សមត្ថកិច្ច​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​បី​នាក់​ដែល​តវ៉ា​មុខ​ស្ថានទូត​ចិន​ទៅ​តុលាការ

​ដោយ ជាតិ ចំណាន
2020.10.24
ចាប់​ពលរដ្ឋ ទូត​ចិន ២០២០ ​សកម្មភាពអាជ្ញាធរ​ចាប់​ខ្លួន​ពលរដ្ឋ​​ដាក់​លើឡាន បន្ទាប់​ពី​បំបែក​ការ​តវ៉ានៅ​មុខ​ស្ថានទូត​ចិន ចំ​ថ្ងៃ​រំលឹក​ខួបសន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ២០២០។
Photo courtesy of CCHR

តុលាការ​ក្រុង​ភ្នំពេញ​កំពុង​បន្ត​សាកសួរ​អ្នកប្រឆាំង​តវ៉ា​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ចំនួន​បី​នាក់​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​តុលា បន្ទាប់ពី​សមត្ថកិច្ច ចាប់ខ្លួន​ក្នុង​ពេល​ពួកគេ​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​តវ៉ា​ជាមួយ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត នៅមុខ​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី សង្គម​ស៊ីវិល ចាត់ទុកថា ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ទាមទារ​ឲ្យ​ដោះលែង​ជាបន្ទាន់។

នគរបាល​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​អ្នក​តវ៉ា​ទាំង​បី​នាក់​នោះ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ហើយ​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ម៉ោង​ពីរ​កន្លះ​រសៀល ដើម្បី​បន្ត​នីតិវិធី​។ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី ថា ការចោទប្រកាន់​នេះ ដោយសារ​សមត្ថកិច្ច​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន នៅ​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ តែ​លោក​សុំ​មិន​បញ្ជាក់​លម្អិត​នោះ​ទេ៖ «ចាំ​មើល​នីតិវិធី​របស់​តុលាការ​ទៅ​បង ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង​ថា យើង​មាន​បាន​ភស្តុ​តាំង​គ្រប់គ្រាន់​ដែល​ប្រមូល​បាន​ពី​ការទាក់ទង​គ្នា​ផ្សេងៗ​ទៀត ប្រ​ព័ទ្ធ​ឆាត​អី​ផ្សេងៗ​ទៀត ហើយ​ក៏​មាន​សារភាព​ខ្លះ​ដែរ អ៊ីចឹង​ក៏​យើង​អាច​ដាក់​បន្ទុក​លើ​ការងារ​ហ្នឹង ដូច្នេះ​ការងារ​បន្ត​ទៀត សូម​បង​អាច​ព្យាយាម​ទាក់ទង​ទៅ​ខាង​តុលាការ​ទៅ»

ទោះជា​យ៉ាងណា​នៅ​មុន​នេះ​មួយថ្ងៃ លោក សាន សុខសីហា អះអាង​ថា ការ​បំបែក​ការ​តវ៉ា និង​ការ​ចាប់ខ្លួន​នេះ ដោយសារ​ពលរដ្ឋ​ទាំងនោះ តវ៉ា​ដោយ​គ្មាន​ការ​ជូនដំណឹង ឬ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​។ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អំពី​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គីមឡុង និង លោក អ៊ី រិន្ទ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​អ្នក​តវ៉ា និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៣​នាក់​នៅមុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ក្នុង​ពេល​ពួកគេ​រួម​នឹង​ពលរដ្ឋ​ជិត​២០​នាក់​ផ្សេងទៀត ព្យាយាម​ចូល​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ ដើម្បី​សម្ដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា និង​ទាមទារ​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ អ្នក​ដែល​ចាប់ខ្លួន​នោះ​រួមមាន លោកស្រី លឹម សាន អាយុ ៥៧​ឆ្នាំ លោក ស្រី យ៉យ ស្រីមុំ អាយុ ៥២​ឆ្នាំ និង លោក តុន និមល អាយុ ៤០​ឆ្នាំ ហើយ​ពួកគេ​ទាំង​បី​នាក់​មាន​ទីលំនៅ​ក្នុង​ខេត្ត​កណ្ដាល។ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នោះ បណ្ដា​ឱ្យ​ស្ត្រី ដែល​ជា​អ្នក​តវ៉ា​បី​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ខណៈ​អ្នកកាសែត ៦​នាក់​ទៀត ត្រូវ​បាន​យាយី និង​គំរាមកំហែង​មិន​ឲ្យ​ថត​សកម្មភាព នៃ​ការ​បង្ក្រាប​នោះ។

