មេធាវី​​រំពឹង​​​ថា យុវជន​ចលនា​មាតា​ធម្មជាតិ នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់

ដោយ អាស៊ីសេរី
2021-02-22
Share
មេធាវី​​រំពឹង​​​ថា យុវជន​ចលនា​មាតា​ធម្មជាតិ នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា។
Photo Provided

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើកសវនាការ​ជំនុំជម្រះ​លើ​អង្គ​​សេចក្ដី​នៃ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​ ៥​រូប នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ខាងមុខ ពាក់ព័ន្ធ​នឹង​បទ​ចោទ “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង​ ៥ គឺ​លោក សំ ចំរើន ឱ្យ​ដឹង​ថា សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ពុធ​ ទី២៤ កុម្ភៈ ប្រហែល​មាន​វត្តមាន​កូន​ក្តី​របស់​លោក​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ចំនួន​៣​នាក់​ប៉ុណ្ណោះ គឺ​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា។ ចំណែក​កូន​ក្តី ២​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ គឺ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) (ហៅ​កាត់​ថា អាឡិច) និង​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន ទំនងជា​មិន​អាច​ចូលរួម​សវនាការ​បាន​ឡើយ ព្រោះ​ពួកគាត់​កំពុង​នៅ​ក្រៅ​ប្រទេស។

លោក​មេធាវី សំ ចំរើន បញ្ជាក់​ថា លោក​បាន​ត្រៀម​តតាំង​ក្តី​រួចហើយ និង​បាន​ពិនិត្យ​ឃើញ​ថា កូន​ក្តី​របស់​លោក​ទាំង​អស់ មាន​ភាព​សុចរិត និង​ស្មោះត្រង់ ដូច្នេះ​លោក​រំពឹង​ថា ពួកគាត់​នឹង​រួច​ផុត​ពី​ការ​ចោទប្រកាន់​របស់​តុលាការ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០២០​។ ការ​ចាប់ខ្លួន​នេះ កើត​មានឡើង​ក្រោយ​ពី​កញ្ញា ឡុង គន្ធា បាន​ប្រកាស​ថា នាង​នឹង​ស្លៀកពាក់​ស​ដើរ​ពី​វត្តភ្នំ​ឆ្ពោះ​ទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក​នៅ​ជាយក្រុង​ភ្នំពេញ​។ បើ​ទោះ​បី​ជា​អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា សារ​របស់​កញ្ញា ឡុង គន្ធា គ្មាន​ពាក្យពេចន៍​ណាមួយ​ខុសច្បាប់ ហើយ​មិនទាន់​បាន​ធ្វើ​សកម្មភាព​ក្តី ក៏​យុវជន​ទាំង ៣នាក់​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជិត​ ៦​ខែ​មក​ហើយ​។ សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ ២នាក់​​ទៀត ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ គឺ​លោក អាឡិច និង​កញ្ញា ជា គន្ធីន។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”​។​

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​សកម្មជន​ទាំងនេះ ហើយ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​ឡើងវិញ ដើម្បី​អាច​ចៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល