មេធាវីបន្តដាក់បណ្ដឹងស្នើលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធនៅក្រៅឃុំបណ្ដោះអាសន្ន
2019.08.21

មេធាវីការពារក្ដីបន្តដាក់បណ្ដឹងទៅតុលាការកំពូល ស្នើសុំឱ្យយុវជន កែម ឡី និយមពីរនាក់គឺ លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ នៅក្រៅឃុំបណ្ដោះអាសន្ន។ ការដាក់បណ្ដឹងនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់យុវជនទាំងពីរ កាលពីថ្ងៃទី១៣ ខែសីហា។
មេធាវីការពារក្តីឱ្យយុវជនទាំងពីរនាក់ គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថា បណ្តឹងសុំនៅក្រៅឃុំ របស់យុវជនទាំងពីរ ត្រូវបានដាក់ចូលក្នុងតុលាការកំពូល កាលពីរសៀលថ្ងៃទី២០ ខែសីហា ប៉ុន្តែ មិនទាន់ទទួលដំណឹងត្រឡប់មកវិញថា តុលាការ នឹងបើកសវនាការថ្ងៃណានៅឡើយទេ។
លោកមេធាវី សំ សុគង់ ឱ្យដឹងថា កូនក្តីរបស់លោក មិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់សាលា ឧទ្ធរណ៍នោះទេ និងបានពឹងពាក់ឱ្យលោកដាក់បណ្តឹងសាទុក្ខប្រឆាំងសាលដីការបស់សាលា ឧទ្ធរណ៍ បន្ទាប់ពីលោក បានចូលជួបជាមួយកូនក្តីទាំងពីរនាក់ ដើម្បីពន្យល់អំពីច្បាប់និងសិទ្ធិដែល ពួកគាត់មាន៖ «ពួកគាត់សង្ឃឹមថា នៅពេលមានសវនាការនៅតុលាការកំពូល គឺពួកគាត់ទាំងពីរនាក់នឹងបានចូលរួមសវនាការដើម្បីប្រាប់ទៅតុលាការកំពូលអំពីភាពគ្មានកំហុស របស់ខ្លួនហើយស្នើសុំឱ្យតុលាការកំពូលសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ពួកគាត់សង្ឃឹមថា តុលាការកំពូលនឹងពិចារណាឈរនៅលើអង្គហេតុអង្គច្បាប់ដើម្បីធ្វើឱ្យពួកគាត់ទទួល បាននូវសេចក្តីសម្រេចមួយដែលមានយុត្តិធម៌គឺការដោះលែងនៅក្រៅឃុំ»។
កាលពីថ្ងៃទី១៣ ខែសីហា សាលាឧទ្ធរណ៍ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់យុវជន កែម ឡី និយមពីររូប ដោយលើកហេតុផលថា សំណុំរឿងរបស់យុវជនទាំងពីរ ទើបតែបើកការស៊ើបអង្កេតថ្មីៗ និងខ្លាចពេលដោះលែងទៅ គឺ យុវជនទាំងពីរត្រូវរ៉ូវគ្នាជាមួយអ្នក ដទៃទៀតដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ព្រមទាំងខ្លាចយុវជនទាំងពីរធ្វើឱ្យប៉ះពាល់របៀបរៀបរយសង្គម។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើងថា ប្រសិនបើតុលាការ អនុវត្តច្បាប់ដោយវិជ្ជាជីវៈត្រឹមត្រូវ និងឯករាជ្យនោះ គួរតែដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ ព្រោះសកម្មភាពពួកគាត់គ្មានចំណុចណាដែលល្មើសនឹងច្បាប់នោះទេ បើគ្រាន់តែអំពាវនាវលក់អាវមានរូបបណ្ឌិត កែម ឡី និងអំពាវនាវកុំឱ្យសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ។ ផ្ទុយទៅវិញពួកគាត់គឺជា ពលរដ្ឋសកម្មដែលខ្វាយខ្វល់និងឈឺឆ្អាលពីរឿងសង្គមជាតិ និងយុត្តិធម៌សង្គម។ លោកបន្តថា តុលាការ មិនអាចចេះតែឃុំខ្លួនតាមទំនើងចិត្តនោះទេ ព្រោះខុសពីគោលការណ៍ច្បាប់ជាតិនិង អន្តរជាតិ។ លោក ពន្យល់ថា ការឃុំខ្លួន លុះត្រាតែជាជម្រើសចុងក្រោយ និងជាបទល្មើសឬជា ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត៖ «ករណីនេះវាមិនមែនជាករណីនៃការប្រព្រឹត្តបទល្មើសរបស់យុវជនទាំងពីររូបនេះទេ ។ខ្ញុំយល់ថា វាជារឿងនយោបាយច្រើនជាង ក្នុងការចាត់វិធានការនេះ ដើម្បីទប់ស្កាត់ការគាំទ្រទៅលើសកម្មភាពក្នុងការជួបជុំប្រជុំការទាមទារ និងការបញ្ចេញមតិអីនេះឯង ដែលរដ្ឋាភិបាលតែងតែធ្វើការរឹតត្បិតជាបន្តបន្ទាប់នេះ»។
សមត្ថកិច្ចរបបក្រុងភ្នំពេញបានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែកក្កដា ចោទ ប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និង ៤៩៥នៃក្រមព្រហ្មទណ្ឌដោយសារផ្សព្វផ្សាយលក់អាវយឺតមានរូបនិងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់កណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ មួយថ្ងៃបន្ទាប់មកសមត្ថកិច្ច បានចាប់ខ្លួនលោក សួង នាគព័ន្ធ ដោយចោទប្រកាន់ដូចលោក គង់ រ៉ៃយ៉ា ដែរដោយសារលោកចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងចែកខិត្តប័ណ្ណអំពាវនាវកុំឱ្យសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិផ្សេងទៀត បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ថា ចំណាត់ការរបស់អាជ្ញាធររបបនេះថា កំពុងមានគោលដៅធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិនិងការជួបប្រជុំគ្នាដោយសន្តិវិធី។ ពួកគេ អំពាវនាវឱ្យរបបក្រុងភ្នំពេញដោះលែងយុវជនទាំងពីរនាក់និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដូច្នេះតទៅទៀត៕