កូនស្រី​របស់​លោក​ស្រី យ៉យ ស្រីមុំ គឺ​លោកស្រី ខុម ស្រីល័ក្ខ រៀបរាប់​ថា វា​ជា​រឿង​ឈឺចាប់ និង​អយុត្តិធម៌​បំផុត ដែល​អាជ្ញាធរ​ប្រើ​ហិង្សា និង​ចាប់ខ្លួន​ម្ដាយ​របស់​លោកស្រី ដែល​មាន​វ័យ​ចំណាស់ គ្រាន់តែ​ចូលរួម​តវ៉ា​សម្ដែង​មតិ​ដោយ​សន្តិវិធី ក្នុង​ឱកាស​ប្រារព្ធ​ខួប​២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ លោកស្រី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពី​សុខភាព​របស់​ម្ដាយ​ដែល​មាន​ជំងឺ​ក្រពះ និង​ចុក​រោយ​ក។ លោកស្រី ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​ពួកគាត់​ទាំង​បី​នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ៖ «ពេល​ខ្ញុំ​មើល​វីដេអូ​ដែល​គេ​បាន​វាយ​ដុំ​ច្រំ​ធាក់​លើ​ម្ដាយ​របស់ខ្ញុំ គឺ​ខ្ញុំ ឈឺចាប់​ហើយ​ទប់ទឹក​ភ្នែក​អត់​ឈ្នះ​។ ខ្ញុំ​សូម​ថ្កោលទោស​ទង្វើ​របស់​គាត់​(​អាជ្ញាធរ​)​ជា​ខ្លាំង​ដែល​គាត់ ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ មើល​ដូចជា​ពលរដ្ឋ​ខ្មែរ​ខុស​អី ហើយ​ពលរដ្ឋ​ខ្មែរ​អត់​មាន​ខុស​អី​ទេ គ្រាន់តែ សម្ដែង​មតិ ថ្ងៃ​ទី​២៣ តុលា​ទេ អត់​មាន​ទៅ​លួច​ប្លន់ ឬ​សម្លាប់​គេ​ទេ ហើយ​សូម្បីតែ​រំពាត់​មួយ​ក៏​អត់ មាននៅ​ក្នុង​ដៃ​ផង គាត់​មាន​គ្នា​ត្រឹម​២០​នាក់​ហើយ​ភាគច្រើន​ជា​កម្លាំង​មនុស្ស​ស្រី ហេតុ​អី​ទើប​ដាក់​ទ័ព​មក​ច្រើន​ម្ល៉េះ ព្រៃផ្សៃ​យ៉ាង​នេះ»

ចំណែក​កូនស្រី​របស់​ស​កម្ម​ជន​បក្ស​ប្រឆាំង លោកស្រី លឹម សាន វិញ​រៀប​រាប់ទាំង​ទួញ​សោក​ថា ទង្វើ​របស់​អាជ្ញាធរ គឺជា​កា​រំលោភ​សិទ្ធិមនុស្ស​ហួស​ថ្លែង ដែល​ប្រើ​ហិង្សា និង​ចាប់​ឃុំខ្លួន​ម្ដាយ​របស់​លោកស្រី មាន​វ័យ​ចំណាស់ និង​ពិការ​ជើង​ម្ខាង។

