យ​ជា​ច្រើន។ រី​ឯ​ចំណុច​ទី២ និងទី៣​វិញ ​លោក​សំដៅ​ទៅ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ ដែល​អាច​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ច្បាប់​ប្រឆាំង​ការរើសអើង ដោយ​អនុលោម​តាម​គោលការណ៍​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ ការ​បង្ហាញ​យេឌ័រ និង​ការកំណត់​ចរិត​លក្ខណៈ​ភេទ ព្រមទាំង​​ពិនិត្យ​លទ្ធភាព​ច្បាប់ ដែល​អនុញ្ញាត​ឱ្យ​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា។

«ខ្ញុំ​គិត​ថា នេះ​ជា​គំនិត​ប្រកប​ដោយ​នវានុវត្តន៍ ឬ​ការអនុវត្ត​ថ្មី​មួយ ហើយ​វា​ធ្វើ​ឱ្យ​យើង​ធ្វើការ​ដោយ​បរិយាប័ន ឬ​ការ​រួម​បញ្ចូល​គ្នា ដើម្បី​រៀបចំ​នូវ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​ត្រូវ​ដាក់​បញ្ចូល​នូវ​ការយល់ឃើញ និង​អាទិភាព​ផ្សេងៗ​គ្នា ព្រមទាំង​ការយោគយល់​ផ្សេងៗ ប៉ុន្តែ​មក​រួម​គ្នា​ជា​ចំណុច​មួយ​ប្រសព្វ​គ្នា ក្នុង​ការ​រៀបចំ​តាក់តែង​ច្បាប់ ដែល​ល្អ​មួយ​ដែល​គ្រប​ដណ្ដប់​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​ស្រឡាញ់ និង​មិត្តភាព»

ការ​ផ្ញើ​សារ​ជាលើកដំបូង​របស់​លោក វីទិត ម៉ុនតារប៊ន នេះ​គឺ​នៅ​ក្នុង​ឱកាស​នៃ​ទិវា​អន្តរជាតិ​បញ្ឈប់​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​គេ​ហៅ​ថា សប្ដាហ៍​មោទនភាព​ឆ្នាំ២០២១ ដើម្បី​លើកស្ទួយ​ចម្រុះ​ភាព​យេនឌ័រ។

លោក វីទិត ម៉ុនតារប៊ន ចាប់​ផ្ដើម​ការងារ​ថ្មី​របស់​លោក​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ គឺ​ជំនួស​អោយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​ទើប​ចប់​អាណត្តិ។ លោក​ជា​ជន​ជាតិ​ថៃ ជា​សាស្ត្រាចារ្យ​ច្បាប់ នៅ​ទីក្រុង​បាងកក។ លោក​មាន​ប្រវត្តិ​ជា​អ្នក​រាយ​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​ធ្វើ​ការងារ​លើ​បញ្ហា​របស់​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង ២ភេទ អ្នក​ប្ដូរ​យេនឌ័រ និង​បុគ្គល​អន្តរ​ភេទ ហៅ​កាត់​ថា LGBTI

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល