អាជ្ញាធរហាមឃាត់កូដករណាហ្គាវើលដ៍ក្រោមហេតុផលថា ស៊ើបករណីដាក់គ្រាប់បែកជិតក្រុមហ៊ុន
2022.12.16

ក្រុមអាជ្ញាធរសង្គាត់ទន្លេបាសាក់ជិត១០នាក់ បានចុះទៅហាមឃាត់មិនឱ្យក្រុមកូដករណាហ្គាវើលដ៍ (Naga World) ធ្វើការតវ៉ា ដោយសំអាងហេតុផល អាជ្ញាធរត្រូវការស៊ើបអង្កេតការដាក់បង្កៃគ្រាប់បែក កាលពីថ្ងៃទី១៥ ខែធ្នូ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ ទោះជាយ៉ាងណា ក្រុមកូដករណាហ្គាវើលដ៍ ជិត១០០នាក់ ជម្នះបន្តធ្វើកូដកម្មដដែល។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញថា ការដាក់បង្កៃគ្រាប់បែកកន្លងមក គឺជាការបំភិតបំភ័យដល់ក្រុមកូដករឲ្យបញ្ឈប់ការតវ៉ាក្នុងរូបភាពថ្មីមួយទៀត ។
ក្រុមអាជ្ញាធរសង្កាត់ទន្លេបាសាក់ជិត ១០នាក់ បានចេញមកស្នើសុំឱ្យក្រុមកូដករណាហ្គាវើលដ៍បញ្ឈប់ការធ្វើកូដកម្ម ក្រោមហេតុផល ទុកពេលវេលាឱ្យកម្លាំងមានសមត្ថកិច្ចស៊ើបអង្កេតការដាក់គ្រាប់បែកបង្កៃ ខាងមុខអគារកាស៊ីណូណាហ្គាវើលដ៍ទី២ ក្បែរកន្លែងក្រុមកូដករតែងធ្វើការតវ៉ា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ កន្លងទៅ។ ទោះជាយ៉ាងណា ក្រុមកូដករណាហ្គាវើលដ៍ ជិត១០០នាក់ នៅថ្ងៃទី១៦ ខែធ្នូនេះ នៅតែជម្នះបន្តធ្វើកូដកម្មទាមទារឱ្យថៅកែកាស៊ីណូណាហ្គាវើលដ៍ ដដែល។
ការដាក់បង្កៃគ្រាប់បែកនេះ ត្រូវបានមតិសាធារណៈ និងបុគ្គលិកណាហ្គាវើលដ៍យល់ឃើញថា គឺជាចេតនារបស់ក្រុមទុច្ចរិត ដើម្បីមានលេសកុំឱ្យក្រុមកូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក្រុមកូដករណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្ម ដោយពួកគេបាន ស្លៀកខោខ្មៅ អាវស ដើម្បីធ្វើការតវ៉ា។
ក្រុមកូដករបានចាប់ផ្ដើមតវ៉ាចាប់ពីចំណុច ខាងមុខអគារណាហ្គាវើលដ៍ទី២ ដោយមានផ្លុំត្រែ ទូងស្គរ និងស្រែកដាក់មេក្រូតូចកាន់នៅនឹងដៃ ទាមទារឱ្យថៅកែណាហ្គាវើលដ៍ ទទួលយកក្រុមសហជីពចូលធ្វើការវិញ។ ក្រោយ ពីក្រុមអាជ្ញាធរសង្កាត់ទន្លេបាសាក់ប្រមាណ ១០នាក់ បានមកស្នើរសុំឱ្យក្រុមកូដករបញ្ឈប់ធ្វើការតវ៉ាចំនួន៤ដងផង ក្រុមកូដករបានជម្នះបន្តធ្វើការតវ៉ា ដោយបាននាំគ្នាដើរក្បួនកូដកម្មទៅអគារណាហ្គាវើលដ៍ទី១ ដែលនៅឆ្ងាយពីកន្លែងដាក់បង្កប់គ្រាប់បែកវិញ។ នៅពេលតវ៉ានេះ ក្រុមកូដករក៏បាននាំគ្នាស្រែកទាមទារឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ផងដែរ។
សមាជិកសហជីពណាហ្គាវើលដ៍ អិល.អ.អេស.យូ (LRSU) កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលក្រុមកូដករស្លៀកខោខ្មៅអាវសធ្វើការតវ៉ា គឺដើម្បីកាន់ទុក្ខដល់ក្រសួងការងារ និងស្ថាប័នរដ្ឋាភិបាលដែលមានតួនាទីដោះស្រាយបញ្ហាការងារ ព្រោះស្ថាប័នទាំងនោះហាក់ដូចជាស្លាប់បាត់ទៅហើយ បានជាមិនដែលជំរុញឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ការងារ។ កញ្ញា ចាត់ទុកការបង្កៃគ្រាប់បែកដោយជនមិនស្គាល់មុខកន្លងទៅ គឺធ្វើឡើងក្នុងគោលបំណងគំរាមដល់ក្រុមកូដករឱ្យបញ្ឈប់ការតវ៉ា ។ ទោះជាយ៉ាងណា កញ្ញាបានបញ្ចាក់ឱ្យដឹងថា ក្រុមកូដករមិនមានការភ័យខ្លាចនោះឡើយ។ ជាមួយគ្នានេះ កញ្ញា ច័ន្ទ ស្រីរ័ត្ន សំណូមពរដល់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ការងារ ជាជាងបន្តរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺ។
កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «សូមសម្ដេចពុកគាត់ជួយអន្តរាគមន៍ ហើយជួយដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះផងទៅ ព្រោះអីថៅកែណាហ្គាវើលដ៏គាត់ជាជនបរទេសទេ។ សម្ដេចអត់ត្រូវបណ្ដោយឱ្យគាត់ជាជនបរទេស មករំលោភសិទ្ធិការងារទាំងរំលោភបំពានអញ្ចឹងទេ។ ខ្ញុំជឿថាសម្ដេចនឹងមើលឃើញពីទុក្ខលំបាករបស់ប្រជារាស្ត្រ»។
កញ្ញា ច័ន្ទ ស្រីរ័ត្ន បន្ថែមថា ការធ្វើកូដកម្មរបស់ក្រុមបុគ្គលិកណាហ្គាវើលដ៍កន្លងមក មិនដែលមានបំណងបំបាក់មុខមាត់រដ្ឋាភិបាលឡើយ ប៉ុន្តែធ្វើឡើងដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុន ផ្ដល់យុត្តិធម៌ដល់ក្រុមបុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ពីការងារដោយរំលោភច្បាប់តែប៉ុណ្ណោះ។
នៅសល់តែ២ថ្ងៃទៀត បុគ្គលិកណាហ្គាវើលដ៍ ចេញធ្វើកូដកម្មអស់រយៈពេល១ឆ្នាំហើយ ក៏ប៉ុន្តែពួកគេនៅតែមិនទាន់ទទួលបានដំណោះស្រាយពីថៅកែក្រុមហ៊ុនកាស៊ីណូ ដែលបានរំលោភសិទ្ធិការងារទៅលើពួកគេនៅឡើយនោះទេ។កន្លងមកក្រុមបុគ្គលិកណាហ្គាវើលដ៏ ដែលចេញធ្វើកូដកម្មតែងរងការបៀតបៀនកេរខ្មាស ការប្រើប្រាស់អំណាចរបស់តុលាការចាប់ដាក់ពន្ធនាគារ ហើយពួកគេក៏តែងរងអំពើហិង្សា ដោយក្នុងនោះក៏ធ្លាប់មានបុគ្គលិកជាស្ត្រីម្នាក់ គឺលោកស្រី សុខ រតនា បានរលូតកូនដោយសារតែរងអំពើហិង្សាក្នុងពេលធ្វើកូដកម្មផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីបកស្រាយជុំវិញរឿងនេះបានឡើយនៅថ្ងៃទី១៦ ខែធ្នូ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ជុំវិញរឿងនេះដែរ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា ការដាក់បង្កៃគ្រាប់បែកនៅក្បែរកន្លែងក្រុមកម្មករធ្វើកូដកម្មដូច្នេះ គឺមានចេតនាបំភិតបំភ័យដល់ក្រុមកូដករណាហ្គាវើលដ៍។ លោកបន្ថែមថា រដ្ឋាភិបាលគួរជំរុញឱ្យថៅកែណាហ្គាវើលដ៍គោរពច្បាប់ការងារ ដើម្បីបញ្ចប់ជម្លោះការងារដ៏រ៉ាំរ៉ៃមួយនេះឱ្យបានឆាប់ ដើម្បីទទួលបានការគាំទ្រពីសាធារណៈជន និងមានមុខមាត់លើឆាកអន្តរជាតិ។
លោក រ៉ុង ឈុន៖ «បើផ្ដល់ដំណោះស្រាយដោយត្រឹមត្រូវ យុត្តិធម៌ជូនដល់ប្អូនៗបុគ្គលិកណាហ្គាវើលដ៍ ពេលហ្នឹងនឹងទទួលបានការសាទរពីមហាជនជាតិ អន្តរជាតិផងដែរ ហើយផ្ទុយទៅវិញបើទុកស្ថានភាពនេះ ឱ្យអូសបន្លាយកាន់តែយូទៅ ធ្វើឱ្យមានការថ្កោលទោសជាបន្តបន្ទាប់ទាំងមតិជាតិ និងអន្តរជាតិ»។
កន្លងមកអង្គការជាតិ អន្តរជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យធំៗមួយចំនួន ទីភ្នាក់ងារអង្គការសហប្រជាជាតិផង អំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការរឹតត្បិតសេរីភាពជាមូលដ្ឋានពលរដ្ឋក្នុងសម្ដែងមតិ និងប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍សម្រាប់បម្រើនយោបាយ។ ស្ថាប័នទាំងនោះតែងតែទទូចដល់រដ្ឋាភិបាលកម្ពុជា និងក្រសួងដែលពាក់ព័ន្ធ ឱ្យពន្លឿនការដោះស្រាយវិវាទការងារជូនក្រុមកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានត្រឹមត្រូវស្របតាមច្បាប់៕