រីឯ​ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក តុន និមល គឺ​លោក ចាន់ តុន ថា​លោក​មិន​អាច ទទួលយក​បានទេ​ចំពោះ​ទង្វើ​អាជ្ញាធរ ព្រោះ​សកម្មភាព​កូនប្រុស​របស់​លោក គឺ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​។ លោក​ប្ដេជ្ញា​ថា នឹង​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​កូនប្រុស​របស់​លោក​វិញ៖ «រដ្ឋធម្មនុញ្ញ បាន​កំណត់​ថា ពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម ធ្វើបាតុកម្ម និង​កូដកម្ម​អហិង្សា និង​មាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​នៅ​ពេល​កូន​ខ្ញុំ​ធ្វើតាម​ច្បាប់​ហ្នឹង បែរជា​អាជ្ញាធរ​មក​ចាប់​និង​ធ្វើបាប​កូន​ខ្ញុំ​ទៅវិញ ដូច្នេះ​អំពើ​នេះ ខ្ញុំ​ទទួលយក​អត់​បានទេ។ ខ្ញុំ​សូម​ឲ្យ រដ្ឋាភិបាល​ពិចារណា​លើ​ច្បាប់​នេះ​ឡើងវិញ កុំ​ធ្វើ​អ៊ីចឹង ហើយ​បើ​ចង់​ធ្វើ​អ៊ីចឹង តាម​ការយល់ឃើញ​របស់​ខ្ញុំ គឺ​ធ្វើ​វិសោធនកម្ម​លុប​ច្បាប់​នេះ​ចោល​ទៅ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ជួបជុំ និង​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពល​រដ្ឋ​ទាំងនោះ គឺជា​ការអនុវត្ត​សិទ្ធិ ជា​មូលដ្ឋាន​របស់​ខ្លួន​ស្របតាម​ច្បាប់ ហើយ​គ្មាន​សកម្មភាព​ឬ​អំពើ​ណាមួយ ចាត់​ចូល​ក្នុង​បទល្មើស​នោះ​ទេ​។ លោក យល់ថា វិធានការ​របស់​អាជ្ញាធរ​នេះ នឹង​នាំ​ឲ្យ​មានការ​រិះគន់ និង​បារម្ភ​បន្ថែម​ទៀត​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ៖ «ការ​ជួបជុំ និង​ការ​តវ៉ា​ណាមួយ​ដោយ​សន្តិវិធី ទោះបីជា​មិន​បាន​ជូន​ដំណឹង​តាមច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី ក៏​វា​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែរ គឺ​តម្រូវ​ឲ្យ​អាជ្ញាធរ អាច​ពី​និត្យ​មើល​ហើយ​នឹង​ធ្វើ​ការចរចា​រ​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​ឬក៏​ការអនុញ្ញាត​ឲ្យ​បន្ត​ទៅ​ទៀត​។ នេះ​គឺជា​គោលការណ៍​នៅ​ក្នុង​ផ្លូវច្បាប់ លើកលែងតែ​ការ​ជួបជុំ​ឬ​ការ​តវ៉ា​នោះ ប្រើប្រាស់​នូវ​អំពើ​ហិង្សា បង្ក​ឲ្យ​មាន​បទល្មើស​កើតឡើង​ដែល​សមត្ថកិច្ច ត្រូវតែ​ធានា និង​ផ្ដល់​កិច្ចការពារ​ដល់​សន្តិសុខ​សង្គម»

ទាក់ទង​នឹង​ករណី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​លិខិត​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដែល​បាន​រារាំង បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ចង​ពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​នោះ ដែល​ពួកគេ​គ្រាន់តែ​សម្ដែង​មតិ និង​ទាមទារ​ឲ្យ​ប្រទេស​ចិន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ទង្វើ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន គឺជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ដែល​ធានា​ការពារ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​សេរីភាព​សម្ដែង​មតិ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ និង​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។ គណបក្សប្រឆាំង មួយ​នេះ ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ​ទាំង​បី​នាក់​នោះ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ​។ លើស​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​នូវ​ការ​គោរព និង​ការ​កោតសរសើរ​ចំពោះ​ឆន្ទៈ​មោះមុត និង​ភាព​អង់អាច​ក្លាហាន​ដែល​បន្ត​ប្រមូល​ផ្តុំ​សម្ដែង​មតិ ទោះបីជា​មានការ​រារាំង ការ​បង្ក្រាប និង​ការ​ចាប់​ខ្លួន​បែប ណា​ក្តី​។ ជាមួយ​គ្នា​នេះ គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​របប​លោក ហ៊ុន សែន គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ក្នុង​គោលបំណង​ស្ដារ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ពិសេស​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ឯករាជ្យភាព អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា​ពី​ការ​ឈ្លានពាន​របស់​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។