អ្នកចូលរួមយុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាពនៃគណបក្សសង្គ្រោះជាតិបានចុះហត្ថលេខាគាំទ្រយុទ្ធនាការនេះ បានជាង ៦ម៉ឺននាក់ (6,0064) គិតមកត្រឹមយប់ថ្ងៃទី០៦ ខែមីនា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ បានបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឱ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌ សង្គម និងជាប្រធានគណៈកម្មការស្រាវជ្រាវសៀវភៅស មានថេរដីកាថា ការចងក្រងសៀវភៅសស្ដីពី «ឃាតកម្មមិនរកឃាតក» នេះកំពុងមានឧបសគ្គធំ២ ដែលនាំឱ្យយឺតយ៉ាវមិនទាន់អាចបញ្ចប់សៀវភៅនេះបាននៅឡើយ។ ព្រះតេជគុណថា ឧបសគ្គទី១នោះគឺ ការចុះស្រាវជ្រាវនៅតាមតំបន់ពាក់ព័ន្ធ ដោយសារវិបត្តិកូវីដ-១៩ ដោយប្ដូរយុទ្ធសាស្ត្រធ្វើតាមអនឡាញវិញ។ ចំណែកឧបសគ្គទី២ គឺកាងារនេះត្រូវធ្វើការពីចម្ងាយនិងលាក់មុខ។ ព្រះតេជព្រះគុណមានថេរដីកាបន្តថា ដើម្បីដោះស្រាយឧបសគ្គនេះ ព្រះតេជព្រះគុណកំពុងរិះរកមធ្យោបាយបន្ថែមធនធានមនុស្សដើម្បីបំពេញភាពខ្វះចន្លោះដែលទាន់ដល់ផែនការកំណត់ ចំណាយពេលអង្គុយជួយក្រុមការងារស្រាវជ្រាវដើម្បីដោះស្រាយចំណុចរារាំងទាំងនោះ៖ «យើងបានរៀបចំរហូតបានចប់ការសិក្សាបឋមហើយបញ្ជូនឱ្យគណៈកម្មការត្រួតពិនិត្យហើយផ្ញើត្រឡប់ទៅវិញ។ ពិសេសករណី ជា វិជ្ជា ឈុត វុទ្ធី និងករណីបោកគ្រាប់បែក៣០មីនា នៅតែបញ្ចប់ទេ។ នៅសល់ករណីលោក កែម ឡី លោកគ្រូ សំ ប៊ុនធឿន ដែលមានអ្នកស្រាវជ្រាវ២នាក់ដាច់ដោយឡែកពីគ្នា នៅសល់ករណីអ្នកសិល្បៈ អ្នកកាសែត និងករណីរដ្ឋប្រហារឆ្នាំ១៩៩៧ដែលសម្លាប់មន្ត្រីគណបក្សហ៊្វុនស៊ីនប៉ិច រាប់រយនាក់ហ្នឹង។ ទាំងអស់នេះ បានទទួលសេចក្ដីព្រាង ស្រាវជ្រាវមកហើយ ប៉ុន្តែធ្វើមតិប្រតិកម្មតបវិញ (Feedback) តែមិនទាន់ឆ្លើយតបមកវិញនៅឡើយ។ អាត្មាខ្លួនឯងអ្នកស្រាវជ្រាវហ្នឹងក៏ ចង់ឃើញរបកគំហើញនៃការស្រាវជ្រាវហ្នឹងដែរ ចង់ឃើញខ្លាំងជាងប្រជាពលរដ្ឋខ្មែរដែលចង់ឃើញមុខឧក្រិដ្ឋជនហ្នឹងទៀត»។
គណៈកម្មការស្រាវជ្រាវសៀវភៅស ឱ្យដឹងថា សំណុំរឿងធំៗដែលកំពុងចងក្រងនោះរួមមាន ព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ក្នុងពេលតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ សំណុំរឿងលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណីសម្លាប់អ្នកកាសែត សិល្បករ និងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។គណៈកម្មការនេះឱ្យដឹងទៀតថា ការចងក្រងសៀវភៅស នេះមានជាទិសដៅ ដើម្បីបង្ហាញការពិតនៃរឿងរ៉ាវឃាតកម្មជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ដែលអ្នកជាប់ពាក់ព័ន្ធមិនហ៊ានលាតត្រដាង ជាឯកសារភស្តុតាងដ៏រឹងមាំមួយ ដើម្បីឈានទៅបញ្ចប់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។